អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម លោក អៀង សារី អាយុ ៨៧ ឆ្នាំ ទទួល​អនិច្ចកម្ម​នៅ​ម៉ោង​ ៨ និង​ ៤៥​ នាទី​ ព្រឹក​មិញ​នេះ​ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី។ នេះបើ​យោង​តាម​លោក​ គឹម​ គុណវឌ្ឍន៍​ អគ្គនាយ​ក​ ទូរទស្សន៍​ជាតិ​​កម្ពុជា​ ដែល​បាន​សរសេរ​នៅ​លើ​ Facebook នៅ​មុន​នេះ​​បន្តិច។
Status របស់​លោក​ គឹម​ គុណវឌ្ឍន៍​ សរសេរ​លើ​Facebook បញ្ជាក់​ថា ​លោក អៀង សារី​ស្លាប់
លោក​ គឹម​ គុណវឌ្ឍន៍​ បាន​សរសេរ​ទៀត​ថា​ ព្រះរាជ​អាជ្ញា​សា​លាក្តី​ខ្មែរ​ក្រហម​ កំពុង​ពិនិត្យ​សាក​សព​លោក​ អៀង​ សារី។​​
​ ​ស្ថិត​ក្នុង​វ័យ៨៧ ឆ្នាំ លោក អៀង សារី ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរពេទ្យ​រុស្ស៊ី ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៣​។ ចាប់តាំងពី​ពេលនោះ លោក​អៀង​សារី មិន​អាច​ទទួល​ទាន​អាហារ​បានឡើយ។
លោក អៀង សារី នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម នា​ពេល​កន្លង​មក​
ឯកសារ​សាលាក្តី​ខ្មែរក្រហម បង្ហាញថា៖
​@: លោក អៀង សារី គឺ​ជា​អតីត​សិស្ស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​ក្រុង​ភ្នំពេញ​។
​@: លោក បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ឯ​វិទ្យាល័យ​កុងដ័​រសេ និង​នៅ​វិទ្យាស្ថាន​សិក្សា នយោបាយ ក្រុង​ប៉ារីស ប្រទេស​បារាំង​។
​@: លោក ​អៀង ​សារី ​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្តបារាំង​ក្នុង​ឆ្នាំ​១៩៥១​។
​@: លោក អៀង សារី ត្រូវបាន​គេ​ជឿថា បាន​ចូលរួម​ជាមួយ​លោក ខៀវ សំផន ក្នុង​ការបង្កើត​ចលនាម៉ាក្ស​ស៊ីស ក្នុង​ស្រទាប់​និស្សិត​កម្ពុជានៅ​ប្រទេស​បារាំង​។
​@: ​ បន្ទាប់​ពី​ត្រឡប់​ មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​១៩៥៧ លោក អៀង សារី បាន​ក្លាយ​ជា​គ្រូបង្រៀន ប្រវត្តិវិទ្យានៅ​វិទ្យាល័យ​ស៊ីសុវត្ថិ និង​ជា​សមាជិក​សកម្ម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា​។
​@: លោក អៀង សារី បាន​រត់​ចូល​ព្រៃដើម្បី​ចូលរួម​ជាមួយ​ចលនា​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣​។ ក្នុងអំឡុង​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ​១៩៧១-១៩៧៥ លោក​បាន​ចូលរួម​ជាមួយ​​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា និង​ជា​បេសកជន​ពិសេស របស់​រណសិរ្ស​រួបរួម​ជាតិខ្មែរ​។
​@: ពេល​ដែល​ខ្មែរក្រហម​ឡើង​កាន់​អំណាច នៅ​ឆ្នាំ​១៩៧៥ លោក អៀង សារី ក៏​បាន​ក្លាយ​ទៅជា​ឧបនាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​បរទេស​។
​@: លោក ​អៀង ​សារី បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ នៅ​ពេល​ដែល​របប​ខ្មែរក្រហម ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩។ លោក អៀង សារី ត្រូវបាន​កាត់ទោស​កំបាំង​មុខ​ពី​បទ​ប្រល័យពូជសាសន៍ និង​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិតដោយ​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជានៅ​ ភ្នំពេញ​។
​@: លោក អៀង សារី បាន​បន្ត​តួនាទី​របស់​ខ្លួនក្នុង​រដ្ឋាភិបាល​និរទេស ប៉ុន្តែ​បាន​ផ្ទេរ​មុខតំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស ទៅ​ឲ្យ​លោក ខៀវ សំផន បន្ទាប់​ពី​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​ឆ្នាំ​១៩៨២​។
​@: ​លោក អៀង សារី បាន​ចាកចេញ​ពី​ចលនា​ខ្មែរ​ក្រហមជាមួយនឹង​កងកម្លាំង​យោធា​រាប់ពាន់នាក់ នៅ​ខែ​សីហា ឆ្នាំ​១៩៩៦ ជា​ថ្នូរ​នឹង​ព្រះរាជក្រឹត្យ​លើកលែងទោ​សចំពោះ​សាលក្រម ឆ្នាំ​១៩៧៩ និង​ការលើកលែងទោស​ពី​សំណាក់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ  ពី​ការកាត់ទោស​ក្រោម​ច្បាប់​ដាក់​ខ្មែរក្រហម នៅ​ក្រៅច្បាប់ ក្នុង​ឆ្នាំ​១៩៩៤​។​
​​@:លោក អៀង សារី មាន​មុខតំណែង​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​មជ្ឈិ​មនៃ​បក្សកុម្មុយនីស្តកម្ពុជា​។​
​@: លោក អៀង សារី មានឈ្មោះ​ក្រៅ​ហៅ វ៉ាន់ កើត​នៅ​ថ្ងៃ ២៤ ខែតុលា ឆ្នាំ​១៩២៥ នៅ​ភូមិ​លឿង​វ៉ា ខេត្ត​ត្រា​វី​ញ ( ទឹកដី​កម្ពុជា​ក្រោម សព្វថ្ងៃ​ជា​វៀតណាម​ខាងត្បូង )​។
​@: លោក អៀង សារី ត្រូវបាន​ចាប់ខ្លួននៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៧ ដោយ​ត្រូវ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ជំនុំជម្រះ​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​​​ឆ្នាំ​ ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យ​ពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក សាសនា ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ និង​មាន​ចែង​​និង​ផ្តន្ទាទោស តាម​មាត្រា ៣ ​(ថ្មី) មាត្រា​៤, ៥, ៦, ២៩(​​ថ្មី) និង​មាត្រា​៣៩(​​ថ្មី) នៃ​ច្បាប់​ស្តីពី​ការបង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០០៤​។​
​@: លោក អៀង សារី ត្រូវបាន​នាំ​ខ្លួនមក​ចូលរួម​សវនាការ​សាធារណៈ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​ សាលាដំបូង ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក នួន​ជា និង​លោក ខៀវ​ សំផន ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១​។​
​ លោក អៀង សារី ត្រូវបាន​ចោទប្រកាន់​ថា មាន​ការទទួលខុសត្រូវ តាមរយៈ​ការធ្វើ សកម្មភាព ឬ​បរាជ័យ ក្នុង​ការទប់ស្កាត់ ( រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​តាមរយៈ​ឧស្សាហកម្ម​ ឧក្រិដ្ឋកម្ម​រួម ) បញ្ជា​ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត ដោយ​ការជួយ ឬ​ជំរុញ ឬ​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួលខុសត្រូវក្នុងនាម​ជា​អ្នកដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម ដូចខាងក្រោម ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩​។​
បទ​ចោទប្រកាន់​លោក អៀង សារី រួមមាន​៖
- ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​៖ មនុស្សឃាត ការសម្លាប់​ផ្តាច់​ពូជ ការ​ដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​។​
-​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​៖ ការសម្លាប់​ក្រុម​ជនជាតិ​វៀតណាម និង​ចាម​។​
- ​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែ​វ ឆ្នាំ​១៩៤៩៖ មនុស្សឃាត ​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម​ ឬ​ការប្រព្រឹត្ត​អមនុស្សធម៌ ការបង្កដោយ​ចេតនា​ឲ្យមាន​របួស​ធ្ងន់ធ្ងរ​ ឬ​ឲ្យ​មានការ​ឈឺចាប់​ដល់​រូបរាងកាយ​ ឬ​សុខភាព ការដកហូតដោយ​ចេតនា​ពី​ឈ្លើយសឹក​ ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួលបាន​ការកាត់ក្តី ដោយ​យុត្តិធម៌ ការ​បង្ខាំង និង​ការ​និរទេស​ជន​ស៊ីវិល​ដោយ​ខុសច្បាប់​។​
-​អំពើ​មនុស្សឃាត​៖ ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដូច​មានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦​៕​
អត្ថបទ ៖ មៃ សុខលីម
រូបភាព ៖ AP