Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, December 2, 2012

លោក ហ៊ុន សែន​គំរាម​ប្តឹង​មេ​ចលនា​យុវជន​បក្ស​សមរង្ស៊ី

លោក​ ទូច ណា​រ៉ុថ (ឆ្វេង)​ និង​ លោក​ទា បាញ់ ​នៅ​ស្ពាន​កោះ​ពេជ្រ​​ក្រោយ​ពេល​កើត​ហេតុ​។ រូបថត ហេង ជី​វ័ន



ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​គំរាម​កាល​ពី​ម្សិលមិញ​ថា នឹង​ប្តឹង​តប​ប្រឆាំង​នឹង​មេ​ដឹក​នាំ​ចលនា​យុវជន​នៃ​គណបក្ស​ សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង ដែល​ចោទ​ថា លោក​នាយក​រដ្ឋ​មន្រ្តី និង​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​បី​នាក់​ផ្សេង​ទៀត​ទទួល​ខុស​ត្រូវ​ចំពោះ ​ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់ នៅ​ស្ពាន​ពេជ្រ​កាល​ពី​ ខែ​វិច្ឆិកា ឆ្នាំ​ ២០១០ ។​

ថ្លែង​ទៅ​កាន់​អ្នក​ភូមិ​ជាង ៤០០ នាក់ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ក្នុង​អំឡុង​ពិធី​ប្រគល់​ប័ណ្ណ​កម្មសិទិ្ធ​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ លោក​នាយក​រដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា យុវជន​ម្នាក់ ពី​គណបក្ស​នយោបាយ​មួយ ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​រូប​លោក និង​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត រួម​មាន​លោក គង់ សំអុល រដ្ឋ​មន្រ្តី​ក្រសួង​ព្រះ​បរម​រាជវាំង លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​និង​លោក ទូច ណារ៉ុថ អតីត​ស្នងការ​នគរបាល រាជធានី ភ្នំពេញ។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​នឹង​មិន​ជ្រៀតជ្រែក​ក្នុង​នីតិវិធី​តុលាការ និង​ឯករាជ​ភាព របស់​តុលាការ​ឡើយ ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «តាង​នាម​ជា​ពលរដ្ឋ ម្នាក់ ខ្ញុំ​នឹង​ប្រើ​សិទិ្ធ​ប្តឹង​តប ប្រសិន​បើ​តុលាការ​ នឹង​មិន​រក​ឃើញ​កំហុស​របស់​ខ្ញុំ​ ។ វា​ចាំបាច់​ត្រូវ​ការ​ការ​ពារ​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្ញុំ ក៏​ដូច​ជា​សេចក្តី​ថ្លៃ​ថ្នូរ និង​កិត្តិយស​របស់​រដ្ឋាភិបាល​»។

លោក​នាយក​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា កាល ​ពី​ថ្ងៃ​សុក្រ យុវជន​ម្នាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​រូប​លោក ហើយ​បាន​ចោទ​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ លើ​មនុស្ស​ ៣៥៣ នាក់​ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​​បុណ្យ​អុំ​ទូក កាល​ពី​ឆ្នាំ ២០១០ ដែល​ស្លាប់​ក្នុង​ឧប្បតិ្តហេតុ​ជាន់​គ្នា លើ​ស្ពាន​កោះ​ពេជ្រ

លោក ហ៊ុន សែន បាន​បន្ត​ថា៖ « ​ប្រសិន​បើ​ហ៊ុន សែន ​ជាប់​ពន្ធនាគារ មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ដទៃ​ទៀត ក៏​នឹង​ជាប់​ពន្ធនាគារ​ផង​ដែរ ជា​ពិសេស រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ»។ ​ លោក​បាន​ព្រមាន​ថា ​ចំពោះ​បណ្តឹង​តប​របស់​លោក គណបក្ស​ប្រឆាំង​ មិន​ត្រូវ​ផ្សារ​ភ្ជាប់​រឿង​ក្តី​តុលាការ​ថា ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​ឡើយ ។​ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «​វា​ច្បាស់​ថា ពេល​នោះ គ្មាន​សម្ពាធ​នយោបាយ​ទេ ដោយ​សារ​យុវជន​ម្នាក់​អាយុ​ប្រហែល ២០ ​ឆ្នាំ និង​ប្រធាន​គណបក្ស​នយោបាយ​មួយ​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នាយក​រដ្ឋ​មន្រ្តី​ប្រទេស​មួយ​ នេះ​ជា​សិទិ្ធ​របស់​យុវជន ប៉ុន្តែ [អ្នក] ត្រូវ​គិត​អំពី​សិទិ្ធ​របស់​អ្នក​ដទៃ​ ។ [ប្រសិន​បើ​ខ្ញុំ​] ផ្តាច់​ការ មិន​អនុញ្ញាត​ឲ្យ​ករណី​នេះ​ទៅ​តុលាការ​ ដូច ប៉ុល ពត មិន​ដែល​អនុញ្ញាត​ទៅ​តុលាការ​ឡើយ ប៉ុន្តែ ខ្ញុំ​មិន​និយាយ​ច្រើន​ទេ ​ព្រោះ​វា​អាច​ជះ​ឥទិ្ធពល​លើ​ឯក​រាជភាព​របស់​តុលាការ»។​

យុវជន សួង សុភ័ន អាយុ ២៥ ឆ្នាំ ជា​ប្រធាន​ចលនា​យុវជន​នៃ​គណបក្ស សម រង្ស៊ី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​តាំង​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ដោយ​ចោទ លោក ហ៊ុន សែន លោក ទូច ណារ៉ុថ លោក កែប ជុតិមា និង​លោក គង់ សំអុល ពី​បទ​គ្រោង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​នៅ​កោះ​ពេជ្រ ។

លោក សុភ័ណ បាន​បន្ត​ថា៖ « ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ ចំពោះ​ពាក្យ​បណ្តឹង​តប ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហើយ​ខ្ញុំ​នឹង​ឈរ​នៅ​តុលាការ​ដោយ​ខ្លួន​ខ្ញុំ គ្មាន​មេធាវី ដើម្បី​តប​ទល់​ ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ាន​ឈរ​ ក្នុង​តុលាការ​ជាមួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​ទេ»​។ លោក​បាន​បន្ត​ទៀត​ថា​៖«ខ្ញុំ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​រក​យុតិ្តធម៌​ឲ្យ​មនុស្ស ៣៥៣ នាក់ ដែល​ស្លាប់ និង ៣៩៣ នាក់​ដែល​រង​របួស​នៅ​កោះ​ពេជ្រ​កាល​ពី​ឆ្នាំ​២០១០​»។​

លោក ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហូឡង់​នៅ​ខែ​ធ្នូ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ដដែល​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។​ លោក សុភ័ណ បាន​បន្ត​ថា៖ «​ខ្ញុំ​កំពុង​រង់ចាំ​ទិដា្ឋការ​ពី​ស្ថាន​ទូត​បារាំង​»។​

លោក ផល ខាន់ អាយុ ៥៤ ឆ្នាំ ដែល​មាន​កូន​ប្រុស​បាន​ស្លាប់​ក្នុង​ឧប្បតិ្តហេតុ​ជាន់​គ្នា នៅ​កោះ​ពេជ្រ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​ច្បាប់​ទេ។ ប៉ុន្តែ​យ៉ាង​ណា​ក្តី លោក ​បញ្ជាក់​ថា៖ «​ខ្ញុំ​បាន​ទទួល​យុតិ្តធម៌​ឲ្យ​កូន​ប្រុស​ខ្ញុំ​រួច​ហើយ​ ព្រោះ​រដ្ឋាភិបាល ​បាន​បង់​សង​ខ្ញុំ​រួច​ហើយ​។ វា​ជា​សំណាង​មិន​ល្អ​របស់​កូន​ប្រុស​ខ្ញុំ»។​

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ សម រង្ស៊ី បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​អំពី​ពាក្យ​បណ្តឹង​ដែល​ដាក់​ដោយ​ លោក សុភ័ណ​ទេ ព្រោះ​វា​ជា​បញ្ហា​បុគ្គល មិន​មែន​តាង​នាម​ឲ្យ​គណបក្ស​ឡើយ។

លោក ទិត្យ សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង ​កាល​ពី​ម្សិលមិញ​ថា ​ប្រជា​ពលរដ្ឋ​មាន​សិទិ្ធ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នរណា​ម្នាក់​ ប៉ុន្តែ​បុគ្គល​នោះ​ ត្រូវ​ពិចារណា​អំពី​ភស្តុតាង និង​ច្បាប់​។ លោក ទិត្យ សុធា បាន​បន្ថែម​ថា៖ «​នេះ​ជា​ [ពាក្យ​បណ្តឹង​ដាក់​ដោយ​យុវជន] គ្មាន​មូលដ្ឋាន​ច្បាប់។ ខ្ញុំ​គិត​ថា ពាក្យ​បណ្តឹង​នេះខុស ហើយ​ជា​ចលនា​ជ្រុល​និយម​ ដើម្បី​បង្កើត​ចលាចល​ក្នុង​សង្គម»។

លោក ជីវ កេង ប្រធានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​អាទិត្យ៕ TK

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan