Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, February 22, 2013

អ្នក​ឃ្លាំ​មើល៖ កម្ពុជា​កំពុង​ស្ថិត​ក្រោម​នឹម​អាណានិគម​បរទេស

លោក វូ ទៀន ចុង (Vu Tien Trong) វរសេនីយ៍​ឯក​ពិសេស និង​ជា​នាយក​វិទ្យាស្ថាន​ទទួល​បន្ទុក​ទំនាក់​ទំនង​ពិសេស នៃ​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម (កណ្ដាល) ធ្វើ​សន្និសីទ​កាសែត​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា ២០១០ (RFA/Sok Serey)

ក្រុម​សកម្មជន​ខាង​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ឯ​នាយ​សមុទ្រ បាន​ចាត់​ទុក​ប្រទេស​ខ្មែរ​ថា​កំពុង​ស្ថិត​ក្រោម​នឹម​អាណានិគម​បរទេស​យ៉ាង​ជ្រៅ ដ៏​លំបាក​រំដោះ​ខ្លួន​ចេញ​រួច។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​បន្ទោស​ថា ជា​ការ​វាយ​តម្លៃ​ដែល​មិន​យល់​ស៊ី​ជម្រៅ​អំពី​កិច្ចការ​របស់​រដ្ឋាភិបាល។

ដោយ តាំង សារ៉ាដា
2013-02-22
Radio Free Asia

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ស្ថានភាព​នយោបាយ​របស់​កម្ពុជា ជាមួយ​វៀតណាម បាន​វាយ​តម្លៃ​កិច្ច​សហប្រតិបត្តិការ ឬ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាប័ន​ជាតិ​របស់​កម្ពុជា ជាមួយ​ស្ថាប័ន​ជាតិ​នៃ​ប្រទេស​វៀតណាម នោះ ថា​ជា​គំនាប​មួយ​ដើម្បី​ត្រួតត្រា​កិច្ចការ​រដ្ឋាភិបាល​ខ្មែរ

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវេសន៍ (Norway) លោក ម៉ែន ណាត ថ្លែង​ថា ការ​ចុះ​កិច្ច​សហប្រតិបត្តិការ​តាំង​ពី​ថ្នាក់​ភូមិ ឃុំ រហូត​ដល់​ថ្នាក់​ជាតិ​របស់​ខ្មែរ ជាមួយ​វៀតណាម គឺ​ជា​ទំនាក់ទំនង ឬ​ជា​សម្ព័ន្ធភាព​មួយ​មិន​ប្រក្រតី។ លោក​សង្ស័យ​ថា កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​នេះ​អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​ដ៏​ត្រជាក់ ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា។

ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ សារព័ត៌មាន ​ក្នុង​ស្រុក​របស់​វៀតណាម តែង​ចុះ​ផ្សាយ​ជា​ញឹកញាប់​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ចាប់​តាំង​ពី​ស្ថាប័ន​រដ្ឋ​តូចៗ រហូត​ដល់​ស្ថាប័ន​រដ្ឋ​ធំៗ​របស់​ខ្មែរ ជាមួយ​វៀតណាម។


កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៣ សមាគម​ស្ត្រី​វៀតណាម បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមាគម​ស្ត្រី​កម្ពុជា ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ។ នៅ​ខែ​ដដែល​នេះ ក្រសួង​យុត្តិធម៌​ខ្មែរ ក៏​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ផ្លាស់​ប្ដូរ​សេវា​ផ្សេងៗ ដូច​ជា​ឯកសារ ការ​ប្រមូល​ភស្តុតាង និង​ការ​ផ្ទេរ​ភស្តុតាង ការ​កោះ​ហៅ​សាក្សី រួម​ទាំង​ឯកសារ​ចុះ​បញ្ជី​ករណី​សំណុំ​រឿង​ក្តី​ស៊ីវិល។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រសួង​មហាផ្ទៃ របស់​កម្ពុជា បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​វៀតណាម ដើម្បី​បន្ត​កិច្ច​សហការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​លើ​ការ​អនុវត្ត​ ច្បាប់ និង​សណ្ដាប់ធ្នាប់​សង្គម ជាពិសេស​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន។

បើ​ទោះ​បី​កម្ពុជា កំពុង​បោះ​ជំហាន​ក្នុង​សម័យ​សកលភាវូបនីយកម្ម​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ក៏ដោយ ក៏​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​ថា កិច្ច​សហប្រតិបត្តិការ​សឹង​គ្រប់​ផ្នែក រវាង​កម្ពុជា ជាមួយ​វៀតណាម ដូច្នេះ អាច​ជា​មហន្តរាយ​ធំ​សម្រាប់​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក​បាន​ផ្តល់​អនុសាសន៍​ថា កិច្ចការ​ដែល​ចាំបាច់​ដើម្បី​សហការ​ជាមួយ​វៀតណាម គឺ​ការងារ​ខាង​កសិកម្ម និង​បច្ចេកទេស។

លោក កឹម សុខា បន្ត​ថា អត្ថន័យ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម មាន​ន័យ​សឹង​ស្មើ​គ្នា​ទៅ​នឹង​ទម្រង់​នៃ​ពាក្យ​ជំនាញ​ការ ដែល​វៀតណាម បាន​ដាក់​ផ្ទាល់ និង​ជា​ចំហ​ឲ្យ​តាម​ដាន​ស្ថានភាព​ខ្មែរ ពី​ថ្នាក់​ភូមិ​ដល់​ថ្នាក់​ប្រធាន​រដ្ឋ កាល​ពី​ទសវត្ស​ឆ្នាំ​១៩៨០ នៅ​គ្រា​ដែល​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ទាំង​នេះ លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ការ​រិះគន់​របស់​ក្រុម​អ្នក​នយោបាយ និង​អ្នក​ឃ្លាំ​មើល​ទាំង​នេះ​ថា​ជា​ការ​វាយ​ប្រហារ​ដែល​មិន​យល់​អំពី​ការ​ ពិត ហើយ​មិន​បាន​ឈរ​លើ​គំនិត​អភិវឌ្ឍន៍​ជាតិ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​ព្រមាន​ថា កម្ពុជា មិន​ត្រូវ​ភ្លេច​ខ្លួន ហើយ​សប្បាយ​គគ្រឹកគគ្រេង​ទៅ​នឹង​ទំនាក់​ទំនង​ស្អិតល្មួត​គ្រប់​សរសៃ​ឈាម​នៃ​ ការ​ដឹកនាំ​របស់​ខ្លួន ជាមួយ​ប្រទេស​ធំ​ដែល​មាន​ប្រជាជន​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ដូច​ជា​វៀតណាម នោះ​ទេ ពីព្រោះ​ប្រទេស​នេះ​អាច​លេប​យក​កម្ពុជា បាន​យ៉ាង​ងាយ។

របត់​នយោបាយ​កម្ពុជា បច្ចុប្បន្ន​កំពុង​បោះ​ជំហាន​ជ្រៅ និង​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​ប្រទេស​ចិន ខណៈ​ដែល​វៀតណាម កំពុង​មាន​ទំនាស់​ជា​មួយ​ចិន ដោយ​សារ​ជម្លោះ​ដែន​សមុទ្រ។

អ្នក​វិភាគ​ជាច្រើន​បាន​បកស្រាយ​ថា កម្ពុជា បាន​ស្រវេស្រវា​ដក​ខ្លួន​ចេញ​ពី​គំនាប​របស់​វៀតណាម ដោយ​យក​ចិន ជា​ខ្នង​បង្អែក។ អតីត​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​ប្រទេស​ហ្វីលីពីន លោក ហើស សេរីធន ក៏​ធ្លាប់​បាន​ចោទ​វៀតណាម ថា បាន​លេង​នយោបាយ​ខ្មៅ​កខ្វក់​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន ខាង​ត្បូង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ភាព​ខ្នះខ្នែង​របស់​វៀតណាម ក្នុង​ការ​បង្កើន​ល្បឿន​យក​នាម​កិច្ច​សហប្រតិបត្តិការ​សឹង​គ្រប់​ផ្នែក​ទាំង ​ពី​ស្ថាប័ន​កំពូល រហូត​ដល់​ថ្នាក់​មូលដ្ឋាន គឺ​ជា​ការ​គ្រៀក​យក​កម្ពុជា ជា​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន ដើម្បី​ទប់ទល់​ឥទ្ធិពល​អំណាច​របស់​ចិន។

មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា មិន​អាច​ឆ្លើយ​បំភ្លឺ​បាន​ទេ​ជុំវិញ​ការ​វិភាគ​ទាំង​នេះ។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង គឺ​ជា​កិច្ចការ​ធម្មតា ក្នុង​ន័យ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ស្ថិរភាព​ក្នុង​តំបន់។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន អំពើ​ភេរវកម្ម ឬ​វិច្ឆេទកម្ម​ខាង​សេដ្ឋកិច្ច​នោះ។

សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម អះអាង​ថា ទាំង ​អាជ្ញាធរ​ដែនដី មន្រ្តី​នគរបាល និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ជាន់​ខ្ពស់ តែង​ទទួល​បាន​លាភសក្ការៈ​ជា​ញឹកញាប់​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​វៀតណាម។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក រៀល ខេមរិន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លាភសក្ការៈ​ដែល​ក្រុម​មន្ត្រី​ខ្មែរ​បាន​ទទួល​ពី​វៀតណាម គឺ​ជា​ការ​តប​ស្នង​សង​គុណ​ដល់​ការ​សម្រួល​ឲ្យ​ពលរដ្ឋ​វៀតណាម អាច​ចេញ​ចូល​ស្នាក់នៅ ឬ​ប្រកប​របរ​ជួញ​ដូរ​ក្នុង​ទឹកដី​កម្ពុជា

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា វៀតណាម ជា​អ្នក​ស្នើ និង​ជំរុញ​ឲ្យ​កម្ពុជា ចុះ​រាល់​កិច្ច​ព្រមព្រៀង ឬ​កិច្ច​សហប្រតិបត្តិការ​ភាគ​ច្រើន​ជាមួយ​ខ្លួន។ កិច្ច​សហប្រតិបត្តិការ​ទាំង​នោះ ភាគ​ច្រើន​ផ្ដោត​លើ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan