Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, May 7, 2013

ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​ក្រុមហ៊ុន​ភាពីម៉ិច​រំលោភ​យក​ដី

ប្រជាពលរដ្ឋ​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ដីចេញដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៣។ (RFA/Mondul Keo)
ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​បន្តរំលោភ​យក​ដី​មាន​វិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ដែលក្រុម​និស្សិត​ស្ម័គ្រចិត្ត​លោក ​នាយក​រដ្ឋមន្ត្រីហុន សែន បាន​វាស់វែង​យ៉ាង​ដូច្នេះ ជា​យថាហេតុ​ធ្វើ​ឲ្យ​ប័ណ្ណ​កម្មសិទ្ធិ​ប្រភេទ​ថ្មី​ ​ត្រូវ​បាត់បង់​តម្លៃ​របស់​វា​តាម​ផ្លូវ​ច្បាប់៕
ប្រជាពលរដ្ឋ​ចំនួន ១០​គ្រួសារ នៅ​ភូមិ​ក្រឡាញ់ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ភាពីម៉ិច (PHEAPIMEX) ថា​បាន​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់ បើ​ទោះ​បី​ជា​អ្នក​ភូមិ​ទាំង ១០​គ្រួសារ​នេះ​មាន​ប្លង់​កម្មសិទ្ធិ​ដី​ដែល​ផ្ដល់​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​រួច​ហើយ​ក៏ដោយ។
 
ដោយ មណ្ឌល កែវ
2013-05-06
Radio Free Asia
អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់ យល់​ថា ការបន្ត​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​រំលោភ​យក​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​វាស់វែង​ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ត្រូវ​បាត់បង់​តម្លៃ។
ប្រជាពលរដ្ឋ​ចំនួន ១០​គ្រួសារ ដែល​មាន​ដី​ចម្ការ​នៅ​ចំណុច​ដំណាក់ព្រីង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ បាន​ប្រតិកម្ម​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​មន្ត្រី​ជំនាញ​ផ្នែក​ដីធ្លី​ខេត្ត​បាន​ចោទ​ថា អ្នក​ភូមិ​បាន​ចង្អុល​ដី​ខុស​ទីតាំង បំពាន​ទៅ​លើ​ដី​របស់​ក្រុមហ៊ុន។
បុរស ​អ្នក​ភូមិ​ឈ្មោះ ហ៊ុល ថៃ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៦ ឧសភា ថា
ដី​ចម្ការ​របស់​គាត់​ជាង ៣​ហិកតារ នេះ ក្រុម​និស្សិត និង​អាជ្ញាធរ​ជំនាញ​បាន​ចុះ​មក​វាស់វែង​ត្រឹមត្រូវ ហើយ​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​គាត់​ទៀត។ តែ​ឥឡូវ អាជ្ញាធរ​ជំនាញ​ខ្លួន​ឯង​បែរ​ជា​មក​ចោទ​គាត់​ថា​ទៅ​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​ទៅ​វិញ។

បុរស​អ្នក​ភូមិ​រូប​នេះ​អំពាវនាវ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់ និង​អ្នក​ភូមិ​ផង ព្រោះ​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ដែនដី​ទៀត​ហើយ ព្រោះ​អាជ្ញាធរ​បាន​លំអៀង​ទៅ​រក​ភាគី​ក្រុមហ៊ុន«ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ប្រមុខ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ។ ប៉ុន្តែ ឥឡូវ​ពេល​ដែល​ពួក​ខ្ញុំ​បាន​ប្លង់​ហើយ បែរ​ជា​អត់​បាន​ដី​ទៅ​វិញ។ អ៊ីចឹង​រឿង​នេះ​មាន​តែ​សម្ដេច​ទេ ដែល​អាច​ជួយ​អន្តរាគមន៍​យ៉ាង​ម៉េច​ឲ្យ​ពួក​ខ្ញុំ​បាន​ដី​ទៅ​តាម​ប្លង់​ដែល​និស្សិត​បាន​វាស់វែង​ឲ្យ​នោះ​ផង ព្រោះ​ខែ​នេះ គឺ​ដល់​ខែ​បង្កបង្កើនផល​ហើយ ពួក​ខ្ញុំ​គ្មាន​ដី​បង្កបង្កើនផល​ទេ»
ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អាជ្ញាធរ​ឃុំ​ម្នាក់​ដែល ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ដី​ដែល​កំពុង​មាន​ទំនាស់​នេះ គឺ​ជា​ដី​របស់​អ្នក​ភូមិ​ទាំង ១០​គ្រួសារ​នេះ​មែន។ មន្ត្រី​អាជ្ញាធរ​ឃុំ​រូប​នេះ​បន្ត​ថា ដី​នេះ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រំលោភ​យក​ពី​អ្នក​ភូមិ​ទៅ​ដាំ​ដំឡូង​បាន ១​ឆ្នាំ​ហើយ។ ពី​មុន ដី​នេះ​មាន​ដើម​ឈើ​ហូប​ផ្លែ​ដូចជា ស្វាយ ខ្នុរ ក្រូច​ជាដើម តែ​ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​ចោល​អស់។ កាល​ណោះ ប្រជាពលរដ្ឋ​បាន​តវ៉ា​ម្ដង​ហើយ។ លុះ​ក្រុម​និស្សិត​ចុះ​មក​វាស់វែង ដោយ​មាន​អាជ្ញាធរ​ចម្រុះ​យល់ព្រម ​ផង និស្សិត​ក៏​បាន​វាស់វែង​ឲ្យ​ប្រជាពលរដ្ឋ។ បន្ទាប់​មក មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ក៏​បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​ទាំង ១០​គ្រួសារ​នេះ។
យ៉ាង​ នេះ​ក្ដី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត គឺ​លោក ចេង ឡៃ បាន​ចោទ​ថា ប្រជាពលរដ្ឋ​បាន​ចង្អុល​ដី​ខុស​ទីតាំង​ដែល​លោក​បាន​ចេញ​ប្លង់៖ «មិន​ដឹង​ជា​គាត់​មាន​បំណង​អី​ទេ តែ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​យើង​ចេញ​ឲ្យ​ពួក​គាត់ គឺ​មិន​មែន​ស្ថិត​នៅ​លើ​ដី​ហ្នឹង​ទេ។ ខ្ញុំ​បាន​ចុច​អាប់ស៊ីស កូអរដោនេ ទៅ​ឃើញ​ថា វា​នៅ​ជិត​ហ្នឹង​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ តែ​គាត់​បែរ​ជា​ចង្អុល​ទៅ​លើ​ដី​ដែល​ចិន ដាំ​ដំឡូង។ តាម​ពិត​ប្លង់​ដែល​យើង​ចេញ​ឲ្យ មិន​ជាន់​គ្នា​ទេ»
ប៉ុន្តែ ព្រឹទ្ធាចារ្យ​ម្នាក់​ជា​ប្រជា​ការពារ​ឃុំ​ក្បាលត្រាច និង​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​វាស់វែង​ដី​ចំណុច​ដំណាក់ព្រីង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ គឺ​លោក ស៊ិត ស៊ុំ បាន​អះអាង​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចង្អុល​បង្ហាញ​នេះ គឺ​ត្រឹមត្រូវ​តាម​ទីតាំង​ដែល​បាន​វាស់វែង​នោះ​ហើយ។ ព្រឹទ្ធាចារ្យ​រូប​នេះ​បន្ត​ថា គាត់​មិន​ដឹង​ថា ហេតុ​អី​បាន​ជា​អាជ្ញាធរ​ជំនាញ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហត្ថលេខា និង​ត្រា​របស់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​អ្នក​ចុះ​ទៅ​វាស់​ជាមួយ​និស្សិត​ផ្ទាល់ និង​ក្រុម​ការងារ​ហ្នឹង។ ដី​នេះ គឺ​នៅ​ចំណុច​ហ្នឹង​ហើយ គាត់​នៅ​មាន​ដើម​ខ្នុរ​អី​របស់​គាត់ ​ជា​តឹកតាង។ ចិន វា​ឈូស​អត់​ទាន់​អស់។ មាន​សាក្សី និង​មាន​អភិបាល​រង​ខេត្ត សួន រិន្ទឌី គាត់​បាន​ដោះស្រាយ​ថា សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​អី​អស់​ហើយ បាន​ចេញ​ជា​ប្រកាស​ជូន​ដំណឹង​បិទ​ផ្សាយ​រហូត​ចេញ​ប្លង់​ទៀត​ហើយ។ វា​ទៅ​ជា​ចិន មិន​ឲ្យ​វិញ អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ទេ»
មន្ត្រី​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់ យល់​ស្រប​គ្នា​ថា ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​បន្តរំលោភ​យក​ដី​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រីហុន សែន បាន​វាស់វែង​យ៉ាង​ដូច្នេះ ជា​យថាហេតុ​ធ្វើ​ឲ្យ​ប័ណ្ណ​កម្មសិទ្ធិ​ប្រភេទ​ថ្មី​ ​ត្រូវ​បាត់បង់​តម្លៃ​របស់​វា​តាម​ផ្លូវ​ច្បាប់៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan