Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, April 3, 2013

បុគ្គលិក​វិទ្យាស្ថាន​មួយ​រង​ការ​ចោទ​ថា​ជំរុញ​សិស្ស​ឲ្យ​ចូល​បក្ស​ប្រជាជន

២-មេសា-២០១៣៖ វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (CICI = Cambodia Int'l Cooperation Institute) នៅ​រាជធានី​ភ្នំពេញ។ (RFA/Ouk Savborey)
បក្ស​ប្រជាជន​កម្ពុជា កំពុង​ស្វែង​រក​សំឡេង​ឆ្នោត​តាម​សាលា​រៀន។ បញ្ហា​នេះ នាំ​ឲ្យ​សិស្ស​ខ្លះ​ធុញ​ទ្រាន់​នឹង​ការ​ឃោសនា​មុន​រដូវ​កាល​នេះ
ដោយ អ៊ុក សាវបូរី
2013-04-02 RFA

និស្សិត​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (CICI = Cambodia International Cooperation Institute) តវ៉ា​ចំពោះ​សាលា​នោះ​យក​ម៉ោង​រៀន​ទៅ​ឃោសនា និង​ជំរុញ​ឲ្យ​និស្សិត​ចូលរួម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។
ក្រុម​និស្សិត ឲ្យ​ដឹង​ថា នៅ​ម៉ោង​រៀន​យប់​ថ្ងៃ​ទី១ ខែ​មេសា បុគ្គលិក​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប្រាប់​ទៅ​ក្រុម​និស្សិត​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី៧ ខែ​មេសា ខាង​មុខ«អត់​សមស្រប ថា​វា​រំខាន​ដល់​ការ​រៀនសូត្រ​របស់​និស្សិត​ទូទៅ មិន​មែន​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ»
និស្សិត​វិទ្យាស្ថាន​នោះ​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១៣ ថា គាត់​ធុញ​នឹង​ថ្នាក់​ដឹកនាំ​សាលា​នោះ​យក​ម៉ោង​សិស្ស​បង់​លុយ​រៀន ទៅ​ឃោសនា​ឲ្យ​គណបក្ស ហើយ​បុគ្គលិក​វិទ្យាស្ថាន​នោះ​បាន​ប្រាប់​និស្សិត​ថា ត្រូវ​តែ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​នោះ​នៅ​ចុង​សប្ដាហ៍​នេះ៖ «ពិសេស​គណបក្ស​ប្រឆាំង គឺ​អត់​មាន​ដែល​ចូលរួម​ផ្សព្វផ្សាយ​នៅ​សាលា​ទេ។ ប៉ុន្តែ គណបក្ស​កាន់​អំណាច​នោះ គឺ​ធ្លាប់​ចូល​មក​ឃោសនា​ញឹក​ដែរ។ តាម​គំនិត​ខ្ញុំ គឺ​ថា​អត់​ចង់​ឲ្យ​យក​ម៉ោង​សិក្សា​ហ្នឹង​មក​ឃោសនា​ឲ្យ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាជន នៅ​ថ្ងៃ​ទី៧ ហ្នឹង។ បើ​ធ្វើ​អីចឹង គឺ​ខ្ញុំ​អត់​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ដែរ ខ្ញុំ​កំពុង​តែ​សិក្សា ហើយ​យក​ម៉ោង​ខ្ញុំ​ខាត​អស់​ឡើង​ជាង​ម្ភៃ​នាទី»
និស្សិត​ម្នាក់​ទៀត​ថ្លែង​ថា ពួក​គេ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​គេ​ពេញ​ចិត្ត៖ «ជាពិសេស គណបក្ស​កាន់​អំណាច បើ​ទង្វើ​ល្អ​របស់​ខ្លួន​ល្អ មិន​ចាំបាច់​ផ្សព្វផ្សាយ​បង្ខំ​ឲ្យ​គេ​ឲ្យ​ចូល​ទៅ​បំពេញ​ហ្វម (Form) អី​ទេ។ វា​នឹង​ជោគជ័យ ដោយ​អព្យាក្រិត ត្រឹមត្រូវ និង​យុត្តិធម៌​ហើយ»

បដិសេធ​នឹង​យោបល់​របស់​និស្សិត​ខ្លះ​នោះ លោក ឌួង ច័ន្ទអម្រិត នាយក​វិទ្យាស្ថាន​សហប្រតិបត្តិការអន្តរជាតិ​កម្ពុជា ថ្លែង​ថា សាលា​មាន​តួនាទី​ជម្រាប​ទៅ​ក្រុម​និស្សិត​ថា នៅ​ថ្ងៃ​អាទិត្យ ទី៧ ខែ​មេសា គណបក្ស​ប្រជាជន​កម្ពុជា នឹង​អញ្ជើញ​និស្សិត​ទៅ​ចូលរួម​សំណេះ ​សំណាល និង​ចែក​កាត​គណបក្ស​ដល់​អ្នក​សុំ​ចូល​ជា​សមាជិក​ប៉ុណ្ណោះ។ លោក​ថា សាលា​នេះ​មិន​បង្ខំ​និស្សិត ចាំបាច់​ត្រូវ​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ លោក​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​បច្ចុប្បន្ន​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា មួយ ដែល​ស្វែង​រក​សមាជិក​គាំទ្រ​គណបក្ស​នោះ ប្រសិន​បើ​គណបក្ស​ផ្សេង​ចង់​ឲ្យ​មាន​ការ​គាំទ្រ​ពី​និស្សិត សុំ​ដាក់​ពាក្យ​ស្នើសុំ​មក សាលា​នេះ​នឹង​ពិចារណា៖ «ហើយ​ក៏​គ្មាន​អ្នក​ណា​មួយ​អាច​ទៅ​បង្ខិតបង្ខំ​ដែរ។ បាន​ន័យ​ថា បើ​គាត់​ស្រឡាញ់​គណបក្ស​ណា​ហើយ គាត់​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស។ យើង​មិន​គួរ​ដាក់​គំនាប​ទៅ​គាត់។ ហើយ​ចំពោះ​ខាង​ខ្ញុំ​វិញ ក៏​អត់​មាន​បាន​ទៅ​បង្ខិតបង្ខំ ឬ​អូស​ទាញ​អី​ដែរ បាន​ន័យ​ថា យើង​មាន​ឱកាស​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ជូន​ទៅ​គាត់»
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ថា គណបក្ស​ប្រឆាំង​មិន​ប្រើ​អំណាច​រក​សំឡេង​គាំទ្រ​តាម​សាលា​រៀន​ទេ។ លោក​ថា លទ្ធិប្រជាធិបតេយ្យ គឺ​ការ​ឃោសនា​រហូត​មាន​ការ​យល់​ព្រម ​ពី​ម្ចាស់​ឆ្នោត ដើម្បី​គាំទ្រ មិន​មែន​ប្រើ​តួនាទី​ទៅ​គាប​គេ ហើយ​ស្រែក​ថា អត់​បាន​ធ្វើ​ដូច្នេះ​ទេ។ លោក​បាន​រិះគន់​ត្រង់ៗ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​យក​ទ្រព្យ​សម្បត្តិ និង​ម៉ោង​ធ្វើ​ការ​របស់​រដ្ឋ ទៅ​ឃោសនា​ឲ្យ​គណបក្ស​ខ្លួន​ក៏​មាន៖ «ធ្វើ​អីចឹង​ខុស​ហើយ វា​ហួស​ហេតុ​ពេក។ យើង​ស្វែង​រក​សំឡេង​ដែរ ប៉ុន្តែ​យើង​ស្វែង​រក​ទៅ​តាម​ការ​ស្ម័គ្រចិត្ត ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​ប្រជាពលរដ្ឋ អត់​មាន​ទិញ​ដូរ​អត់​មាន​យក​តួនាទី​ខ្លួន​ឯង​ជា​នាយក​សាលា ទៅ​បង្ខំ​ឲ្យ​សិស្ស និស្សិត ធ្វើ​អីចឹង​ទេ ឃោសនា​នេះ ឃោសនា​វា​អត់​សម​ហេតុផល វា​អត់​ថ្លៃថ្នូរ»
នាយក​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​នេះ​បាន​បើក​បង្រៀន​រយៈពេល ៦​ឆ្នាំ​មក​ហើយ មាន​និស្សិត​ជាង ៦​ពាន់​នាក់ កំពុង​សិក្សា​ជំនាញ​ភាសា​បរទេស និង​ជំនាញ​ផ្សេង​ទៀតជាច្រើន៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan