ភ្នំពេញៈ
កម្លាំងសមត្ថកិច្ចចារកម្មក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ច
និងអាជ្ញាធរមូលដ្ឋាន ដឹកនាំ ដោយព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ
បានឆ្មក់ចូលឆែកឆេរភូមិគ្រឹះ មួយក្នុងបុរីកាំងម៉េង ស្ថិត
នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ
ដោយសង្ស័យជាកន្លែងដែលក្រុមជនល្មើសប្រើជាធម្យោបាយ ធ្វើសកម្មភាព ចាប់ជំរិត
តាមប្រព័ន្ធអ៊ីនធើណេត។
ការឆ្មក់ចូលឆែកឆេរភូមិគ្រឹះដ៏ស្កឹមស្កៃ ដែលបញ្ជាកម្លាំងដោយ
លោកឧត្តមសេនីយ៍ សូ ប៊ុនធឿន ប្រធាននាយក ដ្ឋានចារកម្មក្រសួងមហាផ្ទៃ
តាំងពីវេលាម៉ោង៨ព្រឹករហូតដល់ម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ
២០១២ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយប្រតិបត្តិការនេះ
ក៏មិនបានចាប់ជនសង្ស័យណាម្នាក់ដែរ ព្រោះ ពួកជនល្មើស ដែលគេដឹងថា
ជាជនជាតិចិននោះ បានរត់គេចខ្លួនបាត់អស់ហើយ។
យោងតាមការបង្ហើបឲ្យដឹងពីមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា
ភូមិគ្រឹះត្រូវបានគេជួលឲ្យជនជាតិចិន ៤នាក់ អស់ រយៈពេលជាង១ខែមកហើយ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានរកឃើញទូរស័ព្ទ
និងឧបករណ៍មួយចំនួន ទៀត ដែលក្រុមជនល្មើសប្រើជាធម្យោបាយ
ប្រព្រឹត្តសកម្មភាពល្មើសច្បាប់របស់ពួកគេ។
ជាមួយគ្នានេះ នៅក្នុងខណ្ឌចំការមន ពោលគឺសង្កាត់ទួលទំពូងទី១
និងសង្កាត់ផ្សារដើមថ្កូវ កម្លាំងនគរបាលក្រុង និងកម្លាំងចារកម្ម
ក៏បានឆ្មក់ចូលនៅក្នុងខុនដូរ និងផ្ទះវីឡា ដូចគ្នាដែរ
ដើម្បីឆែកឆេរសម្បុកក្រុមជនល្មើសជនជាតិ ចិន
ដែលសង្ស័យប្រព្រឹត្តសកម្មភាពចាប់ជំរិត។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា
នៅក្នុងសង្កាត់ទួលទំពូងទី១ កម្លាំងសមត្ថកិច្ចចូលឆែកឆេរនៅខុនដូ ៧ជាន់
ស្ថិតតាមបណ្តោយផ្លូវលេខ ៤៧៨។ រីឯសង្កាត់ផ្សារដើមថ្កូវ ឆែកឆេរនៅផ្ទះវិឡា
ស្ថិតតាមបណ្តោយផ្លូវ លេខ ១៣៥ កែងនិងផ្លូវលេខ ៥០០។
សេចក្តីរាយការណ៍បានបន្តថា ប្រតិបត្តិការ
ដែលគេធ្វើយ៉ាងតឹងរឹង និងស្ងៀមស្ងាត់ដោយហាមឃាត់មិនឲ្យអ្នក
យកព័ត៌មានណាម្នាក់ចូលទៅយកព័ត៌មាននេះ គេមិនទាន់ដឹងបានលទ្ធផលយ៉ាងណានោះទេ។
តែក្នុងនោះក៏មានការទម្លាយពីសមត្ថកិច្ចឲ្យដឹងផងដែរថា
មានជនជាតិចិនជាច្រើននាក់ត្រូវបានឃាត់ខ្លួន ហើយ ឧបករណ៍ជាច្រើនទៀត
ត្រូវបានរឹបអូសផងដែរ។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានខែកន្លងទៅនេះ
សមត្ថកិច្ចជំនាញកម្ពុជា បានធ្វើការបង្រ្កាប និងចាប់ខ្លួនជនជាតិចិន
និងជនជាតិតៃវ៉ាន់មួយចំនួនផងដែរ ដែលជាប់ពាក់ព័ន្ធបទល្មើសចាប់ជំរិត
និងបទល្មើសផ្សេងៗជាច្រើនទៀត តាមប្រព័ន្ធអ៊ីនធើណេត។ ជាមួយគ្នានេះ
ពួកជនល្មើសមួយចំនួន ក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសរបស់ពួកគេ ផងដែរ៕
0 comments:
Post a Comment