Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, November 28, 2012

សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះស្រាយ​បញ្ហា​អំពើ​ពុក​រលួយ


 ដោយ សុ ជីវី
2012-11-27 RFA
ភ្លាមៗ​នៅ​ក្រោយ​ជំនួប​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា លោក បារ៉ាក់ អូបាម៉ា (Barack Obama) ពុំ​បាន​លើក​ឡើង​ពី​បញ្ហា​ពុក​រលួយ​នៅ​កម្ពុជា ឡើយ។
១៩-វិច្ឆិកា-២០១២៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​សន្តិភាព។
ផ្ទុយ​ទៅ​វិញ មន្ត្រី​នៃ​សេតវិមាន​សហរដ្ឋ​អាមេរិក អះអាង​ថា ក្នុង​ជំនួប​នោះ លោក បារ៉ាក់ អូបាម៉ា ក៏​បាន​ស្នើ​បញ្ហា​មួយ​ចំនួន​ដែល​កម្ពុជា ត្រូវ​ផ្លាស់​ប្ដូរ​ទាក់​ទិន​នឹង​រឿង​ពុក​រលួយ​នេះ។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ដៃគូ​ដែល​មាន​ឆន្ទៈ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ជា​អាទិភាពនូវការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​ពង្រឹង​នីតិរដ្ឋ និង​ការ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ ដោយ​រួម​ទាំង​អ្នក​ដែល​ងាយ​រង​គ្រោះ​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សេតវិមាន​ពី​ជំនួប​ទ្វេភាគី​រវាង​មេ​ដឹកនាំ​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា នៅ​ភ្នំពេញ

ព័ត៌មាន​នេះ​ត្រូវ​បង្ហើប​អោយ​ដឹង​តាម​រយៈ​អត្ថបទ​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ (Website) របស់​សេតវិមាន នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា របស់​ទីប្រឹក្សា និង​ជំនួយ​ការ​ប្រធានាធិបតី ទទួល​បន្ទុក​កិច្ចការ​អន្តរ​រដ្ឋាភិបាល និង​ទំនាក់​ទំនង​សាធារណៈ អ្នកស្រី វ៉ាលឺរី ចារិត (Valerie Jarret) និង​ជំនួយ​ការ​ពិសេស​ប្រធានាធិបតី ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី សាមាន្ថា ផៅវើ (Samantha Power)
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក ប្រាក់ សុខុន បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី២៧ ខែ​វិច្ឆិកា ដោយ​លោក​ជាប់​រវល់។
ទោះ​ជា​យ៉ាង​ណា លោក ប្រាក់ សុខុន បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​រវាង​មេ​ដឹកនាំ​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ថា លោក អូបាម៉ា ពុំ​បាន​លើក​ពី​បញ្ហា​ពុក​រលួយ​ដែល ​លោក អូបាម៉ា បាន​លើក​ទៅ​កាន់​លោក ហ៊ុន សែន ឡើយ។ លោក ប្រាក់ សុខុន បាន​លើក​ឡើង​ដែរ​ថា រាល់​ការ​លើក​ឡើង​របស់​លោក អូបាម៉ា គឺ​គ្រាន់​តែ​ជា​ការ​បញ្ជាក់ ពុំ​មែន​ជា​ការ​ស្នើ​ឡើង​ដើម្បី​អោយ​មាន​ការ​កែប្រែ​អ្វី​ឡើយ។ លោក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ឆ្លើយ​បំភ្លឺ​រួច​រាល់​ដែរ​ថា រាល់​ការ​លើក​ឡើង​នោះ​គ្រាន់​តែ​ជា​ការ​បំប៉ោង​ស្ថានភាព​នៅ​កម្ពុជា ពុំ​មែន​ជា​ការ​ពិត ក្នុង​នោះ​រួម​ទាំង​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ផង។
អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បង្ហើប​ព័ត៌មាន​របស់​មន្ត្រី ​សេតវិមាន គឺ​បង្ហាញ​ថា ស្ថានភាព​នៅ​កម្ពុជា បាន​ឈាន​ដល់​ចំណុច​ទុំ​ជោរ ដែល​ត្រូវ​អោយ​មាន​ការ​កែប្រែ។ លោក កែម ឡី បន្ត​ថា ភាព​ស្អាតស្អំ​គ្មាន​អំពើ​ពុក​រលួយ និង​តម្លាភាព គឺ​ជា​ការ​ទាម​ទារ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចំពោះ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន។
ទាក់​ទិន​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) កាល​ពី​ឆ្នាំ​២០១១ វាយ​តម្លៃ​ថា ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់​អាក្រក់​ក្នុង​រឿង​ពុក​រលួយ ដោយ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៦៤ ក្នុង​ចំណោម​ប្រទេស​១៨៣ នៅ​ទូទាំង​ពិភពលោក៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan