Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, February 26, 2013

យុត្តិធម៌​នៅ​ក្នុង​រដ្ឋាភិបាល​ពិភពលោក

 លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​កំពុង​រស់​នៅ​និរទេស​នៅ​បា​រាំង​​​។ រូបថត សហ​ការី
លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មំ
Tuesday, 26 February 2013 
ជូលាងហាក់  ភ្នំពេញប៉ុស្តិ៍
ក្នុង​ជីវិត​ជា​មនុស្ស​ ចំណាស់​មួយ​រូប​ អារម្មណ៍​មួហ្មង​របស់​ខ្ញុំ តែង​តែ​វិល​វល់​រាល់​វេលា មិន​ចប់​មិន​ហើយ ព្រោះ​តែ​សេចក្តី​សុខ​របស់​មនុស្ស​ ត្រូវ​រង្គោះ​រង្គើ​ដោយ​សារ​អំពើ​ពាលា​នៃ​មនុស្ស​អាក្រក់ ដែល​រស់​នៅ​លើ​លោក​នេះ​ គ្រប់ៗ​ជន​បទ​ទូទាំង​ផែន​ដី​។ បើ​នឹង​សង្ឃឹម​លើ​ព្រះ​មហា​អាទិទេព ដែល​បង្កើត​លោក​នេះ ក៏​ទ្រង់​ក្រ​នឹង​យាង​មក​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​គ្រប់​សណ្ឋាន ជូន​មនុស្ស​រាល់​គ្នា​ឲ្យ​បាន​ភ្លាមៗ ទាន់​ចិត្ត​ដែល​សង្រេង​សង្រៃ។
មនុស្ស ​អាក្រក់​ នៅ​តែ​ក្រអឺត​ក្រទម​ជា​អលជ្ជី ហើយ​មាន​ឱកា​ស​ល្អ​គ្រប់​បែប​យ៉ាង ក្នុង​ការ​បន្ត​អំពើ​ពាលា អយុត្តិធម៌​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​។ នោះ​គឺ​ដោយ​សារ​តែ​គ្មាន​អ្វី​នឹង​មក​ទប់​ស្កាត់​ចលនា​អយុត្តិធម៌​របស់​ពួក​ គេ​។ សេចក្តី​ខ្មាសអៀន​នៅ​ក្នុង​សតិ​អារម្មណ៍​របស់​គេ គឺ​គ្មាន​ទេ​។  ព្រោះ​គេ​មាន​យោបល់ ទៅ​តាម​គំនិត​យល់​ឃើញ​ ពី​ផល​ប្រយោជន៍ និង​សេចក្តី​សុខ​សាន្ត​រុង​រឿង​របស់​គេ​ក្នុង​អំពើ​ដែល​គេ​ធ្វើ​នោះ​។ 
ជា​រឿយៗ​មនុស្ស​មួយ​ភាគ​ធំ​ដែល​ជួន​កាល ​យើង​ហៅ​ថា ជា​ពួក​មនុស្ស​អែប​អប​ រណេប​រណប​ឱប​ដៃ​ឱប​ជើង​សុំសុខ បាន​និង​កំពុង​តែ​បន្ទាប​ខ្លួន​ ឲ្យ​ក្រាប​ស្រប៉ាប​ទាប​បាទា​មនុស្ស​អា​ក្រក់ ដើម្បី​ជីវិត​ខ្លួន​រស់​ស្រួល​ តែ​ភ្លេច​ភ្លាំង​ក្នុង​ការ​បាត់​បង់​សតិ​សម្បជញ្ញៈ។

យើង ក៏​បាន​ដឹង​អស់​ហើយ​ថា​ មនុស្ស​អាក្រក់ នឹង​មិន​ព្រម​ទទួល​ស្គាល់​អ្វី​ដែល​ជា​ផល​ប្រយោជន៍ នៃ​មនុស្ស​ម្នា​ភាគច្រើន​នោះ​ទេ​។  ព្រោះ​គេ​វង្វេង​ភ្លេច​ខ្លួន​ ឈ្លក់​នឹង​សេចក្តី​សប្បាយ​ ក្នុង​អំណាច លាភ​សក្ការៈបុណ្យ​ស័ក្តិ​លុយ​កាក់​មាស​ប្រាក់ ផ្ទះ​សម្បែង​ស្កឹមស្កៃ  ហើយ​គេ​ក៏​មាន​ចិត្ត​ហ៊ឹកហ៊ាក់ សប្បាយ​នឹង​មនុស្ស​ឱប​ដៃ​ឱប​ជើង​នៅ​ជុំវិញ​ខ្លួន​ដែរ។
ក្នុង​សង្គម​ទន់​ ខ្សោយ​មួយ​ គឺ​គេរ​មែង​មើល​ឃើញ​ មាន​សម្បូរ​ទៅ​ដោយ​មនុស្ស​ឱន​លំទោន លុត​ក្រាប​ទាំង​នេះ​។ គេ​ក៏​មាន​សតិ​អារម្មណ៍​ដូច​មេ​កើយ​របស់​គេ​ដែរ​។  គេ​គិត​តែ​ផល​ប្រយោជន៍ មួយ​ក្រវល់​ខ្លួន​របស់​គេ​តែ​ប៉ុណ្ណោះ​គឺ​គេ​សុំ​សុខ​។ ជា​សេចក្តី​សុខ​ធុន​ តូច ដែល​អាច​នឹង​រលាយ​ ដូច​ទឹកកក​ក្នុង​កែវ ហើយ​ក្រោយ​មក​ទុក្ខវេទនា​ក៏​មក​ដល់។
យើង មើល​ប្រវត្តិសាស្ត្រ​មនុស្ស ឃើញ​អស់​ហើយ ក្នុង​ព្រឹត្តិការណ៍​នានា​នៃ​ប្រទេស​ជាតិ​ដែល​ធ្លាក់​ក្នុង​ទុក្ខភ័យ។ ពួក​មនុស្ស​អាក្រក់​ជាច្រើន រក​កន្លែង​ជ្រក​មិន​ឃើញ​ទេ​។ ក្រុម​គ្រួសារ​គេ​ក៏​ត្រូវ​រួញ​ហើយ​វិនាស​អស់​ ទៅ។​ ទោះ​យ៉ាង​ណា ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ មាន​លេច​ឮ​ដំណឹង​ល្ហិច​ល្ហៀង​ ស្តី​ពី​គម្រោង​ការ​បង្កើត​រដ្ឋាភិបាល​ពិភពលោក​មួយ​ដែល​អង់គ្លេស​ហៅថា  One World Government ដែល​គេ​យល់​ថា វា​អាច​នឹង​រក​ឃើញ​ដំណោះស្រាយ​យុត្តិធម៌ ជូន​ប្រជាជន​ពិភពលោក ក្នុង​គ្រប់​ករណី និង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​មនុស្ស​លើ​ផែន​ដី​។ 
នេះ​គឺជា​ក្តី​សង្ឃឹម​ល្អ​មួយ​សម្រាប់​មនុស្ស​ទន់ខ្សោយ​ជា​ទូទៅ ព្រោះ​គ្រប់​វិវាទ​ ឬ​រឿង​រ៉ាវ​ទាំង​អស់ ដែល​ទាក់​ទង​តែ​ចំពោះ​សង្គម​តែ​មួយ​ឬ​រវាង​សង្គម​មួយ​ និង​សង្គម​មួយ​ទៀត វា​នឹង​មិន​មាន​យុត្តាធិការ ដែល​នឹង​ចេញ​មក​តែ​ពី​សង្គម​ក្រីក្រ​ពុករលួយ​ណា​មួយ​ ឬ​សង្គម​ដែល​មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង ណា​មួយ​នោះ​ឡើយ​។ តែ​ជា​យុត្តាធិការ ដែល​នឹង​ចេញ​មក​ពី​ក្រុម​ចម្រុះ​នៃ​រដ្ឋាភិបាល​ពិភពលោក​។
បែរ​មក​រឿង ខ្មែរ រាស្ត្រ​ខ្មែរ​អាច​នឹង​មាន​ឱកាស ​និង​សេរី​ភាព​ក្នុង​ការ​ប្តឹង​ប្តល់​ ជន​ទាំង​ឡាយ​ ដែល​រំលោភ​លើ​សិទ្ធិ​សេរីភាព ឬ​ផល​ប្រយោជន៍​របស់​ខ្លួន​ ទៅ​រដ្ឋាភិបាល​ពិភព​លោក​។  ពេល​នោះ អំពើ​កំរោល​អយុត្តិធម៌ និង​អំពើ​លួច​ជាតិ ក្នុង​សង្គម​ខ្មែរ ប្រហែល​ជា​អាច​បំបាត់​បាន​ទាំង​ស្រុង​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​បញ្ហា​បូរណភាព​ទឹក​ដី​ខ្មែរ ក៏​ត្រូវ​សើរើ​ផង​ដែរ​។ សព្វ​ថ្ងៃ​នេះ ​រដ្ឋាភិបាល​ខ្មែរ កំពុង​តែ​ប្រើ​ពាក្យ​អធិបតេយ្យ ជា​ខែល​ក្នុង​ការ​រុញ​ច្រាន ការ​ទាមទារ​របស់​បរទេស​ដែល​សុំ​ឲ្យ​មាន​គម្រោង​ការ​កែ​ប្រែ​នយោបាយ​របស់​ ខ្លួន​ឲ្យ​មាន​តម្លា​ភាព ក្នុង​ការ​អភិវឌ្ឍ​សង្គម​ខ្មែរ ដែល​គេ​នៅ​តែ សង្កេត​ឃើញ​ មាន​ភាព​រយីករយាក ក្នុង​ក្រសួង​យុត្តិធម៌ និង​ការ​ឈឺចាប់​របស់​រាស្ត្រ​សាមញ្ញ​នៅ​ឡើយ​។​
ដំណោះស្រាយ​ករណី​លោក​សម រង្ស៊ី និង​លោក​ម៉មសូណង់​ដូ ដែល​ជាប់​គាំង​ទៅ​មិន​រួច គឺ​ប្រហែល​ជា​រឿង​រអៀស​ខ្លួន​រអើល​ខ្នង​នៃ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ដែល​ភ័យ​ខ្លាច ​ចំពោះ​បញ្ហា​គ្រោត​គ្រាត​ពី​អតីត​កាល​និង​បច្ចុប្បន្ន​ដែល​គេ​អាច​នឹង​លើក យក​មក​ពិភាក្សា​ជា​ថ្មី ពេល​ណា​ដែល​ឥស្សរ​ជន​ខ្មែរ​ទាំង​ពី​ររូប ត្រូវ​គេ​លើក​លែង ហើយ​អនុញ្ញាត​ឲ្យ​ចូល​មក​ប្រឡូក ក្នុង​សង្វៀន​នយោបាយ​។ ប្រហែល​ជា​ការ​ខ្លាច​ក្រែង រអើល​ខ្នង​នេះ​ហើយ​ដែល​ដំណោះស្រាយ​នេះ​ ត្រូវ​ជាប់​គាំង រក​ច្រក​ចេញ​មិន​ឃើញ ហើយ​ក៏​គ្មាន​យុត្តាធិការ​អន្តរ​ជាតិ​ឯណា នឹង​រុញ​ច្រាន​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ភាព​ស្រប​ច្បាប់​ឲ្យ​មាន​ដំណោះស្រាយ នេះ​ឡើយ​។ បើ​ដូច្នោះ​មែន ការ​ភ័យ​ខ្លាច​នេះ ​ក៏​អាច​ចាត់​ទុក​ថា ជា​ភាព​កំសាក​ទាល់​ច្រក​នៃ​រដ្ឋាភិបាល​ខ្មែរ ប្រកប​ដោយ​ឱន​ភាព​និង​អាម៉ាស់​ផង​ដែរ។
ប្រហែល​ជា​គំនិត​ល្អ ដែល​សមាជិក​អន្តរ​ជាតិ​ភាគ​ច្រើន នឹង​រួម​យោបល់​គ្នា​បង្កើត​រដ្ឋាភិបាល​ពិភពលោក ក្នុង​ន័យ​ជួយ​ស្រោច​ស្រង់ បណ្តា​ជន​ទន់​ខ្សោយ​ជា​ទូទៅ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌ និង​អំពើ​រំលោភ​បំពាន​គ្រប់​រូបភាព​ឲ្យ​មាន​ក្តី​សង្ឃឹម និង​សេចក្តី​សុខ​ក្នុង​អារម្មណ៍។  តែ​គួរ​ឲ្យ​ស្តាយ​ណាស់ នា​ពេល​នេះ​រូប​រាង​នៃ​រដ្ឋាភិបាល​ពិភពលោក គឺ​ស្ថិត​ក្នុង​ក្តី​ស្រមៃ​នៅ​ឡើយ​ហើយ​មនុស្ស​ទន់​ខ្សោយ​នៅ​តែ​វេទនា៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan