Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, March 24, 2013

ពលរដ្ឋ​នៅ​ប៉ៃលិន​ថា​ថៃ​ព្យាយាម​ទិញ​ដី​ខ្មែរ​ដើម្បី​រំកិល​ព្រំដែន

បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។
RFA/Morm Moniroth 
ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​​តាម​ជាយ​ដែន​ខ្មែរ-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន អះអាង​ថា នៅ​ចុង​ឆ្នាំ​២០១២ កន្លង​​ទៅ​នេះ យោធា​ថៃ ដែល​​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត ​គឺ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​លក់​ដី​នៅ​តាម​ព្រំដែន​កម្ពុជា ឲ្យ​ទៅ​ថៃ ក្នុង​តម្លៃ​ខ្ពស់​ដែល​ពួក​គេ​ចង់​បាន។
 
ដោយ ម៉ម មុនីរតន៍2013-03-24 RFA
ពលរដ្ឋ​ខ្មែរ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ថៃ និយាយ​ថា ភាគី​ថៃ បាន​​ព្យាយាម​ទិញ​ដី​ពី​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ជាប់​ព្រំដែន​តំបន់​អតីត​យោធា​បារ៉ា ធ្លាប់​ឈរ​ជើង​ក្រោយ​ឆ្នាំ​១៩៧៩ នៅ​តាម​ខ្សែ​បន្ទាត់​ជួរ​ភ្នំ​ដងរែក។
លោកស្រី ហៀន សុខុម មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៩ មីនា ថា យោធា​ឈុត​ខ្មៅ​ថៃ ដែល​តែង​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន បាន​ព្យាយាម​បញ្ចុះបញ្ចូល​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ជាយ​ដែន ដើម្បី​លក់​ដី​ឲ្យ​​ទៅ​ប្រទេស​ថៃ ក្នុង​តម្លៃ​​មួយ​ដែល​​ពលរដ្ឋ​ខ្មែរ​ចង់​បាន។
លោកស្រី​គិត​ថា នេះ​ជា​មធ្យោបាយ​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​ទីក្រុង​បាងកក ដែល​ចង់​បាន​ទឹកដី​កម្ពុជា ដាក់​ឲ្យ​ស្ថិត​ក្រោម​គ្របគ្រង​របស់​ខ្លួន៖ «ចង់ ​បាន​លុយ​ដែរ វា​ឲ្យ​លុយ​ឈប់​ធ្វើ​ដី​ហ្នឹង ថា​អ៊ីចឹង។ ខ្ញុំ​ថា ខ្ញុំ​អត់​ចង់​បាន​ទេ​លុយ​នោះ បើ​សិន​ជា​ខ្ញុំ​យក​លុយ​ពី​ថៃ ព្រោះ​ខ្ញុំ​នឹង​លក់​ដី​ខ្មែរ អ៊ីចឹង​ខ្ញុំ​អត់​យក​​ទេ អត់​យក​ទេ ខ្ញុំ​ខ្លាច​ជាប់​គុក ៧​ពូជ ខ្ញុំ​និយាយ​អ៊ីចឹង។ លក់​ដី​ខ្មែរ​ជាប់​គុក ៧​ពូជ ថា​អ៊ីចឹង អ៊ីចឹង​និយាយ​ឥត​ត្រូវ​គ្នា​ទេ»

អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​ឲ្យ​ដឹង​ថា ជម្លោះ​ដណ្ដើម​​ទឹក​ដី​រវាង​អាណាចក្រ​ដែល​មាន​ព្រំដែន​​ជាប់​គ្នា​រវាង​ កម្ពុជា និង​ថៃ​នេះ បាន​កើត​មាន​ឡើង​តាំង​ពី​សតវត្ស​ទី​១៣ ពោល​គឺ​នៅ​​អំឡុង​ឆ្នាំ​១២៨០។ ជម្លោះ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​​ឲ្យ​ដឹង​ទៀត​ថា គិត​មក​ដល់​សតវត្ស​ទី​២១ នេះ​បាន​ន័យ​ថា ជម្លោះ​ដណ្ដើម​ទឹក​ដី​រវាង​កម្ពុជា និង​ថៃ មាន​រយៈពេល​ជាង ១​ពាន់​ឆ្នាំ​មក​ហើយ។
លោក កែម ឡី អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​វិភាគ​សង្គម បាន​បង្ហាញ​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​បាត់បង់​បូរណភាព​​ទឹកដី​បន្ថែម​ទៀត ក្នុង​នោះ ទំនង​ជា​ដោយសារ​ប្រទេស​មាន​សង្គ្រាម អ្នក​ដឹកនាំ​រវល់​ពុំ​បាន​គ្របគ្រង​ឲ្យ​បាន​ដិតដល់​ពី​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី។
ក្រោយ​​ពី​មាន​សន្តិភាព​ពេញ​លេញ​វិញ អ្នក​នយោបាយ និង​ពលរដ្ឋ សប្បាយ​ភ្លេច​គិត​​ជាតិ កត្តា​ជីវភាព​ក្រីក្រ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​បាត់បង់​ភក្ដីភាព​ ចំពោះ​ទឹកដី រៀបការ​ឆ្លង​សាសន៍ ការ​និយម​វប្បធម៌​ថៃ ជា​ជាង​កម្ពុជា និង​ការ​ទិញ​ដី​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​ជាដើម។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ លោក កែម ឡី គិត​ថា​យន្តការ​ទាំង​នេះ​ហើយ​​គឺ​ជា​ផ្នែក​មួយ​ដែល​រុញ​​ច្រាន​ប្រទេស​​ កម្ពុជា ត្រូវ​មាន​ផ្ទៃ​ដី​រួម​តួច​ចង្អៀត រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។
លោកស្រី ហៀន សុខុម ឲ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ពុំ​មាន​ការ​ឆ្លើយ​តប​ណា​​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ចំពោះ​គោលនយោបាយ​ពង្រីក​ទឹក​ដី​គ្មាន​ព្រំដែន​របស់​ភាគី​ថៃ៖ «ខ្ញុំ​ ព្រួយ​សព្វថ្ងៃ​ហ្នឹង ថៃ​មិន​មែន​ដូច​ខ្មែរ​យើង​ទេ។ សព្វ​ថ្ងៃ​បើ​ថា ចំណុច​ណា​ដែល​នេះ​អ៊ីចឹង មាន​ព្រៃ គឺ​ថា វា​ថា​ដី​វា​ហើយ។ ខ្ញុំ​បារម្ភ​អ៊ីចឹង​ដែរ ខ្ញុំ​ថា អនាគត​ទៅ ទៅ​ដល់​ប៉ៃលិន​ណោះ ព្រោះ​វា​ចង្អុល​រហូត​ប៉ៃលិន​ណោះ។ ទាហាន ពេល​ខ្ញុំ​នៅ​ធ្វើ​ចម្ការ​​​ដី​វា​នៅ​ឆ្ងាយ​ណាស់។ ខ្ញុំ​និយាយ​ថា អ៊ីចឹង​អស់​ប៉ៃលិន​ហើយ​អ៊ីចឹង​នោះ អនាគត​ទៅ»
ក៏​ប៉ុន្តែ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ចុង​ខែ​កុម្ភៈ​ថា អ្វី​ដែល​នៅ​បន្ត​មាន​ជាប់​គាំង និង​មាន​ភាព​ចម្រូងចម្រាស​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​តាម​គោលការណ៍​ ដែល​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្នុង​ឆ្នាំ​១៩០៤ ដែល​បាន​កំណត់​រួច​ហើយ ពី​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ​នេះ នោះ​ក៏​ព្រោះ​តែ​មាន​ការ​ជំទាស់​ដោយ​ភាគី​​ថៃ​ប៉ុណ្ណោះ។
