ផ្ទុយ​ពី​ការ​គិត​ទុក​របស់​ទស្សនិកជន​ថា នាយ ពែកមី គ្រាន់​តែ​ច្រៀង​ឲ្យ​ផលិតកម្ម Town ពីរ​បី​បទ​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ នៅ​ពេល​នេះ ​នាយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា បទ​ចម្រៀង​បួន​បទ​ត្រៀម​ចេញ​លក់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។
មុន​នេះ​បន្តិច តារា​កំប្លែង​លេច​ធ្លោ​នាយ ពែកមី មិន​ហ៊ាន​ទទួល​ស្គាល់​ខ្លួន​ឯង​ចំពោះ​វត្តមាន​នៅ​ក្នុង​ផលិតកម្ម Town នោះ​ទេ ដោយ​ហេតុផល​មិន​ទាន់​ច្បាស់លាស់ និង​ខ្លាច​ភាគី​ខាង CTN អន់​ចិត្ត។ ទោះ​បី​ជា​យ៉ាង​ណា មន្ទិល​ទាំង​អស់​ត្រូវ​បាន​បញ្ចប់ ដោយ នាយ ទើប​នឹង​បញ្ជាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។នាយ ពែកមី ថ្លែង​ថា “ខ្ញុំ​ពេញ​សិទ្ធិ​ហើយ គ្រាន់​តែ​មិន​មាន​កុង​ត្រា​ប៉ុណ្ណោះ”។
ក្រោយ​ទទួល​សិទ្ធិ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម Town នេះ  នាយ ពែកមី បញ្ជាក់​ថា បទ​ចម្រៀង​របស់​លោក ចំនួន​៤​បទ រង់​ចាំ​តែ​ថ្ងៃ​ចេញ​លក់​ប៉ុណ្ណោះ។
នាយ លើក​ឡើង​ថា៖ “ខាង​ផលិតកម្ម​ឲ្យ​ខ្ញុំ​ច្រៀង​ម្នាក់​ឯង​ផង ជា​មួយ​កញ្ញា មាស សុខ​សោភា ក៏​មាន និង​ច្រៀង​ជា​មួយ​លោក សុគន្ធ ថេរ៉ាយុ សរុប​ទៅ​បាន​ ៤ បទ​ដែរ”។ នាយ​បាន​បញ្ជាក់​ទៀត​ថា បទ​ចម្រៀង​ទាំង​នេះ ត្រូវ​បាន​ខាង​ផលិតកម្ម​ត្រៀម​ចេញ​ចរាចរណ៍​លើ​ទីផ្សារ​ក្នុង​ពេល​ដ៏​ឆាប់​ នេះ ដើម្បី​អបអរ​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។
នេះ​ជា​អាជីព​បន្ថែម​ មួយ​ទៀត​របស់​នាយ បន្ទាប់​ពី​អាជីព​ជា​តារា​កំប្លែង​លើ​កញ្ចក់​ទូរទស្សន៍ CTN និង​ការ​ថត​ខ្សែ​ភាពយន្ត ដែល​កំពុង​តែ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​នោះ។ ទោះ​បី​ជា​យ៉ាង​ណា តារា​កំប្លែង​រូប​នេះ​បាន​អះអាង​ថា មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ការងារ​ជា​ស្នូល​នៅ​ទ្រនំ​ចាស់​នោះ​ទេ។ ម្យ៉ាង​ទៀត ខាង​ផលិតកម្ម​ក៏​មាន​ការ​អនុគ្រោះ​រូប​នាយ​ច្រើន​ដែរ។
នាយ ​បាន​បន្ថែម​ថា៖ “នៅ ​CTN ខ្ញុំ​រវល់​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អង្គារ​ប៉ុណ្ណោះ។ ចំណែក​ផលិតកម្ម Town ចង់​ថត​ពេល​ណា​ក៏​បាន គេ​លើក​លែង​ឲ្យ”។ ម្យ៉ាង​ទៀត ពេល​នេះ​មេកោយ​របស់​នាយ​នៅ​ខាង​ស្ថានីយ​ទូរទស្សន៍ ​CTN ក៏​បាន​ជ្រាប​ពី​រឿងរ៉ាវ​នេះ​រួច​ហើយ​ដែរ ហើយ​ពួក​គាត់​ក៏​មិន​បាន​សម្ដែង​ការ​អន់​ចិត្ត​ដូច​ការ​គិត​របស់​នាយ​ពី​ ដំបូង​ឡើយ។
នាយ បាន​ព្រលយ​ឲ្យ​ដឹង​ទៀត​ថា នៅ​ទី​នោះ​មិន​មែន​មាន​តែ​នាយ​នោះ​ទេ សូម្បី​តែ​អ្នក​នាង​ខ្ញុង និង​នាយ​គ្រឿន ដែល​ប្អូន​ប្រុស​បង្កើត​របស់​នាយ ពួក​គេ​ក៏​មាន​បទ​ចម្រៀង​ដែរ។ ហើយ​សម្រាប់​នាយ​វិញ នឹង​មាន​បទ​ចម្រៀង​ចេញ​ជា​បន្តបន្ទាប់​ទៀត នៅ​ក្រោយ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទៀត ដែល​នេះ​ជា​ឱកាស​សម្រាប់​នាយ​ដើម្បី​ឈាន​ជើង​កាន់​តែ​រឹង​មាំ​ក្នុង​វិស័យ​ ចម្រៀង។
Sabay មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ផលិតកម្ម Town បាន​ទេ​កាល​ពី​រសៀល​ម្សិល​មិញ​នេះ ជុំ​វិញ​ការ​​បោះ​ជំហាន​ចូល​ផលិតកម្ម Town របស់ ពែកមី។ ប៉ុន្តែ​នៅ​ក្នុង​បណ្ដាញ​សង្គម Facebookតារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​នាង មាស សុខ​សោភា បាន​បញ្ជាក់​ប្រាប់​Fans ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ថា បទ​ចម្រៀង​របស់​នាង ដែល​ច្រៀង​រួម​គ្នា​ជាមួយ​នាយ ពែកមី នឹង​មក​ដល់​ឆាប់ៗ​នេះ​ហើយ។
ទោះ​បី​ជា​ពេល​វេលា​នៃ​ជំហាន​ជា​តារា​កំប្លែង​ក្នុង​រយៈ​មិន​យូរ​ប៉ុន្មាន​ក៏​ដោយ ប៉ុន្តែ​នាយ​ពែកមី ហាក់​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន។ ក្នុង​អាជីព​បន្ថែម​ថ្មី​នេះ នាយ​ស្នើ​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ​រូប​នាយ​ផង៕

អត្ថបទ៖ សំ ជំនាញ