គណៈកម្មការទី២នៃរដ្ឋសភា បានជួបប្រជុំរយៈពេលជាង ៤ម៉ោងជាមួយមន្ត្រីអាជ្ញាធរអប្សរាដែលទទួលបន្ទុកការពារ ថែរក្សាប្រាសាទបូរាណ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី២២ ខែធ្នូ។
កិច្ចប្រជុំដែលបិទទ្វារមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលស្ដាប់និងថតសំឡេងទាល់តែសោះគឺដេញដោលអំពីចំណូលដែលលក់សំបុត្រឱ្យអ្នកទេសចរបរទេសចូលទស្សនាអង្គរ និងភាពមិនប្រក្រតីខ្លះទៀត ពាក់ព័ន្ធនឹងការជួលដីទៅឱ្យក្រុមហ៊ុនរយៈពេល ៧០ឆ្នាំ។
សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មកពីគណបក្សប្រឆាំងអះអាងថា គេបានរកឃើញភាពមិនប្រក្រតីលើការកេងបន្លំប្រាក់ចំណូលជាតិដែលបានពីការលក់សំបុត្រឱ្យបរទេសចូលទស្សនាអង្គរវត្ត និងការជួលដីដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាជាច្រើនហិកតារផ្សេងទៀត។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា គឺលោក សុន ឆ័យ។ លោកមានប្រសាសន៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអាជ្ញាធរអប្សរាកាលពីរសៀលថ្ងៃច័ន្ទ ទី២២ ខែធ្នូ ថា នៅក្នុងកិច្ចប្រជុំ គឺអាជ្ញាធរអប្សរាបានយកឯកសារតួលេខអ្នកទេសចរបរទេសដែលមកទស្សនាអង្គរវត្ត ចំនួន ៤ឆ្នាំមកបង្ហាញ ជាពិសេសជាងនេះទៅទៀត គឺអាជ្ញាធរអប្សរាបានយកតួលេខអ្នកទេសចរបរទេស ដែលចូលទស្សនាអង្គររយៈ ១០ខែ ឆ្នាំ២០១៤ មកបង្ហាញថា មានចំនួនយ៉ាងច្រើន ២លាននាក់ ដោយទទួលបានចំណូល ៥២លានដុល្លារអាមេរិក។
លោក សុន ឆ័យ បញ្ជាក់ថា នេះជាលើកទី១ដែលសមាជិកសភាមកពីគណបក្សប្រឆាំងបានទទួលរបាយការណ៍ជាលាយលក្ខណ៍អក្សរស្ដីពីចំនួនទេសចរណ៍បរទេសចូលទស្សនាអង្គរ ក៏ប៉ុន្តែលោកនៅតែមិនជឿចំពោះតួលេខ និងចំណូលទេសចរណ៍ដែលអះអាងដោយអាជ្ញាធរអប្សរានោះទេ៖ «ចំណុចដែលត្រូវពិនិត្យនោះ គឺចំនួនជាក់ស្ដែង ព្រោះអ្វីដែលគេផ្ដល់ឱ្យគឺមិនមានភស្តុតាងបង្ហាញថា ជាចំនួនពិតប្រាកដទេ គ្រាន់តែតួលេខ ហើយតម្លៃសំបុត្រភាគច្រើន ២០-៤០ដុល្លារអីហ្នឹងក៏សុទ្ធតែជាតួលេខដែរ»។
លោក សុន ឆ័យ អះអាងទៀតថា ក្រៅពីភាពមិនប្រក្រតីនៃតួលេខភ្ញៀវបរទេសដែលចូលទស្សនាអង្គរ គឺនៅមានភាពមិនប្រក្រតីមួយទៀត ដោយសារអាជ្ញាធរអប្សរាបានជួលដី ២៣ហិកតារ នៅជិតអង្គរឃ្យុងយូរ ទៅឱ្យក្រុមហ៊ុនសូគីម៉ិច សង់រមណីយដ្ឋានទេសចរណ៍ រយៈពេល ៧០ឆ្នាំ។ ការជួលនោះ ក្នុងតម្លៃ ៩លានដុល្លារសហរដ្ឋអាមេរិក ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន គឺទើបតែបានទទួលលុយជាង ៤លានដុល្លារ ហើយប្រគល់ជូនរដ្ឋបានតែ ២លានដុល្លារ ចំណែក ២លានដុល្លារទៀតមិនដឹងបាត់ទៅណា?
មន្ត្រីអាជ្ញាធរអប្សរា បានបញ្ចេញប្រតិកម្មឆ្លើយតបវិញភ្លាមៗ ទៅនឹងការរិះគន់របស់សមាជិកគណៈកម្មការទី២ នៃរដ្ឋសភាមកពីបក្សប្រឆាំងនេះ។
អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ មានប្រសាសន៍ថា អាជ្ញាធរបានព្យាយាមបង្ហាញតួលេខអ្នកទេសចរបរទេសដែលចូលទស្សនាអង្គរវត្តរយៈពេល ៤ឆ្នាំ ជូនគណៈកម្មការទី២នៃរដ្ឋសភាអស់ហើយ។ លោក ប៊ុន ណារិទ្ធ ផ្ដល់ឧទាហរណ៍ថា កាលពីឆ្នាំ២០១៣ កន្លងទៅ ចំនួនអ្នកទេសចរបរទេសដែលមកទស្សនាកម្ពុជា គឺជាង ៤.២លាន ក្នុងនោះគឺមកខេត្តសៀមរាប ប្រហែលជាង ២លាននាក់ ប៉ុន្តែភ្ញៀវដែលមកទិញសំបុត្រទស្សនាអង្គរវត្តមែនទែន គឺក្រោមចំនួន ២លាននាក់នោះទៅទៀត ដូច្នេះចំនួននេះមិនអាចគុណឃើញចំណូល ១៦០លានដូចការអះអាងរបស់សមាជិកសភានៃគណបក្សប្រឆាំងនោះទេ។
លោក ប៊ុន ណារិទ្ធ ប្រតិកម្មថា បើតំណាងរាស្ត្រនៃគណបក្សប្រឆាំងមិនជឿលើតួលេខដូចលោកអះអាងនេះ គឺលោកគ្មានតួលេខណាផ្សេងទៀតទេ៖ «ដែលលេខបំប៉ោងហ្នឹងមកពីយកចំនួន ៤លាននាក់ទៅគុណ។ លេខរបស់ខ្ញុំមិនពិត ឬក៏ពិតយ៉ាងម៉េច អាហ្នឹងស្រួលទេ យកទៅគុណមើលទៅ ខ្ញុំមិនមែនផលិតលេខខ្លួនឯងឯណា គឺលេខចេញពីក្រសួងទេសចរណ៍»។
ទោះយ៉ាងណាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ នៅតែយល់ថា ការលក់សំបុត្រឱ្យបរទេសចូលទស្សនាអង្គរ និងការជួលដីទៅឱ្យក្រុមហ៊ុនវិនិយោគ គឺមានភាពមិនប្រក្រតី ធ្វើឱ្យបាត់ចំណូលជាតិធ្ងន់ធ្ងរ។
លោក សុន ឆ័យ មិនរំពឹងថា បញ្ហានេះអាចនឹងចាត់វិធានការផ្លូវច្បាប់បានក្នុងនាមគណៈកម្មការទី២នៃរដ្ឋសភា ដែលមានសមាជិកចម្រុះមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះទេ ក៏ប៉ុន្តែរូបលោកដែលជាអ្នកតំណាងរាស្ត្រ១រូប នឹងបន្តការស្រាវជ្រាវរកភស្តុតាងថែមទៀតមុននឹងទាមទារឱ្យចាត់វិធានការផ្លូវច្បាប់ប្រឆាំងករណីនេះ៕
0 comments:
Post a Comment