Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, September 20, 2011

លោក ថាក់ស៊ីន ជាមិត្តសេដ្ឋកិច្ច របស់កម្ពុជា

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ និងធ្លាប់​ជាទីប្រឹក្សាសេដ្ឋកិច្ច នៃរាជរដ្ឋា ភិបាលកម្ពុជា​ បាន​ផ្តល់​នូវ​បទ​ពិសោធថ្មី​ៗដ៏​មាន​សារសំ​ខាន់ ស្តី​ពី​សេដ្ឋកិច្ចក្នុង​តំ​បន់​អាស៊ី​ និង​ពិភពលោក ខណៈពេល​លោក​មកចូល​រួម​​ធ្វើជាវាគ្មិនថ្លែង​បទ​ឧទ្ទេសនាម​ ជូន​ដល់​ពាណិជ្ជករថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ និង​មន្ត្រី​រាជ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពីថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ​២០១១​មក ក្នុងនាមជាបុគ្គលឯកជន និង​ជាមិត្តសេដ្ឋកិច្ចដ៏​ឆ្នើម​មួយ​រូបរបស់កម្ពុជា។
វត្ត​មាន​របស់​ លោក ថាក់ស៊ីន នៅ​លើ​ទឹក​ដី​កម្ពុជា​ បាន​កើត​មាន​ឡើងតាម​ការ​អញ្ជើញរបស់​​ ចលនាអ្នក​ប្រជាធិប​តេ​យ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CAPDI) និងរាជបណ្ឌិត្យ​សភា​កម្ពុជា​​(RAC) បន្ទាប់​ពី​ស្ថានការណ៍ថៃ-កម្ពុជា ប្រែប្រួលពីការ​ប្រឈម​មុខ​គ្នា​ពី​សង្គ្រាមបង្ក​ឡើង​ដោយ​រដ្ឋាភិបាល​​របស់​ លោក អាប់​ភី​ស៊ីត​ មក​សន្តិភាព​ និងកិច្ចសហប្រតិបត្តិការ ដើម្បី​ការ​អភិវឌ្ឍន៍ ​នៃ​ប្រទេស​​ទាំង​ពី​កម្ពុជា​‑ថៃ។
លោក ថាក់ ស៊ីន បាន​ថ្លែង​បាឋកថា​ ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ ​ជិត​២០០នាក់​ អំពី​បញ្ហា​សេដ្ឋកិច្ចពិភពលោក និងថ្នាក់តំបន់ នៅក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង​ប្រទេស​កម្ពុជា​ កាលថ្ងៃ​ទី១៧ ខែកញ្ញា ស្តីពីប្រធានបទ «យុទ្ធសាស្រ្តសម្រាប់​ការរីក​ចម្រើនប្រកបដោយចីរភាព និងកាត់បន្ថយ​ភាព​ក្រីក្រ ក្នុង​បរិបទសេដ្ឋកិច្ចថ្មី និងហិរញ្ញវត្ថុនៅអាស៊ី គោលនយោបាយ​ និងជម្រើស​សម្រាប់​ប្រទេស​កម្ពុជា»។
ជាមួយ​នឹង​ការ​ចែក​រំ​លែក​នូវ​មូល​ធនបញ្ញា ពាក់​ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច ដែល​លោក​ធ្លាប់​​បាន​ទទួ​ល​​​ជោគ​ជ័យ​នាពេល​កន្លង​មក​ លោក ថាក់ស៊ីន បានកោតសរ​សើរ​ប្រទេស​កម្ពុជាថា ​មាន​កំណើន​សេដ្ឋកិច្ចយ៉ាងខ្លាំង បើប្រៀបធៀបនឹងកំណើន សេដ្ឋកិច្ចតំបន់ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំ​ណាប់​អារម្មណ៍​នេះ​ គឺ​ជា​ការ​បញ្ជាក់​ពីសន្ទុះនៃ​​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ស្រប​ពេល​និង​ដំ​ណាល​គ្នា​ជុំ​វិញ​ព័ត៌មាន​ដែល​ត្រូវ​បាន​អះអាង​ថា ​ក្នុង​​ឆ្នាំ​២០១១ សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ឡើង​៦ភាគ​រយ​ ប៉ុន្តែ ​វិទ្យាស្ថាន​ជាតិស្ថិតិ កាលពី​ខែ​មុនបាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​ឡើង​៨,២​ភាគរយ​។
លោក ថាក់ ស៊ីន សង្ឃឹមថា ប្រទេសកម្ពុជានឹងអាចជាតំណាងឲ្យសេដ្ឋកិច្ចនៅអាស៊ី និងអាច​មាន​​តួនាទីដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសេដ្ឋកិច្ចពិភពលោក។ លោក ថាក់ ស៊ីន បានផ្តល់អនុ​សាសន៍​​ សំខាន់ៗមួយចំនួនដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យបង្កើនចំណាយរដ្ឋ ក្នុងវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​អប់រំ ព្រមទាំងធ្វើទំនើបកម្ម ដល់ប្រព័ន្ធហិរញ្ញវត្ថុប្រទេស។
លោក ថាក់ ស៊ីន ក៏បានចូល​រួមវេទិកា​អន្តរជាតិ ក្រោមប្រធានបទ « សតវត្សរ៍អាស៊ី ៖បញ្ហា​ប្រឈម​នឹងក្តីសង្ឃឹម»​ ដែលរៀបចំឡើង​នៅវិមាន​មិត្តភាព​នៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១១ ដោយចលនាអ្នក​ប្រជាធិប​តេ​យ្យ​​និយម កណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CAPDI) និងរាជបណ្ឌិត្យសភាកម្ពុជា​(RAC)។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពីសុឆន្ទៈរបស់លោក ថាក់ ស៊ីន ក្នុងការចែករំលែកបទពិសោធន៍សេដ្ឋកិច្ច និងចំណេះដឹង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់ បន្ថយ​ភាពក្រីក្រនៅកម្ពុជា។ កម្ពុជា​ជា​​ប្រទេស​កំ​ពុង​អភិ​វឌ្ឍ ដែល​ចាំ​បាច់​ត្រូវ​ការ​អ្នក​មាន​បទ​ពិសោធ​មក​​​ពី​គ្រប់​បណ្តាប្រទេស​ នានាលើ​សកល​លោក ដើម្បី​ការ​ពិគ្រោះ​យោបល់​ និង​កិច្ច​សហប្រតិបត្តិ​ការ ដូច្នេះ​ លោក​ថាក់ស៊ីន ក្នុងចំ​ណោមវាគ្មិន​ដែល​បាន​ថ្លែង​អំពី​បញ្ហាសេដ្ឋកិច្ច​នៅ​កម្ពុជា​ គួរ​ត្រូវ​បាន​ចាត់​ទុក​ជា​បុគ្គ​ល​ដែល​លះ​បង់​ខ្ពស់​ ដើម្បី​ភាព​រីក​ចំ​រើន​នៃ​ប្រទេស​ក្នុង​តំ​បន់​ និង​មិត្តសេដ្ឋកិច្ច​ ដែល​រួម​ចំ​ណែក​​ដើម្បី​ការ​អភិ​វឌ្ឍនៅ​កម្ពុជា​ បើ​ទោះ​ណា​ជា​ខណៈ​ពេល​នេះ​ លោក​ពុំ​ត្រូវ​បាន​អនុញ្ញាតឲ្យ​រស់​នៅ​ក្នុង​ភាព​ជា​បុគ្គល​គ្មានទោសក្នុង​ ប្រទេស​ថៃ​ក្តី​​ ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅក្នុងគ្រួសារនយោ បាយ និងអ្នកជំនួញដ៏ជោគជ័យមួយ នៅក្នុងខេត្តឈៀងម៉ៃ នៃរាជាណាចក្រថៃ។ លោកថាក់ ស៊ីន បាន ទទួលសញ្ញាប័ត្របណ្ឌិតផ្នែកយុត្តិធម៍ព្រហ្មទណ្ឌពីសាកលវិទ្យាល័យ Sam Houston រដ្ឋតិចសាស សហរដ្ឋអាមេរិច។
លោក ថាក់ ស៊ីន បានបង្កើតគណបក្សថៃរ៉ាក់ថៃ(TRT)និយមប្រជាជននៅឆ្នាំ ១៩៩៨ ។ ជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតរបស់គណបក្សថៃរ៉ាក់ថៃ បាននាំលោក ថាក់ ស៊ីន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១។ នៅឆ្នាំ២០០៥ លោក ថាក់ ស៊ីន ជាប់ឆ្នោតជា នាយករដ្ឋមន្ត្រីម្តងទៀត តែត្រូវទម្លាក់ពីតំណែង នាយករដ្ឋមន្ត្រី ដោយរដ្ឋប្រហារយោធាគ្មានបង្ហូរឈាម កាលពីឆ្នាំ២០០៦។ នៅឆ្នាំ២០០៥ លោក ថាក់ ស៊ីន ត្រូវបានតែងតាំងជាប្រធានទី១ នៃចលនាអ្នក ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CDIAP) ដែលក្រោយមកត្រូវបានស្គាល់ថា ជាចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិអាស៊ីប៉ាស៊ីហ្វិក(CAPDI)។ លោក ថាក់ ស៊ីន ក៏ ជាសមាជិកដ៏សំខាន់បំផុតមួយរូបរបស់សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ផងដែរ។ លោក ថាក់ ស៊ីន ជានាយករដ្ឋមន្រ្តីមានទេពកោសល្យដឹកនាំដ៏លេចធ្លោមួយនៅក្នុងប្រវត្តិ សាស្រ្តសម័យទំនើបរបស់ប្រទេសថៃ។ លោក ថាក់ ស៊ីន បានផ្តួចផ្តើមគោលនយោបាយជាច្រើន ដែលមានភាពខុសប្លែកពីគោលនយោបាយរបស់អ្នកដឹកនាំថៃមុនៗ ក្នុងវិស័យសេដ្ឋកិច្ច សុខភាព សាធារណៈ អប់រំ ថាមពល សណ្តាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទំនាក់ទំនងអន្តរ ជាតិ។ គោលនយោបាយដ៏មានប្រជាប្រីយភាព និងមានប្រសិទ្ធភាពបំផុតរបស់លោក ថាក់ ស៊ីន គឺការកាត់បន្ថយភាពក្រីក្ររបស់​ប្រជាជននៅតាមតំបន់ជនបទ និងបង្កើតឡើងជាដំបូង​បង្អស់នូវកម្មវិ​ធី​ថែ​​ទាំ​សុខភាពសកល ដែលបាននាំឲ្យលោក ថាក់ស៊ីន​ ទទួលបាននូវការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពី សំណាក់​ប្រជាជននៅតំបន់ជនបទ។
ជាការ​ឆ្លើយ​តប​ចំ​ពោះ​ការ​រួម​ចំ​ណែកផ្តល់អនុសាសន៍ល្អៗដ៏មានអត្ថ​ ប្រយោជន៍ ​ក្នុងការងារ​កសាង​​សន្តិភាព ស្ថិរភាពនយោបាយ ការផ្សះផ្សាជាតិ និងស្ថិរភាពក្នុងតំបន់ ក្រុម​ប្រឹក្សាភិបាល​នៃ​ចលនា​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាលអន្តរជាតិ​ អាស៊ី​ប៉ាស៊ី​ហ្វិក CAPDI ​​ សម្រេច​ប្រគល់​គ្រឿង​ឥស្សរិយយស «មគ្គុទ្ទេសក៍ CAPDI» ជូន​លោក​ ថាក់ស៊ីន ​នៅវិមានសន្តិភាព​ នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី ដែល​គ្រឿង​ឥស្សរយយសនេះ​ត្រូវ​បាន​បំ​ពាក់​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​នាម​សម្តេច​ជា​ប្រធាន​កិត្តិ​យស​របស់​ CAPDI ។ ស្ថិត​ក្នុង​ឱកាសដ៏មាន​អត្ថ​ន័យ​នេះ​ លោក ថាក់​ស៊ីន គឺសក្តិ​សម​ជាមិត្តសេដ្ឋកិច្ចដ៏​ល្អ​មួយ​រូប ដែល​ស្ថិត​នៅ​ក្នុង​ដួង​ចិត្តរបស់​ពល​រដ្ឋកម្ពុជា ក្នុង​ទំ​ព័រ​សករាជ​ថ្មី​នៃ​សន្តិ​ភាព​​រវាង​កម្ពុជា​‑ថៃ ​ ​​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan