Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, December 23, 2012

អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​​ម្ចាស់​ជំនួយ​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា


កម្មការិនី​ឈ្មោះ ប៊ុន ចិន្ដា ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​ធ្វើ​កូដកម្ម នៅ​ស្វាយរៀង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១២។
ដោយ វណ្ណ វិចារ
2012-12-23
RFA
 
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​ការ​គាប​សង្កត់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។
 
តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២២ ធ្នូ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ប្រែដ អាដាម (Brad Adams) បាន​ហៅ​ការ​សម្រេច​របស់​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង នោះ ថា​ជា​ការ​លើក​ស្ទួយ​និទណ្ឌភាព​នៅ​កម្ពុជា។
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch នៅ​ថ្ងៃ​ទី​២២ ធ្នូ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​នានា ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​កម្មការិនី​ទាំង​បី​នាក់​នៅ​ខេត្ត​ស្វាយរៀង។

ការ​ទាមទារ​ឲ្យ​ដាក់​សំពាធ​បែប​នេះ បន្ទាប់​ពី​ស្ថាប័ន​អយ្យការ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ដែល​ជា​ជនសង្ស័យ​បាញ់​ប្រហារ​លើ​ជន​រង​គ្រោះ។
សេចក្ដី​ថ្លែងការណ៍​នោះ កត់​សម្គាល់​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទាក់ទង​នឹង​អង្គហេតុ​ស្ដីពី​ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី ​ដែល​មជ្ឈដ្ឋាន​ទូទៅ រួម​ទាំង​ក្រសួង​មហាផ្ទៃ​ផង ឲ្យ​ដឹង​ថា ជា​ទង្វើ​របស់​លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ និង​ភ្ជាប់​ករណី​នេះ​ទៅ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ជាន់​ខ្ពស់​នយោបាយ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​អ្នកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែល​ត្រូវ​ជា​សាច់​ញាតិ​ជនសង្ស័យ និង​ត្រូវ​បាន​គេ​ជឿ​ថា មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ។
នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប្រែត អាដាម ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា មាន​តែ​ឥទ្ធិពល​នយោបាយ​តែ​មួយ​គត់​ដែល​នៅ​ពី​ក្រោយ​ការ​សម្រេច​សេចក្ដី​ឲ្យ​លោក ឈូក បណ្ឌិត រួច​ខ្លួន ហើយ​ទាត់​ចោល​នូវ​ភស្តុតាង​ទាំង​ឡាយ​ដែល​បង្ហាញ​ដោយ​កំលាំង​នគរបាល និង​ការ​ស៊ើប​អង្កេត​រយៈពេល ១០​ខែ​កន្លង​ទៅ។
លោក​បន្ត​ថា នៅ​ថ្ងៃ​អនាគត ការ​សម្រេច​ចោទ​ប្រកាន់ ឬ​លើក​លែង​ការ​ចោទ​ប្រកាន់ និង​អំណាច​សាលក្រម គឺ​នឹង​ត្រូវ​រដ្ឋាភិបាល​កម្ពុជា យក​ទៅ​ប្រើប្រាស់​ជា​ឧបករណ៍​ការពារ និង​ជ្រោមជ្រែង​អំណាច​ផ្ដាច់ការ ​នៅ​កម្ពុជា ប៉ុណ្ណោះ។ លោក ប្រែដ អាដាម បញ្ជាក់​ថា ល្មម​ដល់​ពេល​ហើយ​ដែល​កម្ពុជា ត្រូវ​បញ្ចប់​របាំង​យុត្តិធម៌ និង​វប្បធម៌​គ្មាន​ទោសពៃរ៍។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់ ​រដ្ឋាភិបាល​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១២ ប៉ុន្តែ​នា​ពេល​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា មិន​ដែល​ទទួល​យក​ការ​រិះគន់​ម្ដង​ណា​ឡើយ​ពី​លោក ប្រែដ អាដាម។ ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ផ្ដល់​បទសម្ភាសន៍​ដល់​កាសែត​ក្នុង​ស្រុក ដោយ​លោក​បញ្ជាក់​ថា ការ​សម្រេច​របស់​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ជា​រឿង​របស់​តុលាការ មិន​ទាក់ទង​នឹង​នយោបាយ​ទេ ហើយ​ការ​មិន​ពេញ​ចិត្ត​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ជា​សិទ្ធិ​របស់​ពួកគេ។
ទាក់ទិន​នឹង​ការ​សម្រេច​ពី​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង​នេះ ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល តំណាង​សហជីព គណបក្ស​នយោបាយ និង​ពលរដ្ឋ​ទូទៅ​មួយ​ចំនួន ដោយ​ពួក​គេ​ចាត់​ទុក​ថា ជា​ទង្វើ​អយុត្តិធម៌​ដ៏​ធំធេង​បំផុត​ក្នុង​សង្គម​កម្ពុជា។
ទន្ទឹម​នឹង​នេះ ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត សំដែង​ការ​គាំទ្រ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​ថ្មី​មួយ​ដើម្បី​រក​យុត្តិធម៌។
លោក​បន្ត​ថា ការ​ដែល​ព្រះរាជអាជ្ញា​សម្រេច​ទាត់​ចោល​ភស្តុតាង​របស់​នគរបាល បាន​ន័យ​ថា លោក ឈូក បណ្ឌិត មាន​មន្ត្រី​ថ្នាក់​ធំ​ជា​ខ្នង​បង្អែក​នៅ​ពី​ក្រោយ​ខ្នង និង​បញ្ជាក់​ថា និទណ្ឌភាព​កំពុង​តែ​រីក​ធំធាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ចាប់​ពី​ដំបូង មន្ត្រី​យុត្តិធម៌​បង្ហាញ​បាត់​ទៅ​ហើយ​ថា មន្ត្រី​ប៉ូលិស​ហ្នឹង​ជា​អ្នក​បាញ់​បាត់​ទៅ​ហើយ អា​នេះ​ច្បាស់ក្រឡែត ថា​អ្នក​នយោបាយ​នៅ​ពី​ក្រោយ​ការ​បាញ់​ប្រហារ​នេះ។ ករណី​នេះ​ត្រូវ​បាន​គេ​សិក្សា​ថា ជា​ទិដ្ឋភាព​និទណ្ឌភាព​មួយ​ទៀត​នៅ​កម្ពុជា»
នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​បាន​លើក​ឡើង​ពី​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា ដែល​ត្រូវ​គេ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មួយ​ចំនួន។ ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដែល​ជនសង្ស័យ​បាន​បាញ់​ត្រូវ​កម្មការិនី ៣​នាក់ មាន​ឈ្មោះ នុត សាខន ប៊ុត ចន្ថា និង កែវ នា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan