ការ​វិនិយោគ​ឧស្សាហ៍​កម្ម​ធន់​​ធ្ងន់​នៅ​តំបន់​ឆ្នេរ​សមុទ្រ ​​ស្ថិត​នៅ​ខេត្ត​​ចំនួន​បី​ មាន ​ខេត្ត​ ព្រះសីហនុ​ កំពត​ និង​ខេត្ត​កែប ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ក្រើន​រំលឹក​ និង​​​ហាម​ឃាត់​​ជា​ដាច់​ខាត​ ក្នុង​គោល​បំណង​រក្សា​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​ជា​សមាជិក​​ក្លិប​ឆ្នេរ​សមុទ្រ​ពិភព​លោក​ស្អាត​បំផុត ​​​​ឲ្យ​រក្សា​បាន​នូវសោ​ភណ្ឌ​ភាព​ និង​ជាទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរ​ជាតិ​ ពី​ផល​ប៉ះពាល់​នៃ​បរិស្ថាន​កខ្វក់​។
នៅ ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​ នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី សម្ដេច​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​រំលឹក​ឡើង​វិញ​អំពី​ជំ​ហរ​របស់​រាជ​រដ្ឋាភិបាលថា​ ​មិន​​អនុញ្ញាត​ឲ្យ​មាន​ការ​វិនិយោគ​ ក្នុង​វិស័យ​ឧស្សាហ៍​កម្ម​ធន់​ធ្ងន់ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ឡើយ​។
ឆ្នេរសមុទ្រ ​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ ដែល​ស្អាត​បំផុត​លើ​សកល​លោក​ក្នុង​មហា​​សន្និបាត​លើក​ទី​៧ នា​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេ​ណេ​ហ្គាល់។
សម្ដេច​ ហ៊ុន សែន​ ​​ធ្លាប់​បាន​​មាន​ប្រសាសន៍​ថា ការ​ចូល​ជា​សមាជិក​ក្លិប​នេះ ពិត ជា​បាន​ស្តែង​ឱ្យ​ឃើញ​​ពីរ​បត់​ថ្មី​នៃ​ការ​ប្រែ​ប្រួល​មុខមាត់ ជា​បន្ត​បន្ទាប់​របស់​តំបន់​ស​មុទ្រ​កម្ពុជា ទាំង​លើ​ទិដ្ឋ​ភាព​នៃ​​សង្គម សេដ្ឋ​កិច្ច ទេសចរណ៍ នគរូប​នីយកម្ម និង​បរិស្ថាន ដែល​ជា​កត្តា​កំណត់​លើ​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​​នៃ​ឆ្នេរ​​សមុទ្រ​ ទាំង​​មូល​ប្រវែង​៤៤០​គីឡូ​ម៉ែត គ្រប​ដណ្តប់​លើ​ខេត្ត​ទាំង​បួន​របស់​កម្ពុជា​រួម​មាន​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ខេត្ត​កំពត និង​ខេត្ត​កែប។