Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, March 26, 2013

អ្នក​បុរី​កីឡា​ចូល​បោះ​តង់​លើ​ដី​ជម្លោះ​កាន់​តែ​ច្រើន

អ្នក​ភូមិ​នៅ​បុរីកីឡា​ ជួប​ជុំ​គ្នាធ្វើ​សន្និ​សីទ​កាសែត​តវ៉ា​​​ឲ្យ​ក្រុម​ហ៊ុន​និង​អាជ្ញាធរ​ដោះ​ស្រាយ​​ដី​ផ្ទះ​​​។ រូបថត សុភ​ចរិយា
Tuesday, 26 March 2013
ឃុត សុភចរិយា
ភ្នំពេញ​ប៉ុស្តិ៍​


ភ្នំពេញៈ ​ពលរដ្ឋ​ក្រី​ក្រ​នៃ​សហគមន៍​បុរី​កីឡា បាន​នាំ​គ្នា​ចូល​ទៅ​បោះ​តង់​កាន់​តែ​ច្រើន​ឡើង​នៅ​លើ​ទី​តាំង​ដី ដែល​ម្ចាស់​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច​អះអាង​ថា ​បាន​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង បើ​ទោះ​ជា​កង​សន្តិសុខ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​រុះរើ និង​រឹប​អូស​យក​តង់ និង​គំរាម​ចាប់​ខ្លួន​ពួកគេ​ឲ្យ​នគរបាល​ក្តី។
កាលពីថ្ងៃទី១០ ខែ​មីនា​មុន​នេះ មាន​សេចក្ដី​រាយ​ការណ៍​ថា​មាន​តែ​ពលរដ្ឋ​បួន​គ្រួសារ​ប៉ុណ្ណោះ បាន​ព្យាយាម​ចូល​ទៅ​បោះ​តង់​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​នៅ​លើ​ទីតាំង​ដី ដែល​អ្នកស្រី ស៊ុយ សុផាន ​អះ​អាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បាន​លក់​ទៅ​ឲ្យ​ឧកញ៉ា ស៊ី គង់ទ្រីវ ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ​ពី​ក្រុមហ៊ុន​និង​អាជ្ញាធរ​រាជធានី

ប៉ុន្តែ១ថ្ងៃ​ក្រោយ​ពី​កង​សន្តិសុខ​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច រឹប​អូស​យក​ដំបូល​តង់​ស្បៀង​និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ពី​ពួកគេ ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​ចូល​ទៅ​បោះ​តង់​ស្នាក់​នៅ​បន្ថែម​ទៀត ​បច្ចុប្បន្ន បាន​កើន​ឡើង​រហូត​ដល់​៤៥ គ្រួសារ។ក្នុង​កម្មវិធី​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ម្សិល​មិញ អ្នក​ស្រី ស ស៊ន ដែល​ទៅ​បោះ​តង់​មុន​គេ​បង្អស់ នៅ​លើទី​តាំង​ដី​នោះ បាន​ច្រាន​ចោល​នូវ​ការ​ចោទ​របស់​អ្នក​ស្រី ស៊ុយ ​សុផាន ដែល​ថា​ពួក​គាត់​ទន្ទ្រាន​ចូល​កាន់​កាប់​«រំលោភ​លើ​សិទ្ធិ​របស់​ម្ចាស់​ កម្មសិទ្ធិ​ករ​ថ្មី» ហើយគំរាម​ពួក​គាត់​ថា​ អាច​នឹង​ប្រឈម​នឹង​ការប្ដឹង​ឡើង​តុលាការ​ពី​ម្ចាស់​កម្មសិទ្ធិ​ករ​ថ្មី​នោះ។
អ្នក​ស្រី​ថ្លែង​ថា៖​«យើង​នឹង​មិន​ចាក​ចេញ​ពី​ទី​នេះ រហូត​ដល់​មាន​ដំណោះ​ស្រាយ។ ទី​នេះ​ជា​ទី​តាំង​ដី​ចាស់​របស់​ខ្ញុំ ដែល​ក្រុមហ៊ុន​ឈូស​កម្ទេច​ផ្ទះ​ខ្ញុំ​កាល​ពី​ដើម​ឆ្នាំ​មុន ដោយ​គ្មាន​សំណង»

ជា​មួយ​គ្នា​នោះ អ្នក​ស្រី ស៊ូ អ៊ីម បន្ទរ​ថា«យើង​មិន​ខ្វល់​ថា​គាត់ [អ្នក​ស្រី​ ស៊ុយ​ សុ​ផាន]​ លក់ ឬ ផ្ទេរ​កម្ម​សិទ្ធិទី​តាំង​ដី​មួយ​កន្លែង​នេះ​ទៅ​ឲ្យ​អ្នក​ណា​ទេ ​យើង​គ្រាន់​តែ​ចាំថា គាត់​ឈូស​ឆាយ​កម្ទេ​ច​ផ្ទះ​និង​រឹប​អូស​យក​ដី​របស់​ពួក​យើង ដោយ​គ្មាន​សំណង»

អ្នកស្រី សេង គន្ធា អាយុ​៣៦ ឆ្នាំ ដែល​អះអាង​ថា បាន​រស់​នៅ​ក្នុង​តំបន់​បុរីកីឡា ពី​ឆ្នាំ​១៩៩៥ បាន​លើក​បង្ហាញ​ឯកសារ​ជា​ច្រើន រួម​មាន ​ប័ណ្ណស្នាក់នៅ អង្កេត ប័ណ្ណសមាជិក​សហគមន៍ ប័ណ្ណ​បោះឆ្នោត និង​ឯកសារ​មួយ​ចំនួន​ទៀត។ អ្នក​ស្រី​និយាយ​ទាំង​ទឹក​ភ្នែក​ថា៖ «ខ្ញុំ​មិន​ចង់​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បែប​នេះ​ទេ ខ្ញុំ​ចង់​ឲ្យ​ក្រុម​ហ៊ុន និង​អាជ្ញាធរ​ដោះ​ស្រាយ​ផ្ដល់​ទី​ជម្រក​ស្នាក់​នៅ​ឲ្យ​សមរម្យ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចេញ​ប្រកប​មុខ​របរ​ផ្គត់ផ្គង់​ការ​រៀន​សូត្រ កូនៗ​របស់​យើង​ខ្ញុំ»

អ្នកស្រីប្រាប់ទៀតថា មេ​ក្រុម​សន្តិ​សុខ​ម្នាក់ ដែល​មាន​ឈ្មោះ សារី តែង​តែ​ដើរ​កាត់​ជំ​រំបោះ​តង់​ថ្មី ​លើ​ដី​ចាស់​ពួក​គាត់​ បាន​គំរាម​ពួក​គាត់​ថា​ បើ​ពួក​គាត់​មិន​ព្រម​រុះរើ និង​ដើរ​ចេញ​ពី​ទី​តាំង​នេះ​ទេ ថ្ងៃ​ណា​មួយ​ បើ​មាន​អ្នក​ណា​មក​ពី​ខាង​ក្រៅ«ចូល​អារក​សម្លាប់ ឬ ជះ​ទឹក​អាស៊ីត​លើ កុំ​បន្ទោស​ក្រុមហ៊ុន។ ដែល​នេះ​ជា​សម្តី​គំរាម​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​យើង​ខ្ញុំ»

កាល​ពី​ម្សិល ​មិញ គេ​មិន​ឃើញ​វត្តមាន​របស់​ក្រុម​សន្តិ​សុខ ក្រុមហ៊ុន​រារាំង ​សកម្មភាព​អ្នក​ភូមិ​ទាំង​នេះ​ឡើយ ហើយ​ក៏​មិន​អាច​ទំនាក់​ទំនង​​សុំ​ការ​បំភ្លឺ​ពី​មេ​ក្រុម​សន្តិសុខ ដែល​អ្នក​ភូមិ​​លើក​ឡើង​នោះ​ទេ។ ចំណែក​ឯ​អ្នក​ស្រី​ ស៊ុយ សុផាន​ ក៏​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​ករណី​នេះ​បាន​ដែរ​កាល ​ពី​ម្សិលមិញ ដោយ​អ្នក​ស្រី ជាប់​រវល់​ចុះ​តាម​ខេត្ត។

លោក ណើប លី ប្រធាន​កម្ម​វិធី​ពង្រឹង​អំណាច​សហគមន៍ នៃ​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​បេសកកម្ម​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​ប្រាប់​ថា នេះ​ជា​ពេល​មួយ ដែល​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​រាជធានី​ត្រូវ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ។

លោកបន្តថា៖«ការ ​ចូលបោះតង់​ស្នាក់​នៅ​សា​ជា​ថ្មី​លើ​ដី​ចាស់​នេះ គឺ​បង្ហាញ​ថា ពួកគាត់​មិន​ចង់​ឲ្យ​មាន​ការ​អូស​បន្លាយ​ដំណោះ​ស្រាយ​តទៅ​ទៀត​ទេ ដូច្នេះ​ទាំង​ក្រុមហ៊ុន​និង​អាជ្ញាធរ​ចាំ​បាច់​ត្រូវ​តែ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់»

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan