Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 28, 2013

រដ្ឋាភិបាល​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី

កូនបំណុល ផៃ ភរ ភួត ហៅ សារិកា ផាន
 ២៣-មីនា-២០១៣៖ ពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ចង្អុល​បង្ហាញ​ទីតាំង​ដី​ខ្មែរ​ដែល​ថៃ រំកិល​ព្រំដែន​យក​ជាង ១០​គីឡូម៉ែត្រ​ពី​ព្រំដែន​បច្ចុប្បន្ន។ RFA/Den Ayuthea
មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
ដោយ សុខ សេរី
2013-03-28 RFA
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ នៅ​ថ្ងៃ​ទី២៨ ខែ​មីនា បាន​ប្រកាស​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី ទៅ​តុលាការ​យោធា ក្រោម​បទ​បង្ក​អសន្តិសុខ​ជាតិ ពាក់ព័ន្ធ​នឹង​សេចក្តី​រាយការណ៍​ព័ត៌មាន​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។
ការ​គំរាម​ប្ដឹង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ មន្ត្រី​កិច្ច​ការងារ​ព្រំដែន និង​មន្ត្រី​នគរបាល​ព្រំដែន​ជាដើម។
មន្ត្រី​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​ អាស៊ីសេរី ស្ដីពី​ការ​រិះគន់​របស់​ពលរដ្ឋ​ថា ប្រទេស​ជិត​ខាង​រំលោភ​លើ​ព្រំដែន​ខ្មែរ​នោះ​ថា ជា​រឿង​បំពុល​បរិយាកាស​នៅ​តាម​ព្រំដែន និង​ផ្ទុយ​ពី​ការ​ពិត។
ប្រតិកម្ម​ខ្លាំងៗ និង​ការ​គំរាម​ប្ដឹង​នោះ គឺ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មីនា កន្លង​ទៅ​នេះ​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ កម្ពុជា-ថៃ នៅ​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ ដែរ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ក្បែរ​ខ្សែ​បន្ទាត់​ព្រំដែន​នោះ បាន​អះអាង​ពី​ការ​បាត់បង់​ដី​នៅ​តាម​ព្រំដែន ទៅ​ភាគី​ថៃ ក្រោយ​ពី​អតីត​កងទ័ព​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ពី​បញ្ហា​ព្រំដែន គឺ​ជា​ការ​បំពុល​បរិយាកាស ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ថៃ បាន​ចុះ​ហត្ថលេខា​កន្លង​មក៖ «យើង​នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ​ តុលាការ ដើម្បី​រក្សា​នូវ​អ្វី​ជា​សន្តិសុខ​ជាតិ។ យើង​ធ្វើ​នេះ មិន​មែន​ចម្លែក​ជាង​សហរដ្ឋ​អាមេរិក ឬ​មិន​មែន​ចម្លែក​ជាង​ប្រទេស​នានា​ជា​ប្រទេស​លោក​សេរី​ទេ គឺ​សន្តិសុខ​ជាតិ​ជា​កត្តា​អាទិភាព​មួយ ដែល​ត្រូវ​តែ​ប្រយ័ត្ន គឺ​យើង​សុំ​អំពាវនាវ​បញ្ឈប់​ការ​ប្រើប្រាស់​រូបភាព​អតីត​ខ្មែរ​ក្រហម ដើម្បី​យក​មក​នៅ​ក្នុង​ព័ត៌មាន​របស់​ខ្លួន។ តើ​ខ្លួន​មាន​គំនិត​យ៉ាង​ដូចម្តេច ក្នុង​ការ​ប្រើប្រាស់​អតីតភាព​របស់​ខ្មែរ​ក្រហម»
ជាមួយ​គ្នា​នេះ អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​កិច្ច​ការងារ​ ព្រំដែន អ្នកស្រី កុយ ពិសី បាន​មាន​ប្រសាសន៍​ពន្យល់​ថា កិច្ច​ការងារ​ព្រំដែន​នេះ គឺ​ធ្វើ​តាម​ឯកសារ​អនុសញ្ញា​បារាំង សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧។ កម្ពុជា និង​ថៃ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ កន្លង​ទៅ និង​មាន​ឯកសារ​បែបបទ​បច្ចេកទេស​ឆ្នាំ​២០០៣ ដើម្បី​អនុវត្តន៍​លើ​ដី​ជាក់ស្តែង៖ «ប៉ុន្តែ ការ​ពិត​ទៅ បង្គោល​ព្រំដែន​លេខ​៦៩ និង​លេខ​៧០ នេះ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ ក្រុម​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ ឯកភាព​លើ​ទីតាំង​នេះ​រួច​ទៅ​ហើយ គឺ​ទីតាំង​នេះ​ត្រូវ​នឹង​ទីតាំង​ដែល​ឯកសារ​បាន​បង្ហាញ​ជូន​នៅ​ក្នុង​ អនុសញ្ញា​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧។ អីចឹង​ទេ ទីតាំង​បង្គោល​លេខ​៦៩ និង ៧០ គឺ​អត់​មាន​អ្វី​ប្រែប្រួល​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​អាណានិគម​បារាំង បាន​បន្សល់​ទុក​ឲ្យ​នោះ​ទេ»
អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បាន​មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា កំពុង​តែ​ឈរ​ជើង​ការពារ​ព្រំដែន​យ៉ាង​រឹងមាំ មិន​ឲ្យ​បាត់បង់​ទឹកដី​មួយ​មិល្លីម៉ែត្រ​ណា​មួយ​ទេ៖ «ឃើញ​ថា​ជា​ពាក្យ​ មួយ​មិន​អាច​ទទួល​យក​បាន ក្រសួង​ការពារ​ប្រទេស សូម​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង​នូវ​អ្វី​ដែល​សារព័ត៌មាន​ទាំងអស់​នេះ​លើក​ ឡើង ឬ​ក៏​អ្នក​មាន​បំណង​អាក្រក់​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​នេះ ដើម្បី​កេង​ផល​ប្រយោជន៍​អ្វី​មួយ»
អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវ​ការ​ទទួល​ព័ត៌មាន​ឯករាជ្យ ដូច្នេះ​ការ​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី មិន​មែន​ជា​ជម្រើស​ល្អ​ទេ៖ «ជា ​រឿង​មួយ​ដែល​មាន​ការ​ឆ្លងឆ្លើយ​គ្នា​ជា​ទ្វេភាគី​អីចឹង​ណា ដើម្បី​បញ្ជាក់​ឲ្យ​សាធារណជន​ដឹង​ថា តើ​បញ្ហា​ហ្នឹង​ពិត​ប្រាកដ​ត្រឹម​ណា? យើង​អាច​ថ្លឹង​ព័ត៌មាន​បាន នៅ​ពេល​ដែល​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​អីចឹង។ ហើយ​ការ​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ សួរ​ប្រជាជន​នៅ​តាម​ព្រំដែន​ហ្នឹង ជា​បណ្ណាល័យ​មួយ បាន​ន័យ​ថា ជា​មេ​រៀន​មួយ​ដ៏​វិសេសវិសាល​សម្រាប់​និស្សិត បញ្ញវ័ន្ត​ខ្មែរ​ឲ្យ​ដឹង​អំពី​ភូមិសាស្ត្រ​របស់​ខ្លួន»
នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​បាន​កោះ​ហៅ​តំណាង​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ទៅ​ព្រមាន​រួច​ម្តង​ហើយ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដោយ​លោក​រិះគន់​ថា បាន​ផ្សាយ​ខ្វះ​វិជ្ជាជីវៈ និង​ខ្វះ​តុល្យភាព។
វិទ្យុ​អាស៊ីសេរី ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា រដ្ឋាភិបាល​មិន​យល់​អំពី​គោលការណ៍​នៃ​សេរីភាព​សារព័ត៌មាន និង​តួនាទី​សំខាន់​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 
 
 http://ki-media.blogspot.com/2013/03/blog-post_7728.html#more
 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan