អ្នក​ណា​ជា​ដៃគូ​ប្រកួត​ប្រជែង​របស់​គេហទំព័រ ​ Sabay? នេះ​ជា​សំណួរ​របស់​ពិធី​ការិនី ​ទូរទស្សន៍​ CNC   ចំពោះ​​គេហទំព័រ​ Sabay ដែល​​​​កំពុង​ឈាន​ទៅ​កាន់​តំណែង​ជា​គេហទំព័រ​​ពេញ​និយម​​ជាង​​គេ​មួយ​របស់​ យុវវ័យ​នៅ​កម្ពុជា​។
លោកស្រី​ ម៉ីសន សុធារី​ និពន្ធ​នាយិកា​របស់​ គេហទំព័រ ​ sabay.com.kh បាន​ឆ្លើយ​តប​នឹង​សំណួរ​ក្នុង​​បទ​សម្ភាសន៍​ជា​មួយ​​ទូរទស្សន៍ CNC ដែល​ទើប​តែ​បញ្ចប់​ប៉ុន្មាន​នាទី​​នេះ​ ​ថា ចាប់​តាំង​ពី​ដើម​មក​ ដៃគូ​ប្រកួត​ប្រជែង​របស់​គេហទំព័រ​ Sabay ​​គឺ​មិត្ត​អ្នក​អាន​ ​ព្រោះ​កាលណា​ បើសិនជា​​​​មិត្ត​​អ្នក​អាន​កាន់​តែ​មាន​ចំណេះ​ដឹង​​ច្រើន​​​ឡើង​ៗ​ ពេល​នោះ​​​​ការ​ចង់​ដឹង​ក៏​​កាន់​តែ​ខ្លាំង​​​​ដែរ​ ពោល​គឺ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ Sabay ត្រូវ​តែ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ខ្លាំង ​និង​រហ័ស​ ប្រកប​ដោយ​ទំនុក​ចិត្ត​ ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​មិត្ត​អ្នក​អាន​។

​ កិច្ច​​​សម្ភាសន៍​​​ពិសេស​ Cambodia Today ​របស់​កម្មវិធី​ទូរទស្សន៍ ​CNC កាល​ពី​ម៉ោង​១០​ព្រឹក​មិញ​នេះ​​​  បាន​អញ្ជើញ​​លោកស្រី​ ម៉ីសន សុធារី​ និពន្ធ​នាយិកា​របស់​ គេហទំព័រ​ Sabay.com.kh ចូលរួម​ជា​វាគ្មិន​ ​បក​ស្រាយ​ជុំ​វិញ​ប្រធានបទ “​​ការ​ចូល​​រួម​​របស់​ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន”
​ ​ក្នុង​​បទ​សម្ភាសន៍​​នោះ ​​​​បាន​រំលេច​ពី​ភាព​ជា​ស្ត្រី​ឆ្នើម ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ របស់​លោក​ស្រី ​ម៉ី​សន សុធារី​  ដែល​​បាន​ប្រឡូក​ក្នុង​អាជីព​នេះ​តាំង​តែ​ពី​ឆ្នាំ​១៩៩៦មក។
គេហទំព័រ ​ Sabay បាន​ចាប់​ផ្ដើម​​ដំណើការ​នៅ​ខែ​មីនា ឆ្នាំ​២០១០។​  គេហទំព័រ​ Sabay ​គឺ​ជា​គេហទំព័រ​ដំបូង​គេ​ ​ដែល​ផ្ដោត​ទៅ​លើ​​​គ្រប់​បញ្ហា​របស់​​យុវវ័យ​​៕​
អត្ថបទ៖ កង ចាន់​បញ្ញា