Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, March 31, 2013

បទ​វិភាគ៖ តើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ល្អ​ឬ​ជា​មេ​គ្រួសារ​ល្អ?

ហ៊ើ..ហ៊ើ..អាវ៉ាវាឡើងបុណ្យដោយសាបាវ៉ាក់
ដោយ ជុន ច័ន្ទបុត្រ
2013-03-31 RFA

នៅ​មុន​រដូវ​បោះ​ឆ្នោត​ម្តងៗ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​មាន​ប្រសាសន៍​រំលឹក​ដាស់​តឿន​ប្រជាពលរដ្ឋ ថា​អោយ​បោះ​ឆ្នោត​អោយ​លោក និង​គណបក្ស​របស់​លោក​ទៀត ដើម្បី​អោយ​លោក​មាន​ឱកាស​នឹង​បន្ត​ផ្ដល់​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ។ មាន​ពេល​ខ្លះ លោក​ថែម​ទាំង​មាន​ប្រសាសន៍​ថា កម្ពុជា​អាច​​វឹកវរ​លែង​មាន​ស្ថិរភាព​ទៀត​ផង​បើ​អត់​ពី​លោក​ទៅ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ។ ទន្ទឹម​នឹង​ការ​ដឹកនាំ​ប្រទេស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ជា​មេដឹកនាំ​គ្រួសារ​មួយ​ដែល​មាន​បុត្រា​បុត្រី​ចំនួន ៦​នាក់។
បើ​និយាយ​អំពី​គុណ​សម្បត្តិ និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​គ្រួសារ​វិញ លោក ហ៊ុន សែន អាច​ចាត់​ទុក​ថា ជា​បិតា​ដ៏​គំរូ​មួយ​រូប​ដែល​ពូកែ​អប់រំ​បុត្រ​ធីតា​របស់​លោក​អោយ​ខិតខំ​រៀន ​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា​ដើម្បី​អាច​មាន​សមត្ថភាព​ឈរ​ជើង​ពីរ​ខ្លួន​ឯង​បាន។ លោក​បាន​ផ្ចុងផ្តើម​បុត្រាបុត្រី​របស់​លោក​អោយ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ ស្ទើរ​ផុត​កំពូល។
លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​សាលា​យោធា​ដ៏​ល្បី​ឈ្មោះ​​មួយ​នៅ​ សហរដ្ឋអាមេរិក រួច​លោក​បាន​ទៅ​បន្ត​យក​ថ្នាក់​បណ្ឌិត​ទៀត​នៅ​ប្រទេស​អង់គ្លេស។ រី​ឯ​កូន​ប្រុស​បន្ទាប់​ពីរ​នាក់​ទៀត គឺ​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ានិត សុទ្ធ​តែ​បាន​ទទួល​ការ​អប់រំ​ថ្នាក់​អនុ​បណ្ឌិត​នៅ​ប្រទេស​លោក​ខាង​​លិច  និង​ប្រទេស​ចំរើន​ជឿន​លឿន​នានា មាន​ប្រទេស​បារាំង អាមេរិក និង​អូស្ត្រាលី ជាដើម។

បុត្រី ៣​រូប​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ចាញ់​បង​ប្អូន​ប្រុស​របស់​គាត់​ទាំង​បី​នាក់​ទៀត​ដែរ។ ម្នាក់ៗ​សុទ្ធ​តែ​មាន​ចំណេះ​វិជ្ជា មាន​មុខ​របរ និង​តួនាទី​ធំ ដែល​មនុស្ស​ភាគ​ច្រើន​ស្រមៃ​ចង់​បាន។ ក្នុង​ការ​ទុក​ដាក់​គូស្រករ​វិញ លោក ហ៊ុន សែន ក៏​ពិនិត្យ​ជ្រើសរើស​យក​កូនប្រសា​ចេញ​ពី​ពូជ​អំបូរ​អ្នក​មាន​ឋានៈ​ក្នុង​ សង្គម​ខ្ពង់ខ្ពស់​ណាស់ មិន​មែន​អោយ​ទៅ​យក​កូន​អ្នក​ក្រីក្រ​ស្រុក​ស្រែ​ចម្ការ​នោះ​ទេ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់ សុទ្ធ​តែ​ជា​ការ​ខំ​ធានា​អោយ​បាន​ថា កូន​ចៅ​របស់​លោក​មាន​លំនឹង​ទៅ​ថ្ងៃ​អនាគត។
ទោះ​ជា​ផ្ចុងផ្ដើម​បុត្រា​បុត្រី​អោយ​មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ មាន​ទ្រព្យ​សម្បត្តិ មាន​អំណាច​បង្គួរ​ហើយ​ក្ដី នៅ​ពេល​ដែល​លោក​មាន​វ័យ​កាន់​តែ​ជ្រេ​នេះ លោក​បាន​ចាប់​ផ្ដើម​​ស្វែង​រក​អំណាច​ធំ​ជាង​នេះ​ដល់​កូន​របស់​លោក ទាំង​កូនប្រសា និង​កូន​បង្កើត។ លោក ហ៊ុន ម៉ានី កូន​ប្រុស​បង្កើត​របស់​លោក​នឹង​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ឯ​លោក ឌី វិជ្ជា កូន​ប្រុស​របស់​លោក ហុក ឡង់ឌី និង​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន នឹង​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ​នេះ។
ជា​ការ​ពិត​ណាស់ កូន​ចៅ​ទាំង​ឡាយ​របស់​លោក ហ៊ុន សែន ប្រសិន​បើ​អត់​ពី​លោក​ទៅ ក៏​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ស្ថិរភាព​ និង​លំនឹង​ក្នុង​ជីវិត​ក្នុង​ការ​រស់​នៅ​បាន​ដោយ​ខ្លួន​ឯង។ ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​ពី​ការ​ខិតខំ​យ៉ាង​អស់​សមត្ថភាព​របស់​ឪពុក។
តើ​យុវជន​ណា​ដែល​មិន​ស្រមៃ​ចង់​បាន​ឪពុក​ដែល​ចេះ​ទំនុក​បម្រុង​កូន​ចៅ​ អោយ​មាន​ស្ថិរភាព និង​ឯករាជ្យ​ក្នុង​ជីវិត​ដូច​លោក ហ៊ុន សែន នោះ? យុវជន​ខ្លះ ទោះ​ជា​មិន​មាន​សំណាង​បាន​កើត​ជា​កូន​លោក ហ៊ុន សែន ក៏​ដោយ​ចុះ គ្រាន់​តែ​បាន​លោក​ចែក​អាវ​ទាហាន​អោយ​ដើរ​ទៅ​វាស់​ដី​ដែល​សល់​​ពី​ចិន​ វិនិយោគ រាប់​ថា​មាន​វាសនា​ខ្ពស់​ណាស់​ទៅ​ហើយ។
បើ​និយាយ​ពី​គុណ​សម្បត្តិ និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​វិញ លោក ហ៊ុន សែន ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​បុរស​ខ្លាំង​មួយ​រូប​នៅ​លើ​ពិភពលោក​នេះ។ ក្នុង​ការ​បោះ​ឆ្នោត​បី​អាណត្តិ​កន្លង​ទៅ​នេះ លោក​ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​រហូត។ បើ​ទុកជា​លោក​ចាញ់​ឆ្នោត​កាល​ពី​អាណត្តិ​ទី​មួយ​ក្ដី ក៏​លោក​នៅ​តែ​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទីពីរ រួច​បណ្ដេញ​នាយករដ្ឋមន្ត្រី​ទី​មួយ​ដែល​ឈ្នះ​ឆ្នោត​ចេញ​ពី​តំណែង​បាន​ដែរ។
ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋអាមេរិក ក្រោម​ចំណង​ជើង​ថា «កម្ពុជា ការ​សម្របសម្រួល​ឬ​អស្ថិរភាព» រក​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​ដោយ​យក​តាម​ប្រព័ន្ធ​មួយ​ដែល​គេ​អោយ​ឈ្មោះ​ថា ទំនាក់ទំនង​រវាង​អ្នក​ឧបត្ថម្ភ និង​អ្នក​ពឹង​ពាក់ ឬ​ជា​ភាសា​អង់គ្លេស​ថា Patron-Client Relationship។
ប្រព័ន្ធ​ដឹកនាំ​នេះ​មាន​ន័យ​ថា អ្នក​កាន់​អំណាច​ដើរ​តួ​ជា​អ្នក​ឧបត្ថម្ភ​ទៅ​លើ​អ្នក​ដែល​ស្វែង​រក​ ប្រយោជន៍។ ប្រយោជន៍​ទាំង​នេះ​រួម​មាន អំណាច បុណ្យស័ក្ត ឬ​គោរមងារ​ផ្សេងៗ ឱកាស​ការងារ ប្រាក់កាស ឬ​ទ្រព្យ​សម្ភារៈ​ជាដើម។ អ្នក​ដែល​បាន​ប្រយោជន៍​ពី​ការ​ឧបត្ថម្ភ​ទាំង​នេះ ត្រូវ​តែ​ស្មោះស្ម័គ្រ​នឹង​អ្នក​ឧបត្ថម្ភ​វិញ។ ស្មោះស្ម័គ្រ​កាន់​តែ​ខ្លាំង ទទួល​ផល​ប្រយោជន៍​កាន់​តែ​ច្រើន។ ឯកសារ​បញ្ជាក់​ថា គឺ​ដោយ​ការ​ដឹកនាំ​តាម​ប្រព័ន្ធ​នេះ​ហើយ បាន​ជា​គណបក្ស​ប្រជាជន​កម្ពុជា អាច​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​បុគ្គល និង​ស្ថាប័ន​ជាតិ​ទាំង​មូល​បាន ដោយ​មិន​អាច​អោយ​មាន​ឯករាជ្យ​ឈរ​ដោយ​ខ្លួន​ឯង​បាន។
ខុស​ពី​ការ​ដឹកនាំ​គ្រួសារ​កូន​ចៅ​ខ្លួន​អោយ​រឹង​មាំ ស្ថាប័ន​សំខាន់​ទាំង​អស់​នៅ​ក្នុង​ប្រទេស មាន​ស្ថាប័ន​តុលាការ យោធា នគរបាល ជាដើម ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ស្ថាប័ន​ដែល​មិន​ឯករាជ្យ ហើយ​ចាំបាច់​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​លោក ហ៊ុន សែន ទាំង​អស់។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យ ក៏​គេ​ឯង​តែង​ចោទ​ថា ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ដែរ។
មិន​មែន​តែ​ស្ថាប័ន​ជាតិ​ធំៗ សូម្បី​តែ​ការ​អភិវឌ្ឍ​នៅ​តាម​ទី​ជនបទ​នានា ក៏​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​លោក ហ៊ុន សែន ទាំង​ស្រុង។ ទី​ដែល​លោក ហ៊ុន សែន បាន​ទៅ​ដល់ បើ​សុំ​សាលា​មួយ​ខ្នង ជួន​កាល​លោក​ផ្ដល់​ជូន​ពីរ សុំ​ប្រឡាយ​ទឹក​មួយ​ខ្សែ លោក​បន្ថែម​ជូន​មួយ​ខ្សែ​ទៀត​លើស​សំណូម​ពរ។ ជាមួយ​នឹង​ទឹក​ចិត្ត​សប្បុរស​នេះ លោក​តែង​អំពាវនាវ​ថា ត្រូវ​បោះ​ឆ្នោត​ជូន​គាត់​ទើប​បាន​ទទួល​សាលារៀន ឬ​ប្រឡាយ​ទឹក​សម្រាប់​ធ្វើ​ស្រែ​នេះ​ទៀត។
ប្រហែល​ជា​លោក ហ៊ុន សែន ទទួល​ស្គាល់​ថា អ្វីៗ​ទាំង​អស់​មិន​ឯករាជ្យ ហើយ​ត្រូវ​ពឹង​តែ​ផ្អែក​លើ​លោក​ហើយ បាន​ជា​លោក​តែង​តែ​ពោល​ថា អត់​ពី​លោក​ទៅ​ស្រុក​ទេស​អាច​មិន​មាន​ស្ថិរភាព​បាន​នោះ។
ប្រសិន​បើ​អ្វី​ដែល​លោក ហ៊ុន សែន មាន​ប្រសាសន៍​នោះ ជា​ការ​ពិត​មែន លោក​ប្រហែល​ជា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការពង្រឹង​ក្រុម​គ្រួសារ​របស់​លោក ជាង​ការ​ដឹកនាំ​ប្រទេស​ជាតិ​អោយ​រឹងមាំ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​ទៅ​លើ​រូប​លោក​តែ​ម្នាក់ឯង​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan