Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, March 13, 2013

ខុមហ្វ្រែល៖ កម្ពុជាមិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យពិតប្រាកដ

ហ៊ុនសែន និង បរិវារ

សង្គមស៊ីវិលរកឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែមានភាពផុយស្រួយ និងដើរថយក្រោយ។ គណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) នៅខែមីនា នេះ ចេញរបាយការណ៍លំអិតមួយមានចំណងជើងថា "កំណែទម្រង់ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១២"។

ដោយ វណ្ណ វិចារ
2013-03-13

របាយការណ៍នេះបង្ហាញថា គណបក្ស កាន់អំណាច ព្យាយាម ប្រើប្រាស់ មធ្យោបាយ ជាច្រើន ដើម្បី ក្តោបក្តាប់ អំណាច ផ្តាច់មុខ ដែល រារាំង ដល់ ដំណើរ ការ អភិវឌ្ឍ លទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា

ក្នុងរបាយការណ៍កម្រាស់ជាង ៥០ទំព័រ ស្ដីពីការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១២ ចេញផ្សាយដោយអង្គការខុមហ្វ្រែល នៅខែមីនា បញ្ជាក់ថា កម្ពុជា សព្វថ្ងៃមិនមែនជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ។ ខុមហ្វ្រែល លើកយកករណីសិក្សាលើចំណុចមួយចំនួន ដូចជា ឃ្លាំមើលអភិបាលកិច្ច ឃ្លាំមើលរដ្ឋសភា ឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ ឃ្លាំមើលការបោះឆ្នោត និងឃ្លាំមើលសមភាពយេនឌ័រ។


នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា របាយការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងឲ្យរាជរដ្ឋាភិបាលពិចារណាក្នុងការធ្វើកំណែទម្រង់ចាំបាច់នានា ដើម្បីធានាឲ្យមានការគោរពច្បាប់ ដោយបែងចែកអំណាចរបស់ស្ថាប័នកំពូលទាំងបី មានរដ្ឋសភា តុលាការ និងរដ្ឋាភិបាល ឲ្យឯករាជ្យពីគ្នា។ លោកបន្តថា រាជរដ្ឋាភិបាលក៏បានចាត់ការរឹតបន្តឹងសេរីភាពបញ្ចេញមតិ តាមរយៈប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាត់ការចំពោះមេបក្សប្រឆាំង លោក សម រង្ស៉ី និងប្រធានវិទ្យុសំបុកឃុំ លោក ម៉ម សូណង់ដូ ជាដើម។

លោកបញ្ជាក់ថា បើសិនជាមិនមានការកែលំអចំណុចខ្វះខាតទាំងនោះទេ វានឹងបង្កឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣ ទៀតផង៖ «យើងព្រួយបារម្ភថា ដំណើរការហ្នឹង ជាប្រជាធិបតេយ្យផុយស្រួយ។ កម្ពុជា អាចត្រឡប់ទៅនឹងប្រទេសមួយមានបក្សតែមួយ បានន័យថា អព្យាក្រឹតភាពកងកម្លាំងខេមរភូមិន្ទ នគរបាលមន្ត្រីតុលាការ ដែលមានពាក់ព័ន្ធក្នុងការបោះឆ្នោតហ្នឹង ធ្វើម៉េចឲ្យអព្យាក្រឹត្យ ត្រូវរៀបចំធ្វើម៉េចឲ្យការបោះឆ្នោតប្រកបដោយតម្លាភាព»

លោក គល់ បញ្ញា បន្តថា សង្គមស៊ីវិលនៅតែមានការព្រួយបារម្ភថា គណបក្សកាន់អំណាចអាចនឹងនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានការគ្រប់គ្រងដោយគណបក្សតែមួយ ប្រសិនណាមិនមានការកែទម្រង់ណាមួយនោះ។

ខុមហ្វ្រែល ក៏បានបង្ហាញថា រាជរដ្ឋាភិបាលអនុវត្តន៍ការងារមិនទាន់មានតម្លាភាព និងអភិបាលកិច្ចល្អនោះទេ ដោយគម្រោងការទាំងឡាយរបស់រាជការ ភាគច្រើនស្ថិតនៅជាអាថ៌កំបាំង ហើយទំនងជាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ រីឯប្រព័ន្ធការប្រកួតប្រជែងក្នុងការឃោសនាបោះឆ្នោតវិញ គណបក្សកាន់អំណាចបានចាយប្រាក់លើសលប់ ដើម្បីឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២។ ក្នុងនោះគេរកឃើញថា គណបក្សប្រជាជនចំណាយប្រាក់ឃោសនាក្នុងមួយឃុំជិត ១ម៉ឺនដុល្លារ បើធៀបនឹងបក្សប្រឆាំងដែលចាយប្រាក់ជាង ១ពាន់ដុល្លារ ហើយគណបក្សផ្សេងទៀតចំណាយប្រាក់ឃោសនាអស់ក្រោម ១ពាន់ដុល្លារ។

របាយការណ៍ក៏បានគូសបញ្ជាក់ថា គណបក្សប្រជាជនកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយកាសែត វិទ្យុ ទូរទស្សន៍ ច្រើនលើសលប់ និងមានកម្លាំងផ្សាយខ្លាំងក្លាបើធៀបនឹងសារព័ត៌មានឯករាជ្យ និងសារព័ត៌មានដែលមាននិន្នាការគាំទ្រគណបក្សជំទាស់។ ហើយគណបក្សកាន់អំណាច ក៏បំភិតបំភ័យសារព័ត៌មានឯករាជ្យមួយចំនួន តាមរយៈមធ្យោបាយព្រមាន ឬហាមឃាត់មិនឲ្យវិទ្យុក្នុងស្រុកផ្សាយបន្តទៀតផង។ ចំណែកឯស្ថាប័នរដ្ឋសភាវិញ ក៏ត្រូវបានគេរកឃើញថា ស្ថិតក្រោមឥទ្ធិពលរបស់ប្រមុខរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ហើយតំណាងរាស្ត្រគណបក្សជំទាស់ ក៏ត្រូវគណបក្សកាន់អំណាចទាត់ចោលរាល់សំណូមពរ ដើម្បីអភិវឌ្ឍន៍ជាតិដែរ។

ទន្ទឹមនឹងនេះ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា ពលរដ្ឋកម្ពុជា កំពុងរងនូវការគំរាមកំហែងគ្រប់បែបយ៉ាង ទាំងផ្នែកបញ្ចេញមតិ ការរំលោភបំពានដីធ្លី និងការរំលោភសិទ្ធិមនុស្សជាដើម។ លោកបន្តថា រាជរដ្ឋាភិបាលមិនបានទទួលយកអនុសាសន៍របស់មន្ត្រីសហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងតំណាងអង្គការសហប្រជាជាតិ ដើម្បីយកទៅអនុវត្តឈានទៅរកភាពរីកចម្រើនទេ តែក្រុមមន្ត្រីទាំងនោះធ្វើការងារបម្រើតែបក្ខពួកខ្លួនប៉ុណ្ណោះ។

លោក យឹម សុវណ្ណ៖ «យើងប្រឈមមុខនឹងការបាត់បង់ជំនួយ បាត់បង់វិនិយោគទុន។ ទីបំផុត កម្ពុជា ត្រូវធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច គឺជាការលំបាករបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាច ត្រូវតែពិចារណារឿងហ្នឹង សុំឲ្យមានសេចក្តីក្លាហាន ឲ្យមានការរៀបចំការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យ ដោយមាន សម រង្ស៉ី មានវត្តមានក្នុងការបោះឆ្នោត ហើយគោរពអនុសាសន៍របស់អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិធំៗ នាំឲ្យការបោះឆ្នោតបង្ហាញឆន្ទៈរាស្ត្រពិតប្រាកដ»។

ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ប្រកាសច្រានចោលការលើកឡើងរបស់ខុមហ្វ្រែល និងមន្ត្រីបក្សប្រឆាំង។ លោកបន្តថា របាយការណ៍នេះជាការធ្វើការងារបម្រើផលប្រយោជន៍ម្ចាស់ជំនួយក្នុងគោលបំណងចិញ្ចឹមក្រពះប៉ុណ្ណោះ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែដើរផ្លូវត្រូវ ដោយមានប្រជាពលរដ្ឋម្ចាស់ឆ្នោតភាគច្រើនគាំទ្រ ផ្ទុយពីបក្សប្រឆាំង និងសង្គមស៊ីវិល ដែលចាំតែរិះគន់។

លោក ផៃ ស៊ីផាន៖ «ជារបាយការណ៍មួយមាននិន្នាការដាក់សម្ពាធទៅលើរដ្ឋាភិបាល ដែលអង្គការសង្គមស៊ីវិលមិនត្រូវធ្វើអ៊ីចឹងជាដាច់ខាត ហើយវាយតម្លៃខ្ពស់ទៅលើរាជរដ្ឋាភិបាល និយាយពីមតិភាគតិចគណបក្សប្រឆាំងហ្នឹង ជាអ្នកនាំមុខ ដែលមិនមែនជាអ្នកទទួលខុសត្រូវចំពោះអ្នកបោះឆ្នោត។ ជាអង្គការរដ្ឋាភិបាលមួយដែលស៊ីឈ្នួលជំនួយគេមកចិញ្ចឹម។ រាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតរបស់មហាជន និងសភា»។

លោក ផៃ ស៊ីផាន បញ្ជាក់ថា រាជរដ្ឋាភិបាលក៏នៅតែទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីអភិវឌ្ឍន៍ជាតិដែរ។

ទោះយ៉ាងណាក្តី អ្នកតាមដានបញ្ហាសង្គមយល់ថា របាយការណ៍ដែលមានភស្តុតាងភ្ជាប់នឹងវិភាគនេះ ជាកញ្ចក់មួយដើម្បីឆ្លុះបញ្ចាំងពីសង្គមកម្ពុជា ព្រោះថា កម្ពុជា មិនអាចដើរផ្លូវណាក្រៅពីលទ្ធិប្រជាធិបតេយ្យបាននោះទេ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan