ពេលខ្ញុំឃើញមិត្តភ័ក្ដិខ្ញុំស្រលាញ់គ្នាកាលណា ខ្ញុំតែងសង្កេតឃើញថា មិនមានគូណាមួយដែលថាមិនធ្លាប់ប៉ះពាល់គ្នានោះទេ រហូតមានអ្នកខ្លះថែមទាំងកៀកកើយគ្នា នៅក្នុងថ្នាក់រៀនដោយពុំមានភាពខ្មាសអៀនបន្តិចសោះ។ ខ្ញុំបានចោទសួរខ្លួនឯងថា តើស្នេហាគឺបែបនេះឬ? ចុះប្រពៃណីខ្មែររលាយសាបសូន្យហើយឬ?

រូបតំណាង
ខ្ញុំ
គិតថា បើថៃ្ងណាមួយខ្ញុំមានស្នេហាវិញនោះ 
ខ្ញុំមិនឲ្យបុរសណាប៉ះពាល់រាងកាយខ្ញុំមុនពេលរៀបការជាដាច់
ខាត ហើយខ្ញុំមានការសោកស្ដាយចំពោះមិត្តភ័ក្ដិខ្ញុំមួយចំនួន 
ដែលបានសាងអនុស្សាវរីយ៍ផ្អែមល្ហែមរាប់មិនអស់ជាមួយគ្នា 
តែទីបំផុតបានចែកផ្លូវគ្នាដើរ។មកដល់ចំណុចនេះក្រឡេកមកខ្លួនខ្ញុំវិញ ក្រោយបញ្ចប់មធ្យម សិក្សាទុតិយភូមិ ក៏បានមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ ទឹកដីថ្មីនេះ ជាទីដែលពោរពេញដោយភ្លើងពណ៌ និងភាពស៊ីវិល័យ។
ខ្ញុំ ឃើញគូសង្សារជិះម៉ូតូជាមួយគ្នាដើរលេងយ៉ាងសប្បាយនៅតាមសួន ច្បារ និងមាត់ទន្លេជាមួយគ្នា។ នៅពេលយប់បន្តិច ខ្ញុំឃើញមានដៃគូខ្លះហ៊ានដល់ទៅឱបថើបគ្នានៅលើបង់តាម សួនច្បារ ដោយមិនមានការខ្មាសអៀនបន្តិចសោះ។ ចំណែកក្បែរបន្ទប់ជួល ដែលខ្ញុំស្នាក់នៅជាមួយប្អូនជីដូនមួយឯណោះវិញ ស្ទើរតែទាំងអស់មានមិត្តប្រុសមកលេងជាញឹកញាប់ ដែលពេលខ្លះពួកគេនៅក្នុងបន្ទប់តែពីរនាក់ទៀតផង។ ខ្ញុំគិតថាវាគ្មានរឿងអ្វីក្រៅពីរឿងមួយនោះទេ ហើយនៅពេលដែលខ្ញុំជួបប្រទះរឿងបែបនេះច្រើនពេកទៅ ខ្ញុំគិតថា គ្មានទំនាក់ទំនងស្នេហាណាមួយ ដែលស្រលាញ់គ្នាចិត្តនិងចិត្តសុទ្ធសាធ ហើយមិនប៉ះពាល់រាងកាយនោះទេ ជាពិសេសទៅទៀតនោះ ខណៈមិត្តខ្ញុំម្នាក់ទើបផុងខ្លួន បង់ប្រាណដោយសារប្រុសព្រានទៀតនោះ។ 
ដំបូង នាងបានស្រលាញ់ និងមានភាពស្និទ្ធស្នាលគ្នាជាខ្លាំង។ មិត្តខ្ញុំបានប្រាប់ថា ដំបូងពេលដែលពួកគេអង្គុយលើបង់ បុរសនោះដាក់ដៃគងលើស្មារបស់នាង។ មិនយូរប៉ុន្មានបុរសនោះបានចាប់បង្ខំនាង ហើយនាងបានយំស្ដាយស្រណោះព្រហ្មចារីជាខ្លាំង។ លុះក្រោយមក វាបានក្លាយទៅជារឿងធម្មតា។ ពួកគេតែងគេងជាមួយគ្នាស្ទើរតែរាល់ថ្ងៃ។
ក្រោយមកទៀត អ្នកទាំងពីរបានបែកគ្នា ហើយមិត្តភ័ក្ដិរបស់ខ្ញុំម្នាក់ នោះមានមិត្តប្រុសថ្មីមួយទៀត ហើយក៏បន្តប្រគល់ខ្លួនប្រាណឲ្យអ្នកថ្មីដូចគ្នា។ មកដល់ចំណុចនេះ ខ្ញុំស្ទើរអស់អ្វីថ្លែងហើយសម្រាប់នាង ព្រោះនាងជាមនុស្សវក់នឹងតណ្ហា ខណៈខាងប្រុសជាអ្នកបញ្ឆេះ។ ខ្ញុំក៏មានចិត្តស្អប់ប្រុសៗបន្តិចម្តងៗ។ ខ្ញុំគិតថា ប្រុសៗគ្មានគិតអ្វីក្រៅពីរឿងមួយនោះឡើយ។
ប្រុសៗធ្វើឲ្យ នារីស្គាល់តណ្ហា និងធ្វើឲ្យនាងញៀនញ៉ាម។ ខ្ញុំនឹកអាណិតដល់ឪពុកម្ដាយរបស់ពួកគេនៅឯស្រុកកំណើត ដែលឥតបានដឹងសោះថា កូនបានមករៀននៅភ្នំពេញ ធ្វើអ្វីខ្លះនោះ។
មិនយូរប៉ុន្មាន ខ្ញុំបានរៀនចប់ឆ្នាំទី១។ ប្អូនជីដូនមួយរបស់ ខ្ញុំក៏ប្ដូរផ្ទះ ហើយខ្ញុំរស់នៅតែម្នាក់ឯង។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ឯកា ជួនកាលខ្ញុំអង្គុយមើលព្រះអាទិត្យរៀបលិចយ៉ាងក្រៀមក្រំតែម្នាក់ ឯង។ ខ្ញុំចាប់ផ្ដើមគិតពីរឿងជីវិតហើយនិងការសិក្សារបស់ខ្ញុំ។ ថ្ងៃមួយ ពេលខ្ញុំអង្គុយស្ងាត់ស្ងៀមតែម្នាក់ឯង បុរសម្នាក់ដែលជួលបន្ទប់នៅក្បែរខ្ញុំបានមកនិយាយគ្នាលេងជាមួយ ខ្ញុំ។ គាត់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយបាត់អស់ពីភាពឯកា។
 គាត់ពូកែវោហារខ្លាំងណាស់។ ពួកយើងតែងតែជជែកគ្នាជារៀងរាល់ថ្ងៃ។ គាត់បានរៀបរាប់ពីខ្សែជីវិតប្រាប់ខ្ញុំថា គាត់ជាក្មេងកំព្រាឪពុក ហើយម្ដាយយកគាត់មកផ្ញើបងប្អូននៅភ្នំពេញ ដើម្បីឲ្យបានរៀនសូត្រ។ ពេលនៅជាមួយបងប្អូន គាត់មិនបានរៀនច្រើនទេ គឺចំណាយពេលភាគច្រើនទៅលើការងារផ្ទះ បើគាត់មិនបានជួយធ្វើការងារទេ ម្ចាស់ផ្ទះមុខមិនរីកឡើយ។ ដូច្នេះគាត់ក៏បានសម្រេចចិត្តចេញពីផ្ទះបងប្អូនមកជួលបន្ទប់ មួយនៅក្បែរខ្ញុំ ស្របពេលដែលគាត់រកបានការងារមួយ ធ្វើជាអ្នករត់តុនៅក្នុងហាង។ ខ្ញុំមានចិត្តអាណិតគាត់បន្តិចម្តងៗរហូតធ្វើឲ្យខ្ញុំស្រលាញ់គាត់ ដោយមិនដឹងខ្លួន តែខ្ញុំមិនដែលហ៊ានប្រាប់គាត់ទេ ព្រោះខ្លួនជាស្រី។ មានថ្ងៃមួយ គាត់បានសារភាពថាស្រលាញ់ខ្ញុំ ហើយខ្ញុំក៏បានប្រាប់ពីចិត្តស្រលាញ់របស់ខ្ញុំទៅគាត់វិញដែរ។ ពន្លកនៃក្តីស្នេហាមួយបានចាប់ផ្ដើមរីកស្គុសស្គាយឡើង។
ពួកយើងបានសាងអនុស្សាវរីយ៍ជាច្រើន និងបានចេញទៅក្រៅ ដើម្បីញ៉ាំអីជាមួយគ្នាជាញឹកញ៉ាប់។ ខ្ញុំមើលទៅគាត់ ជាមនុស្សល្អ ខុសពីបុរសដទៃ ដែលខ្ញុំធ្លាប់ស្គាល់ និងគិតថា ខ្ញុំពិតជាសំណាងណាស់ដែលបានស្គាល់គាត់។ ប៉ុន្តែមានថ្ងៃមួយគាត់ បានសុំខ្ញុំថើបមួយខ្សឺត។ ភ្លាមៗខ្ញុំគិតទៅដល់ការតាំងចិត្តរបស់ខ្ញុំពីមុនថានឹងមិន ឲ្យប្រុសណាប៉ះពាល់ខ្លួនប្រាណខ្ញុំមុនរៀបការជាដាច់ខាត ហើយខ្ញុំក៏បដិសេធជាមួយគាត់ភ្លាម។ គាត់ចេះតែអង្វរខ្ញុំជាច្រើនដង ធ្វើឲ្យសេចក្តីអាណិតវាយផ្ដួលការតាំងចិត្តរបស់ខ្ញុំទាល់តែ បាន។ ខ្ញុំបានឲ្យគាត់ថើបតាមសំណើរ តែខ្ញុំឲ្យគាត់សន្យាថា ថើបតែម្ដងប៉ុណ្ណោះ គ្មានលើកទីពីរជាដាច់ខាត។ តែការអង្វររបស់គាត់ និងការអាណិតរបស់ខ្ញុំធ្វើឲ្យវាមានលើកទីពីរ ទីបី ទាល់តែបានរហូតធ្វើឲ្យគាត់កាន់តែបានចិត្ត រហូតដល់សុំខ្ញុំប៉ះកន្លែងសំខាន់។ ខ្ញុំខឹងនឹងគាត់ជាខ្លាំង ហើយគាត់នៅតែតាមអង្វរនាងខ្ញុំ។
ទីបំផុត ខ្ញុំគិតថាត្រូវតែបែកគ្នាជាមួយគាត់ និងឈប់ទុកចិត្តលើ មនុស្សប្រុសទៀត ព្រោះប្រុសសុទ្ធតែដូចគ្នា ក្នុងខួរក្បាលគ្មានគិតរឿងអ្វីទេ ក្រៅតែពីរឿងមួយនោះ។ ដូច្នេះបើខ្ញុំបណ្ដោយតាមចិត្តគាត់ ជោគវាសនារបស់ខ្ញុំពិតជាមិនខុសពីមិត្តរបស់ខ្ញុំឡើយ។
តណ្ហា របស់មនុស្សគ្មានព្រំដែនទេ។ ខ្ញុំក៏សម្រេចចិត្តបែកពីគាត់ចាប់ពីពេលនោះមក។ តែខ្ញុំក៏មិនសប្បាយចិត្តដែរ ត្បិតអីខ្ញុំនៅមានអារម្មណ៍អាណិតគាត់ នៅពេលដែលឃើញមុខគាត់ស្រពោន ហើយគាត់តែងតែ Message មកអង្វរខ្ញុំ និងសន្យាថាកែខ្លួនឡើងវិញ។ តែនៅពេលដែលខ្ញុំគិតដល់ឃ្លាមួយ “តណ្ហាគ្មានទីបញ្ចប់ទេ”និង “ទឹកហូរមិនហត់ ប្រុសស្បថកុំជឿ” ធ្វើឲ្យខ្ញុំប្តូរចិត្ត និងមិនអាចអភ័យទោសឲ្យគាត់។ 
នេះជាការសម្រេចចិត្តរបស់ខ្ញុំ! បើអ្នកជាខ្ញុំវិញ តើអ្នកសម្រេចចិត្តយ៉ាងណា? តើខ្ញុំចិត្តដាច់ពេក ឬយ៉ាងណា?
អត្ថបទ៖ ល.អ
2:49 AM
specialshowtoday
 Posted in:  

0 comments:
Post a Comment