Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, June 16, 2013

លោក ហ៊ុន សែន រិះគន់​អ្នក​ដែល​ថា​កម្ពុជា​ក្រ​ទៅៗ

អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី នៅ​អាណត្តិ​ទី៥ នេះ​បាន​រិះគន់​អ្នក​ដែល​និយាយ​ថា​ប្រទេស​កម្ពុជា ក្រ​ទៅៗ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​មួយ​នេះ ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩ មក។ លោក ហ៊ុន សែន ហៅ​អ្នក​ដែល​មិន​ឃើញ​ការ​រីក​ចម្រើន​គ្រប់​វិស័យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ថា គឺ​ជា​ក្រុម​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ។
ដោយ ម៉ម មុនីរតន៍ 2013-06-15 RFA
ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រឆាំង អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី​មិន​ដែល​ហ៊ាន​ប្រៀបធៀប​ការ​ដឹកនាំ​របស់​ខ្លួន​ទៅ​នឹង​ បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​នោះ​ទេ ក្រៅ​ពី​ឲ្យ​ពលរដ្ឋ​គិត​ទៅ​ដល់​មុន​ឆ្នាំ​១៩៧៩ នោះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១៥ មិថុនា បាន​ប្រតិកម្ម​តប​ចំពោះ​ពាក្យ​សម្ដី​រិះគន់​នានា​ថា ប្រទេស​កម្ពុជា ពុំ​មាន​ការ​រីក​ចម្រើន​ដោយសារ​លោក​ដឹកនាំ​អស់​រយៈពេល​ជិត ៣០​ឆ្នាំ​កន្លង​ទៅ។

បើ​ទោះ​ជា​ការ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​មួយ​ក្ដី ក៏ប៉ុន្តែ​គេ​ដឹង​ថា នោះ​គឺ​លោក ហ៊ុន សែន សំដៅ​ដល់​មន្ត្រី​របស់​គណបក្ស​ប្រឆាំង ដែល​តែង​រិះគន់​ពី​ការ​ដឹកនាំ​ប្រទេស​របស់​លោក​ថា​មាន​ភាព​អន់​ថយ។
ការ​ឆ្លើយ​តប​ដ៏​កម្រ​ប្រឆាំង​នឹង​ការ​រក​ឃើញ​ថា ភាព​ក្រីក្រ​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ជំងឺ​ដែល​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​នេះ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន គិត​ថា អ្នក​ទាំង​នោះ ជា​ពិសេស​មនុស្ស​នៅ​ក្នុង​គណបក្ស​ប្រឆាំង គឺ​មិន​ដែល​ទទួល​ស្គាល់​នូវ​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​បាន​ល្អ​ម្ដង​ណា​នោះ​ឡើយ។ លោក ហ៊ុន សែន ចំអក​ឲ្យ​អ្នក​ដែល​រិះគន់​ថា កម្ពុជា កាន់​តែ​ក្រ​ទៅៗ​នោះ​ថា ដូច្នេះ​សព្វថ្ងៃ​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​មាន​ជីវភាព​យ៉ាប់​ជាង​មុន បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​១៩៧៩ ឬ​យ៉ាង​ណា?
ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​គ្រា​លោក​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​នៅ​ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី១៥ មិថុនា។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គិត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំ​ដែល​ហ៊ាន​ប្រៀបធៀប​គោល​នយោបាយ​នៃ​ការ​ដឹកនាំ​របស់​លោក ទៅ​នឹង​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​នោះ​ទេ មាន​ជាអាទិ៍ ប្រទេស​ជប៉ុន ថៃ ឬ សិង្ហបុរី ជាដើម។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម គិត​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សេដ្ឋកិច្ច​ងើប​ឡើង​បាន ឬ​មាន​ភាព​ធូរធារ ដរាប​ណា​រដ្ឋាភិបាល​ងាក​គោល​នយោបាយ និង​ផ្ដោត​សំខាន់​ពង្រឹង​លើ​វិស័យ​កសិកម្ម។ លោក​បន្ត​ថា បើ​សិន​រដ្ឋាភិបាល​ប្រើប្រាស់​រូបមន្ត​នៃ​គោល​នយោបាយ​ពឹង​ផ្អែក​លើ​វិស័យ​ ឧស្សាហកម្ម នោះ​ប្រទេស​កម្ពុជា នឹង​មិន​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​មាន​ភាព​រីក​ចម្រើន​លឿន​ក្នុង​ រយៈពេល ៣០​ឆ្នាំ​ខាង​មុខ​ទៀត​នោះ​បាន​ឡើយ។
លោក កែម ឡី បង្ហាញ​នៅ​ក្នុង​របាយការណ៍​ដែល​បាន​រក​ឃើញ​អំពី​ភាព​ក្រីក្រ​ក្នុង​ពេល​ កន្លង​ទៅ​នេះ​ថា ប្រជាពលរដ្ឋ​ច្រើន​ជាង ៥០% ក្រីក្រ និង​ក្រីក្រ​បំផុត។ ដោយ​ឡែក ពលរដ្ឋ​ដែល​រក​ប្រាក់​ចំណូល​បាន​តិច​ជាង ២​ដុល្លារ ឬ​ប្រមាណ ៨​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ មិន​ក្រោម ៥៧% ទេ។ ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​ក្រសួង​សុខាភិបាល កាល​ពី​ឆ្នាំ​២០១០ ដែល​អង្កេត​ពី​ការ ថា​តើ​ប្រជាពលរដ្ឋ​មាន​របប​អាហារ​គ្រប់គ្រាន់​ដែរ​ទេ? ក្នុង​នោះ ៥៥% នៃ​កុមារ គឺ​ស្លេកស្លាំង។ ចំណែក ៤០% ទៀត គឺ​ក្រិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan