Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, January 16, 2013

អ្នក​រលាំងគ្រើល​លើក​គ្នា​មក​តវ៉ា​មុខ​តុលាការ​កំពង់ស្ពឺ

ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី លើក​គ្នា​មក​តវ៉ា​មុខ​សាលា​ដំបូង​​ខេត្ត​កំពង់​ស្ពឺ កន្លង​មក​។ រូបថត ហេង ជី​វ័ន​

Wednesday, 16 January 2013
ឆាយ ច័ន្ទនីដា
The Phnom Penh Post

កំពង់ស្ពឺៈ ពលរដ្ឋ ​ភូមិ​ត្រពាំង​ខ្យង​ប្រមាណ​១០០​នាក់ បាន​ធ្វើ​ការ​តវ៉ា​មុខ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ជា​អ្នក​ភូមិ​ម្នាក់ ដែល​ត្រូវ​តុលាការ​ឃាត់​ខ្លួន​ក្នុង​ពេល​កោះ​ហៅ​មក​សាកសួរ​ កាលពី​ថ្ងៃ​ទី១៤ មករា ទាក់ទិន​នឹង​ជម្លោះ​ដីធ្លី​២​ហិកតា ក្នុង​ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង។

លោក ម៉ាក់ វ៉ាត អាយុ​៥៥​ឆ្នាំ ជា​អ្នក​ចូលរួម​តវ៉ា​ថ្លែង​ថា ករណី​នេះ ជា​រឿង​ដី​ទំនាស់​តាំង​ពី​ឆ្នាំ​១៩៩៦​មក បន្ទាប់​ពី​អាជ្ញាធរ​ឃុប​ឃិត​យក​ដី​ទំហំ​ពីរ​ហិកតា ជា​ដី​រួម​របស់​ភូមិ មាន​កន្លែង​សក្ការបូជា ត្រពាំង កោះ​តូច​មួយ និង​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ យក​ទៅ​ប្រគល់​ឲ្យ​បុគ្គល​ជា​អតីត​យោធា​ឈ្មោះ ឆែ សំអុល និង​បាន​ប្តឹង​ប្តល់​ទៅ​ដល់​តុលាការ​គ្រប់​ជាន់​ថ្នាក់ តែ​អ្នក​ភូមិ​បាន​ចាញ់​ក្តី។

លុះ​ដល់​ខែ​កញ្ញា ឆ្នាំ​២០១២ អាជ្ញាធរ​និង​មន្ត្រី​តុលាការ​ខេត្ត​កណ្តាល បាន​ចុះ​អនុវត្ត​សាល​ដីកា ធ្វើ​ការ​វាស់វែង​ដីធ្លី​ឲ្យ​ឈ្មោះ ឆែ សំអុល តែ​មិន​បាន​សម្រេច​ទេ​ដោយ​មាន​ពលរដ្ឋ​រាប់រយ​នាក់​ក្នុង​ភូមិ​ ធ្វើ​ការ​តវ៉ា​នា​ពេល​នោះ។ លុះ​ដល់​ថ្ងៃ​ទី១៤ មករា​កន្លង​ទៅ​នេះ ​ពលរដ្ឋ​៤នាក់​សុទ្ធ​តែ​ជាស្ត្រី ក៏​មាន​ឈ្មោះ​ត្រូវ​ចូល​បំភ្លឺ​តុលាការ ពី​ករណី​រំខាន​ការ​វាស់វែង​របស់​អាជ្ញាធរ​និង​តុលាការ តែ​ម្នាក់​ឈ្មោះ វ៉ាន់ សារឿន អាយុ​៤០​ឆ្នាំ ត្រូវ​ឃាត់​ខ្លួន​ពេល​សាក​សួរ​។ ​កាលពី​ម្សិលមិញ ពលរដ្ឋ​៣នាក់ ផ្សេង​ទៀត​ក៏​ត្រូវ​តុលាការ​សាកសួរ​ដែរ ប៉ុន្តែ​បាន​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ។


លោក ម៉ាក់ វ៉ាត ថ្លែង​ថា ៖ «ដី​នេះ​ជា​ដី​រួម​ភូមិ យើង​ត្រូវ​តែតវ៉ា យក​មក​វិញ ព្រោះ​អាជ្ញាធរ​ភូមិ​ឃុំ​ឃុបឃិត​កាល​ពី​ឆ្នាំ​៩០​ជាង បាន​កាត់​ដី​លក់​ឲ្យ​ឈ្មោះ ឆែ សំអុល ហើយ​យើង​សូម​ឲ្យ​តុលាការ ឬ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះលែង​អ្នក​ភូមិ​យើង​ម្នាក់​នេះ​ ពី​ ពន្ធនាគារ​ផង»។

លោក ហែម ឡេវ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ និង​ធ្លាប់​ជា​អតីត​មេ​ឃុំ​រលាំងគ្រើល​ឲ្យ​ដឹង​ថា រឿង​កាត់ដី​នេះ​មាន​មែន តាំង​ពី​សម័យ​ដែល​មាន​មេ​ឃុំ​ចាស់​មុន​លោក​ម្ល៉េះ និង​លោក​មេ​ឃុំ​រូប​នោះ​ស្លាប់​បាត់​ហើយ គាត់​បាន​កាត់​ដី​ឲ្យ​អតីត​យោធា​ឈ្មោះ​ឆែ សំអុល។

លោក និយាយ​ថា មេ​ឃុំ​ចាស់ មិន​បាន​លក់​ដី​ទៅ​ឲ្យ ឆែ សំអុល ឡើយ​គឺ​គ្រាន់​តែ«​គេ​កាប់​មាន់ ផឹក​ស៊ី​ជួប​ជុំ​គ្នា​ជាមួយ​ទេ គ្មាន​អ្នក​ណា​ឃុបឃិត​អី​ឡើយ»។

លោក​បន្ត​ថា ករណី​ស្ត្រី​អ្នក​ភូមិ វ៉ាន់ សារឿន ត្រូវ​ចាប់​ខ្លួន ដោយ​សារ​គាត់​ចេញ​មុខ​តវ៉ា​ខ្លាំង​ពេក នៅ​ពេល​អាជ្ញាធរ​ធ្វើ​ការ​វាស់វែង​ដី​ឲ្យ​អ្នក​ឈ្នះ។ គាត់ (វ៉ាន់ សារឿន) បាន​សម្តី​ជាង​គេ និង​បង្ក​ទំនាស់។ ​យើង​ដឹង​ថា ពេល​គេ​ទាញ​ម៉ែត្រ​វាស់​អ្នក​តវ៉ា បាន​ទាញ​បណ្តាច់​ម៉ែត្រ​អាជ្ញាធរ​ទៀត»។

ទោះ​យ៉ាង​ណា មន្ត្រី​តុលាការ​ កាន់​សំណុំ​រឿង​មួយ​នេះ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។

លោក រិន សារ៉េត អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា អង្គការ​លោក មិន​បាន​តាម​ដាន​រឿង​ទំនាស់​មួយ​នេះ​ឡើយ​តាំង​ពី​ដើម​មក​ ប៉ុន្តែ លោក​បាន​ជួប​ពលរដ្ឋ​ទាំង​នេះ​កាល​ពី​ម្សិលមិញ និង​បាន​សម្ភាស ដើម្បី​ធ្វើ​កំណត់​ហេតុ ផ្ញើ​ទៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​នៅ​ភ្នំពេញ​ដែរ​។

លោក បាន​ថ្លែង​ថា ៖ «​នេះ​ជា​រឿង​ក្តី​ថ្មី​សម្រាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​កំពុង​ធ្វើ​របាយការណ៍​សង្ខេប ហើយ​ផ្ញើ​ទៅ​ភ្នំពេញ ដើម្បី​សុំ​យោបល់​ឲ្យ​ផ្តល់​មេធាវី ដល់​ពលរដ្ឋ​នៅ​ក្នុង​រឿង​មួយ​នេះ»៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan