Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, October 19, 2012

សារ​រំលែក​ទុក្ខ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​មិត្ត - International Condolences for former King Sihanouk - សារ​រំលែក​ទុក្ខ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​មិត្ត

Thursday, 18 October 2012
ឆាយ ច័ន្ទនីដា
The Phnom Penh Post

សម្រង់​សម្តី សំខាន់ៗ​ដែល​មេដឹកនាំ​ប្រទេស​ជា​មិត្ត​លើក​ឡើង​ពី​គុណ សម្បត្តិ​របស់​ព្រះ​មហា​វីរក្សត្រ។


បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ៖
«កេរដំណែល​របស់​អតីត​ ព្រះ​មហាក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា បន្ត​ឈាន​មុខ​ក្នុង​ដំណើរ​ការ​ផ្សះផ្សា​ជាតិ​ រួម​ទាំង​តាម​រយៈ​ការ​បន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​យុត្តិធម៌»៕
Victoria Nuland អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក៖
«សហរដ្ឋ​អាមេរិក សូម​សម្តែង​នូវ​សមាន​ចិត្ត​ចំពោះ​ការ​សោយទិវង្គត​របស់​ព្រះករុណា ព្រះវររាជ​បិតា ព្រះបាទ​នរោត្តម​សីហនុ នៃ​ប្រទេស​កម្ពុជា។ យើង​សូម​ថ្វាយ​នូវ​ការ​ចូលរួម​រំលែក​ព្រះ​បរម​មរណ​ទុក្ខ​ចំពោះ​ព្រះ​ មហាក្សត្រ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ...ចំពោះ​ការ​បាត់បង់​នេះ»។
ផាម ប៊ិញមិញ រដ្ឋ​មន្ត្រី​ការ​បរទេស​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម៖
«ប្រជាជន​វៀតណាម ជានិច្ច​កាល តែង​ចង​ចាំ​ក្នុង​ដួង​ចិត្ត​ និង​វាយ​តម្លៃ​យ៉ាង​ខ្ពង់​ខ្ពស់​ចំពោះ​ការ​គាំទ្រ​និង​ការ​រួម​ចំណែក​របស់​ អតីត​ព្រះ​មហាក្សត្រ នរោត្តម​ សីហនុ ពី​អតីត​កាល​ក្នុង​បុព្វ​ហេតុ​តស៊ូជាតិ​ដើម្បី​ឯករាជ្យ និង​ឯកភាព​ទឹក​ដី​ របស់​ប្រជាជន​វៀតណាម​ក៏​ដូច​ជា​បុព្វហេតុ​កសាង​ និង​ការពារ​ជាតិ​នាពេល​បច្ចុប្បន្ន»។
លោក ហ៊ូ ជីនតាវ ប្រធានាធិបតី​នៃ​ប្រទេស​ចិន៖
«ការ​ចូល​ព្រះទិវង្គត​របស់​ព្រះករុណា​ព្រះវររាជ​បិតា​ គឺជា​ការ​បាត់​បង់​ដ៏​ធំធេង​របស់​ប្រជាជន​កម្ពុជា​។ ព្រះករុណា​មហាវីរក្សត្រ គឺជា​មហា​មិត្ត​របស់​ប្រជាជន​ចិន។ ព្រះករុណា តែងតែ​បាន​ប្តេជ្ញា​បង្កើន​មិត្តភាព​រវាង​ប្រជាជន​ចិន-កម្ពុជា និង​បាន​ជំរុញ​មិត្តភាព​នេះ ឲ្យ​បាន​ជិត​ស្និទ្ធ​ថែម​ទៀត​រវាង​ថ្នាក់​ដឹក​នាំ​ចិន​ជាច្រើន​ជំនាន់​កន្លង ​ មក»។
លោក ណូដា យ៉ូស៊ីហ៊ីកូ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ជប៉ុន៖
«ព្រះអង្គ​បាន​សាង​គ្រឹះ​នៃ​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ​ សម្រាប់​អនាគត ដោយ​បាន​ធ្វើ​ព្រះរាជ​បូនីយកិច្ច ដូច​ជា​ការ​យាង​មក​បំពេញ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ជប៉ុន​ ឆ្នាំ​១៩៥៥ ហើយ​បាន​យល់​ដឹង​ជ្រាល​ជ្រៅ​ជាទី​បំផុត​អំពី​វិភាគ​ទាន​របស់​ប្រទេស​ជប៉ុន​ ក្នុង​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​នៅ​ប្រទេស​កម្ពុជា»។
ព្រះ​បាទ​ភូមិ​បុល អាឌុល​យ៉ាដេត ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​ថៃ៖
«ខ្ញុំ​ព្រះ​ករុណា សូម​ចូលរួម​ជាមួយ​ព្រះករុណា​ថ្លៃ​វិសេស​ ក៏​ដូច​ជា​សមាជិក​ព្រះរាជ​វង្សានុវង្ស និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នូវ​អារម្មណ៍​ក្តុកក្តួល​ និង​សូម​ថ្វាយ​នូវ​សមាន​ចិត្ត​និង​មរណទុក្ខ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ ការ ​បាត់​បង់​ដ៏​ធំ​ធេង​របស់​ប្រទេស​និង​ប្រជាជន​[កម្ពុជា]»។
លោក​ជំទាវ យីងឡាក់់ ស៊ីណាវ៉ាត់ នាយក​រដ្ឋ​មន្ត្រី​ថៃ ៖
«ភាព​ជា​អ្នក ដឹក​នាំ​ដ៏​វិសាមញ្ញ ភាព​ក្លៀវក្លា និង​ព្រះរាជ​បញ្ញា​ញាណ​របស់​ព្រះអង្គ គឺ​ជា​គំរូ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​ព្រះរាជ​តួនាទី​ដ៏​សំខាន់​បំផុត​ក្នុង​ ការ ដឹក​នាំ​ប្រទេស​កម្ពុជា​...។ ការ​លះបង់​របស់​ព្រះអង្គ ដើម្បី​សុខ​សន្តិភាព​ ស្ថិរភាព និង​រួបរួម​ក្នុង​តំបន់ និង​លើស​ពី​នេះ​ទៀត​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រូវ​បាន​ទទួល​ស្គាល់​ ជា​មេដឹកនាំ​អន្តរជាតិ»។
បណ្ឌិត ស៊ូស៊ីឡូ បាំបាំង យូដូយ៉ូណូ ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ៖
«យើង ចងចាំ​នូវ​ការ​រួម​ចំណែក​ដ៏​ធំធេង​របស់​ព្រះអង្គ​ជានិច្ច​កាល​ ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​សន្តិភាព​តំបន់ វិបុល​ភាព​និង​ចំពោះ​ការ​ពង្រឹង​សាមគ្គីភាព ក្នុង​ចំណោម​ប្រជាជាតិ​កំពុង​អភិវឌ្ឍន៍»។
លោក លី ស៊ានឡុង នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​សិង្ហបុរី ៖
«ព្រះ​ករុណា ព្រះ​មហាវីរក្សត្រ ជា​រដ្ឋ​បុរស​ដែល​មាន​ក្តី​មេត្តា​ករុណា ដែល​ប្រឹងប្រែង​មិន​ចេះ​នឿយហត់ ដើម្បី​នាំ​មក​នូវ​សន្តិភាព​ និង​វិបុលភាព​ជូន​ប្រជាជន​កម្ពុជា។ យើង​នឹង​ចងចាំ​ដោយ​ដឹង​គុណ​ថា កម្ពុជា​ជា​ប្រទេស​ទីមួយ​ដែល​ទទួល​ស្គាល់​សាធារណរដ្ឋ​ថ្មី​របស់​យើង​ ក្នុង​ពេល​សិង្ហបុរី​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៦៥»។
លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង៖
«ជា​ស្ថាបនិក នៃ​ឯករាជ្យ​កម្ពុជា ជា​អ្នក​ការពារ​ប្រទេស​ដោយ​មិន​ចេះ​នឿយ​ហត់​លើ​ឆាក​អន្តរជាតិ​ សម្រាប់​មនុស្ស​ភាគ​ច្រើន ព្រះអង្គ​ជា​និមិត្ត​រូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើក​តម្កើង​នូវ​សមភាព​និង ​ ការពារ​អធិបតេយ្យភាព​នៃ​ប្រជាជាតិ​នានា»។
លោក ឆូ យ៉ុងរីម នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ៖
«ព្រះករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ ជាអ្នក​នយោបាយ​ដ៏​ឆ្នើម​...និង​ជា​មិត្តភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​ប្រជាជន​ យើង​ ដែល​បាន​រួម​វិភាគទាន​ យ៉ាង​ធំធេង​ ក្នុង​ការ​រីក​ចម្រើន​ទំនាក់​ទំនង​មិត្តភាព​ និង​សហ​ប្រតិបត្តិការ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ កូរ៉េ កម្ពុជា»។
Md Zillur Rahman ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដែស ៖
«តាង​នាម​ប្រជាជន​បង់ក្លាដែស និង​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ និង​សមាន​ចិត្ត​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​រាជវង្សានុវង្ស​និង​ប្រជាជន​កម្ពុជា។ យើង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​ព្រះវិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ ទ្រង់​ឆាប់​បាន​យាង​ចាប់​បដិសន្ធិ ក្នុង​ព្រះ​បរមសុគតិភព កុំបី​ឃ្លៀង​ឃ្លាត​ឡើយ»។
Raul Castro Ruz ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និង​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​គុយ​បា ៖
«ទូល​បង្គំ​យើង​ខ្ញុំ​មាន​សេចក្តី​សោក​ស្តាយ​យ៉ាង​ជ្រាល​ជ្រៅ ដោយ​បាន​ដឹង​ថា ព្រះ​ករុណា​ព្រះបិតា នរោត្តម​ សីហនុ​ បាន​សោយ​ទិវង្គត ដែល​ព្រះអង្គ​ជា​មហាមិត្ត​របស់​ប្រជា​ជន​គុយបា»។
ស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ប្រ៊ុយណេ ៖
«ព្រះវររាជ បិតា​ជា​បុរស​ដ៏​ឆ្នើម​ ដែល​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជាច្រើន​ និង​បាន​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​និង​ការ​អភិវឌ្ឍ​ព្រះរាជា​ណាចក្រ​កម្ពុជា»៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan