ភាពស្និទ្ធស្នាលពេលខ្លះ បានធ្វើឲ្យភាគីម្ខាងទៀត មានការយល់ច្រឡំ ថា អ្នកកំពុងបង្ហាញក្ដីស្រលាញ់មក លើ ខ្លួនរហូតដល់មានប្រតិកម្មតបវិញ ទើបដឹងការពិត។ តើអ្នកធ្លាប់យល់ច្រឡំ ថា គេស្រលាញ់ ដែរឬទេ?
យុវជន ចំរើន និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង
ខ្ញុំធ្លាប់ម្ដងដែរបង កាលណោះរៀននៅសាលាជាមួយគ្នា ឃើញគេឧស្សាហ៍ញញឹមដាក់ និយាយរួសរាយរាក់ទាក់ណាស់ ពិសេសឃើញគេស្អាតទៀត ក៏ច្រឡំតែម្ដង។ ពេលប្រាប់គេទៅ ទើបដឹងថា គេត្រឹមរ៉ាប់អានយើងជាមិត្តសោះ។
យុវជន សន សុភ័ក្ត្រ និស្សិតនៅ សាកលវិទ្យាល័យ ន័រតុន
ខ្ញុំវិញធ្លាប់ជួបញឹកញាប់ណាស់បងអើយ។ ខុសពីកាលទើបកំលោះ ប្រុសស្រីនៅតាមខេត្ត មិនសូវនិយាយគ្នាទេ ហើយបើនិយាយបែបស្និទ្ធស្នាលវិញ គឺទាល់តែដឹងថាស្រលាញ់ គ្នា។ ប៉ុន្តែស្រីខ្លះមានសង្សារហើយនៅញញឹមដាក់យើងទៀត ពិសេសអ្នកនៅភ្នំពេញតែម្ដង ធ្វើឲ្យខ្ញុំលង់ បាក់ចិត្ត ស្មានថាគេស្រលាញ់យើង ដឹងអីគេមានម្ចាស់បាត់ទៅហើយ។
យុវជន ហ៊ុន ម៉េងហុង និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យធនធានមនុស្ស
កាលពីនៅសាកលវិទ្យាល័យ ខ្ញុំមានមិត្តភ័ក្ដិស្រីម្នាក់ តែងបបួលខ្ញុំញ៉ាំអី។ ជួនកាលពេលទៅញ៉ាំអី ជួនគេពឹង ឲ្យជូនដើរលេង រហូតដល់ខ្ញុំបាក់ចិត្តស្រលាញ់នាងមែនទែន។ ពិសេសពេលមិត្តភក្តិបានឃើញម្ដងៗ យើងហាក់ដូចជាស្និទ្ធស្នាលណាស់ តែដល់ពេលនិយាយប្រាប់ការពិត គេថា អាចរាប់អានបានត្រឹមមិត្តភ័ក្ដិធម្មតាទេ! ដល់អីចឹងទៅ ខ្មាសគេដែរហ្នឹងបង!
យុវជន សីហា រស់នៅម្ដុំរង្វង់មូលទួលគោក
ធ្លាប់ដែរ តាមការ Chat តាមហ្វេសប៊ុគ។ ខ្ញុំសរសេរអ្វីក៏គេតប សួរនាំគ្នា ចុះឡើងៗ ខ្ញុំណាត់គេ មកក្រៅញ៉ាំអី គេថែមទាំងឲ្យលេខទូរសព្ទទៀត គឺមានជំនឿ១០០ភាគរយតែម្ដង ថាគេក៏មានចិត្តលើយើង តែមានអី គ្រាន់ប្រាប់គេថាស្រលាញ់ភ្លាម គេឈប់ទាក់ទងជាមួយខ្ញុំ រហូតដល់ថ្ងៃនេះ៕
ចុះអ្នកវិញធ្លាប់អីចឹងដែរអត់?
អត្ថបទ៖កង ចាន់បញ្ញា
0 comments:
Post a Comment