Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, March 25, 2013

អ្នកស្រី​ទេពវន្នី​ចេញ​មក​អឺរ៉ុប​និង​អាមេរិក​ទាមទារ​សិទ្ធិ​ឱ្យ​អ្នករងគ្រោះ​ដីធ្លី

អ្នកស្រី​ទេព វន្នី​អ្នកតំណាង​ក្រុម​ស្ត្រី​បឹងកក់​ដ៏​ល្បីឈ្មោះ​ម្នាក់​

25.03.2013
ដោយ ស៊ុយ ហ៊ាមខេមរា
VOA Khmer

ភ្នំពេញ៖ អ្នកស្រី​ទេព វន្នី​អ្នកតំណាង​ក្រុម​ស្ត្រី​បឹងកក់​ដ៏​ល្បីឈ្មោះ​ម្នាក់​រំពឹងទុក​ថា​ដំណើរ ​ទៅកាន់​អឺរ៉ុប​និង​សហរដ្ឋ​អា​មេ​រិក​របស់​អ្នកស្រី​នឹង​ក្លាយជា​ឱកាស​មួយ​ សម្រាប់​គាត់​អាច​ស្វែងយល់​បន្ថែម​ក៏​ដូចជា​ចូលរួម​ចែករំលែក​បទពិសោធន៍​ដែល​ គាត់​និង​ក្រុម​ស្ត្រី​នៅ​តំបន់​បឹងកក់​ឆ្លងកាត់

អ្នកស្រី​ទេព វ​ន្នី​នឹង​ឡើង​ទទួល​ពានរង្វាន់ Leadership for Public Life Award ​នៅ​ថ្ងៃទី២​ខែមេសា​ខាង​មុខ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋ​អា​មេ​រិក។

អ្នកស្រី​បាន​ប្រាប់​វី​អូ​អេ​សំឡេង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​គឺ​មួយ​ ថ្ងៃមុន​ការចេញ​ដំណើរ​ថា​អ្នកស្រី​នឹង​ចំណាយពេល​ប្រហែល​ជិត២​អាទិត្យ​ស្នាក់ ​នៅក្នុង​សហរដ្ឋ​អា​មេ​រិក​ហើយ​មាន​គម្រោង​ស្នើ​សុំ​ជួប​តំណាង​ភាគី​សំខាន់ៗ ​ដូចជា​ធនាគារ​ពិភពលោក ​និង​តំណាង​អង្គការ​មួយ​ចំនួន​ទៀត​ដើម្បី​ស្នើ​សុំឱ្យ​មានការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​បឹងកក់​និង​អ្នកស្រី​យ៉ោ​ម បុ​ប្ផា


អ្នកស្រី​បាន​បញ្ជាក់​ថា៖

«ទៅ​អា​មេ​រិក​ហ្នឹង​បង​មាន​កិច្ចការ​សំខាន់​មួយទៀត​គឺ​ស្នើ​សុំ​ជួប​ជាមួយ​ប្រធាន​ធនាគារ​ពិភព

លោក​ដែល​មាន​ការជួយ​រៀបចំ​ពី​អង្គការ​សមធម៍ ​តែ​យើង​មិនដឹងថា​យ៉ាងដូចម្តេច​ដែរ​ពីព្រោះ​យើង​ស្នើ​សុំ​ជួប​ គេ...ក្រៅពីនេះ​យើង​មាន​អង្គការ​ផ្សេងៗ​ទៀត»។

យ៉ាងណា​ម៉ិ​ញ​មុន​នឹង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អា​មេ​រិក​ដើម្បី​ទទួល​ ពានរង្វាន់​អ្នកស្រី​ទេព វន្នី​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហុល្លង់​ដើម្បី​ចូលរួម​ការប​ញ្ចាំ​ង​ ខ្សែ​ភាពយន្ត​សំខាន់ៗ​ក្នុង​មហោស្រព​ខ្សែភាពយន្ត​ដែលមាន​ឈ្មោះ ថា «Movies That Matter»។

ជា​តួរ​អង្គ​សំខាន់​នៅក្នុង​ខ្សែ​ភាពយន្ត​ក្រោម​ចំណងជើង​ថា«សូម្បី​បក្សី​ ក៏ត្រូវ​ការ​សំបុក» ឬ​ជា​ភាសារ​អង់គ្លេស​ថា Event a Birth Needs Nest អ្នកស្រី​ទេព វ​ន្នី​នឹង​ចំណាយពេល​មួយ​សប្តាហ៍​ស្នាក់​នៅក្នុង​ទីក្រុង​អាម​ស្ទើ​ដាម ​រដ្ឋធានី​ប្រទេស​ហុល្លង់​ហើយ​គាត់​ក៏​នឹងត្រូវ​អញ្ជើញ​ជា​វា​គ្មិ​ន​ដើម្បី ​ឡើង​បញ្ចេញ​មតិ​ហើយនឹង​ឆ្លើយ​សំណួរ​មួយ​ចំនួន​ផង​ដែរ​ក្រោយ​ការដាក់​ប​ ញ្ចាំង​ខ្សែ​ភាពយន្ត​នៅ​ថ្ងៃ​ទី​២៧​ខែ​មិនា​ខាងមុខ​នេះ។

អ្នកស្រី ទេព វន្នី ​អាយុ៣១ឆ្នាំ​ក៏​នឹង​បន្ត​ដំណើរ​ចេញពី​ប្រទេស​ហុល្លង់​ទៅ​ប្រទេស​បារាំង​ទៀត ​ក្រោម​ការអញ្ជើញ​របស់ ​អង្គការ​ Amnesty International​ ឱ្យ​ធ្វើជា​វាគ្មិន​ផង​ដែរ​ក្នុង​ស​ន្និសីទ​មួយ​ដែល​នឹង​រៀបចំ​ឡើង​រយៈពេល​ ២ថ្ងៃ ​ចាប់ពី​ថ្ងៃទី២៨​ដល់​ថ្ងៃទី២៩​ខែ​មិនា ​ក្នុង​គោលដៅ​ដើម្បី​ចែករំលែក​នូវ បទពិសោធន៍​នៃ​ការតស៊ូ​របស់​ក្រុម​ស្ត្រី​បឹងកក់។

ផ្តើម​ចេញពី​ស្រ្តី​ដែល​លក់​របស់​របរ​និង​គ្រឿង​ឧបភោគ​បរិភោគ​តាម​ផ្ទះ​ទៅជា ​ស្ត្រី​មេ​ដឹក​នាំ​ម្នាក់​ក្នុង​តំបន់​បឹងកក់​ អ្នកស្រី​ទេព វ​ន្នី​ចាប់​ផ្តើម​ចេញមុខ​តវ៉ា​ក្នុង​ជម្លោះដីធ្លី​តាំងពី​ឆ្នាំ២០០៨។ គាត់​ក៏​ធ្លាប់​ត្រូវ​បាន​រង​នូវ​អំពើ​ហិ​ង្សា​នានា​ពេលដែល​មាន​ការ​ បង្ក្រាប​របស់​មន្ត្រី​មាន​សមត្ថកិច្ច​និង​កងសន្តិសុខ​ផង​ដែរ។

អ្នកស្រី ​និង​ស្ត្រី​បឹងកក់​ជាង១០នាក់​ផ្សេងទៀត​ ក៏​ធ្លាប់បាន​ត្រូវ​ចាប់ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស មុននឹង​ត្រូវបាន​ដោះលែង​មកវិញ​ក្រោយ​ពេលដែល​សាលា​ឧ​ទ្ធរណ៍​សម្រេច​ដោះលែង​ អ្នកស្រី​និង​ក្រុម​ស្ត្រី​បឹងកក់​ដទៃទៀត​ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។ ក៏ប៉ុន្តែ​ករណី​របស់​អ្នកស្រី​សិ្ថ​ត​នៅ​ក្រោម​ការពិនិត្យ​របស់​តុលាការ​ ដដែល។

អ្នកស្រី​ទេព វ​ន្នី​ស្ថិតក្នុង​ចំណោម​មនុស្ស៦ នាក់​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​អង្គការ​ Vital Voices ជា​រៀងរាល់​ឆ្នាំ​ដោយ​ជ្រើសរើស​ស្រី្ត​លើ​ជុំវិញ​ពិភពលោក​ក្នុងចំណោម​ប្រទេស ​ជាង​១៤៤ ​សម្រាប់​ការ​ក្លាហាន​តស៊ូ​និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី។ ពានរង្វាន់​នេះ​មាន​អ្នកស្រី​ហ៊ីល ឡា​រី​គ្លី​ន​តុ​ន អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អា​មេ​រិក​ជា​អ្នក​ផ្តួ​ច​ ផ្តើមគំនិត​បង្កើត​ឡើង។

មន្ត្រី​ផ្នែក​ទំនាក់​ទំនង​របស់​អង្គការ ​Vital Voices ​គឺ​អ្នកស្រី វី​គី ឡូ​ឡិ​ស (Wiki Loles) បាន​ប្រាប់​វី​អូ​អេ​ខេមរភាសា​តាមរយៈ​សារ​អេ​ឡិក​ត្រូវ​និក ​ឬ ​E-mail​ថា​អ្នកស្រី​ទេព វន្នី​ត្រូវ​បានប្រគល់​ពានរង្វាន់​នេះ​ដោយសារតែ​គាត់​បានបង្ហាញ​ពី​សេចក្តី​ ក្លាហាន ​និង​ការតាំង​ចិត្ត​ក្នុងការ​ចេញមុខ​គាំទ្រ​សិទ្ធិ​របស់​ប្រជាជន​នៅ​តំបន់​ បឹងកក់​ហើយ​អង្គការ​ Vital Voices ​មានការ​កោត​សរសើរ​ដល់​អ្នកស្រី​ដែល​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​ក្នុង​ ការជួយ​ស្វែងរក​នូវ​យុ​ត្តិ​ធម៌​ និង​ការគោរព​សិទ្ធិមនុស្ស។

គេ​សង្កេតឃើញ​មាន​ក្រុម​ស្រី្ត​បឹងកក់​ប្រហែល​ជាង ២០នាក់​ផ្សេងទៀត​បាន​រង់ចាំ​ជូន​ដំណើរ​អ្នកស្រី នៅត្រង់​បរិ​វេណ​ច្រកចេញ​ដំណើរ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោ​ចិន​តុង។ ពួកគេ​ភាគច្រើន​បាន​សម្តែង​នូវ​ការសប្បាយ​ចិត្ត និង​សាមគ្គីភាព​នៅពេលដែល​អ្ន​ក​ស្រី​ទេព វន្នី​ អ្នកតំណាង​របស់​ពួកគេ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​ពានរង្វាន់។

អ្នកស្រី ង៉ែត ឃុន​ អាយុ ៧១ឆ្នាំ ​ជា​អ្នកភូមិ​បឹងកក់​ដែល​បាន​ចូលរួម​ជូន​ដំណើរ​អ្នកស្រី​ទេព វន្នី​បាន​សម្តែង​ការសប្បាយ​ចិត្ត​នៅពេលដែល​អ្នកតំណាងរ​បស់​គាត់​បានទទួល​ ពាន​រង្វាន់ ​ហើយ​រំពឹងទុក​ថា​អ្នកស្រី​ទេព វន្នី​នឹង​នាំយក​នូវ​ការឈឺចាប់​របស់​ក្រុម​សហគមន៍​ក្រីក្រ​របស់គាត់​ ដើម្បីឱ្យ​អន្តរជាតិ​បាន ដឹង​ពីអ្វី​ដែល​បាន​ពួគគាត់​បាន​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​តំបន់​ បឹងកក់។

លោក​ស្រី បាន​បញ្ជាក់​ថា៖

«នៅ​ប្រទេស​គេ​ហ្នឹង​គាត់​នឹង​បាន​សម្តែង​នូវ​ការលំបាក​របស់​សហគមន៍​តាំង ២០០៨ រ​ហូ​ត​មក​ចឹ​ង។ ពិភពលោក​គេ​នឹង​គាំទ្រ​បាន​ជួយ​ដល់​សហគមន៍​បឹងកក់​ហ្នឹង​ជា​ស្ត្រី​បឹងកក់​ ហ្នឹង​ខ្ញុំ​មានការ​ត្រេកអរ​ខ្លាំង»។

លោក អ៊ូ គង់​ជា​ដែល​ត្រូវជា​ប្តី​របស់​អ្នកស្រី​ទេព វន្នី​ដែល​កាលពីមុន​តែងតែ​មិនសូវ​សប្បាយចិត្ត​នៅពេល​ដែល​ឃើញ​ប្រពន្ធ​របស់​ គាត់​ហ៊ាន​ចេញមុខ ​តំណាង​ស្ត្រី​បឹងកក់​ឥឡូវនេះ​បានបង្ហាញ​ពី​ការសប្បាយ​ចិត្ត​និង​ការគាំទ្រ​ ចំពោះ​ប្រពន្ធ​របស់គាត់​ផងដែរ។

លោក​បន្តថា ​ប្រពន្ធ​របស់​គាត់​នឹង​ជួយ​នាំពាក្យ​ប្រជាជន​បឹងកក់​ដែល​រងគ្រោះ​ទៅដល់​សហគមន៍​អន្តរជាតិ។

លោក​អ៊ូ គង់​ជា​បន្ត​ថា៖

«ខ្ញុំ​មានការ​លើកទឹកចិត្ត​គាត់ មានការ​គាំទ្រ​គាត់។ ពេលដែល​គាត់​បានចេញ​ក្រៅ​និយាយ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ភូ​មិ​ទៅដល់​ សហគមន៍​ដើម្បីឱ្យ​គេ​ជួយ​គាំទ្រ​ លើកទឹកចិត្ត ​ដើម្បី​មានការ​ដោះស្រាយ​ដល់​អ្នកភូមិ​ទាំងអស់​ហ្នឹង»។

ប្រធាន​អង្គការ ​លីកាដូ​គឺ​អ្នកស្រី ពុង ឈី​វ​កេក​និយាយ​ថា​ការណ៍​ដែល​អ្នកស្រី​ទេព វន្នី​ត្រូវបាន​ជ្រើសរើស​ហើយ​ប្រគល់​រង្វាន់​នេះ​មាន​សារៈ​សំខាន់​ដោយសារតែ ​វា​នឹង​ក្លាយជា​កម្លាំងចិត្ត​ មួយ​ដល់​ប្រជាពលរដ្ឋ​ដទៃទៀត​ដែល​ធ្លាប់​ចូលរួម​ក្នុង​ការតវ៉ា​នានា​ជាមួយ​ អ្នកស្រី។

«ធ្វើឱ្យ​អ្នក​ឯទៀត​ដែល​ធ្លាប់ធ្វើ​ការតស៊ូ ​ទាមទារ​ជាមួយ​អ្នកស្រី​ទេព វន្នី​មាន​កម្លាំង​ចិត្ត ​ក្នុង​ការតស៊ូ​ដោយ​អហិ​ង្សា ​ទាមទារ​អ្វីដែល​គួរតែ​បាន អ្វីដែល​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ហ្នឹង​ហ៊ាន​ចេញមុខ​ក្លាហាន​តស៊ូ​ទាមទារ​ ការគោរព​សិទ្ធិមនុស្ស ​តស៊ូ​ដោយ​អហិង្សា ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ»។

មុន​ឆ្នាំ ២០០៨ ​មាន​ប្រជាជន​ប្រហែល ​៤២៥០ ​គ្រួសារ​បានរស់នៅ​តំបន់​បឹងកក់​ដែលមាន​ផ្ទៃដី​សរុប ១៣៣ ​ហិក​តា។ ការតវ៉ា​របស់​ប្រជាពលរ​ដ្ឋ ​តំបន់​បឹង​ដ៏​ធំ​ស្ថិត​កណ្តាល​រាជធានី​ភ្នំពេញ​មួយ​នេះ​ចាប់​ផ្តើម​ពេល​ដែល ​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​តំបន់​មួយ​​ឱ្យទៅ​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន​សម្រាប់​អភិ​វ​ឌ្ឍ​ន៍​រយៈពេល ​៩៩​ឆ្នាំ។

គិត​មក​ត្រឹម​ឆ្នាំ ​២០១៣ ​មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​ ៧៩៤គ្រួសារ​ប៉ុ​ណ្នោះ​ដែល​បន្ត​រស់នៅក្នុង​តំបន់​នោះ។ ហើយ​កន្លងមក​រដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ ២០១១ ​យោងតាម​អនុ​ក្រិត្យ​លេខ ១៨៣ បាន​ប្រកាស​កាត់​ដី​ទំហំ ​១២,៤៤ ហិកតា​ឱ្យ​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់​សម្រាប់​ការអភិវឌ្ឍន៍​នៅនឹង​កន្លែង។ ​ក៏ប៉ុន្តែ​បើតាម​សម្តី ​របស់​អ្នកស្រី​ទេព វន្នី ​យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ ៦៤​គ្រួសារ​ទៀត​ដែល​មិនទាន់​ទទួលបាន​ដី​កម្ម​សិទ្ធ។

អ្នកស្រី​បន្ត​ថា៖

«ប្រជាពលរដ្ឋ​បឹងកក់​ហ្នឹង​គឺ​គាត់​ចង់​ទាមទារ​យក​នូវ​យុ​ត្តិ​ធម៌​មកឱ្យ​ ប្រជាពលរដ្ឋ​បឹងកក់​ហ្នឹង។ ពីព្រោះ​ពេល​បង​ទៅ​ហ្នឹង​ប្រជាពលរដ្ឋ​នៅ​បឹងកក់​នេះ​គាត់​ផ្ញើ​សេចក្តី​ ទុក្ខ​ចិត្ត​ធ្វើ​យ៉ាង​មេច​ដើម្បី​ឱ្យគេ​ជួយ​អន្តរ​គម​ន៍​ជួយ​ដក់​ ប្រជាពលរដ្ឋ​បឹងកក់»។

ក្រោយពី​ឡើង​ទទួល​ពានរង្វាន់ ​បើតាម​គម្រោង​អ្នកស្រី​ទេព វន្នី​នឹងធ្វើ​ដំណើរ​ចេញពី​សហរដ្ឋ​អា​មេ​រិក​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ ថ្ងៃទី ៤​ខែមេសា៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan