Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, January 10, 2013

ពលរដ្ឋ​បឹងកក់​ស្វែងរក​ការ​អន្តរាគមន៍​ពី​កូន​លោក​នាយក​រដ្ឋ​មន្ត្រី

សកម្មភាពបូបខ្សាច់ពន្លិចផ្ទះប្រជាពលរដ្ឋអ្នកភូមិបឹងកក់នាពេលកន្លងមក
ភ្នំពេញៈ ប្រជា​ពលរដ្ឋ​ប្រមាណ​៣០​នាក់​មក​ពី​សហគមន៍​បឹង​កក់ បាន​នាំ​គ្នា​ដាក់​ញតិ្ដ​ស្វែង​រក​ការ​អន្តរាគមន៍​ទៅ​លោក​ហ៊ុន ម៉ានិត អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី ឲ្យ​ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួក​គេ ប្រមាណ ​៦១ គ្រួសារ ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ចំណែក​ដីទំហំ​ ១២,​៤៤​ហិកតា​ ដែល​ផ្ដល់​ដោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា។
ការ លើក​គ្នា​ទៅ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ានិត ដែល​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន កាលពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពីក្រុម​អ្នក​ភូមិ​ទាំង​នេះ ត្រឡប់​ពី​ដាក់​ញត្តិ​ជូន ប្រធាន​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា​ដើម្បី​ស្នើ​សុំ​​ជួយ​អន្តរាគមន៍ ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​ដី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​។

នៅ​ក្នុង​ ញត្តិ​ ដែល​ភ្ជាប់​ជាមួយ​ស្នាម​មេដៃ​និង​ស្ថិតិ​គ្រួសារ រួម​ទាំង​ទំហំដី​របស់​គ្រួសារ​នីមួយៗ​នោះ​ ពួក​អ្នក​ភូមិ​ទាំង​នោះ​ បាន​ដាក់​ការ​ទាមទារ​បួន​ចំណុច​ រួម​មាន​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​១២,៤៤​ហិកតា​ឲ្យ​បាន​ច្បាស់​លាស់ បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ សុំ​ឲ្យ​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា ដែល​ជា​សកម្មជន​ដី​ធ្លី​របស់​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​
អ្នក ស្រី ង៉ែត ឃុន អាយុ​៧២​ឆ្នាំ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​ឡើយ និង​ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ដាក់​គុក មួយ​ខែ​បី​ថ្ងៃ ដោយ​ព្រោះ​តែ​ការ​តវ៉ា​រឿង​ដី​ធ្លី បាន​និយាយ​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ហាក់​មាន​ចេតនា​ចង់​រឹប​យក​ដី​ របស់​ពួក​គាត់ ព្រោះ​រហូត​មក​ទល់​ពេល​នេះ ពួក​គាត់​នៅ​តែ​មិន​ត្រូវ​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នៅ​ឡើយ។
អ្នក ​ស្រី​ថ្លែងថា៖«អាជ្ញាធរ​ដឹង​ច្បាស់​ណាស់​ថា​យើង​ខ្ញុំ​តវ៉ា​ចង់​បាន​អ្វី ប៉ុន្តែ​គេ​មិន​ព្រម​ដោះ​ស្រាយ​ឲ្យ ហើយ​ពេល​ដែល យើង​ដាក់​ញតិ្ត​តវ៉ា​សុំ​កិច្ច​អន្តរា​គមន៍​ពី​ស្ថាប័ន​នានា ទាំង​ជាតិ​និង​អន្តរជាតិ បែរ​ជា​អាជ្ញាធរ​ចោទ​ពួក​យើង​ថា​បង្កភាព​អនាធិបតេយ្យ ខូច​សណ្ដាប់​ធ្នាប់​និង​របៀប​រៀប​រយ​សាធារណៈ»។
អ្នក​ស្រី​បាន​បន្តថា ក្រៅ​ពី​ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំ​មើល​និង​រារាំង​ដល់​ការ​តវ៉ា​ទាមទារ ​របស់​ពួក​គាត់​ក្នុង​សហគមន៍​បឹងកក់ អាជ្ញាធរ​មិន​បាន​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​ស្វែងរក​ ដំណោះស្រាយ​សម​ស្រប​ណា​មួយ​ជូន​ពួក​គាត់​ទេ។
នៅ​ក្នុង​ការ​ដាក់​ញត្តិ ​នេះ គេ​សង្កេត​ឃើញ​ចំនួន​ក្រុម​សមត្ថកិច្ច​នគរបាល និង​ស៊ី​វិល​មាន​ប្រមាណ​ជា​បួន​ដង​ច្រើន​ជាង​ចំនួន​អ្នក​ភូមិ បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​មុខ​វិមាន​សន្តិភាព​របស់​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ នៅ​ម៉ោង​ប្រមាណ​ជាង​១០ ព្រឹក ​លោក ប៉ាល់ ចន្ទតារា មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​មក​ទទួល​យក​ញតិ្ត​ពី​អ្នក​ភូមិ​ទាំង​នោះ​។
លោក ប៉ាល់ ចន្ទតារា មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​ហ្វូង​ពលរដ្ឋ​ដែល​ទាម​ទារ​រក​ការ​អន្តរាគមន៍​នោះ​ថា លោក​នឹង​នាំ​យក​ញតិ្ត​នោះ​ដាក់​ទៅ​ឲ្យ​ថ្នាក់​លើ ដើម្បី​ពិនិត្យ​នឹង​សម្រេច ប៉ុន្តែ​លោក​ព្យាយាម​មិន​ប្រាប់​ពី​ឈ្មោះ​របស់​ថ្នាក់​លើ​នោះ​ទេ។
លោក បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​នាំ​យក​ញត្តិ​នេះ​ទៅ​ឲ្យ​ថ្នាក់​លើ​ដើម្បី​ពិនិត្យ យ៉ាង​យូរ​ពីរ​ថ្ងៃ​ទៀត ខ្ញុំ​នឹង​ប្រាប់​ដំណឹង​ទៅ​ឲ្យ​អ្នក​ភូមិ​វិញ បើ​សិន​ជា​មាន​ការ​សម្រេច​ពី​ថ្នាក់​លើ​បែប​ណា​នោះ»។
កាល​ពី​ដើម​ខែ​ សីហា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​សម្រេច​កាត់​ដី​ចំនួន​ជាង​១២​ហិកតា​ចេញ​ពី​គម្រោង​អភិវឌ្ឃន៍​នៅ​តំបន់​ បឹងកក់​ ដើម្បី​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ជិត​៨០០​គ្រួសារ​ដែល​នៅ​សេសសល់​ពី​ការ ​បណ្តេញ​ចេញ​យ៉ាង​បំពាន​ពី​អាជ្ញាធរ​ក្រុង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឃ​សាងសង់​ លំនៅដ្ឋាន​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទាំង​នោះ​មាន​ចំនួន​៦៤១​គ្រួសារ​ទៀត​នៅ ក្នុង​ភូមិ​១ ភូមិ​៦ ភូមិ​២២​ និង​ភូមិ​២៤​ដែល​បាន​អះអាង​ថា អាជ្ញាធរ​បាន​កាត់​ចេញ​ មិន​បាន​ធ្វើ​ប្លង់​កម្មសិទ្ធ​ដល់​ពួក​គេ​ទេ។ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ មាន​ពលរដ្ឋ​ម្នាក់​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan