Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, November 14, 2012

ការ​បញ្ជា​សម្លាប់​មនុស្ស​ក្រៅ​តុលាការ​អនុវត្ត​នៅ​កម្ពុជា​ច្រើន​ទសវត្សរ៍​ហើយ

ម៉ក់ ជីតូ
Wednesday, 14 November 2012
David Boyle - ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ភ្នំពេញៈ ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ របស់​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​ចោទ​ប្រកាន់​ថា ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ​ត្រូវ​បាន​បញ្ជា​និង​អនុវត្ត​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដោយ​ក្រុម​ពិឃាត ដែល​បង្កើត​ឡើង​ដោយ​របប​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​គ្រប់់គ្រង​ដោយ​ឥស្សរជន​មួយ​ចំនួន ដែល​កាន់​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា Tell Them That I Want To Kill Them មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ប្រាប់​ពួក​គេ​ថា​ ខ្ញុំ​ចង់​សម្លាប់​ពួកគេ​» បាន​បង្ហាញ​ពី​ករណី​សម្លាប់​នយោបាយ ដែល​បាន​ស៊ើប​អង្កេត​ដោយ​អង្គការ​សហ​ប្រជាជាតិ FIB សហរដ្ឋ​អាមេរិក ក្រុម​សិទិ្ធ​មនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​បុគ្គល​នានា ក្នុង​នោះ​រួម​មាន លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​និង​លោក សុខ ផល ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ។

ក្នុង​របាយការណ៍ ដដែល​នេះ​ថា ចាប់​ពី​«ក្រុម​ខ្លាំង»ឬ​«ក្រុម​ពិឃាត » បង្កើត​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក​ដល់​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​លើ​គណបក្ស​ប្រឆាំង​ក្នុង​ទសវត្សរ៍ ឆ្នាំ១៩៩០ រដ្ឋ​ប្រហារ​ឆ្នាំ ១៩៩៧ និង​ការ​សម្លាប់​លោក ឈុត វុទ្ធី ក្នុង​ឆ្នាំ​នេះ របាយការណ៍​ក៏​បាន​គូសបញ្ជាក់​ពី​របៀប​អនុវត្ត​របស់​ឃាតក និង​បាន​ចោទ​ប្រកាន់​ថា ពួក​គេ​ត្រូវ​បាន​ដំឡើង​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មិន​ត្រូវ​បាន​កាត់​ទោស​ឡើយ។

មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​របាយការណ៍​នេះ​ថា​គ្មាន​មូលដ្ឋាន​នោះ​ ទេ និង​ថា ជា​កិច្ច​ប្រឹងប្រែង​ផ្នែក​នយោបាយ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ចាប់​ផ្តើម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រអាក់​រអួលនិងអ័ព្ទអួ

លោក Phil Robertson អនុប្រធាន​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា ជាការ​ពន្យល់​បែប​លេង​សើច​ចំពោះ​ការ​សម្លាប់ លោក ឈុត វុទ្ធី សកម្មជន​ប្រឆាំង​ការ​បំផ្លាញ​ព្រៃ​ឈើ គឺ​ការ​ស៊ើប​អង្កេត​ផ្លូវ​ការ​បង្ហាញ​ថា គាត់​ត្រូវ​បាន​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​សម្លាប់ ហើយ​មន្រ្តី​នោះ ត្រូវ​សម្លាប់​ដោយ​អចេតនា​ពី​បុរស​ម្នាក់​ដែល​ព្យាយាម​ដណ្តើម​អាវុធ​ពី គាត់។ ការ​ពន្យល់​បែប​នេះ​បាន​បង្ហាញ​ថា ការ​សម្លាប់​បែប​នេះ​ត្រូវ​បាន​ផ្តល់​រង្វាន់​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បាន​បន្ត​ថា ៖ «ឧទាហរណ៍ ការ​ពិត​ដែល​លោក ម៉ក់ ជីតូ ​ត្រូវ​បាន​ចាត់​ឲ្យ​ចុះ​ទៅ​ដឹក​នាំ​ការ​ស៊ើប​អង្កេត ហើយ​ប្រឌិត​រឿង ពន្យល់​ពី​ករណី​សម្លាប់​លោក ឈុត វុទ្ធី បង្ហាញ​ថា បុគ្គល​ទាំង​នេះ​នៅ​តែ​ជា​បុគ្គល​ត្រូវ​ពឹង​ផ្អែក​ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា»

លោក​បន្ត​ថា៖ «ជន​ដូច​លោក ម៉ក់ ជីតូ ដែល​គេ​ដឹង​ថា មាន​ទំនាក់​ទំនង​យូរ​អង្វែង​ជាមួយ​នឹង​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល និង​មាន​កេរ្តិ៍​ឈ្មោះ​ជា​ជន​ដែល​មាន​ដៃ​កខ្វក់ ជា​ប្រភេទ​ជន​អនុវត្ត​បញ្ជា តាមតែ​គណបក្ស​ប្រជាជន​កម្ពុជា ជន​ប្រភេទ​នេះ​ដែរ...ពេល​ដែល​ជន​នេះ​និយាយ​ថា តើ​រឿង​រ៉ាវ​ជា​អ្វី​នោះ​ អ្នក​គ្រប់​គ្នា​សាទរ​សរសើរ»

លោក ឈុត វុទ្ធី ត្រូវ​សម្លាប់​នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ខណៈ​កំពុង​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់ នៅ​ភ្នំ​ក្រវាញ ក្នុង​ខេត្ត​កោះកុង។

របាយការណ៍​បាន​ស្រង់​សម្តី​ប្រតិបតិ្តករ ជាន់ខ្ពស់​ក្នុង​របប​រដ្ឋ​កម្ពុជា ជា​របប​គ្រប់គ្រង​ប្រទេស​បន្ទាប់​ពី​ខ្មែរ​ក្រហម​ដួល​រលំ ដោយ​ប្រតិបតិ្តករ​បាន​លម្អិត​អំពី​ថា តើ​ក្រុម​ពិឃាត​សម្ងាត់​ហៅថា​A-៩២ ត្រូវ​បាន​បញ្ជា​ដោយ​លោក សុខ ផល និង​លោក ម៉ក់ ជីតូ ដោយ​របៀប​ណា?

ប្រតិបតិ្តករ​អនាមិក​នោះ ត្រូវ​បាន​ស្រង់​សម្តី​មក​ថា«​នៅ​ពេល [មន្រ្តី​នគរបាល​ជាន់​ខ្ពស់] ម៉ក់ ជីតូ ​ឬ អង្គភាព​ខ្ញុំ​រក​ឃើញ​អ្វី​មួយ ឬ​គោលដៅ យើង​ត្រូវ​រាយការណ៍​ប្រាប់​ថ្នាក់​លើ​ជា​មុន​សិន។ ហើយពួក​គេ​ជា​អ្នក​សម្រេច​សម្លាប់​។ លោក ម៉ក់ ជីតូ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​សម្លាប់​ជា​ច្រើន​ករណី»

«លោក សុខ ផល ទទួល​បន្ទុក​សន្តិសុខ​ផ្ទៃ​ក្នុង ចំណែក​ឯ​លោក លួ រ៉ាមីន ទទួល​បន្ទុក​លើ​ជនបរទេស។ ក្រុម​ខ្លាំង រាយការណ៍​ប្រាប់​លោក សុខ ផល ដែល​រាយការណ៍​បន្ត​ប្រាប់​លោក ស៊ិន សេន។ ពេល​ខ្លះ ពួក​គេ​ទៅ​ជួប​លោក ស៊ិន សេន ដោយ​ផ្ទាល់​»

លោក សុខ ផល បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​បាន​ឮ​អំពី​ការ​ចោទ​ប្រកាន់​រូប​លោក​នេះ។

លោក​បញ្ជាក់​ថា៖​ «​វា​ជា​លើក​ទី ១ដែល​ខ្ញុំ​បាន​ឮ​គេ​ចោទ​ប្រកាន់​ខ្ញុំ​។ ខ្ញុំ​តែង​តែ​ជួយ​មនុស្ស​»។ លោក​បាន​ស្នើ​សុំ​ច្បាប់​ចម្លង​នៃ​របាយការណ៍​នោះ មុន​នឹង​លោក​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត។

លោក ម៉ក់ ជីតូ ដែល​តាម​របាយការណ៍ ត្រូវ​បាន​ហៅ ដោយ​អ្នក​ការ​ទូត​អាមេរិក​ម្នាក់​ថា«​ជា​កញ្ជ្រោង​ក្នុង​ទ្រុង​មាន់» បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​នៅ​កន្លែង​ហាត់​ប្រាណ ហើយ​បន្ទាប់​មក លោក​បាន​បិទ​ទូរស័ព្ទ​មិន​ឆ្លើយ​តប​ទេ។

បន្ទាប់​ទៀត ឥស្សរជន​ជាច្រើន​ដែល​ត្រូវ​បាន​ដំឡើង​តំណែង ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល ដែល​មាន​ឈ្មោះ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ឬ ក្រុម​ពិឃាត​នេះ។ អ្នក​ទាំង​នោះ​រួម​មាន លោក យូ ស៊ុនឡុង អគ្គ​លេខាធិការ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ហេង ពៅ ដែល​ជា​អតីត​ស្នងការ​រាជធានី​ភ្នំពេញ និង​ទីប្រឹក្សា​លោក ហ៊ុន សែន រហូត​ដល់​ត្រូវ​ជាប់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ជាច្រើន ក្នុង​នោះ​មាន​បទ​អំពើ​ពុករលួយ និង​មនុស្ស​ឃាត និង​លោក លួ រ៉ាមីន ដែល​ត្រូវ​ដំឡើង​ឲ្យ​កាន់​តំណែង​ខ្ពស់​ក្នុង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ផង។

អ្នក​ទាំង​នេះ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ហើយ​លោក ស៊ិន សេន បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ។

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ក្រៅ​កិច្ច​ប្រជុំ​ព្រឹក​ម្សិល​ថា អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​កំពុង​តែ​ព្យាយាម​បំពង​សំឡេង នៅ​មុន​កិច្ច​ប្រជុំ​អាស៊ាន ហើយ​ថា នេះ​ជា​ទម្លាប់​ធម្មតា​របស់​អង្គការ​នេះ​និង​អ្នក​តវ៉ា​ក្នុង​អំឡុង កិច្ច​ប្រជុំ​ថ្នាក់​អន្តរជាតិ។

លោក​បញ្ជាក់​ថា៖ «ជា​បឋម គាត់​ត្រូវ​តែ​ផ្តល់​ភស្តុតាង​ដែល​ថា​[ឥស្សរជន ទាំង​នេះ​] ទទួល​ខុស​ត្រូវ​លើ​រឿង​ទាំង​អស់​នោះ។ ខ្ញុំ​គិត​ថា ​ចំពោះ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស វា​គ្រាន់​តែ​ជា​ជម្លោះ​ផ្ទាល់​ខ្លួន​រវាង​ពួក​គេ​និង​សម្តេច​នាយក​រដ្ឋ មន្រ្តី​បច្ចុប្បន្ន​ប៉ុណ្ណោះ»

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​យោង​លើ​របាយការណ៍​សិទិ្ធ​មនុស្ស​អ៊ុនតាក់​ខែ​កញ្ញា ១៩៩៣ ក្នុង​ចំណោម​ប្រភព​ជាច្រើន ដែល​បាន​រក​ឃើញ​ករណី​សម្លាប់​គូ​ប្រជែង​នយោបាយ ៣៩​ករណី ធ្វើ​ឲ្យ​មាន​អ្នក​របួស​ ២៦​នាក់ និង​អ្នក​ស្លាប់ ២៥ នាក់ ក្នុង​គោល​បំណង​បំភិត​បំភ័យ​សាធារណជន។ ​

ក្រុម​ពិឃាត ដែល​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​លើក​ឡើង​ថា បាន​អនុវត្ត​ប្រតិបតិ្តការ​ទាំង​​នេះ ត្រូវ​បាន​រំលាយ​ចោល បន្ទាប់​ពី​កិច្ច ប្រឹង​ប្រែង​ធ្វើ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៤ បាន​ទទួល​បរាជ័យ​ហើយ​ទីបំផុត ត្រូវ​បញ្ចូល​ជា​ថ្មី​ក្នុង​កង​កម្លាំង​នគរបាល ដែល​បច្ចុប្បន្ន​ប្រតិបតិ្តការ​ជា​​អង្គភាព​ពីរ​ដាច់​ពី​គ្នា គឺ​កម្លាំង​ល្អ និង​កម្លាំង​សម្ងាត់​។

ជាថ្មី​ម្តង​ទៀត របាយការណ៍​បាន​ចង្អុល​បង្ហាញ​ពី​ករណី​សម្លាប់ ដែល​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​និទ្ទណ្ឌភាព ហើយ​គ្មាន​ការ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ជា​ញឹកញាប់ ហើយ​បែរ​ជា​ប្រឌិត​ការ​សន្និដ្ឋាន​គួរ​ឲ្យ​ចង់​សើច រាប់​បញ្ចូល​ទាំង​ការ​អះអាង​អំពី​ការ​ធ្វើ​អត្តឃាត ជា​និន្នាការ ដែល​កំពុង​បន្ត​សព្វ​ថ្ងៃ បើ​តាម​របាយការណ៍។

របាយការណ៍​នោះ​បន្ត​ទៀត​ថា ពេល​ស៊ើប​អង្កេត​ករណី​ស្លាប់​របស់​លោក​ឧត្តម​សេនីយ៍ ចៅ សម្បតិ្ត នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​រាយការណ៍​ថា ត្រូវ​បាន​បាញ់​បី​គ្រាប់​ត្រង់​ក្បាល​ដោយ​យោធា ភ្លាមៗ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​ឆ្នាំ ១៩៩៧ នោះ អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា គាត់​បាន​ធ្វើ​អត្តឃាត «​ដោយ​ខាំ​អណ្តាត»

ករណី​មួយ​ទៀត ព្រះភិភ្ខុ អៀង សុខធឿន ព្រះ​សង្ឃ​ខ្មែរ​ក្រោម ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ សុគត​ដោយ​ការ​អារ​បំពង់​កបី​កន្លែង ក្នុង​ពេល​បង្ក្រាប​លើ​ការ​តវ៉ា​របស់​ព្រះ​សង្ឃ​នោះ ក៏​ត្រូវ​បាន​សន្និដ្ឋាន​ដោយ​សមត្ថកិច្ច​នគរបាល​ថា បាន​ធ្វើ​អត្ត​ឃាត​ផង​ដែរ។ បន្ទាប់​មក ពួក​គេ​បាន​បញ្ជា​ឲ្យ​កប់​សព​ព្រះអង្គ​ភ្លាមៗ ហើយ​ហាម​ឃាត់​ព្រះ​សង្ឃ​មិន​ឲ្យ​ធ្វើ​ពិធី​បុណ្យសព​។

របាយការណ៍​បាន​គូស​បញ្ជាក់​យោង​លើ​សុន្ទរកថា​ ដែល​លោក ហ៊ុន សែន លើក​ឡើង​ថា ការ​វាយ​ប្រហារ​គ្រាប់​បែក​ឆ្នាំ​១៩៩៧ លើ​ការ​តវ៉ា​របស់​គណបក្ស​ជាតិ​ខ្មែរ ដែល​សម្លាប់​មនុស្ស ១៦ នាក់ និង​បង្ក​របួស​ដល់​មនុស្ស​១៦០​នាក់​ទៀត​នោះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ជាតិ​ខ្មែរ ដើម្បី​ទម្លាក់​កំហុស​លើ​គណបក្ស​ប្រជាជន​កម្ពុជា។

នា​ពេល​ថ្មីៗ​បំផុត អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ក៏​បាន​ចង្អុល​បង្ហាញ​អំពី​របាយការណ៍​ផ្ទុយ​គ្នា និង​បែប​ត្លុក​កំប្លែង អំពី​ការ​សម្លាប់​លោក ឈុត វុទ្ធី និង​មន្រ្តី​កង​រាជ​អាវុធហត្ថ​ឈ្មោះ អ៊ិន រតនា ជា​ករណី​ដែល​ដោះ​ស្រាយ​ចុង​ក្រោយ​ដោយ​លោក ម៉ក់ ជីតូ។

ការ​បំភិត​បំភ័យ​ក៏​បាន​បង្ហាញ​ថា បាន​រាល​ដាល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ដូច​ជា ក្នុង​ករណី​សម្លាប់​លោក ឃឹម សំបូរ អ្នក​យក​ព័ត៌មាន​នៅ​កាសែត​មនសិការ​ខ្មែរ ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​គណបក្ស​ប្រឆាំង ដែល​ត្រូវ​គេ​ជិះ​យានយន្ត​បាញ់​សម្លាប់​ជាមួយ​នឹង​កូន​ប្រុស។

សេចក្តី​លម្អិត​លើ​ករណី​ដ៏​រន្ធត់​ ពី​ការ​ទាញ​យក​គ្រាប់​កាំភ្លើង​ចេញ​ពី​សាកសព​លោក ធន់ ប៊ុនលី ការីនិពន្ធ ដោយ​យោធា​ម្នាក់​ក្នុង​ឆ្នាំ ១៩៩៦ ភ្លាម​ៗ​បន្ទាប់​ពី​លោក​ត្រូវ​បាន​សម្លាប់ ក្នុង​បទល្មើស​ដែល​គ្មាន​ការ​ចាប់​ខ្លួន​ឃាតក​នោះ ក៏​ត្រូវ​បាន​រៀប​រាប់​ឡើង​វិញ នៅ​ក្នុង​របាយការណ៍​នេះ​ផង​ដែរ។

លោក ធន់ ប៊ុនលី ត្រូវ​បាន​ស្រង់​សម្តី ក្នុង​សវនាការ​ ពេល​ជំនុំ​ជម្រះ​ប្រឆាំង​នឹង​រូប​លោក​ដោយសារ​អត្ថបទ​រិះគន់​ដែល​លោក​បាន​ផ្សព្វផ្សាយ​ដោយ​និយាយ​ថា ៖ «វា​មិន​មែន​ជា​ការ​ងារ​ខ្ញុំ ត្រូវ​ទ្រ​ពង​សហ​នាយក​រដ្ឋ​មន្រ្តី​ឡើយ [ព្រះ​អង្គ ម្ចាស់ នរោត្តម រណឫទិ្ធ និង លោក ហ៊ុន សែន]»

អង្គការ ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ក៏​បាន​ស្រង់​សម្តី​លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង ​អតីត​ប្រធាន​កង​ពល​លេខ ៧០ ដែល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់​ពី​ការ​វាយ​ប្រហារ​គ្រាប់​បែក​ឆ្នាំ ១៩៩៧ ថា លោក​ចង់​សម្លាប់​អ្នក​សារព័ត៌មាន​ណា​ដែល​ចោទ​ប្រកាន់​ថា អង្គរក្ស​លោក ហ៊ុន សែន ជាប់​ពាក់​ព័ន្ធ​ករណី​នេះ

លោក ហ៊ីង ប៊ុនហៀង ត្រូវ​បាន​ស្រង់​សម្តី​ថា «ប្រាប់​ពួក​គេ​ថា​ខ្ញុំ​ចង់​សម្លាប់ ​ពួក​គេ...ការ​ចុះ​ផ្សាយ វា​និយាយ​ថា ខ្ញុំ​ប្រធាន​កង​អង្គរក្ស បាន​និយាយ​បែប​នេះ។ ខ្ញុំ​ចង់​សម្លាប់... ខ្ញុំ​ខឹង​ខ្លាំង​ណាស់»

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan