Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, October 1, 2011

ការប្រែប្រួលនៃរាងកាយស្រ្តីពេលមានផ្ទៃពោះ

ការប្រែប្រួលនៃរាងកាយស្រ្តីពេលមានផ្ទៃពោះ

      ការមានគភ៌ បានធ្វើឲ្យស្រ្តីមានការប្រែប្រួលជាច្រើនជា ពិសេសរូបរាង ដែលធ្វើឲ្យស្រ្តីមានការព្រួយបារម្ភជាខ្លាំង ។       អត្ថបទដែល “សម្រស់ស្រ្តី” នាំមកជួនប្រិយមិត្ត
នាពេលនេះនឹងជួយឲ្យអ្នកម្តាយជើងថ្មី ឬស្រ្តីកំពុងមានផ្ទៃពោះ បង្កើនការស្វែងយល់ មួយកម្រិតទៀតទាក់ទិននឹងការមាន គភ៌ និងការប្រែប្រួលផ្សេងៗចាប់ពីពេលមានផ្ទៃ ពោះដំបូងរហូតដល់ពេលសម្រាល ... ។
  សប្តាហ៍ទី១ : ភ្ញាក់ផ្អើលនៅពេលដឹងថាខ្លួនឯងត្រូវមានកូន ។ អ្នកមិនត្រូវមាន អារម្មណ៍ព្រួយបារម្ភខ្លាំងពេកទេ ត្រូវតាំងចិត្តឲ្យនឹងន ហើយរៀបចំផែនការថែទាំសុខភាព ញ៉ាំវីតាមីន និងត្រូវប្រយ័ត្ន កុំប៉ះពាល់សារធាតុគីមី នៅអំឡុងពេលនេះ ដូចជាស្រា បារី កាំរស្មីអ៊ិកស៍ ថ្នាំបាញ់មូស ។ល។
  សប្តាហ៍ទី២ : ទឹកនោមចាប់ផ្តើមប្រែពណ៌ ។ បើត្រូវលេបថ្នាំអ្វីមួយនៅពេលនេះ គួរប្រាប់គ្រូពេទ្យថា អ្នកកំពុងមានផ្ទៃពោះ ។
  សប្តាហ៍ទី៣ : អាចមានហូរឈាមតាមទ្វារមាសតិចតួច ដោយសារពងដែល បង្កាត់ហើយ បានចូលទៅរក្សាខ្លួននៅក្នុងកន្សោមស្បូន ហើយរាងកាយកំពុងផលិត សារធាតុប្រូតេអ៊ីន EPF ដើម្បីការពារមិនឲ្យរាងកាយគិតថា កូនគឺជាវត្ថុចម្លែក ។
  សប្តាហ៍ទី៤ : ម្តាយអាចបត់ជើងតូចញឹកញាប់ មានអារម្មណ៍ហត់នឿយ អារម្មណ៍ឆាប់ប្រែប្រួលកត្តាទាំងនេះដោយសារតែអ័រម៉ូនកំពុងប្រែប្រួល ។
  សប្តាហ៍ទី៥ : អាមមមានអារម្មណ៍ស្រៀវត្រង់បរិវេណសុដន់ ។ ឈឺក្បាលញឹក ញាប់ ព្រោះអ័រម៉ូនកើនឡើង តែស្រ្តីខ្លះ គ្មានអាការបែបនេះទេ ។ អ្នកខ្លះមានអាការចាញ់ កូន អ្នកខ្លះមិននចាញ់កូនទេ ។
  សប្តាហ៍ទី៦ :រមូលពោះ ក្អួតចង្អោរកាន់តែខ្លាំងឡើង ចាញ់កូន សុដន់ចាប់ផ្តើម រីកធំ បរិវេណជុំវិញចុងសុដន់ប្រែពណ៌ក្រម៉ៅឡើង ។
  សប្តាហ៍ទី៧ : ផ្ទៃមុខរបស់ម្តាយ ចាប់ផ្តើមមានមុន ឬជាំ ដោយសារតែការប្រែ ប្រួលរបស់អ័រម៉ូន ។ អ្នកម្តាយមានអារម្មណ៍ដូចក្មេងម្តងទៀត ព្រោះត្រូវសិក្សាស្វែងយល់ បន្ថែមទៀត ដូចជារៀនហាត់ប្រាណ ការត្រៀមលក្ខណៈសម្រាលកូន ... ។
  សប្តាហ៍ទី៨ : អ្នកម្តាយគួរទៅជួបគ្រូពេទ្យលើកទី១ ឬទី២បាន ព្រោះដើម្បីឲ្យ គ្រូពេទ្យពិនិត្យទឹកនោម សម្ពាធឈាម ទម្ងន់ ទំហំអាងត្រគាក ឈាមប្រព័ន្ធការពារ រាងកាយ ប្រវត្តិសុខភាពគ្រួសារ ។
  សប្តាហ៍ទី៩ : អាចមានឈាមហូរតាមជើងធ្មេញងាយៗ គួរថែទាំសុខភាពមាត់ ធ្មេញ និងដុសធ្មេញថ្នមៗ ។
  សប្តាហ៍ទី១០ :ក្បាលពោះរបស់ម្តាយចាប់ផ្តើមប៉ោងបន្តិច ហើយចង្កេះក៏លែង មានរាងរៅទៀតហើយ កុំភ្លេចវាស់ផ្នែកដែលរីកមាឌនេះផង ។
  សប្តាហ៍ទី១១ : ទម្ងន់ខ្លួនកើនឡើង តែមិនច្រើនពេកទេ ក្នុងត្រីមាសទី១ ប្រហែលពីជិតកន្លះគីឡូក្រាម-១គីឡូក្រាម ប៉ុណ្ណោះ ។ បំប៉នចំណីអាហារបន្ថែមព្រោះពេល នេះ អ្នកមិនមែនទទួលទានតែម្នាក់ឯងទេគឺ២នាក់ រួមទាំងកូននៅក្នុងផ្ទៃផង ។ អ្នកម្តាយត្រូវការជីវជាតិអាហារ ពី៣០០-៥០០ កាល់ឡូរី ក្នុង១ថ្ងៃ ។ ចៀសវាងអាហារហឹរ ឬជូរផ្អូម ។ គួរទទួលទានបន្លែ ផ្លែឈើ និងប្រូតេអ៊ីនឲ្យបានច្រើន ។
  សប្តាហ៍ទី១២ : អ្នកម្តាយចាប់ផ្តើមស្រស់ស្រាយឡើង​អត្រាប្រឈមនឹងការរលូត កូនក៏ចុះ។
  សប្តាហ៍ទី១៣ : ឈានដល់ត្រីមាសទី២ នៃការមានគភ៌ហើយ អ្នកម្តាយចាប់ មានអារម្មណ៍ល្អធូរស្រាល ហើយអ្នកជិតខាង នឹងចាប់ផ្តើមយកចិត្តទុកដាក់មើលថែអ្នក កាន់តែច្រើនឡើង ។
  សប្តាហ៍ទី១៤ : ស្បែកចាប់ផ្តើមប្រែប្រួលដូចជាមានឆ្នូតខ្មៅនៅបរិវេណ កណ្តាលពោះ ឃើញច្បាស់ឡើង បរិវេណជុំវិញក្បាលសុដន់ ពណ៌ក្រម៉ៅ និងកាន់តែរីកធំ ឡើង ។
  សប្តាហ៍ទី១៥ : បេះដូងរបស់អ្នកម្តាយធ្វើការកាន់តែច្រើនឡើង ដើម្បីផលិត អុកស៊ីសែនឲ្យកូន ។ ចូរត្រៀមទិញខោអាវឈុតថ្មីជំនួសឈុតចាស់ដែលចង្អៀត ដោយដូរទំហំឲ្យធំជាងមុន ។
  សប្តាហ៍ទី១៦ : អ្នកចាប់ផ្តើមមានអារម្មណ៍ថា កូនរើបម្រះ ប៉ុន្តែចំពោះអ្នកម្តាយ កូនដំបូង អាចមានអារម្មណ៍យឺតជាងនេះបន្តិច ។ ប៉ុន្តែប្រសិនបើអ្នកម្តាយនៅមិនទាន់មាន អារម្មណ៍ថា កូនបម្រះរហូតដល់សប្តាហ៍ទី២២-២៤ហើយនោះ វាជារឿងខុសប្រក្រតី ដែល អ្នកគួរចាប់អារម្មណ៍ ។
  សប្តាហ៍ទី១៧ : ដោយសារការកើនឡើងនៃសម្ពាធឈាម អ្នកម្តាយមាន អារម្មណ៍ឆាប់ហេវហត់ តឹងច្រមុះ ប៉ុន្តែអ្នកកុំព្រួយ ។
  សប្តាហ៍ទី១៨ : អ្នកម្តាយចាប់ផ្តើមមានអារម្មណ៍ថា គេងមិនសូវលក់ ដោយ សាររូបរាងកាយប្រែប្រួល ។ ដូច្នេះគួររៀបចំឥរិយាបថដេកឲ្យសមរម្យរកខ្នើយមកកល់ ពោះនៅមុនពេលគេង ។
  សប្តាហ៍ទី១៩ : ចាប់ផ្តើមគិតគូរវិធីសាស្រ្តសម្រាលបុត្រ ដើម្បីឲ្យងាយស្រួល សម្រាល និងបន្ថយភាពតានតឹងចិត្ត នៅពេលសម្រាលឬ អាចស្វែងយល់ចំណេះដឹង បន្ថែមពាក់ព័ន្ធនឹងការសម្រាលបុត្រ ។
  សប្តាហ៍ទី២០ : អ្នកម្តាយមកដល់ពាក់កណ្តាលផ្លូវ នៃការមានគភ៌ហើយ ។ ពោះកាន់តែធំធ្វើឲ្យអ្នកម្តាយកាន់តែលំបាកដកដង្ហើម ដោយសារអវយវៈខាងក្នុង ត្រូវស្បូន ពង្រីកខ្លួនទៅគ្របសង្កត់ ។ អាការនេះ នឹងលែងមាននៅពេលលកូនកម្រើកខ្លួនមកនៅ បរិវេណអាងត្រគាក ឬប្រហែល៤-៦សប្តាហ៍មុនពេលសមរ្ាលបុត្រ ហើយអ្នកម្តាយតែង បត់ជើងតូចញឹកញាប់ឡើង ។
  សប្តាហ៍ទី២១ : អ្នកអាចទាយភេទរបស់កូនបានហើយ អ្នកខ្លះទាយតាម ទម្រង់ពោះស្រួច ឬមូល ។ ប៉ុន្តែវិធីដែលប្រាកដជាងគេ គឺការទៅថតឆ្លុះអេកូ ។
  សប្តាហ៍ទី២២ : ការរួមភេទរបស់អ្នកម្តាយ មានការប្រែប្រួល ប៉ុន្តែអ្នកពុំចាំបាច់ បារម្ភទេ សាកល្បងរកវិធីផ្សេងៗក្នុងការរួមរ័កបានរហូតដល់ពេលសម្រាល ប៉ុន្តែត្រូវជ្រើស រើសការយវិការ (ក្បាច់) រួមរ័កឲ្យបានសមស្រប ។
  សប្តាហ៍ទី២៣ : អ្នកម្តាយចាប់ផ្តើមឈឺឆៀបៗ នៅត្រង់បោះផ្នែកខាងក្រោម ។ កុំព្រួយបារម្ភអ្វី ព្រោះអាការនេះ ប្រាប់ពីឥរិយាបថកូនក្នុងផ្ទៃ ។ អ្នកម្តាយខ្លះ អាចខ្វល់ខ្វាយពីបញ្ហ “ពោះធំ” ឬ “ពោះតូច” ដែលទំហំពោះ គឺយោងទៅតាម ទម្ងន់ខ្លួន និងតំណពូជរបស់ម្តាយ ។
  សប្តាហ៍ទី២៤ : អ្នកម្តាយអាចចាប់ផ្តើមដឹងពីការកម្រើកខ្លួន ឬការបម្រះរបស់ កូន ដែលនេះជាសញ្ញាបញ្ជាក់ប្រាប់ថា កូនភ្ញាក់ ឬដេកលក់ ។
  សប្តាហ៍ទី២៥ : អ្នកម្តាយគួរតាមដានសង្កេតមើលសញ្ញានៃការសម្រាលកូនមុន កំណត់ឲ្យច្បាស់លាស់ ដូចជាអាចមានអាការតឹងណែនពោះឈឺមួយភ្លែតបាត់ៗ និងអាច មានទឹករំអិលឈាមហូតចេញតាមទ្វារមាស ។ ប្រសិនបើមានអាការនេះអ្នកគួរទៅពីគ្រោះ ជាមួយគ្រូពេទ្យ និងគួរឈប់ធ្វើការនិងចៀសវាងដើរ ឬឈរស្ងៀមរយៈពេលយូរៗ ។
   សប្តាហ៍ទី២៦ : សាកល្បងរកឥរិយាបថដែលសមស្របក្នុងការគេង ដើរ ឬ អង្គុយ ។
   សប្តាហ៍ទី២៧ : ឈានចូលដល់ត្រីមាសទី៣ហើយ ទម្ងន់ខ្លួនកើនឡើងកាន់តែ ច្រើន ។ ប៉ុន្តែចូរកុំបារម្ភ ព្រោះទម្ងន់ខ្លួននឹងថយចុះ នៅក្រោមពេលសម្រាលរួច ។ គួរ ទទួលទានអាហារ ដើម្បីសុខភាពខ្លួន និងកូនឲ្យគ្រប់គ្រាន់ ។ សុដន់រីកធំ និងឡើងទម្ងន់ កាន់តែច្រើន (អាចឡើងដល់ជាងគន្លះគីឡូក្រាម) ។
   សប្តាហ៍ទី២៨ : អ្នកម្តាយត្រូវទៅជួបពេទ្យឲ្យញឹកញាប់ គឺរៀងរាល់២សប្តាហ៍ ម្តង ។ គួរចាប់ផ្តើមរិះរកវិធីសម្រាលបុត្រដែលសមស្រប ដែលនេះជាការសម្រេចចិត្តរួម គ្នារបស់អ្នកម្តាយ ស្វាមី និង គ្រូពេទ្យ ។ អ្នកម្តាយខ្លះ ចាប់មានទឹកដោះ ហូតជ្រាបចេញ មកខ្លះៗ ប៉ុន្តែចំពោះអ្នកដែលទឹកដោះមិនទានហូរ ក៏ពុំមែនជារឿងខុសប្រក្រតីដែរ ។
  សប្តាហ៍ទី២៩ : អ្នកម្តាយកួរស្ថិតក្នុងឥរិយាបថសមស្របទទួលទានអាហារមាន គុណប្រយោជន៍ច្រើន សម្រាកឲ្យបានច្រើន ។ ប៉ុន្តែត្រូវប្រយ័ត្នអាការឈឺខ្នង ត្រូវដកដង្ហើម វែងៗ ដើម្បីឲ្យខ្យល់ដង្ហើម ពេញសួត ។
  សប្តាហ៍ទី៣០ : ការហាត់ប្រាណ ជួយឲ្យអ្នកម្តាយ មានសុខភាពល្អ និងជួយឲ្យ ការសម្រាលកូនបានស្រួល បើអ្នកម្តាយមិនដែលហាត់ប្រាណពីមុនទេ គួរតែដើរ ឬហែល ទឹក ចម្ងាយជិតៗ ។
  សប្តាហ៍ទី៣១ : អ្នកម្តាយអាចមានអារម្មណ៍ឈឺចាប់ ឬផ្សារពោះ ឆ្អឹងអាង ត្រគាក និងឆ្អឹងជំនីរ ។ រយៈពេលនេះ កូនបានធំពេញពោះហើយ ។ អ្នកម្តាយខ្លះ ទទួល ទានអាហារថយចុះ និងមានអាការឈឺខ្នង ។ អ្នកគួរមានឥរិយាបថដើរហើរឲ្យសមស្រប ហាត់ប្រាណកម្តៅសាច់ដុំជាប្រចាំ ។
  សប្តាហ៍ទី៣២ : ការសមរាលបុត្រ ធ្វើឲ្យអ្នកម្តាយកាន់តែខ្វល់ខ្វាយច្រើន ខ្លាច ឈឹចាប់ ។ ប៉ុន្តែការយល់ដឹង ឬហាត់រៀនពីរបៀបដកដង្ហើមជួយឲ្យអ្នកម្តាយ អាចកាត់ បន្ថយការឈឺចាប់បាន ។
  សប្តាហ៍ទី៣៣ : អ្នកម្តាយអាចសង្កេតឃើញកែងដៃ នងជង្គង់កូនប៉ោងចេញ មក តែចំណុចនេះ អ្នកពុំចាំបាច់ព្រួយបារម្ភទេ ។
  សប្តាហ៍ទី៣៤ : រាងកាយអ្នកម្តាយត្រៀមលក្ខណៈរួចស្រេច សម្រាប់ការ សម្រាលបុត្រ ។
  សប្តាហ៍ទី៣៥ : កាន់តែជិតដល់សម្រាលអ្នកម្តាយក៏កាន់តែពីបាកគេងលក់ ។ អ្នកខ្លះនិយាយថា នេះជាការត្រៀមខ្លួនសម្រាប់កូនដំបូង ។ អ្នកម្តាាយអាចងើបបត់ជើង តូច រៀងរាល់ ៤៥នាទីម្តង ។
  សប្តាហ៍ទី៣៦ : អ្នកម្តាយគួរទៅរកគ្រូពេទ្យរៀងរាល់សប្តាហ៍ រហូតដល់ពេល សម្រាល ។ រយៈពេលនេះ ទារកចាប់បង្វិលក្បាលចុះហើយ មានតែទារក៤%ទេ ដែលមិន ទាន់បង្វិលក្បាល់ចុះ ។ ការហាត់ប្រាណ អាចជួយបានខ្លះ ប៉ុន្តែប្រសិនបើទារកមិនទាន់ បង្វិលក្បាលចុះ ចាំបាច់ត្រូវតែសម្រាលដោយវះកាត់ ។
  សប្តាហ៍ទី៣៧ : គួរដើរកម្សាន្ត ឬមើលបន្ទប់សម្រាលដែលអ្នកម្តាយត្រៀមទុក មុន ដើម្បីឲ្យស៊ាំនឹងបរិយាកាសថ្មី ។ ទន្ទឹមគ្នានេះ អ្នកត្រូវស្វែងយល់ពីអាការឈឺពោះមែន ទែន ឬឈឺលេងៗ ។
  សប្តាហ៍ទី៣៨ : អ្នកម្តាយមានអារម្មណ៍ញាក់ ឬតឹងណែននៅម្តុំទ្វារមាស ។ ត្រូវត្រៀមសម្ភារសម្រាប់យកទៅប្រើប្រាស់នៅមន្ទីរពេទ្យ ឲ្យសព្វគ្រប់ ។
  សប្តាហ៍ទី៣៩ : កូនបង្វិលក្បាលចុះ ត្រៀមសម្រាលហើយ មាត់ស្បួនទន់ និង ពង្រីកខ្លួន គ្រូពេទ្យនឹងពិនិត្យការបើករបស់មាត់ស្បូន ។ កុំបារម្ភអ្វី ថ្វីបើយើងមិនអាច កំណត់ពេលជាក់លាក់ នៃការសម្រាលកូនបានក៏ដោយ តែគួរមានការសង្កេតងាយៗ ដូចជាមានទឹកភ្លោះហូរចេញពីទ្វារមាសជាដើម ។
  សប្តាហ៍ទី៤០ : ស្រ្តីមានផ្ទៃពោះ ដេលមានសុខភាពល្អ ត្រៀមលក្ខណៈរួច ស្រេច ដើម្បីសម្រាលចំថ្ងៃកំណត់ ក្រៅពីនេះ ភាគច្រើនសម្រាលមុន២សប្តាហ៍ឬក្រោយ ។ ប៉ុន្តែនេះពុំមែនមានន័យថា មានភាពសខុសប្រក្រតីនោះទេព្រោះការកំណត់ពេលសម្រាល គឺជាការប៉ាន់ប្រមាណប៉ុណ្ណោះ ។ ដូច្នេះការត្រៀមខ្លួនជាមុនស្រេច គឺជារឿងចាំបាច់ ៕
ទស្សនាវដ្ដី សម្រស់ស្រ្តី
ឆ្នាំទី០១ ច្បាប់ទី ០៥ ប្រចាំថ្ងៃទី ០៧ កញ្ញា ០៦ តុលា ឆ្នាំ ២០០៦

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan