លោក សម រង្ស៊ី នៅប្រទេសកូឌីវ័រ |
ដោយ យន់ សាមៀន
Radio Free Asia
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងស្នាក់នៅប្រទេសកូឌីវ័រ ចូលរួមសន្និសីទអន្តរជាតិ ថ្លែង ប្រាប់វិទ្យុអាស៊ីសេរីថា ក្រោយពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោកមានក្ដីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយមួយអនុញ្ញាតឲ្យលោកចូលរួមការបោះឆ្នោតមួយបាន។
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតនិងពលរដ្ឋជាច្រើនរយនាក់នៅឯទីស្នាក់ការ គណបក្សសមរង្ស៊ីក្នុងក្រុងភ្នំពេញ នាថ្ងៃ៣០ កក្កដា ២០០៨។
លោកបន្ថែមទៀតថា ទោះបីជាការបោះឆ្នោតនឹងឈានមកដល់ក្នុងរយៈពេល ៨ ខែខាងមុននេះក៏ដោយ ប៉ុន្តែលោកនឹងមានពេលគ្រប់គ្រាន់ ដើម្បីចូលរួមការបោះឆ្នោត ប្រសិនបើមានដំណោះស្រាយនយោបាយណាមួយ អនុញ្ញាតឲ្យលោកចូលរួមការបោះឆ្នោត។
លោក សម រង្ស៊ី៖ «យើង គួរតែយល់ច្បាស់ហើយ គេមិនចាំបាច់ខោកក្បាលយើងទេ គេថាប៉ុណ្ណឹង គេមិនឲ្យតម្លៃទេការបោះឆ្នោតណាដែលគ្មានការចូលរួមពីសំណាក់ទាំង អស់។ និយាយឲ្យចំប្រកួតមានតែ២ មានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ហើយមានគណបក្សសង្គ្រោះជាតិ ដឹកនាំដោយរូបខ្ញុំ សម រង្ស៊ី។ ដូច្នេះការបោះឆ្នោតត្រូវមានគូប្រកួតទាំងពីរ...»។
ក្នុងជំនួបតានតឹងមួយរវាងលោក ហ៊ុន សែន និងលោក ប៉ារាក់ អូបាម៉ា កាលពីថ្ងៃទី១៩ វិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយនឹងលោក ហ៊ុន សែន ថា បញ្ហាការរំលោភសិទ្ធិមនុស្ស នឹងក្លាយជាឧបសគ្គរារាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា មិនឲ្យស៊ីជម្រៅបាន។
លោក ប៉ារាក់ អូបាម៉ា បានស្នើសុំឲ្យកម្ពុជា ដោះលែងអ្នកទោសនយោបាយ និងរៀបចំការបោះឆ្នោតមួយប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌។
ទាក់ទងនឹង បញ្ហាលុបឈ្មោះលោកចេញពីបញ្ជីឈ្មោះបោះឆ្នោត លោក សម រង្ស៊ី បានចោទប្រកាន់ប្រព័ន្ធយុត្តិធម៌កម្ពុជា បច្ចុប្បន្នថា មានស្តង់ដារពីរ។
ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៩ វិច្ឆិកា បានច្រានចោលបណ្ដឹងរបស់មេធាវីលោក សម រង្ស៊ី ប្រឆាំងនឹងការលុបឈ្មោះលោកចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០១៣។ លោក សម រង្ស៊ី ចាត់ទុកថា ការលុបឈ្មោះលោកចេញពីបញ្ជីបោះឆ្នោត ជាលេសរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរារាំងលោកមិនឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ពីព្រោះលោកអាចក្លាយជាដៃគូប្រកួតប្រជែងអំណាចនឹងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍ លោក សម រង្ស៊ី ផ្សាយកាលពីថ្ងៃពុធ ទី២៨ វិច្ឆិកា សរសេរថា ច្បាប់បោះឆ្នោតមាត្រា ៥០ ចែងថា អ្នកទោសជាប់ពន្ធនាគារមិនអាចចុះឈ្មោះបោះឆ្នោតបាន ប៉ុន្តែ គ្មានជំពូកណាបន្ថែមទៀត ដែលបានចែងថា អ្នកទោសដែលបានកាត់ទោសរួច នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះឡើយ។
លោក សម រង្ស៊ី បានលើកឧទាហរណ៍ថា ករណីរបស់អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហេង ពៅ និងអ្នកស្រី ផេង គន្ធាបុរី អតីតប្រធានពិធីការរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងទណ្ឌិតមួយចំនួនទៀតនៅមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឡើយ។
លោក សម រង្ស៊ី ចាត់ទុកថា ការលុបឈ្មោះលោកចេញពីបញ្ជីបោះឆ្នោត ប៉ុន្តែរក្សាឈ្មោះពិរុទ្ធជនប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានស្តង់ដារពីរផ្សេងគ្នា ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា ការបោះឆ្នោតឆ្នាំ២០១៣ ប្រៀបទៅនឹងការប្រដាល់កីឡាដែលមានកីឡាករតែម្នាក់ក្នុងការប្រកួត ដោយសារលោក ហ៊ុន សែន ខ្លាចការប្រកួតដោយយុត្តិធម៌៕
0 comments:
Post a Comment