លោក​បន្ត​ថា៖ «ឥឡូវ​នេះ​ដែល​យើង​ធ្វើ​ជាមួយ​សៀម ដោយ​វា​មិន​មាន​រឿងរ៉ាវ​ជាមួយ ដោយសារ​វា​មិន​គោរព​អា​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ទាំង​អស់​ហ្នឹង វា​មិន​គោរព​ខ្សែ​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ទាំង​អស់​ហ្នឹង»
ចំណែក​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន តែង​ប្រកាស​​ជំហរ​អំពី​គោលនយោបាយ​របស់​លោក​ថា ក្នុង​របប​​​គ្របគ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ឲ្យ​ចំណែក​​ណា​មួយ​នៃ​ទឹកដី​កម្ពុជា ត្រូវ​បាត់​បង់​បន្ថែម​ទៀត​ឡើយ សូម្បី​តែមួយ​មិល្លីម៉ែត្រ។
យ៉ាង​ណា​ក៏​ដោយ គោលនយោបាយ​នេះ​ត្រូវ​បាន​​អតីត​ក្រុម​អ្នក​តស៊ូ​របស់​យោធា​ខ្មែរ​ក្រហម​ រិះគន់​ថា ការ​អះអាង​នេះ​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ អ្វី​ដែល​ក្រុម​អតីត​អ្នក​តស៊ូ​របស់​របប​ខ្មែរ​ក្រហម មិន​សាទរ​ចំពោះ​គោលនយោបាយ​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នោះ ព្រោះ​មាន​តំបន់​មួយ​ចំនួន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ដូច​ជា ច្រក​ជាំសាង៉ាំ ខេត្ត​ឧត្តរមានជ័យ ភ្នំ​ប៉ោយ ជួរ​ភ្នំ​ដងរែក ច្រក​អូរបីជាន់ ក្នុង​ស្រុក​អូរជ្រៅ ច្រក​បឹង​ត្រកួន ស្ថិត​ក្នុង​ស្រុក​​ថ្មពួក ច្រក​ជប់គគីរ ក្នុង​ស្រុក​បន្ទាយអំពិល និង​ចំណុច​អូរអែម ក្នុង​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ជាដើម ដែល​ធ្លាប់​ឃុំ​គ្រង​ដោយ​កងទ័ព ប៉ុល ពត និង​យោធា​បារ៉ា​ ក្រោយ​ឆ្នាំ​១៩៧៩ នោះ តែ​បច្ចុប្បន្ន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រោង​ស្ទើរ​ទាំង​ស្រុង​ដោយ​ប្រទេស​ ថៃ ក្រោយ​ឆ្នាំ​១៩៩៣។
វិទ្យុ​អាស៊ីសេរី​ពុំ​ទាន់​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​បាន​ទេ​ពី​មន្ត្រី​ស្ថានទូត​​ថៃ ប្រចាំ​កម្ពុជា។
ចំណែក​អតីត​យោធា​ខ្មែរ​ក្រហម លោក ឃិន ប៉ុន និយាយ​ថា លោក​ហាក់​ពុំ​មាន​ជំនឿ​នោះ​ឡើយ​ចំពោះ​គោលនយោបាយ​បច្ចុប្បន្ន ដែល​ធានា និង​ការពារ​អំពី​អធិបតេយ្យភាព បញ្ចៀស​មិន​ឲ្យ​មាន​ការ​ឈ្លានពាន​របស់​ប្រទេស​ជិត​ខាង​នេះ។ លោក​គិត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​មិន​ឲ្យ​បាត់បង់​​ទឹកដី​ទៅ​ប្រទេស​ថៃ ឬ​ប្រទេស​វៀតណាម សូម្បី​មួយ​មិល្លីម៉ែត្រ​នោះ គឺ​ទំនង​ពុំ​អាច​ទៅ​រួច​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​បាន​បាត់បង់​​​ទៅ​ហើយ​នោះ គឺ​អាច​ច្រើន​ជាង​មួយ​មិល្លីម៉ែត្រ។
លោក​បន្ត​ថា៖ «សួរ​ថា​អ៊ីចឹង​ប្រទេស​គេ​គ្រប់​គ្នា ដែល​គេ​មាន​អធិបតេយ្យភាព​របស់​គេ​ហ្នឹង​ គេ​អត់​ស្គាល់​អត់​ដឹង​ដី​គេ​ត្រឹម​ម៉ាន រឿង​អី​ដែល​​ទៅ​ជា​យើង​ចំណេញ​ដី​នេះ ព្រោះ​ដី​វា​អត់​មាន​កើត​ថ្មី។ ដី​នោះ​វា​ចាស់ ព្រំដែន​នោះ​មាន​តែ​គេ​ចូល វា​អត់​មាន​អា​យើង​​ចេញ​ទៅ​កន្លែង​ណា។ អ្វី​ដែល​យើង​បាត់​បង់​ទៅ​ប្រទេស​វៀតណាម​វិញ គាត់​ថា មាន​ចេញ​មាន​ចូល ប៉ុន្តែ​យើង​ឃើញ​តែ​អា​ចេញ ឥឡូវ​ហ្នឹង​​វា​អត់​ឃើញ​អា​ចូល​មក​នេះ អា​យើង​ចូល​ទៅ​យួន​​វា​អត់​ឃើញ​មាន»
បញ្ហា​នេះ​ត្រូវ​បាន​លោក វ៉ា គឹមហុង អះអាង​ថា គេ​មិន​ត្រូវ​ព្រួយ​បារម្ភ​ច្រើន​​ពេក​នោះ​ទេ អំពី​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នេះ។ លោក​បន្ត​​ថា ជោគវាសនា​​ប្រទេស​កម្ពុជា ជា​ផ្នែក​​មួយ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់ និង​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល។ ម្យ៉ាង​​ប្រទេស​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​រួច​ជា​ស្រេច​ទៅ​លើ​អនុស្សរណៈ​យោគយល់​គ្នា ឬ អឹមអូយូ (MOU) ក្នុង​ពេល​កន្លង​ទៅ ដែល​ទទួល​យក​គោលការណ៍​ជា​សកល​របស់​រដ្ឋការ​នៃ​ប្រទេស​បារាំង ក្នុង​ការ​ចែក​ខណ្ឌសីមា​ប្រទេស​ទាំង​ពីរ​តាមរយៈ​បង្គោល​ឡាក់​ដែល​មាន​ស្រាប់ ​ចំនួន ៧៣​បង្គោល។
លោក​បន្ត​ថា កិច្ចការ​ដែល​នៅ​សេសសល់​របស់​គណៈកម្មការ​ជំនាញ​របស់​ប្រទេស​ទាំង​ពីរ គឺ​ត្រូវ​រុក​រក​បង្គោល​ឡាក់​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ៖ «គេ​បោះ ៧៣​បង្គោល​តាំង​ពី​ហ្នឹង​អស់​តើ! ឥឡូវ​នេះ​ធ្វើ​ទៅ​គណៈកម្មការ​រក​បង្គោល​ចាស់​ហ្នឹង​ឲ្យ​វា​ឃើញ​ទៅ។ រក​ឲ្យ​ឃើញ​​ហើយ​រក​ទីតាំង​ឲ្យ​វា​ពិតប្រាកដ​ទៅ​ណា។ បាទ! អត់​មាន​ទៅ​បោះ​អី​ទេ ហើយ​បើ​ថា ឃើញ​ហើយ​ល្អូក​គ្នា​ត្រូវ​ហើយ យើង​រក​ឯកភាព​គ្នា​ធ្វើ​កំណត់​ហេតុ ស៊ីញេ​អី​ទៅ ប៉ុន្តែ​រហូត​ដល់​ឥឡូវ​យើង​រក​​ហើយ តែ​រក​វា​មិន​ទាន់​បាន​គ្រប់​ទាំង​អស់​រក​បាន​មួយ​ចំនួន​ហើយ​យើង​ត្រូវ​រ៉ូវ ​គ្នា​ខ្លះ​មិន​ត្រូវ​រ៉ូវ​គ្នា»
បើ​ទោះ​ជា​បែប​នេះ​ក្ដី សម្រាប់​ពលរដ្ឋ និង​អតីត​យោធា​ខ្មែរ​ក្រហម​នៅ​តាម​ព្រំដែន ពុំ​មាន​ជំនឿ​ថា ភាគី​ថៃ​អាច​ទទួល​យក​គោលការណ៍​នេះ​ទេ ព្រោះ​ការ​រំកិល​ព្រំដែន​តាមរយៈ​បង្គោល ត្រូវ​គេ​សង្ស័យ​ថា ផលិត​ដោយ​រដ្ឋាភិបាល​ទីក្រុង​បាងកក ដោយ​ឯកតោ​ភាគី និង​បាន​បោះ​ចូល​ក្បែរ​ភូមិ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ជា​បន្ត​បន្ទាប់​ក្នុង​ ដំណាក់​កាល​ចុងក្រោយ​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan