ភ្នំពេញៈ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ដែលត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា
វៀតណាមដ៏ចម្រូងចម្រាសនឹងមកដល់ប្រទេសកម្ពុជា នៅមុនថ្ងៃទី២០
ខែកក្កដានេះ ដោយមានអ្នកគាំទ្ររង់ចាំទទួលស្វាគមន៍រាប់ពាន់នាក់
នៅព្រលានយន្តហោះ
បើទោះបីជារដ្ឋាភិបាលបានត្រៀមចាប់ខ្លួនរូបលោកក៏ដោយ។
នេះបើតាមមន្រ្តីគណបក្ស។
ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ
សុខហួរបានថ្លែងថា គណៈកម្មាធិការអចិន្រៃ្តយ៍របស់បក្ស
បានជួបប្រជុំកាលពីយប់មិញ ដើម្បីកំណត់កាលបរិច្ឆេទច្បាស់លាស់
និងការរៀបចំទទួលស្វាគមន៍ចំពោះដំណើរវិលត្រឡប់មកវិញរបស់លោក សម
រង្ស៊ី។
លោកស្រី បានថ្លែងបន្តថា៖
«ប្រជាពលរដ្ឋបានសូមឲ្យយើងប្រកាសអំពីពេលវេលាជាក់លាក់
ដែលលោកប្រធាន [សម រង្ស៊ី] ត្រូវមកដល់។
យុវជនពីបួនទៅប្រាំពាន់នាក់ កំពុងរង់ចាំទទួលលោក។
លោកនឹងមកដល់ឆាប់ៗ»។
លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ
បានបញ្ជាក់ជាថ្មីទៀត កាលពីម្សិលមិញថា
នគរបាលកំពុងរង់ចាំចាប់ខ្លួនលោក សម រង្ស៊ី នៅពេលគាត់មកដល់ហើយថា
បើទោះបីជាលោក សម រង្ស៊ី
មានអ្នកគាំទ្ររាប់ពាន់នាក់ហែហមក៏ដោយក៏នគរបាលមានយុទ្ធសាស្រ្ត
ចាប់ខ្លួនគាត់ដែរ។
លោក បានថ្លែងបន្តថា៖ «យើងជាអ្នកអនុវត្តច្បាប់។
គាត់ជាទិសដៅដែលតុលាការបញ្ជាឲ្យចាប់។
ដូច្នេះយើងគ្មានជម្រើសយើងត្រូវតែអនុវត្តទៅតាមច្បាប់»។
ទោះយ៉ាងណាក្តី
គណបក្សសង្គ្រោះជាតិមិនមានការភ្ញាក់ផ្អើលចំពោះការត្រៀមចាប់ខ្លួន
លោកសម រង្ស៊ីនេះទេ។ លោកស្រី មូរ សុខហួរ
បានថ្លែងថាវាមិនមានអ្វីបារម្ភអំពីការចាប់ខ្លួននេះទេ
ដោយអះអាងថា លោក សម រង្ស៊ី មិនផ្លាស់ប្តូរចិត្តទេ
សម្រាប់ការវិលត្រឡប់មកវិញរបស់លោក ពីព្រោះ
លោកបានសម្រេចចិត្តរួចហើយគឺត្រូវតែមក។ ប៉ុន្តែលោកស្រី មូរ
សុខហួរ បានចង្អុលបង្ហាញថា
រដ្ឋាភិបាលត្រូវតែចាប់ខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត
ដែលបានដកកាំភ្លើងបាញ់កម្មករ ៣ នាក់ឲ្យរងរបួស
និងភរិយារបស់រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា
ដែលជាប់ពាក់ព័ន្ធនឹងការស្រោចទឹកអាស៊ីតលើកញ្ញា តាត ម៉ារីណា
ឲ្យពិការអស់មួយជីវិតជាមុនមុននឹងចាប់ខ្លួនលោក សម រង្ស៊ី។
លោកស្រី សុខហួរ បានចោទសួរថា៖ «ហេតុអ្វីលោកឈូក បណ្ឌិត ពិបាកចាប់ខ្លួន ម៉្លេះ? តើគាត់នៅកន្លែងណា?»។
លោក សម រង្ស៊ី បានសរសេរលិខិតទៅព្រះមហាក្សត្រព្រះបាទនរោត្តម
សីហមុនី កាលពីថ្ងៃទី១៣ មិថុនា
ដោយស្នើសុំការលើកលែងទោសពីព្រះអង្គ ប៉ុន្តែរហូតមកដល់ពេលនេះ
មិនទាន់មានការឆ្លើយតបនៅឡើយទេ។
លោកសម ប្រជាមានិត ប្រធានខុទ្ទកាល័យនៅក្រសួងយុត្តិធម៌ បានថ្លែងថា
លោក សម រង្ស៊ី នៅតែជាទណ្ឌិត
ហើយប្រសិនបើគាត់វិលត្រឡប់មកកម្ពុជាវិញនឹងប្រឈមនឹងច្បាប់។
លោកប្រជាមានិតបានថ្លែងថា៖«មិនមានឯកសារផ្លូវការលើកលែងទោសទណ្ឌិត
សម រង្ស៊ី ទេ។ គាត់នៅតែជាទណ្ឌិត
ដោយយោងតាមសេចក្តីសម្រេចរបស់តុលាការ»។
យ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ លោក កែម ឡី និងលោក អ៊ូ វីរៈ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា នេះជាឱកាសល្អ
សម្រាប់ការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ហើយថា ប្រសិនបើលោក សម
រង្ស៊ី មកដល់កម្ពុជា ហើយត្រូវចាប់ខ្លួន លោកសម រង្ស៊ី
នឹងទទួលបានប្រជាប្រិយភាព
និងការគាំទ្រកាន់តែខ្លាំងឡើងថែមទៀតពីប្រជាជនហើយរដ្ឋាភិបាល
របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
នឹងត្រូវថ្កោលទោសដោយមជ្ឈដ្ឋានជាតិនិងអន្តរជាតិដោយសារការចាប់
ខ្លួនលោក សម រង្ស៊ី នេះ៕ PS
0 comments:
Post a Comment