Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, November 28, 2012

«វប្បធម៌»​ផ្តេកផ្តួល​តែ​លើ​ជំនួយ​គឺជា​គ្រោះថ្នាក់​សម្រាប់​សង្គម​កម្ពុជា

កិច្ចប្រជុំ​សម្របសម្រួល​រវាង​ដៃគូ​អភិវឌ្ឍន៍ (ម្ចាស់ជំនួយ) ជាមួយ​រដ្ឋាភិបាល
RFI/Bona Pen
Radio France Internationale

ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​ត្រូវការ​ជំនួយ​បរទេស​ដើម្បី​ដំណើរការ​គម្រោង​អ្វីមួយ។ ជំនួយ​បរទេស​ជា​រឿង​មិនអាច​ចៀសវាង​បាន​សម្រាប់​សង្គម​មួយ​ដែល​ងើប​ពី​ភាព​ខ្ទេចខ្ទាំ​ដូច​កម្ពុជា ប៉ុន្តែ ជាទូទៅ ការ​រង់ចាំតែ​ជំនួយ​ខ្លាំងពេក​ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​ការពឹង​ពាក់​លើ​ខ្លួនឯង។ ម្យ៉ាងទៀត ក្រោយពី​ម្ចាស់ជំនួយ​ដកខ្លួន គម្រោង​អភិវឌ្ឍន៍​នានា​ច្រើនតែ​គាំង​លែង​អាច​ដំណើរការបាន​ទៀត។ នេះ​មានន័យថា ភាគី​កម្ពុជា​ដែល​ទទួលខុសត្រូវ​ក្នុង​វិស័យ​នីមួយៗ ហាក់​មិនបាន​ទាញយក​សក្តានុពល​នៃ​ជំនួយ​បរទេស​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង​​នៅឡើយ​ទេ។ នេះ​ជា​ទម្លាប់​ដ៏​គ្រោះថ្នាក់​ដែល​គួរ​កែប្រែ។
រយៈពេល​ពីរ​ទសវត្ស​រ៍​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​បានទទួល​ជំនួយ​បរទេស​យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំង​ជំនួយ​ជា​ថវិកា ទាំង​ជំនួយ​បច្ចេកទេស។ ជំនួយ​បរទេស​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ស្តារ​សង្គម​កម្ពុ​ជា​ឡើងវិញ​ចេញពី​ភាព​ខ្ទេចខ្ទាំ​ដែល​បន្សល់ទុក​ពី​របប​ខ្មែរក្រហម។ ការពឹង​ពាក់​លើ​ជំនួយ​បរទេស​ក៏ត្រូវ​គេ​មើលឃើញថា នឹងមាន​រយៈពេល​យូរ​តទៅទៀត។

ប៉ុន្តែ ជំនួយ​បរទេស ក៏បាន​បង្កើត«វប្បធម៌»ផ្តេកផ្តួល​ទៅលើ​តែ​ជំនួយ​កាន់តែ​ច្រើនឡើង​ដែរ​នៅក្នុង​សង្គម​កម្ពុជា។ ជាទូទៅ ប្រធាន​ស្ថាប័ននីមួយៗតែង​ស្វែងរក​ជំនួយ​យកមកអនុវត្ត​គម្រោង​អ្វីមួយ​ដើម្បី​អភិវឌ្ឍន៍​ស្ថាប័ន​របស់ខ្លួន។ ការខិតខំ​ស្វះស្វែង​ទាក់ទាញ​ម្ចាស់ជំនួយ​ឲ្យ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នានា​គឺជា​រឿង​ល្អ​មួ
ប៉ុន្តែ អ្វីដែល​អាក្រក់​នោះ​គឺ មន្ត្រី​ខ្មែរ​មួយចំនួន​ច្រើនតែ​មិន​សប្បាយ​ចិត្តនឹង​ជំនួយ​បច្ចេកទេស​ប៉ុន្មាន​ឡើយ​ ប្រសិនបើ​គ្មាន​ថវិកា​ភ្ជាប់​ជាមួយ។ ជាទូទៅ ពួកគេ​ត្រូវការ​ប្រយោជន៍​បុគ្គល​ថែមទៀត​ពី​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ។


ម្យ៉ាងទៀត ទោះជា​បានទទួល​​ជំនួយ​ជាច្រើន​ឆ្នាំ ប៉ុន្តែ នៅពេល​ម្ចាស់ជំនួយ​ដកខ្លួន គម្រោង​ទាំងនោះ​ភាគច្រើន​ក៏​ឈប់​ដំណើរការ ហើយអ្វីៗក៏បាន​វិល​មករក​សភាព​ដើម​វិញ​តែ​ដដែល។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី«វប្បធម៌»ពឹងពាក់​តែ​លើ​ជំនួយ​បរទេស​ទាំងស្រុង​ដោយ​មិនបាន​រៀនសូត្រ​អ្វី​សោះ​ពី​ម្ចាស់ជំនួយ។ ទម្លាប់​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ​គឺ ក្រសួង ឬ​ស្ថាប័ន​ជាច្រើន មិនបាន​ព្យាយាម​ប្រើប្រាស់​គ្រប់​លទ្ធភាព​របស់ខ្លួន​សិន​មុននឹង​ពឹង​លើ​ជំនួយ​នោះឡើយ តែ​ពួកគេ​ហាក់ដូចជា​ទន្ទឹងរង់ចាំ​ទាល់​តែមាន​ជំនួយ​ទើប​អាចធ្វើ​អ្វី​បាន។ ជាក់ស្តែង គ្រាន់តែ​ស្ប៉ត​អប់រំ​ខ្លី​មួយ​ក៏​ចាំបាច់​ត្រូវមាន​ការឧបត្ថម្ភ​ពី​សំណាក់​ម្ចាស់ជំនួយ​ជាច្រើន​ដែរ ប្រសិនបើ​មិន​ដូច្នោះ​ទេ គេ​ប្រាកដជា​មិនអាច​ផលិត​បានឡើយ។

ជាការ​ពិតណាស់ ជំនួយ​ថវិកា​ក្តី ឬ​ជំនួយ​បច្ចេកទេស​ក្តី ពិតជា​មានតម្លៃ​ណាស់​សម្រាប់​សង្គម​ក្រីក្រ​ដូចជា​កម្ពុជា។ ដូច្នេះ ដើម្បី​ឲ្យ​ជំនួយ​ទាំងនោះ​មាន​ប្រយោជន៍,

ទី១ គេ​ត្រូវ​ប្រើប្រាស់​វា​ឲ្យ​អស់​លទ្ធភាព​និង​ឲ្យ​ចំ​ទិសដៅ និង​
ទី២ គេ​ត្រូវ​ទាញយក​ប្រយោជន៍​ពី​ការអនុវត្ត​គម្រោង​ទាំងនោះ​ឲ្យ​បាន​ក្នុង​កម្រិត​អតិបរមា​សម្រាប់​កសាង​សមត្ថភាព​ធនធានមនុស្ស​របស់ខ្លួន​ដើម្បី​អាច​ធានា​និរន្តរភាព​នៃ​គម្រោង​នៅក្រោយពេល​ម្ចាស់ជំនួយ​ដកខ្លួន ពោលគឺ​នេះ​ជា​ដំណាក់​កាលដែល​ខ្មែរ​ត្រូវ​រៀន​ចាប់​ត្រី​ដោយ​ខ្លួនឯង​ដោយ​មិនត្រូវ​រង់ចាំ​គេ​ផ្តល់​ត្រី​ឲ្យ​តែ​រហូត​នោះឡើយ។
នៅក្នុង​បណ្តា​ប្រទេសជិតខាង​យើង គេ​ត្រេកអរ​នឹង​ទទួល​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ ឬ​ពី​រដ្ឋាភិបាល​បរទេស​ណា​មួយ​ទោះបី​មិនមែនជា​ជំនួយ​ជា​ថវិកា​ក៏ដោយ។ ប៉ុន្តែ នៅ​កម្ពុជា ជំនួយ​បច្ចេកទេស​ហាក់ដូច​ជាមាន​តម្លៃ​តិចជាង​ជំនួយ​ថវិកា។ រីឯ​ការ​កេងចំណេញ​ពី​ជំនួយ​បរទេស​ទៀតសោត ហាក់ដូច​ជាមាន​គោលដៅ​បុគ្គល​ច្រើនជាង​ប្រយោជន៍​សាធារណៈ​ទៅវិញ។ ប្រសិនបើ​គ្មាន​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ អ្នកទទួល​ជំនួយ​នឹង​មិនសូវ​ចាប់អារម្មណ៍​ឡើយ។ នេះ​ជា​ឥរិយាបថ​ខុសឆ្គង​ដ៏​ធំ​មួយ​ដែល​បាន និង​កំពុង​បង្អាក់ដំណើរ​ការអភិវឌ្ឍ​ន៍​ប្រទេស​កម្ពុជា និង​កំពុង​ធ្វើ​ឲ្យ​ម្ចាស់ជំនួយ​អស់​ទឹកចិត្ត។

ដូច្នេះ ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ជាពិសេស​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​មួយចំនួន​ជា​ចាំបាច់៖
ទី១ ត្រូវ​លុបបំបាត់«វប្បធម៌»ផ្តេកផ្តួលពឹង​តែ​លើ​ជំនួយ ហើយ​បែរមក​ប្រកាន់​ទស្សនៈ«ខ្លួន​ទីពឹង​ខ្លួន»ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន។
ទី២ នៅពេល​មាន​ជំនួយ​ពី​ខាងក្រៅ គេ​ត្រូវ​ប្រើប្រាស់​វា​ឲ្យ​មាន​ប្រយោជន៍​ពីរ​ទន្ទឹមគ្នា គឺ ប្រយោជន៍​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវន្ត័​ផង និង​ការអភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស​ផង។ ជំនួយ​ថវិកា​ជា​រឿង​សំខាន់​មួយ​ហើយ ប៉ុន្តែ ជំនួយ​ខាង​ការអភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស​រឹតតែ​ចាំបាច់​ថែមទៀត​ដើម្បី​ឲ្យ​ខ្មែរ​អាច​ពង្រឹង​ខ្លួនឯងបាន និង​ឈានទៅរក​ឯករាជភាព​ពី​ជំនួយ​បរទេស​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។
ផ្ទុយទៅវិញ ការបន្ត​ពឹងផ្អែកផ្តេកផ្តួល​លើ​ជំនួយ​ខ្លាំងពេក ឬ​ការ​រង់ចាំតែ​កេងចំណេញ​ពី​ជំនួយ​បរទេស​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន គឺជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​សង្គម​កម្ពុជាទាំងបច្ចុប្បន្ន និង ទៅ អនាគត៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan