Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, April 5, 2013

សត្វ​ក្រៀល នៅ​រមណីយដ្ឋាន អន្លង់​ព្រីង ជា​ប្រភព​ទាក់ទាញ​ទេសចរ​

សត្វ​ក្រៀល នៅ​រមណីយដ្ឋាន អន្លង់​ព្រីង ជា​ប្រភព​ទាក់ទាញ​ទេសចរ​


ខេត្តកំពត: បឹង​អន្លង់​ព្រីង​ ជាទី​រមណីយដ្ឋាន​មួយ​ដោយ​នាំ​អារម្មណ៍​ភ្ញៀវ​ទាំងឡាយ​ឱ្យ​ស្ថិតក្នុង​ពិភព​ រីករាយ ​ពោរពេញនូវ​ផាសុកភាព ជាមួយ​ការ​គយគន់​ពពួកសត្វ​ក្រៀល និង​ខ្យល់អាកាស​បរិសុទ្ធ​ដែល​ទទួល យក​មិនចេះ​ជិនណាយ​។ រមណីយដ្ឋាន មាន​លក្ខណៈពិសេស ដោយសារតែ​វត្តមាន​ពពួកសត្វ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការបាត់បង់​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រនៃ​ឃុំ​បឹង​សាលា​ខាងត្បូង និង ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ឱកាស​ដ៏​វិសេសវិសាល ​សម្រាប់​ភ្ញៀវទេសចរ​ទាំងឡាយ​ធ្វើដំណើរ​កម្សាន្ត​ដើម្បី​បាន​ទស្សនា​ប្រភេទ​ សត្វ​កម្រនៅ​រមណីយដ្ឋាន​នេះ គឺ​រដូវចូលឆ្នាំ​ខ្មែរ ព្រោះ​ពពួកសត្វ ក្រៀល​មាន​វត្តមាន​ចន្លោះ​ពី​ខែវិច្ឆិកា​ដល់​ខែឧសភា​ប៉ុណ្ណោះ​។ បន្ទាប់ពី​អំឡុង​ពេលនេះ ហ្វូង​សត្វ​ទាំងនោះ នឹង​នាំគ្នា​វិលត្រឡប់​ទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​វិញ​ដែលជា​វេលា​នៃ​ ការពង​កូន​។

​បឹង​អន្លង់​ព្រីង ត្រូវបាន​បង្កើតជា​តំបន់​គ្រប់គ្រង និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល ព្រមទាំង​សត្វ ស្លាប​ផ្សេងៗ​ទៀត តាម​អនុក្រឹត្យ​លេខ ០៤ អនក្រ​.​បក ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១១ អម​ជាមួយនឹង​ការបង្ហាញ​ទីតាំង​លើ​ទំហំ​ផ្ទៃដី ២១៧​ហិកតា ដែល​ចុះហត្ថលេខាដោយ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​។​

​ ដើម្បី​បាន​ទៅ​ដល់ទី​កម្សាន្ត​មួយ​នេះ ភ្ញៀវ​ទាំងឡាយ​អាចធ្វើ​ដំណើរ​ដោយ​ទោចក្រយាន ទោច​ក្រយានយន្ត ឬ​រថយន្ត​ប្រភេទ​ទេសចរណ៍ បែក​ចេញពី​ផ្លូវជាតិ​លេខ​៣១ ត្រង់ចំណុច​ខាងត្បូង​សាលាឃុំ​អង្គសុរភី ឆ្ពោះ​ចូល​ផ្លូវ​ច្រកទ្វារ​ទាន់ហន់ ត្រឹម​ប្រហែល ៥០០​ម៉ែត្រ រួច​បត់​ស្តាំ​តាម​ខ្លោងទ្វារវត្ត​ត្រពាំង​ឈូក បន្តដំណើរ​រហូតដល់​វត្ត​មួយទៀត​ឈ្មោះថា​វត្ត​ថ្ម​បើក​។ នៅ​ខាងកើត​ទី​អារាម​នេះ ភ្ញៀវទេសចរទាំងឡាយ​នឹង ប្រទះឃើញ​បឹង​ដ៏​ធំ​ល្វឹងល្វើយ​មួយ នោះ​គឺបឹង​អន្លង់​ព្រីង ជាទី​ជួបជុំ​នៃ​ពពួកសត្វ​ក្រៀល​។

​ដោយ​ផ្អែក​តាម​ឯកសារ​របស់​អង្គការ Bird Life លោក ស៊ឹ​ម័​ឡា​ប៉័ង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​រៀបរាប់ថា ក្រៀល​ជាប្រភេទ​សត្វដែល​នៅលើ​ពិភពលោក​កំពុង​ឈានទៅរក​ការ​ផុត​ពូជ​។ ម្ល៉ោះហើយ​ការអភិរក្ស​ជា​រឿង​សំខាន់បំផុត ពិសេស​បើ​ធ្វើបាន ថ្ងៃក្រោយជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នឹង​បានធូរធារ​តាមរយៈ​ការប្រកប​ របរ​ផ្សេងៗ បម្រើឱ្យ​វិស័យ​ទេសចរណ៍​។​

​ពាក់ព័ន្ធ​នឹង​ការប្រមូល​ គ្នា​មកកាន់​តំបន់​បឹង​អន្លង់​ព្រីង​នៃ​ពពួកសត្វ​ក្រៀល លោកនាយ​ខណ្ឌ​បញ្ជាក់ថា សត្វ​ក្រៀល​ចូលចិត្ត​ស៊ីមើម​ប្លុង ជា​អាហារ ហើយ​តំបន់​នេះ​ជា​ប្រភេទ​ដីជូរ មាន​ដុះ​ប្លុង​ច្រើន និង​មាន​គុម្ពោត​ព្រៃ​ស្មាច់​ជាទី​ស្នាក់អាស្រ័យ​របស់ពួកវា​។ ដូច្នេះហើយ ចាប់ពី​ខែវិច្ឆិកា​ដល់​ខែឧសភា សត្វ​ក្រៀល​តែង​នាំគ្នា​មក​ទីនេះ​ជា​ទៀងទាត់ បន្ទាប់ពីនោះ​ពួកវា​នឹង​វិលត្រឡប់​ទៅ​ពង​កូន នៅ​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា​យើង​វិញ​។

​ក្រៅ​អំពី​ពពួក​ក្រៀល បឹង​អន្លង់​ព្រីង​មាន​សត្វ​កម្រ​ពីរ​ប្រភេទ​ទៀត គឺ ត្រ​យង​ខ្លួន​ស និង​ត្រ​យង​ខ្លួន​រលោង ព្រមទាំង​សត្វ​ស្លាបមាន​ដោយ​បង្គួរ​ចំនួន​៣៨​ប្រភេទ​បន្ថែម​ផងទៀតដែរ​។ លោក ស៊ឹម ឡា​ប៉័ង រំលឹកថា ​ដោយ​កិច្ចសហការ​រវាង​រដ្ឋបាល​ព្រៃឈើ​ជាមួយ​អង្គការ​ Bird Life International ដែលមាន​លោក​សេង គឹម​ហ៊ត់ ជា​ប្រធាន​បានធ្វើការគ្រប់គ្រង និង​អភិរក្ស​សត្វ​ក្រៀល​អន្លង់​ព្រីង ចាប់តាំងពី​ឆ្នាំ​២០០៤​តរៀងមក​។ ទន្ទឹមនឹងនេះ អង្គការ Bird Life International ក៏បាន​សហការ​ជាមួយនឹង​ដៃគូ​របស់ខ្លួន ដូចជា អង្គការ​តំបន់ដីសើម និង​សត្វ​ស្លាប​ទឹក ជាដើម​។

​តាម​ការអង្កេត​ ថ្មីៗ​នេះ នៅ​តំបន់​អភិរក្ស មាន​សត្វ​ក្រៀល និង​សត្វ​ស្លាប​ផ្សេងៗ ចំនួន​៦២ ប្រភេទ ត្រូវបាន​កត់ត្រា​ជា​បន្តបន្ទាប់​។ ដោយឡែក​ចំពោះ​សត្វ​ក្រៀល​វិញ មាន​ចំនួន​កើនឡើង ដែល​ក្នុង​ឆ្នាំ ២០០៤ មានតែ​១២៦​ក្បាល ឯ​ឆ្នាំ​២០១៣​នេះ មាន​រហូតដល់​៣២៩​ក្បាល​។ ការសម្រេច​លទ្ធផល​គួរ​ជាទីមោទនៈ​នេះ អាស្រ័យ​ដោយ​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជា​ពលរដ្ឋ​សហគមន៍ ពិសេស​កម្លាំង​វរសេនា​តូច​៣០២ ការពារ​ព្រំដែន​គោក​ដែល​ទប់ស្កាត់បាន​រាល់​បទល្មើស​ប៉ុន​ប៉ង​បំផ្លាញ​ ពពួកសត្វ​កម្រ ក៏ដូចជា​ធនធាន​ក្នុង​ដែន​នៃ​តំបន់​អភិរក្ស​នេះ​។

​លោក ស៊ឹម ឡា​ប៉័ង មិន​ភ្លេច​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ឃុំ ស្រុក​ដែល​អភិវឌ្ឍន៍​មូលដ្ឋាន​តាមរយៈ​ការស្ថាបនា​ផ្លូវ​លំបានល្អ​ស្អាត បង្កលក្ខណៈ​ងាយស្រួល​ចំពោះ​ប្រជាពលរដ្ឋ ពិសេស​សម្រាប់​ភ្ញៀវទេសចរ​ទាំងឡាយ​អាចធ្វើ​ដំណើរ​ទៅកាន់​រមណីយដ្ឋានអន្លង់​ ព្រីង ប្រកបដោយ​សុវត្ថិភាព និង​សំណូមពរ​ដល់​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ បន្ត​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ នូវ​អត្ថប្រយោជន៍​នៃ​កិច្ច​អភិរក្ស​ប្រភេទ​សត្វ​កម្រ ដោយ​បញ្ចៀស​ឱ្យបាន​ពី​ការ​បរបាញ់ ឬ​ដាក់​ថ្នាំ​បំពុល​ព្រោះតែ​តម្រូវការ​ដ៏​តិចតួច​នោះ​។

​ពាក់ព័ន្ធ​ នឹង​ការកកើតឡើង​នូវ​រមណីយដ្ឋាន​អន្លង់​ព្រីង លោក សេក ឈិន មេឃុំ​ព្រែក​ក្រើ​ស បាន​រៀបរាប់​ពី​ប្រវត្តិ​ថា ដើមឡើយ​ក្នុង​ផ្ទៃ​បឹងទាំងមូល​មាន​សុទ្ធតែ​ដើម​ចាក​របស់​ប្រជាកសិករ​។ នៅ​ឆ្នាំ​២០០០ មាន​ជំនន់​ដ៏​ធំ​គ្របដណ្តប់​លើ​ភូមិសាស្ត្រ​នេះ ធ្វើឱ្យ​ដើម​ចាក​ងាប់​អស់ ហើយ​ប្រជាកសិករ​បាន​បោះបង់​ដីនោះ​ចោល ​ព្រោះ​មិនអាច​ធ្វើ​អ្វី​កើត​។ ក្នុង​ឆ្នាំ​២០០១​ចាប់ផ្តើម​ប្រទះឃើញ​សត្វ​ក្រៀលមួយចំនួនបាន​ហើរមក​ចុះ​ ក្នុង​តំបន់​នេះ​។

​ក្រោយមក​ក៏មាន​អង្គការ Bird Life បាន​ចុះមក​ស្រាវជ្រាវ ព្រមទាំង​ផ្សព្វផ្សាយ​ណែ នាំ​កុំឱ្យ​ប៉ះពាល់ ឬ​សម្លាប់​ពួកវា​ ម្ល៉ោះហើយសត្វ​នេះចេះតែមាន​វត្តមាន​ជា​រៀង​រហូតមក ។ លោក​មេឃុំ បន្តទៀតថា តាំងពី​មាន​សត្វ​ក្រៀល​នៅទីនេះ​ភ្ញៀវ​បរទេស​បាននាំគ្នា មកលេង មិនសូវ​ដាច់​ទេ​។ វេលា​នៃការសប្បាយ​សម្រាប់​រម​ណី​យ​ដ្ឋា​ន​នេះ គឺ​ពេលព្រឹក​ទេសភាព​ស្រស់បំព្រង ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ គ្របដណ្តប់​ត្រជាក់​កាយ​ពោរពេញ​ដោយ​ផាសុកភាព​តាមបែប​ធម្មជាតិ​ពិតៗ​។ លើសពីនោះ​ទៀត ក្នុង​អំឡុង​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែឧសភា ខណៈ​ដែលមាន​វត្តមាន​ពពួកសត្វ​ក្រៀល ទេសចរ​ទាំងឡាយ​នឹង​បានសប្បាយ​ដោយ​ការ​គយគន់​ពួកវា​ដើរ​ស៊ី​ចំណី​ក្នុង​ផ្ទៃ​ បឹង​ទាំង​ហ្វូងៗ ប្រៀប​ដូច​ហ្វូង​គោក្របី​ដែរ​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan