Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, March 19, 2013

សូណង់ដូ៖ខ្ញុំឈឺចិត្តពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ

លោកសូណង់ដូ ជិះលើគ្រែស្នែងពេលចេញពីគុកនៅថ្ងៃសុក្រ។ រូបថត ជីវ័ន

Monday, 18 March 2013
ភ្នំពេញប៉ុស្តិ៍

លោក ម៉ម សូណង់ដូ អាយុ ៧១ ឆ្នាំ ដែលជាប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសម្បុកឃ្មុំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០១២ តាមរយៈបណ្តឹងចោទប្រកាន់ ៤ ករណីដ៏ចម្រូងចម្រាស ទាក់ទិននឹងការបង្កើតតំបន់អបគមន៍ក្នុង ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ៨ ខែ លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចកាត់បន្ថយទោសមកនៅត្រឹម ៥ ឆ្នាំ និង អនុវត្តន៍ទោសក្នុងពន្ធនាគារចំនួន ៨ ខែ ដែលទោសនៅសល់ ត្រូវបានព្យួរសាកល្បងក្រៅឃុំ។ លោក សូណង់ដូ ត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីថ្ងៃសុក្រ ហើយបានផ្តល់បទសម្ភាស ដល់អ្នកសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍លោក ម៉ៃ ទិត្យថារ៉ា នៅគេហដ្ឋានរបស់លោក នៅឯស្រុកកៀនស្វាយដូចខាងតទៅ៖

សំណួរៈ តើលោកមានអារម្មណ៍បែបណាក្រោយពីលោក ត្រូវបានដោះលែងចេញពីពន្ធនាគារ?

ចម្លើយៈ មនុស្សយើងទាំងអស់គ្នាត្រូវការសេរីភាព ហើយតាំងពីខ្ញុំត្រឡប់ពីធ្វើទស្សនកិច្ច ពីសហរដ្ឋអាមេរិកនិងបារាំងមក ខ្ញុំគ្មានបានបំភ្លឺអ្វីទាំងអស់គឺគេបញ្ជូនខ្ញុំទៅគុកតែម្តង ហើយរហូតមកដល់ថ្ងៃនេះ ខ្ញុំជាប់គុកព្រៃស ៨ ខែហើយទើបគេលែងខ្ញុំឲ្យមានសេរីភាព។ ប៉ុន្តែសេរីភាពដែលគេផ្តល់ឲ្យខ្ញុំ គឺមួយជ្រុងតូច ការជាប់គុកជាបញ្ហា ប៉ុន្តែអ្វីដែលយើងមិនបានធ្វើគេចោទប្រកាន់ថា យើងធ្វើអ្វីមួយ ដែលមិនមែនជាបំណងរបស់យើង គឺវាមានការឈឺចិត្ត តែទោះជាសេរីភាពដែលខ្ញុំបានទោះបីជាតិចតួចក៏ជាសេរីភាពដែរ ហើយខ្ញុំនឹងពង្រីកសេរី ភាព ដែលខ្ញុំបានបន្តិចហ្នឹង ដោយសារយើងមានចិត្តស្មោះស ចំពោះប្រជាពលរដ្ឋ ចំពោះជាតិមាតុភូមិ ហើយយើងចង់ឲ្យស្រុកខ្មែរធ្វើយ៉ាងដូចម្តេច ឲ្យក្លាយទៅជាប្រទេសនីតិរដ្ឋ គោរពសិទ្ធិមនុស្សឲ្យមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។


សំណួរៈ លោកថា លោកមានសេរីភាពតិចតួច តើលោកអាចជម្រាបបានទេថាតើសេរីភាពតិចតួចនោះគឺជាអ្វី?

ចម្លើយៈ សិទ្ធិសេរីភាពតិចតួចនោះគឺដោយសារតែសាលាឧទ្ធរណ៍បានសម្រច ផ្តន្ទាទោសខ្ញុំ ៥ ឆ្នាំឲ្យជាប់ពន្ធនាគារ៨ ខែ ហើយទៅណាមកណាត្រូវតែសុំច្បាប់គេ ប្រសិនបើខ្ញុំធ្វើអ្វី មិនគួរគប្បី គេអាចចោទប្រកាន់ខ្ញុំចាប់ដាក់គុកម្តងទៀត។

សំណួរៈ ទន្ទឹមនឹងលោកមានសិទ្ធិសេរីភាពតិចតួចនោះ តើលោកនឹងប្រកាន់ជំហរយ៉ាងណា នៅក្រោយពេលដែលលោកចេញពីពន្ធនាគារ ថាតើលោកនៅតែធ្វើជាប្រធានសមាគមអ្នកប្រជាធិបតេយ្យទៀត ឬក៏យ៉ាងម៉េច?

ចម្លើយៈ ខ្ញុំនៅតែបន្តធ្វើជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបន្តទៅទៀត ដោយមិនយកគណបក្សនយោបាយមកចូលរួមជាមួយខ្ញុំទេ អ្វីដែលខ្ញុំធ្វើនោះ គឺឲ្យប្រជាពលរដ្ឋខ្មែររស់ដោយទីពឹងទៅលើច្បាប់។ ខ្ញុំមិនដែលចង់បានអំណាចធ្វើជានាយករដ្ឋមន្ត្រីនោះទេ អ្វីដែលខ្ញុំធ្វើ គឺអប់រំពលរដ្ឋឲ្យស្គាល់ច្បាប់ ស្គាល់សិទ្ធិ ស្គាល់សេរីភាព និងបង្ហាត់ពលរដ្ឋ ធ្វើដូចម្តេច កុំឲ្យប្រើអំពើហិង្សានេះជាបញ្ហាធំបំផុត ដែលខ្ញុំធ្វើ ហើយមិនចង់បានប្រយោជន៍ផ្ទាល់ខ្លួននោះទេ បើម្នាក់ៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន តើទៅថ្ងៃមុខពលរដ្ឋទៅជាយ៉ាងម៉េចទៅ។

សំណួរៈ សាលាឧទ្ធរណ៍ បានចោទប្រកាន់លោកមួយករណីទៀត ពីរឿងបទល្មើសព្រៃឈើ តើលោកយល់យ៉ាងដូចម្តេច ចំពោះការចោទប្រកាន់នេះ?

ចម្លើយៈ ទាក់ទងទៅនឹងការចោទប្រកាន់គឺខ្ញុំប្រឆាំងទាំងអស់ពីព្រោះខ្ញុំ អត់បានធ្វើមែន ហើយខេត្តក្រចេះ ខ្ញុំមិនដែលបានទៅជាន់ដីនៅទីនោះសោះ ហើយខ្ញុំក៏ពុំដែលមានចិត្តណាបន្តិចបន្តួច ចង់បំផ្លាញព្រៃឈើសោះដែរ ប៉ុន្តែច្បាប់ផ្សឹង ការបកស្រាយរបស់តុលាការផ្សេង ហេតុដូច្នេះវាមានបញ្ហា។ យើងសំអាងទៅលើច្បាប់ក្នុងការដាក់បន្ទុក ហើយយើងដឹងថា ភ័ស្តុតាងហ្នឹង អត់សមស្របទៅនឹងការពិត ហើយយើងគិតពីអង្គច្បាប់ និងភ័ស្តុតាងដាក់បន្ទុកគឺឃើញថាភ័ស្តុតាងនោះ មិនសមនឹងយកខ្ញុំមកដាក់គុកទាល់តែសោះ តែខ្ញុំមិនអាចនិយាយថា តុលាការមិនមានយុត្តិធម៌ទេ។ ខ្ញុំនៅតែរំពឹងថា តុលាការនឹងមានយុត្តិធម៌ ទើបខ្ញុំវិលត្រឡប់មកចូលស្រុកឲ្យគេចាប់ខ្ញុំដាក់គុកនោះ។ ខ្ញុំសុខចិត្តចូលគុកដោយសារខ្ញុំរំពឹងទៅលើតុលាការ។

សំណួរៈ ទន្ទឹមទៅនឹងបទចោទប្រកាន់ថ្មីនោះ តើលោកនឹងបន្តប្តឹងសាទុក្ខទៅតុលាការកំពូលទៀតទេ?

ចម្លើយៈ ចំណុចនេះខ្ញុំនឹងពិភ្សាជាមួយមេធាវីរបស់ខ្ញុំ ខ្ញុំសង្ឃឹមថា យើងត្រូវតែទៅមុខ ប្រសិនបើយើងមិនទៅមុខគេថាយើងខុសហើយទទួលកំហុសរបស់យើង តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំត្រូវតែពិគ្រោះយោបល់ជាមួយមេធាវីរបស់ខ្ញុំសិនដែរ។

សំណួរៈ សរុបសេចក្តីមក តើករណីចោទប្រកាន់ ដែលឈានដល់ការចាប់ឃុំខ្លួនលោក ក្នុងពន្ធនាគារ តើលោកគិតថា ជារឿងនយោបាយ ឬផ្លូវច្បាប់?

ចម្លើយៈ ខ្ញុំមិនអាចនិយាយថា ជារឿងនយោបាយ ឬក៏ជារឿងផ្លូវច្បាប់អ្វីនោះដែរ ហើយក៏មិនចោទថា យុត្តិធម៌ ឬក៏មិនយុត្តិធម៌អីនោះទេ អ្វីដែលខ្ញុំចង់និយាយគឺថា ខ្ញុំមិនបានធ្វើអ្វីខុសច្បាប់នោះទេ ហើយសាក្សីប៉ុន្មាននាក់នោះ គឺសុទ្ធសឹងតែជាពលរដ្ឋមិនចេះអានអក្សរ ហើយគ្រាន់តែជួបគ្នា ដោយមិនបានណាត់មុនបែរជាក្លាយទៅជាអ្នកដាក់បន្ទុកខ្ញុំ ហើយបែរជាស្តាប់អ្នកដែលកាប់បំផ្លាញព្រៃឈើ បែរជាមកដាក់បន្ទុកខ្ញុំទៅវិញ នេះគឺជារឿងមួយដែលខ្ញុំឈឺចិត្ត។ ជាប់គុកជារឿងមួយ តែរឿងដែលយើងមិនបានធ្វើ តែបែរជាគេចោទប្រកាន់សម្រាប់មនុស្សយើងគឺឈឺចិត្តណាស់។ ខ្ញុំក៏បានឮសម្តេចហ៊ុន សែន ថាការមូលបង្កាច់ដោយមិនបានធ្វើអី គឺលោកឈឺចិត្ត ខ្ញុំក៏អ៊ីចឹងដែរ ខ្ញុំមិនបានដឹងអីទេ ចំពោះបទដែលគេចោទប្រកាន់ខ្ញុំដូច្នេះខ្ញុំក៏ឈឺចិត្ត។

សំណួរៈ តើលោកយល់ថា ការដោះលែងរូបលោក អាចមកពីសម្ពាធនយោបាយ ពីសហគមន៍អន្តរជាតិដែរទេ?

ចម្លើយៈ ខ្ញុំមិនគិតរឿងនយោបាយទេ តែខ្ញុំគិតពីការពិតតែប៉ុណ្ណឹងទេ ហើយខ្ញុំតែងតែដាក់សំណួរខ្លួនឯងថា ខ្ញុំមិនបានធ្វើហេតុអ្វីបានជាគេចាប់ខ្ញុំដាក់គុក ហើយជាការកាត់ទោសធ្ងន់ធ្ងរបំផុតរហូតដល់ទៅ ២០ ឆ្នាំ ហើយគេកាត់ទោសនោះ ដោយផ្អែកលើសម្តីអ្នកដែលគេចោទប្រកាន់ថា អ្នកនោះបានបំផ្លាញព្រៃឈើ។

សំណួរៈ មុននឹងមានការដោះលែងលោកនេះ តើមានខាងណាមួយ គេដាក់លក្ខខណ្ឌអ្វី ជាមួយនឹងលោកជាថ្នូរដែរទេ?

ចម្លើយៈ គ្មានទេ ពីព្រោះខ្ញុំច្បាស់ណាស់ គឺខ្ញុំមិនចេះរញ៉េរញ៉ៃ ខាងនយោបាយដូចគេទេ ខ្ញុំគិតធ្វើយ៉ាងម៉េច ឲ្យស្រុកខ្មែរ មានភាពយុត្តិធម៌ គោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយធ្វើយ៉ាងម៉េចឲ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសយើងរឹងមាំ ខ្ញុំមិនដែលគិតអំពីអំណាចកេងប្រវ័ញ្ច ខ្ញុំអត់ចូលចិត្តទាល់តែសោះ។ ខ្ញុំនិយាយការពិត ហើយដោយសារតែការនិយាយការពិត គេចោទខ្ញុំថា ក្អេងក្អាង តែខ្ញុំមិនក្អេងក្អាងទេ គឺខ្ញុំនិយាយពាក្យពិត។ សូមកុំគិតថា ខ្ញុំនឹងចូលជាមួយគណបក្សនយោបាយណាមួយគឺខ្ញុំមិនចូលទេ មិនមែនថាខ្ញុំស្អប់គណបក្សទេ។

សំណួរៈ ដោយសារតែលោកធ្លាប់ជាប់ពន្ធនាគារបីលើករួចមកហើយ រាប់ទាំងលើកនេះ។ តាមការសង្កេតរបស់លោក ថាតើការគ្រប់គ្រង នៅក្នុងពន្ធនាគារ មានការកែប្រែល្អប្រសើរទេ?

ចម្លើយៈ ខ្ញុំឃើញថា មានការកែប្រែច្រើនជាងលើកទី ១ និងលើកទី២ ពីព្រោះបរិស្ថានក៏ល្អជាងមុន ឬមន្ត្រីអនុរក្សពន្ធនាគារ ក៏ឈប់ឃើញកាន់ដំបងឬក៏កាំភ្លើងដូចមុនទៀតដែរ គឺថា បច្ចុប្បន្ននេះមានភាពប្រសើរច្រើនណាស់៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan