Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, November 28, 2011

ការ​ធ្វើ​អត្តឃាត​ប្រសើរ​ជាង​រស់​នៅ​ក្នុង​សង្គម​អយុត្តិធម៌? Suicide is better than living in an unfair society?


អ្នក​ភូមិ​កំពុង​រៀប​ចំ​សែង​សព​ស្ត្រី​អ្នក​ភូមិ​បឹ​ង​កក់​ចេញ​ពី​ទន្លេ​​។ រូបថត ជីវ័ន

Monday, 28 November 2011
តុង សុប្រាជ្ញ
The Phnom Penh Post Khmer
ហ្នឹង​ហើយ​ ពូជ​ខ្មែរ​ ពូជ​អ្នក​ចំបាំង ដែល​ខ្លាំង​បាន​តែ​ជាមួយ ​រាស្រ្ត​ទន់​ខ្យោយ​ ជា​មួយ​នឹង​ បរទេស ​វិញ​រួញ​មិន​ហ៊ាន​ទេ​?
កើត ចាស់ ​ឈឺ ​ស្លាប់​ គឺជា​វដ្ត​របស់​មនុស្ស​លោក ហើយ​ការ​ស្លាប់​ទៀត​សោធ​ ក៏​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ដែរ​ ខ្លះ​ស្លាប់​នឹង​អត់​បាយ​ ខ្លះ​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណ​កម្ម​ ខ្លះ​ស្លាប់​ដោយ​សារ​ឃាត​កម្ម​ ខ្លះ​ដោយ​​សារ​សង្គ្រាម​ ទំាង​នេះ​ គឺ​ជា​ការ​ស្លាប់ ​ដែល​គេ​ធ្វើ​ឲ្យ​ស្លាប់​។ តើ​ការ​ស្លាប់​ដោយ​អត្តឃាត​ខ្លួន​ឯង​សោះ​ ចំពោះ​បុគ្គល​ដែល​ហ៊ាន​ដល់​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​បែប​នេះ​ វា​បណ្តាល​មក​ពី​គេ​ធ្វើ​ឲ្យ​ស្លាប់​ដែរ​ឬ​ទេ​?

ការ​ស្លាប់​ដោយ​អត្តឃាត​ គឺ​អាស្រ័​យ​ទៅ​នឹង​ឆន្ទៈ​របស់​បុគ្គល​ ទៅ​នឹង​វប្បធម៌​ ជំនឿ និង​បុព្វហេតុ​អ្វី​មួយ របស់​បុគ្គល​នោះ​ នៅ​តាម​ប្រទេស​ផ្សេង​ៗ​គ្នា​។ ឧទាហរណ៍ នៅ​ប្រទេស​ជប៉ុន​ ការ​ធ្វើ​អត្តឃាត​ សឹង​តែ​ក្លាយ​ទៅ​ជា​វប្ប​ធម៌​ទៅ​ហើយ​ នៅ​ពេល​ប្រឡង​ម្តង​ៗ​ ឪពុក​ម្តាយ ​មិន​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​​ ព្រោះ​ព្រួយ​បារម្ភ​ខ្លាច​កូន​ធ្វើ​អត្ត​ឃាត​ នៅ​ពេល​ដែល​ពួក​គេ​ប្រឡង​ធ្លាក់​ ឬ​ក៏​ពិន្ទុ​ចាញ់​គេ​ ហើយ​កាល​ពី​ឆ្នាំ​ទៅ ​មាន​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​ ១ រូប​ បាន​​ធ្វើ​អត្ត​ឃាត​ ដោយ​លោត​ពី​លើ​អគារ​ដ៏​ខ្ពស់​មួយ។​​(Reuters) នេះ​បង្ហាញ​ថា​ សុខ​ចិត្ត​ស្លាប់ ប្រសើរ​ជាង​រស់​នៅ ដោយ​គ្មាន​កិត្តិយស​ ឬ​ក៏​ពាក់​ព័ន្ធ​នឹង​ពុក​រលួយ​ ។ វប្ប​ធម៌​របៀប​នេះ ​គឺ​មាន​តាំង​ពី​ដូន​តា​របស់​ជន​ជាតិ​ជប៉ុន​ កាល​ពី​សម័យ​កាប់​ដាវ​សាមូរ៉ាយ​មក​ម្ល៉េះ ​ឲ្យ​តែ​ច្បាំង​ចាញ់​ គេ​គឺ​​តែង​តែ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​។ ​បើ​និយាយ​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី២​ អ្នក​បើក​យន្ត​ហោះ​ចំបាំង​ជប៉ុន​ ហ៊ាន​​ធ្វើ​​អត្ត​ឃាត ដោយ​បើក​បុក​ចូល​បំពង់​សឺម៉ាំង​នាវា​ចំបាំង​ទី ៧​ របស់​អាមេរិក​។


ក្នុង​សង្រ្គាម​នៅ​ប្រទេស​អ៊ីរ៉ាក់​ជិត​១០​ឆ្នំា ​ការ​ធ្វើ​អត្ត​ឃាត​ ដោយ​បំផ្ទុះ​គ្រាប់​បែក​ កើត​ឡើង​ស្ទើរ​តែ​រាល់​ថ្ងៃ​​ ដោយ​អ្នក​កាន់​សាសនា​ងប់ងុល​ ដើម្បី​បូរ​ណភាព​ទឹក​ដី​ ប្រឆំាង​នឹង​ទ័ព​អាមេរិក​ លើ​ដី​អ៊ីរ៉ាក់​។ ក្រៅ​ពី​នេះ​ ក៏​មាន​ការ​ធ្វើ​អត្ត​ឃាត ដុត​ខ្លួន ​របស់​ជន​ជាតិ​ទីបេ​ និង​អ៊ុយគ័រ ដោយ​សារ​ការ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​ចិន​។ ​ដូច​គ្នា​នេះ​ដែរ​​ ក៏​មាន​ខ្មែរ​កម្ពុជា​ក្រោម​​ ធ្វើ​អត្ត​ឃាត​ដុត​ខ្លួន ​ដោយ​សារ​ការ​ទាម​ទារ​បូរណ​ភាព​ទឹក​ដី និង​សិទ្ធិ​សេរីភាព​ដែរ​ ដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ពី​អាជ្ញាធរ​វៀត​ណាម​។

ឯ​នៅ​ស្រុក​ ខ្មែរ​ ក៏​ចាប់​ផ្តើម​មាន​ការ​ធ្វើ​អត្តឃាត​ ដោយ​សារ​ការ​រុក​កួន​ពី​រដ្ឋាភិបាល តាម​រយៈ​អាជ្ញាធរ​ដែន​ដី​ ដោយ​ការ​បណ្តេញ​ចេញ ​និង​បាត់បង់​ដី​ធ្លី ផ្ទះ​សម្បែង​របស់​ពួក​គេ​ផង​ដែរ​ ឬ​ទេ​? ឧទាហរណ៍​៖ ​អ្នក​ភូមិ​បឹងកក់​ម្នាក់​ កាល​ពី​ខែ​មេសា​ បាន​ធ្វើ​អត្តឃាត ហើយ​កាល​ពី​សប្តាហ៍​មុន​នេះ ​ក៏​មាន​ស្រី្ត​អ្នក​ភូមិ​នេះ​ម្នាក់​ទៀត​ ដែល​បាន​ធ្វើ​អត្តឃាត​ ដោយ​លោត​ទឹក​សម្លាប់​ខ្លួន ​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា​ ដោយ​សារ​មាន​ការ​អស់​សង្ឃឹម ដែល​ផ្ទះ​របស់​គាត់ ​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ​នៅ​មាន​មួយ​គ្រួសារ​ផ្សេង​ទៀត​ ប៉ុន​ប៉ង​សម្លាប់​ខ្លួន​មួយ​គ្រួសារ​តែ​ម្តង​ ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​នេះ​ដែរ​។​ ​តើ​ហេតុ​អ្វី​ បាន​ជា​រាជ​រដ្ឋាភិបាល​ មិន​ព្រម​ដោះស្រាយ​បញ្ហា​ដី​ធ្លី​មួយ​​ប្រាវ​​ឲ្យ​ចប់​ទៅ ​មុន​ពេល​បោះ​ឆ្នោត​ដូច​រាល់​ដង​? ហើយ​ធ្វើ​ឲ្យ​ដូច​អ្វី​ដែល​បាន​សន្យា​មុន​ពេល​បោះឆ្នោត​ មិន​ប៉ះ​ពាល់​ដី​ធ្លី​ពលរដ្ឋ ដី​បឹង ដី​ព្រៃ..។ល​។

អី​ចឹង​ហើយ​ បាន​ជា​មាន​មតិ​រិះ​គន់​ជា​ច្រើន និយាយ​ថា ​កាល​ពី​សម័យ​លោក ជា​ សុផារ៉ា ដែល​មាន​រហ័ស​​នាម​ថា​ បុរស​លក់​សួន​ច្បារ​ ធ្វើ​ការ៉ាស់​សាំង ក៏​មិន​ដល់​សម័យ​តំបន់​អភិវឌ្ឍន៍​របស់​លោក​ កែប ជុតិម៉ា​ ដែរ​ ដែល​ធ្វើ​ឲ្យ​រាស្រ្ត​នៅ​ទី​ក្រុង​ភ្នំពេញ​​ ជា​ពិសេស​ អ្នក​ភូមិ​បឹងកក់ ដែល​ស្រែក​ទ្រហោ​យំ​ស្ទើរ​ខ្សោះ​អស់​ទឹក​ភ្នែក ហើយ​ដេក​តែ​ភ័យ​ព្រួយ ខ្លាច​មិន​ដឹង​ថា​ ថ្ងៃ​ណា​គេ​ដេញ​ និង​ឈូស​កម្ទេច​ផ្ទះ​ចោល​​ទេ ​ហើយ​ក៏​មិន​ដឹង​ថា​ ទៅ​​រស់​នៅ​ឯ​ណា​ដែរ​ ដែល​ផ្ទះ​សព្វ​ថ្ងៃ​ថ្លៃ​ម្លឹងៗ​។ ​អ្នក​ភូមិ​បឹង​កក់​ខ្លះ​ ពេល​បុណ្យ​ទាន​ ចូល​ឆ្នាំ​ និង​ភ្ជុំ​ភ្ជរ​ម្តងៗ​ មិន​ហ៊ាន​ទៅ​លេង​ស្រុក​ទេ​ពីព្រោះ​ខ្លាច​គេ​បូម​ខ្សាច់​កប់​ពន្លិច​ ផ្ទះ​ ឬ​ឈូស​ផ្ទះ​កម្ទេច​ចោល រំលោភ​យក​ដី​ធ្លី​ សុខ​ចិត្ត​ទៅ​វត្ត​ក្បែរ​ៗ​ផ្ទះ​ហ្នឹង​ទេ​ ​ហើយ​ប្តូរ​វេន​គ្នា​ យាម​ចំា​ផ្ទះ​ទៀត​។ ​ការ​តាម​យាយី​ ញាំញី​ពី​ក្រុម​ហ៊ុន​និង​អាជ្ញាធរ​ទៅ​លើ​អ្នក​ភូមិ​ទាំង​នេះ​កើត​ឡើង ស្ទើរ​តែ​រាល់​ថ្ងៃ​​ ប្រមាណ​ជា ៥ ឆ្នាំ​មក​ហើយ​ ធ្វើ​​ឲ្យ​​ពួក​គាត់​ខ្លះ ​គិត​ខ្លី​ថា សុខ​ចិត្ត​ធ្វើ​អត្ត​ឃាត​វិញ​ ប្រសើរ​ជាង​រស់​នៅ​​ទាំង​ឈឺ​ចាប់ ដោយ​មិន​មាន​សិទ្ធិ​​ មាន​ទី​ជម្រក​សមរម្យ ដែល​ជា​សិទ្ធិ​​មូល​ដ្ឋាន​ របស់​មនុស្ស​ជាតិ។

ឱ​លោក​ អើយ! ​កើត​មក​​មាន​ឈាម​​ជ័រ​​ជា​​ខ្មែរ​​ដូច​​គ្នា​​ ហេតុ​អ្វី​បាន​អ្នក​ធំ​ និង​អ្នក​មាន​ខ្លះ មាន​វីឡា​ជិត ១០ ខុនដូ ៥-៦ កន្លែង ឬ​មាន​ច្រើន​ជាង​នេះ និង​មាន​ដី​រាប់​ពាន់​ហិកតា ហើយ​ខ្លះ​ទៀត​ គ្រាន់​តែ​ដី​ផ្ទះ​នៅ​សោះ ​ធំ​ជាង​ ពហុ​កីឡដ្ឋាន ​ក្លិប​បាល់​ទាត់ ​ប្រឺម្ញ៉លីក ​នៅ​ប្រទេស​អង់គ្លេស​ទៅ​ទៀត​ ចំណែក​ឯ​ខ្មែរ​ខ្លះ ក្រ​សែន​ក្រ ក្រ​រក​តែ​អង្ករ​ច្រក​ឆ្នាំង​គ្មាន​ផង​ ហើយ​ខ្លះ​ទៀត​ មាន​ផ្ទះ​សម្បែង​ហើយ​ តែ​ត្រូវ​គេ​រំលោភ​យក​ទៅ​បាត់​ទៀត​។​ តើ​ឯណា​ទៅ​យុត្តិ​ធម៌​សង្គម សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន?

ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​របស់​រដ្ឋាភិបាល ​រុក​រាន ​ទន្ទ្រាន​យក​តែ​ដី​ធ្លី​ផ្ទះ​សម្បែង តែ​របស់​ខែ្មរ​គ្នា​ឯង​បែប​នេះ​? ពូកែ​បាន​តែ​គ្នា​ឯង​ទេ​ ត្រង់​ជន​អន្តោ​ប្រវេសន៍​បរទេស​មួយ​ចំនួន​ធំ រស់​នៅ​ស្រុក​ខ្មែរ​ទាំង​ស្រប​​ច្បាប់ ទាំង​ខុស​ច្បាប់​ ទាំង​នៅ​លើ​គោក​ផង​ នៅ​លើ​ទឹក​ផង​ ឥឡូវ​នេះ​ នៅ​ក្នុង​ព្រៃ​ទៀត​ ក៏​មិន​ដែល​នឹក​នា​ទៅ​រក​រឿង​គេ​ដែរ​?​ ហេតុ​អ្វី​បាន​ជា​មិន​ហ៊ាន​ប៉ះ​ពួក​ទាំង​នោះ ​តើ​មាន​អ្វី​ជា​អាថ៌​កំបាំង​ នៅ​ពី​ក្រោយ​​? ស្រុក​ខ្មែរ​មាន​ច្បាប់​អន្តោ​ប្រវេសន៍ ​ហេតុ​អ្វី​មិន​ហ៊ាន​អនុវត្ត​ច្បាប់​?​ ឬ​មួយ​អនុវត្ត​ច្បាប់​នេះ ក្នុង​គោល​បំណង​នយោបាយ​តែ​ប៉ុណ្ណោះ? ​ឬ​អនុវត្ត​បាន​តែ​អន្ទិត​មេ​ដឹក​នាំ​អាវ​លឿង​ថៃ​ត្រឹម​ ​២​ នាក់ ​នៅ​ព្រៃ​ស ​ទេ​?​ បើ​ច្បាប់​កម្ម​សិទ្ធិ​ដី​ធ្លី​ សម្រាប់​ផ្ទះ​ជន​បរទេស​វិញ​ គឺ​ទិញ​បាន​តែ​ផ្ទះ​ចាប់​ពី​ជាន់​ទី ១​ ឡើង​ទៅ ​តែ​មាន​ជន​បរទេស​ខ្លះ​ ដើរ​ទិញ និង​នៅ​ម៉ាសេរី ហើយ​នៅ​លើ​ទូក​ តាម​ទឹក​ មិន​ចាំបាច់​មាន​ប្លង់​ផង ក៏​បាន​ដែរ​ មិន​ដែល​ឃើញ​អាជ្ញាធរ​ទៅ​ឈឺ​ក្បាល​វិល​មុខ​ជា​មួយ​ពួក​គេ​ទេ​។

នេះ​អាច​និយាយ​បាន​ថា ហ្នឹង​ហើយ​ពូជ​ខ្មែរ​ ពូជ​អ្នក​ចំបាំង ដែល​ខ្លាំង​បាន​តែ​ជាមួយ​រាស្រ្ត​ទន់​ខ្យោយ​ ជា​មួយ​នឹង​បរទេស​វិញ​រួញ​មិន​ហ៊ាន​ទេ​?

ម្នាក់​ៗ​ខំ​អរណាស់​ បាន​រំដោះ​ចេញ​ពី​របប​មួយ​ៗ ​ដោយ​សង្ឃឹម​ថា​ បាន​រស់​ស្រួល តែ​ទៅ​ជួប​របប​មួយ​ទៀត​លំបាក​ដដែល គ្រាន់​តែ​ទម្រង់​នៃ​ការ​លំបាក មាន​សភាព​ខុស​គ្នា​ៗ​តែ​ប៉ុណ្ណោះ​ទេ​ ជាង ​៤០​ ឆ្នាំ​ទៅ​​ហើយ​។ ​បើ ​ចុះ​ទឹក​ទៅ​ក្រពើ​ ឡើង​លើ​ទៅ​ជួប​ខ្លា​ ចូល​ព្រៃ​បន្លា​ ចូល​ផ្សារ​ប៉ូលិស​បែប​នេះ តើ​ពេល​ណា ​​ទើប​ប្រជា​រាស្រ្ត​ខ្មែរ​ បាន​រស់​សុខ​ស្រួល​ បើ​ពី​របប​មួយ​ ទៅ​របប​មួយ​ ឃើញ​តែ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ធំ​ នៅ​តែ​វេទនា​ នៅ​តែ​ស្រែក​យំ​ដដែល​?​ ហេតុ ​ដូច្នេះ​ហើយ ​ការ​ស្លាប់​ដោយ​ធ្វើ​អត្ត​ឃាត​ មិន​មែន​សុទ្ធ​តែ​បណ្តាល​មក​ពី​អំពើ​ ដែល​ខ្លួន​ឯង​ចង់​នោះ​ទេ​ គឺ​ក៏​មាន​បរិ​ស្ថាន​ខាង​ក្រៅ​បង្ខំ​ផង​ដែរ​​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan