Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, September 20, 2011

សង្គមស៊ិវិលនៅតែ មិនសូវពេញចិត្តក្នុង ការបន្ធូរបន្ថយទោស លោកសម រង្ស៊ី នៅឡើយ


ភ្នំពេញ ៖ ក្រុមសង្គមស៊ីវិល នៅតែបន្ត ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាជាមួយ មេដឹកនាំគណបក្សប្រឆាំង តាមផ្លូវនយោបាយ ដើម្បីឲ្យមេដឹកនាំរូបនេះ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដើម្បីប្រគួតប្រជែង​ការបោះឆ្នោតនាពេលខាងមុខនេះ ដែលជាការល្អប្រសើរសម្រាប់ប្រទេស ដែលមានប្រជាធិបតេយ្យ។ ការលើកឡើងយ៉ាងដូច្នោះ បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍ បានសម្រេចបន្ធូរបន្ថយទោស លោក សម រង្ស៊ី ក្នុងរឿងផែនទី​ក្លែងក្លាយ នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានមានប្រសាសន៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ នេះថា ក្នុងករណីលោក សម រង្ស៊ី ផ្លូវដែលដោះស្រាយបាន គឺមានតែការដោះស្រាយ តាមផ្លូវនយោបាយ​តែប៉ុណ្ណោះ ​ទើបអាចឲ្យលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញបាន ដើម្បីចូលរួមក្នុងការបោះឆ្នោត នាពេលខាងមុខ នេះផងដែរ។
លោក បន្តថា "ខ្ញុំមានការគាំទ្រចំពោះការបន្ធូរបន្ថយទោសនេះ ប៉ុន្តែថាទាល់តែមានដំណោះស្រាយមួយ ដែលធ្វើយ៉ាងណាឲ្យលោក សម រង្ស៊ី វិលត្រឡប់មក ប្រកួតប្រជែងក្នុងការបោះឆ្នោតបាន ទើបជារឿងល្អ សម្រាប់ដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសយើង" ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន បានលើកឡើងដែរថា បញ្ហាលោក សម រង្ស៊ី គឺជារឿងនយោបាយ ហើយចំពោះលោក សម រង្ស៊ី ផ្ទាល់ គឺពុំមានកំហុសអ្វីនោះទេ ព្រោះក្នុងនាមជាតំណាងរាស្រ្ត និងជាពលរដ្ឋខ្មែរ គឺមានសិទ្ធិ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ។
លោកបន្តថា "ហើយអ្វីដែលគាត់បានការពារបូរណភាពទឹកដី បែរជាត្រូវគេផ្តន្ទាទោស គឺជារឿងមួយ ដែលអយុត្តិធម៌សម្រាប់គាត់ " ។
សូមជម្រាប់ថា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១១ ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេចផ្តន្ទាទោស ដោយកាត់បន្ថយទោស ចំពោះមេដឹកនាំ គណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី ដោយដាក់ពន្ធនាគារត្រឹមតែ ៧ឆ្នាំ និងពិន័យជាប្រាក់សរុបចំនួន ៦៣លានរៀល ពីបទក្លែងបន្លំឯកសារផែនទី ព្រំដែនកម្ពុជា-វៀតណាម ។
គួរំលឹកថា សំណុំរឿងផែនទីក្លែងក្លាយនោះ នៅតុលាការសាលាដំបូង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ ចៅក្រមបានផ្តន្ទាទោសកំបាំងមុខ ឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារ ១០ឆ្នាំ និងពិន័យជាប្រាក់សរុបចំនួន ៦៥ លានរៀល ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan