
-ខ្ញុំចង់ធ្វើដំណើរឲ្យបានមុនគេ! ព្រោះប្រហែលជាមានអ្នកចង់ទៅកោះនោះច្រើនដែរ!
នាយអង្គរក្សយល់ហើយថារាមនរិន្ទកំពុងចង់សំដៅពីសត្រូវបេះដូង គឺនាយសិទ្ធិគុណដែលផ្ទុយស្រឡះ និងការយល់ឃើញរបស់ខ្លួន។ គេនិយាយតបមួយៗដោយក្រោកទៅឈរពីក្រោយចៅហ្វាយ៖
-អ្នកប្រុស! អ្នកដែលត្រូវគិត គឺថៅកែ Ken មិនមែនសិទ្ធិគុណទេ!
រាមនរិន្ទងក់ក្បាលផ្ងក់ៗ ព្រោះចាប់តាំងពីពេលដែលគេចាប់អារម្មណ៍ឃើញថាសិទ្ធិគុណមិនបាន បង្ហាញខ្លួននៅឯការដេញថ្លៃ គេបានដឹងជាស្រេចហើយថា ថៅកែក្មេងដែលល្មោភស្រីស្រស់នោះមិនបានមកកាន់ Jayapura ព្រោះតែឥន្ទប្បដិមាឡើយ។ ផ្ទុយទៅវិញការបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពាណិជ្ជករ លោហធាតុ Cam-Steel ទេ ដែលជាចំណុចស្នូលនៃរឿងទាំងអស់។
-កេតឌីម៉ាក៏មិនមែនជាអ្នកធ្វើឲ្យបែកការណ៍ពីដំណើររបស់អ្នកប្រុសមក Jayapura ដែរ!
រាមនរិន្ទសម្លឹងទៅរូបថតប៉ុន្មានសន្លឹកដែលត្រូវបានហុចមកឲ្យ ខ្លួន។ គេលូកដៃទទួលហើយយកមកពិនិត្យម្ដងមួយសន្លឹក ម្ដងមួយសន្លឹក។ គេរេភ្នែកសញ្ជឹងគិតហើយសើចចុងមាត់ដោយយល់ការណ៍។ឯនាយជំនិតនិយាយ បន្ត៖
-អាគង់បានតាមដានលំអង! ពេលចេញពីកន្លែងយើង ស្រីនោះបានចេញទៅ Cita Resort ! គឺទៅជួបថៅកែ Ken!
មិនបាច់និយាយក៏រាមនរិន្ទបានយល់ពីអ្វីដែលនាយវឿនកំពុងចង់ និយាយដែរព្រោះសន្លឹករូបថតដែលគេកំពុងកាន់បានបង្ហាញពីទំនាក់ទំនង ស៊ីជម្រៅរវាងនារីនោះ និងពាណិជ្ជករ Ken ជាស្រេចទៅហើយ។ គេក៏ដឹងច្បាស់ពេលនេះដែរថា ការសង្ស័យដែលថាថៅកែ Kenដ៏ស្អាតសង្ហាបានប្រើកលឧបាយកេងចំណេញលើការងាររបស់ខ្លួនពីទី ងងឹតនោះបានក្លាយជាការពិត១០០%។
-យើងគិតថាលាក់បានជិត! តែតាមពិតមានគេឆ្លាតជាងយើងមែន!
នាយវឿនមិនលាក់លៀមទៀតទេ គេនិយាយតាមសន្ទុះចិត្តខឹង៖
-គេមិនមែនឆ្លាតទេ តែគេខូច! គេប្រើប្រាស់ចិត្តសន្ដោស និងភាពមេត្តារបស់អ្នកប្រុស! គេប្រើល្បិច ពិសេស គេប្រើស្រីៗឲ្យជួយធ្វើការ!
រាមនរិន្ទបែរជាយល់ត្រង់ថានេះគឺនាយវឿនចង់បន្ទោសខ្លួនដែលចិត្ត ទន់ និងមានស្នេហាកណ្ដាលបេសកកម្ម។ នាយបែរខ្នងសម្លឹងបុរសជំនិតហើយញញឹមទៅរកគេ៖
-វឿន! ខ្ញុំសូមទោសរឿងកេតឌីម៉ា! ខ្ញុំមានះ អត់ស្ដាប់អ្នកណានិយាយទាំងអស់ បានជាយើងជួបបញ្ហាដល់ថ្នាក់នេះ!
អង្គរក្សជំនិតបែរជាពន្យល់វិញភ្លាម៖
-តែកេតឌីម៉ាដូចជាអត់មានទាក់ទងជាមួយរឿងល្បិចកលនេះទេអ្នកប្រុស!
រាមនរិន្ទសម្លឹងមុខគេដោយក្រសែភ្នែកស្រទន់។ ចង់មិនចង់អ្នកណាក៏ដោយដែលរំលឹកពីនាងទោះល្អក្ដីអាក្រក់ក្ដី អ្នកប្រុសកាន់តែមានអារម្មណ៍ថានឹកនាងណាស់។ ជាពិសេសនៅពេលដែលប្រុសម្នាក់ត្រូវរបួស និងបរាជ័យការងារ គេក៏កាន់តែចង់ឃើញនារីដែលគេស្រលាញ់មកបង្ហាញខ្លួននៅចំពោះមុខ គេ លួងលោមនិងថ្នាក់ថ្នមគេដោយសភាវៈទន់ភ្លន់ដែលគេត្រូវការធាតុទាំង នេះជាចាំបាច់ក្នុងការបបោសអង្អែលជីវិតក្នុងភាពជាបុរសរបស់ខ្លួន។
ឃើញគេនៅស្ងៀមវឿននិយាយបន្ថែម៖
-កេតឌីម៉ាល្ងង់យ៉ាងនេះនាងប្រហែលជាត្រូវគេប្រើប្រាស់! រហូតដល់ពេលនេះនាងដូចជាអត់បានដឹងផងថាលំអងទៅណា នៅជាមួយអ្នកណានៅ Jayapuraនេះ! ដំបូងខ្ញុំគិតថានាងជាមនុស្សរបស់សិទ្ធិគុណ ព្រោះក្រោយពេលយើងមកដល់ភ្លាមក៏ឃើញម្នាក់នោះបង្ហាញខ្លួន ប៉ុន្តែក្រោយមកពេលលំអងប្រាប់អ្នកប្រុសពីទំនាក់ទំនងពួកគេខ្ញុំ ចាប់ផ្ដើមឆ្ងល់ថាបើកេតឌីម៉ាល្អជាមួយនាងម្ល៉ឹងៗហេតុអ្វីនាង ចាំបាច់មកសារភាពប្រាប់អ្នកប្រុស។ យប់មិញនៅឧទ្យានព្រីម៉ា ខ្ញុំឃើញកេតឌីម៉ានៅអង្គុយយំម្នាក់ឯង! តាមពិតនាងអត់មានកន្លែងត្រូវទៅទេ! មានន័យថានៅទីនេះនាងអត់ស្គាល់អ្នកណាទាំងអស់! ខ្ញុំហៅនាងត្រឡប់មកវិញ ប៉ុន្តែនាងបដិសេធ! នាងនិយាយពាក្យច្រើនណាស់ដែលមានន័យថានាងបារម្ភពីសុវត្ថិភាពលំអង ហើយនាងគិតថា លំអងប្រហែលជានៅក្នុងដៃយើងទៅវិញ!
បញ្ជីអ្នកចុះឈ្មោះចូលរួមដេញថ្លៃឥន្ទប្បដិមាដែលមនុស្សរបស់យើងនៅ ទីនេះរកបានមកឲ្យ អត់ឃើញមានឈ្មោះកូនពៅឧកញ៉ាឆាយណាគុណទេសូម្បីតែថៅកែ Ken ក៏អត់ឃើញដែរ! តែក្រោយមកបានខ្ញុំដឹងថា គេប្រើឈ្មោះផ្សេងដោយសារគេមានកាន់លិខិតឆ្លងដែន Australia ព្រោះគេមានសញ្ជាតិអូស្ត្រាលី។ បានន័យថា ថៅកែKen មានគម្រោងម៉ត់ចត់ណាស់ក្នុងការបង្ហាញខ្លួនមិនឲ្យអ្នកណាស្មានដល់ ក្នុងការដេញថ្លៃ។ រឿងដែលខ្ញុំនៅស្រពិចស្រពិល គឺហេតុអ្វីបានជាកេតឌីម៉ាសុខចិត្តជួយលំអង តើនាងដឹងពីរឿងថៅកែ Ken ដែរអត់? បើដឹងហេតុអីនាងនៅតែធ្វើអញ្ចឹងទៀត? ហើយហេតុអ្វីពេលគេដឹងថាបានមកដល់គោលដៅហើយ បែរជានិយាយប្រាប់អ្នកប្រុសថានាងជាសង្សាររបស់សិទ្ធិគុណ! ឬមួយនាងអស់តម្លៃប្រើបាន គេចង់ខ្ចីដៃអ្នកប្រុសបំបិទមាត់នាង?
រាមនរិន្ទនៅស្ងៀមប៉ុន្តែគេកំពុងសញ្ជឹងគិត។ ចង់មិនចង់ការរកឃើញរបស់នាយវឿនដែលទោះមិនអាចបញ្ជាក់រឿងទាំងអស់ ឲ្យច្បាស់ដូចថ្ងៃបាន ប៉ុន្តែក៏ល្មមអាចបញ្ជាក់រឿងមួយបានថា កេតឌីម៉ា និងសិទ្ធិគុណគ្មានទំនាក់ទំនងនិងគ្នា ដូចពាក្យលំអងទេ ឯលំអងប្រឌិតរឿងនេះមក ក៏ដើម្បីអ្វីវិញ?
ចំណែកនាយ Ken បុរសខ្មែរដែលមានកំណើតមកពីប្រទេសអូស្ត្រាលីហាក់មិនធ្លាប់មាន គំនុំអ្វីជាមួយខ្លួនទេពីមុនមក ប៉ុន្តែឥន្ទប្បដិមាអាចជាមូលហេតុមួយសំខាន់ក្នុងការធ្វើឲ្យគេសុខ ចិត្តចំណាយពេលវេលាធ្វើរឿងច្រើនយ៉ាងនេះប្រឆាំងនឹងខ្លួន។ អាចទេដែលថាកេតឌីម៉ាមិនស្គាល់គេ តែគេស្គាល់នាងច្បាស់ព្រោះថានាងជាកូនអុកមួយនៅក្នុងគម្រោងការណ៍ នោះ? អញ្ចឹងហើយបានជានៅឯពិធីដេញថ្លៃគេនិយាយស្វាគមន៍នាងដោយក្រសែ ភ្នែកចម្លែក។
ក្នុងពេលកំពុងសញ្ជឹងគិតគេឮនាយអង្គរក្សនិយាយបន្ថែម៖
-កេតឌីម៉ានៅជាមួយអ្នកប្រុសនៅឡើយ! មុន និងក្រោយអ្នកប្រុសអាចរកបានចម្លើយពិតពីនាង!
រាមនរិន្ទសើចស្ងួត គេឱនសម្លឹងដៃដែលមានរបួសហើយនិយាយតិចៗ៖
-គេមក Jayapura ដើម្បីតែមិត្តគេទេវឿន! បើដឹងការពិតហើយ គេព្រមនៅជាមួយយើងទៀតដែរ?
នាយអង្គរក្សនិយាយតបវិញភ្លាម៖
-អញ្ចឹងហើយបានជានៅឧទ្យានព្រីម៉ា ខ្ញុំបានដាក់លក្ខខណ្ឌជាមួយនាង! បើនាងទៅណាចោលអ្នកប្រុសទៀត លំអង និងមានរឿង!
រាមនរិន្ទហួសចិត្ត។ ដូច្នេះហើយបានជាព្រឹកឡើងនាងស្រាប់តែបង្ហាញខ្លួននៅឯតុអាហារ ជាមួយកាយវិការផ្គាប់បម្រើដ៏ចម្លែក ពិសេសទោះនាងត្រូវទទួលទៅវិញនូវកាយវិការសោះកក្រោះក៏នាងនៅតែសុខ ចិត្តចេញទៅតាមនាយនៅឯពិធីដេញថ្លៃតត្រុក។ នាយចៅហ្វាយស្រស់សង្ហាយល់ហើយថាហេតុតែបំពេញចិត្តស្នេហារបស់ខ្លួន ទើបវឿនជ្រើសយកវិធីនេះ ប៉ុន្តែគេក៏មិនចង់បានឲ្យនារីនោះមកនៅជាមួយខ្លួនដោយរបៀបបង្ខំ ដូច្នេះដែរ។ គេនិយាយមួយៗ៖
-ធ្វើរឿងអញ្ចឹងធ្វើអីវឿន? នាំគេកាន់តែស្អប់យើងថែមតែប៉ុណ្ណោះ! ហើយយើងក៏មិនទៅធ្វើរឿងបង្ខាំងមនុស្សរឿងអីអស់ហ្នឹងដែរ! បើចិត្តគេអត់នៅនឹងយើងទៅហើយ ខ្ញុំលែងត្រូវការហើយ!
គេមិននិយាយបន្តបន្ថែមទេថាមានប្រុសអាថ៌កំបាំងម្នាក់ដែលបាននិយាយ ទូរសព្ទជាមួយនាងកាលពីម្សិលរហូតដល់គេឮហើយក៏ទ្រាំមិនបាននោះ ប៉ុន្តែគេនៅតែច្បាស់ក្នុងចិត្តថា មនុស្សក្នុងបេះដូងនាងមិនមែនគេឡើយ។
គេបែរខ្លួនហៀបនឹងបោះជំហានចេញទៅប៉ុន្តែត្រូវអង្គរក្សពោលឃាត់៖
-អ្នកប្រុស!
រាមនរិន្ទងាកក្រោយសម្លឹងមុខមនុស្សជំនិត។ អ្នកឃើញគេលេបសម្ដីមកវិញហាក់ទាក់ទើរក្នុងការបន្តឃ្លាសន្ទនា ប៉ុន្តែក្រសែភ្នែកពោរពេញដោយភាពស្មោះត្រង់របស់គេហាក់ធ្វើឲ្យអ្នក កក់ក្ដៅក្នុងការពោលលើកទឹកចិត្ត៖
-និយាយទៅ!
នាយវឿនដើរមកជិតចៅហ្វាយជាមួយប្រយោគតិចៗល្មមតែឮបានពីរនាក់៖
-មនុស្សស្រីណាក៏មានអតីតកាលដែរ! អ្នកប្រុសទុកពេលឲ្យគេបន្តិចទៅ! ហើយទុកឱកាសមួយឲ្យខ្លួនឯងផង! បើពេលនេះមិនបង្ខំឲ្យគេនៅជិតយើង ពេលណាគេអាចយល់ចិត្តអ្នកប្រុសទៅ?
នាយវឿនដឹងថារាមនរិន្ទដែលកើតមកក្នុងឆាកជីវិតក្រាលដោយជើងពាន និងព្រំក្រហមគេមិនដែលស្គាល់ពាក្យថាចង់បានអ្វីហើយមិនបានដូច ចិត្តនោះទេ។ សូម្បីស្រលាញ់ស្រីម្នាក់ គេនៅតែចង់ឲ្យស្រីនោះស្រលាញ់ខ្លួនវិញដោយមិនចាំបាច់ធ្វើអ្វី សោះ។ ហើយបើមើលទៅគឺនាងគ្មានសន្តានចិត្តតបក៏គេគិតថានឹងលះបង់ចោលតែ ម្ដងដោយមិនចង់ចំណាយពេលព្យាយាមអ្វីទាំងអស់។ ប៉ុន្តែស្នេហាគឺផ្ទុយពីសម្ភារៈបើមិនព្យាយាមខ្លះធ្វើម៉េចអាច ទទួលលទ្ធផលចុងក្រោយបាន?
ចំណែករាមនរិន្ទមិនមែនមិនដឹងទេថា ការរស់នៅរសាត់អណ្ដែតរបស់អង្គរក្សវឿនក្នុងសង្គមខាងក្រៅធ្វើឲ្យ គេមានបទពិសោធន៍ជីវិតក្រាស់ក្រែលជាងខ្លួនពិសេសក្នុងរឿងស្រីៗ ដូច្នេះហើយបានជាជានិច្ចជាកាលគេគឺជាទីប្រឹក្សាដ៏ល្អ និងគួរឲ្យទុកចិត្តជាងគេ។
ប៉ុន្តែអ្នកនៅតែមិនទទួលយកគំនិតរបស់គេក្នុងការរក្សាកេតឌីម៉ា។
-កន្លែងដែលយើងត្រូវទៅនៅវែងឆ្ងាយ! មានរឿងអីខ្លះក៏មិនដឹង! បើមាននិស្ស័យចប់ការងារចាំជួបគ្នាក៏បាន! រៀបចំជូនគេទៅភ្នំពេញវិញទៅ ប្រាប់គេពីរឿងមិត្តស្រីដ៏ល្អរបស់គេផង កុំឲ្យគេចាញ់បោកអ្នកណាទៀត!
សម្ដីរបស់នរិន្ទទោះយ៉ាងណានៅតែជាបទបញ្ជា។ វឿនចង់ប្រាប់គេណាស់ថាបេសកកម្មដែលមានដំណើរវែងឆ្ងាយមានស្រី ម្នាក់តាមថ្នាក់ថ្នមលួងលោមចិត្តមានអីមិនល្អទៅ ប៉ុន្តែគេមិនហ៊ាននិយាយអ្វីបន្ថែមទេព្រោះចៅហ្វាយបានចាកចេញទៅជា សញ្ញាថានាយលែងចង់ឲ្យមានការជជែកទាក់ទងពីប្រធានបទនេះទៀតហើយ។
មិនមែនបេះដូងរបស់រាមនរិន្ទអាចបំភ្លេចកេតឌីម៉ាបានងាយស្រួលដូច ដែលនាយវឿនបានគិតនោះទេ។ ទោះបីធ្លាប់ឆ្លងកាត់នារីជាច្រើន ប៉ុន្តែកេតឌីម៉ាជាស្នេហាដំបូងរបស់អ្នក ទោះអង្គរក្សជំនិតឆ្លាត និងពូកែយល់ចិត្តគេយ៉ាងណា ក៏មិនអាចស្មានយល់ដល់ទំហំចិត្តដែលបុរសអភិជនមានចំពោះនារីល្វត ល្វន់ម្នាក់នោះដែរ។ គេតាមពិតដឹងខ្លួនច្បាស់ណាស់ថាចង់បំភ្លេចនាង គឺពិតជាពិបាកហើយព្រោះមួយដង្ហើមណាក៏ចាប់ផ្ដើមនឹកដល់នាង ជានិច្ចចាប់តាំងពីពេលមកជាន់ដីក្រុងចាយ៉ាពូរ៉ាពេលណា។ ប្រការសំខាន់គឺកាន់តែស្រលាញ់កាន់តែត្រូវនៅឲ្យឆ្ងាយប្រសិនបើនៅ ជិតហើយ គេមិនមានចិត្តឲ្យខ្លួនដដែលវានាំតែឈឺចាប់លើសដើមតែប៉ុណ្ណោះ។
អ្នកប្រុសនៃត្រកូលអ្នកនយោបាយបោះជំហានចាកចេញទៅទាំងធ្ងន់ កណ្ដុកក្នុងទ្រូង។ យ៉ាងហោចណាស់ក៏សប្បាយចិត្តក្នុងការស្គាល់ស្រីម្នាក់ដែលនាងបាន ជួយឲ្យអ្នកយល់ពីអ្វីទៅជាសេចក្ដីស្នេហារបស់មនុស្សលោក ប៉ុន្តែអ្នកក៏ត្រូវទទួលមកវិញនូវរសឈឺចាប់ទន្ទឹមគ្នាជាសំណងពី សេចក្ដីស្នេហានេះ។
“សម្រាប់ឯងស្នេហាពិតជាការឈឺចាប់មែនទេរាមនរិន្ទ? ”អ្នកសួរខ្លួនឯងនៅពេលឡើងមកដល់បន្ទប់គេង។ គេលើកកែវទឹកក្រេបក៏នឹកឃើញដល់កែវទឹកមានថ្នាំសណ្ដំដែលនារី បង្ហាញម៉ូតរៀបចំទទួលអ្នកនៅសណ្ឋាគារអាម៉ាន់ដារី។ លូកដៃរៀបចំវ៉ាលីស៍ខោអាវអ្នកក៏នឹកឃើញទៅដល់គ្រាដែលនាងគេចចេញពី រង្វង់ដៃអ្នករហូតដល់ដួលថ្លោះកជើង។ ក្រឡេកទៅកម្រាលពូក អ្នកស្រមៃឃើញតែទឹកភ្នែកនាងដែលស្រក់មកគ្រប់គ្រានៅក្រោមលង្វែក ទ្រូងអ្នក។
“ទីបំផុត ឯងរកឃើញចម្លើយហើយ! គេមិនដែលមានឯងក្នុងបេះដូងទេ! ឈប់ឆ្កួតតែម្នាក់ឯងទៅ!”
បុរសអភិជនឈានទៅរានហាលខាងក្រៅសម្លឹងហួសទៅរកស្រមោលពណ៌ខៀវនៃបឹង សេនតានីដែលនៅឆ្ងាយស្រអាប់ក្រោមស្រទាប់ព្រិលត្រជាក់នាពេល អស្ដង្គត។
បរិយាកាសកាន់តែត្រជាក់សម្រាប់បុរសរងាបេះដូង ហើយរបួសលើដៃក៏ចាប់ផ្ដើមចេញចំហាយក្ដៅភាយនិងចុកចាប់។ គេបែរក្រោយត្រឡប់ចូលទៅក្នុងបន្ទប់រួចមកប្រះផ្អែកខ្លួនទៅលើ កៅអីវែងនៅចុងដំណេកហើយទ្រេតខ្លួនបោះចោលជំហរមាំទាំជាមួយទឹកមុខ ក្រៀមស្រពោន។ បុត្រទោលនៃអ្នកតំណាងរាស្ត្រលូកដៃបញ្ជាទូរទស្សន៍ឲ្យបើកហើយព្យាយាម ដាក់អារម្មណ៍ទៅក្នុងចំណីចក្ខុនានា ប៉ុន្តែសំឡេងម្យ៉ាងពីក្នុងបន្ទប់ទឹកធ្វើឲ្យអ្នកប្រុសចងចិញ្ចើម ងឿងឆ្ងល់។ គេដៀងភ្នែកទៅរកប្រភពនៃសូរសព្ទដែលប្រាកដថាមិនមែនលាន់ឮចេញពី ទូរទស្សន៍ដាច់ខាត។
មាត់មិនទាន់ហើបសួរថាយ៉ាងណាផង កែវភ្នែកបែរជានៅទ្រឹងកាលបើឃើញស្រីម្នាក់ដែលបេះដូងកំពុងទាមទារ និងមានរសឈឺឆៀបផងនោះប្រាកដកាយនៅទីជាប្រភពនៃសូរសំឡេង។ នារីចូលទៅកាន់ទីនោះតាំងពីពេលណាមកក៏មិនដឹង ប៉ុន្តែនាងទើបតែបង្ហាញខ្លួន។ ពេលឃើញវត្តមាននាយកំពុងទ្រេតខ្លួនលើសាឡុងវែងហើយ សម្លឹងមកខ្លួន ធីតាក៏ដើរសំដៅមកដោយបង្ហាញស្នាមញញឹមស្ងួតលើផ្ទៃមុខ។
អ្នកប្រុសរូបល្អផ្ដោតភ្នែកលើផ្ទៃមុខស្រស់ស្អាតតែក្រៀម ស្រពោននៅកៀកនឹងខ្លួនបង្កើយព្រោះថាពេលនេះនាងបានអង្គុយទល់នឹង មុខអ្នកតែម្ដង។
ដោយសារនាងបានទទួលបទពិសោធន៍ដ៏ឈឺចាប់នៅទីនេះម្ដងហើយកាលពីយប់មិញ ធីតានិយាយដោយញញើតញញើមមកកាន់ប្រុសសង្ហា៖
-លោកប្រុសរាម! ទឹកក្ដៅរៀបចំរួចហើយ!
គេសម្លឹងនាងជាប់មិនដាក់ភ្នែក។ ទោះបីធីតាខំគេចចេញពីខ្សែភ្នែកគេ ប៉ុន្តែនាងនៅតែទទួលបានថាពន្លឺភ្នែកបុរសមានឋានៈ ថ្ងៃនេះហាក់ក្រៀមក្រំម្ល៉េះ។
“នាងដល់ថ្នាក់ចូលមកសំងំលាយទឹកក្នុងអាងឲ្យខ្ញុំងូតកេតឌីម៉ា? ”គេលួចសួរខ្លួនឯងស្ងាត់ៗក្នុងចិត្ត។ មានតែហេតុផលពីរប៉ុណ្ណោះដែលរាមនរិន្ទរកឃើញគឺថានាងកំពុងចង់សង វិញឲ្យចប់នូវគុណដែលអ្នកទើបតែបានជួយជីវិតនាង និងទីពីរគឺនាងត្រូវនាយវឿនគំរាមពីសុវត្ថិភាពមិត្ត ចំណែកហេតុផលដែលថានាងចូលមកដោយចិត្តស្រលាញ់ និងឈឺឆ្អាលនោះគឺគ្មានទេ។
នារីឈ្ងោកមុខហើយលូកដៃដោះឡេវអាវឲ្យគេ ដោយសារនាងគិតថាគេមិនអាចធ្វើរឿងនេះបានដោយខ្លួនឯង។ ប្រហើរគន្ធនៃកេសាធីតាផាត់ប៉ះនាសាបុរសដែលកំពុងលង់ស្នេហ៍ធ្វើ ឲ្យគេមានមោទនភាពដូចកំពុងបានឡើងសួគ៌ា។ គេសម្លឹងម្រាមដៃទន់ល្វក់ដែលកាលពីម្សិលប្រឹងមានះច្រានតវ៉ានិង ការរំលោភបំពាន តែទីបំផុតនៅតែមិនអាចជម្នះពីទណ្ឌកម្មនោះបាន។ ហើយក៏ម្រាមដៃដដែលដែលបានទ្រចានអាហារពេលព្រឹកមកផ្គាប់ផ្គុនអ្នក តែត្រូវអ្នកបដិសេធគួរឲ្យអាណោចអាធ័ម។ អ្នកអាណិតនាងព្រួច ដោយភ្លេចអាណិតទាំងចិត្តខ្លួនឯងដែលកំពុងវេទនាដោយសារស្នេហាគ្រា ដំបូង។
បុរសរងរបួស និយាយតិចៗក្បែរត្រចៀកស្រីស្រស់៖
-សូមទោសឌីម៉ា!
នារីនៅទ្រឹងចលនា។ នាងមិនងើបមុខសម្លឹងគេតែនាងរលីងរលោងទឹកភ្នែក។ ស្រីស្អាតដឹងហើយថាគេកំពុងសំដៅដល់រឿងមួយនោះ ព្រោះនៅជិតគេដល់ថ្នាក់នេះ នាងក៏ពិបាកបំភ្លេចហេតុការណ៍អកុសលនោះដែរ។ ការដែលគេដាច់ចិត្តធ្វើយ៉ាងនោះចំពោះនាង ជារឿងដែលនាងមិនធ្លាប់ស្មានទុកមកទេ ព្រោះតាំងមុនមកទោះបីថានាងមិនបានស្រលាញ់គេ ប៉ុន្តែនាងហាក់មានអារម្មណ៍ទុកចិត្តថាគេដែលតែងតែញញឹម តែងតែទន់ភ្លន់ នឹងមិនធ្វើបាបនាងឡើយ។ ប៉ុន្តែហេតុការណ៍កាលពីល្ងាចម្សិលបានធ្វើឲ្យនាងវិលវល់។ មនុស្សកំពុងល្អស្រាប់តែប្រែទៅជាអាក្រក់ភ្លាមៗហើយប្រព្រឹត្តិនូវ អំពើបង្ខំចិត្តដែលគ្មាននារីណាម្នាក់លើលោកនេះចង់បាននោះ។
នាងនៅស្ងៀមតាមទម្លាប់ តែគេមិននៅស្ងៀមទេ។ សំឡេងគេបន្តមកស្រាលៗ៖
-ម៉ោពីប្រចណ្ឌណា៎! ដឹងអត់?
នាងក្រមុំដៀងភ្នែកសញ្ជឹងគិត។ ស្អីទៅតែបណ្ដាលឲ្យគេនិយាយពាក្យនេះចេញមកកើត? គ្រាន់តែស្រីម្នាក់ដែលគេទំនុកបម្រុង អាចឲ្យគេប្រចណ្ឌដល់ថ្នាក់ហ្នឹង? នាងនៅតែរក្សាភាពស្ងៀមស្ងាត់ធ្វើឲ្យបុរសទៅជាសៅហ្មងដោយតូចចិត្ត។
គេចង់និយាយប្រាប់នាងថាបើចូលដោយបង្ខំចិត្តនាងមិនបាច់ចូលមក ទេ ប៉ុន្តែគេទប់ចិត្តមិននិយាយដោយគ្រាន់តែសម្លឹងនាងរហូតស្ទើរមិន ព្រិចភ្នែកព្រោះគេដឹងថាចាប់ពីស្អែកទៅគេមិនបានសម្លឹងនាងជិត សែនជិតដូច្នេះទៀតឡើយ។
ឌីម៉ាដោះអាវនរិន្ទចេញស្រាលៗហើយសម្លឹងមុខគេដែលនៅទ្រឹងមិន ធ្វើចលនា។ ភ្នែកគេសម្លឹងមកក្នុងភ្នែកនាងរហូតដល់នាងត្រូវពន្លឺភ្នែកនោះ ស្រូបទាញ។ហាក់មានសំណួរជាច្រើនណាស់ដែលបញ្ចេញមកតាមពន្លឺភ្នែកនោះ គ្រាន់តែម្ចាស់ប្រុសវាមិនព្រមហាមកទៀតប៉ុណ្ណោះ។ នាងគេចខ្សែភ្នែកមកវិញនៅពេលដង្ហើមទៅជាលោតញាប់។ ម៉េចក៏ស្រាប់តែមានអារម្មណ៍ចម្លែកពេលភ្នែក និងភ្នែកប្រសព្វគ្នាដូច្នេះ?
នាងដកភ្នែកដោយនិយាយបន្លប់៖
-ខ្ញុំគ្រាលោកទៅ!
នារីឱនទៅកាន់តែកៀកនឹងទ្រូងនាយដើម្បីជួយគ្រានាយឲ្យក្រោក ប៉ុន្តែត្រូវនាយនិយាយបន្ទោសមកវិញតិចៗក្បែរសោតា៖
-ឈឺដៃតើ មិនមែនឈឺជើងទេ!
នាងស្មានថាគេចង់មានន័យថាគេអាចដើរខ្លួនឯងបាន ទើបតរុណីបែរខ្លួនចាកចេញលែងរវល់គ្រាគេ ដឹងអីបុរសជំពប់ស្នេហ៍លូកដៃឆ្វេងក្រសោបនាងពីក្រោយ រួចប្រើកម្លាំងទាញកល្យាណីមកផ្អឹបក្បែរទ្រូងតែម្ដង។ នារីក្រៅពីភាន់ភាំងនាងទៅជារើចេញវិញ ប៉ុន្តែនាយក៏មិននៅស្ងៀមដែរ គេផ្អឹបបបូរមាត់ជាប់នឹងត្រចៀកស្រីរូបល្អជាមួយវាចាតម្អូញ៖

តរុណីផ្អាកចលនាដោយទឹកមុខឆ្លេឆ្លា។ នាងកំពុងស្ថិតនៅរវាងចន្លោះចង់បណ្ដោយតាមចិត្តគេដែរព្រោះអាណិត តែក៏ភិតភ័យថានឹងទទួលរឿងដូចពីយប់មិញទៀតដែរអត់។ តែវិនាទីនោះរាមនរិន្ទមិនបានបណ្ដោយឲ្យរំលងទៅដោយគ្មានប្រយោជន៍ ទេ។ គេទ្រេតខ្លួនទទួលយកភាពកក់ក្ដៅពីការស្និទ្ធស្នាលជាមួយនារីដែល ខ្លួនទន់ចិត្តហើយអ្នកពេញចិត្តណាស់ពេលនាងលែងរើដោយសម្ងំស្ងៀម ក្នុងដៃអ្នក។
ភាពសុខសាន្តបណ្ដោះអាសន្នរំលងទៅបានតែប៉ុន្មាននាទី ការពិតចំពោះមុខបានលេចឡើងមកវិញក្នុងអារម្មណ៍បុរសម្ចាស់បន្ទប់។
“រាមនរិន្ទ គេមិនស្រលាញ់ឯងទេ!ឯងចង់បានធ្វើស្អីស្នេហារបៀបដែលមានតែម្ខាង ហ្នឹង? ”ការស្ដីបន្ទោសនៃសម្បជញ្ញៈមានឥទ្ធិពលឲ្យនរិន្ទងើបមុខចេញពីភាព ទន់ជ្រាយដោយរោគបេះដូង។ គេនិយាយមួយៗទៅកាន់មាណវីដែលទ្រោបធ្មេចភ្នែកដោយទុក្ខព្រួយ៖
-ឈប់ចាញ់បោកវឿនទៅ! គេអត់បានចាប់លំអងទេ ហើយក៏គ្មានអ្នកណាគិតថារករឿងមីងកុលាបដែរ! យើងនឹងមានសេរីភាពពេញលេញហើយ! ចង់ចេញពីកន្លែងនេះពេលណាក៏បានដែរ!
នារីបើកភ្នែកដែលពោរពេញដោយជលនេត្រ ល្មមពេលរាមនរិន្ទនិយាយបន្ថែមដោយតឹងទ្រូង៖
-លំអងកំពុងនៅជាមួយ Ken! ឈប់គិតពីគេទៅ គេគ្មានកើតអីទាំងអស់!
តាមពិតតាំងពីពេលថ្ងៃត្រង់ដែលត្រឡប់មកពីពិធីចេញថ្លៃម៉េ្លះដែល នាយវឿនបានចូលទៅប្រាប់នាងពីរឿងនេះ។ គេបង្ហាញរូបថតហើយសួរនាងថាស្រីក្នុងរូបថតជាលំអងមែនឬអត់? ពេលនោះហើយដែលនាងត្រូវបានគេបកស្រាយឲ្យយល់ថា លំអងមិនបានត្រូវនរណាចាប់ជំរិត ក៏មិនបានបាត់លិខិតឆ្លងដែនអ្វីទាំងអស់។
ស្រស់ស្រីរំលឹកឡើងវិញនូវគ្រាដែលមិត្តនារីខ្លួនតែងតែដាស់តឿន ឲ្យខ្លួនទៅជួបរាមនរិន្ទទាំងនៅអាម៉ាន់ដារីរហូតដល់តាមមក ចាយ៉ាពូរ៉ា និងចុងក្រោយ លំអងបានបាត់ខ្លួនដោយមិនព្រមនិយាយលាសូម្បីតែមួយម៉ាត់។ នាងចាប់ផ្ដើមទទួលអារម្មណ៍ថាហួសចិត្ត។ ហេតុអ្វីភាពល្វីងជូរចត់ក្នុងជីវិត ដូចគ្នាក្នុងរឿងល្ខោនម៉េ្លះ?
បន្ថែមពីលើការឈឺចាប់ដែលទើបតែដឹងពីសារជាតិក្បត់ស្នេហ៍ និងភាពអាត្មានិយមរបស់នាយ Ken កេតឌីម៉ាកាន់តែយល់ច្បាស់ថាតាំងពីដើមមកនាងជាកូនអុករបស់ប្រុស ស្រីពីរនាក់នោះតែប៉ុណ្ណោះ។ បានន័យថាតាំងពីដើមមក គ្មានទេពាក្យថាស្នេហារវាងនាង និងនាយ Ken។ នាងស្រក់ទឹកភ្នែកពេលនេះមិនមែនសោកស្ដាយ ឬឈឺចាប់ចំពោះវិបត្តិបេះដូងទេ តែគឺនាងកំពុងសោយសោកអាណិតខ្លួន ដែលគ្មានទាំងមិត្ត និងគ្មានទាំងម្ចាស់ស្នេហ៍ បែរជាចាញ់បញ្ឆោតគេមកតែលតោលដល់តំបន់ឆ្ងាយយ៉ាងនេះ។
-អត់ទោសឲ្យខ្ញុំណា៎កេតឌីម៉ា!
នរៈវាចាដោយឱនមកសម្លឹងរង្វង់មុខតូចច្រឡឹង។ នាងមិនចេញស្ដីមួយម៉ាត់ តាមចរិតលក្ខណៈស្លូតត្រង់ ដែលកំពុងត្រូវញាំញីដោយការខូចចិត្ត ប៉ុន្តែអ្នកដែលឈឺចាប់មែនទែនគឺរាមនរិន្ទ។ គេពោលបន្ថែម៖
-ស្អែកមានគេជូនយើងត្រឡប់ទៅភ្នំពេញវិញហើយ! តទៅត្រូវចេះគិតពីខ្លួនឯង ហើយរៀនប្រើបញ្ញាផង! ឮអត់?
គេលែងដៃពីរាងកាយនាង ព្រោះមិនចង់បន្តការឈឺចាប់ផ្លូវចិត្តសម្រាប់ការលាបែកនាគ្រានេះ ទេ។ នរៈបោះជំហានមាំទាំរបស់គេចេញទៅកាន់បន្ទប់ទឹកធ្វើឲ្យនារីរូប ល្អតាមសម្លឹងពីក្រោយដោយចម្លែកចិត្ត។ ជាលើកទី១ដែលនាងចាប់អារម្មណ៍ថាគេហាក់ស្រងូតនិងបាត់បង់ឫកពាដ៏ មានអំណាចដែលធ្លាប់តែធ្វើឲ្យនាងភ័យស្លុត។ គេត្រូវរបួសតែដំណើរនៅតែស្មើ នៅតែសង្ហា គ្មានភាពទន់ជ្រាយ និងគ្មានល្បិចកលទេ។ គេនិយាយតិច ប្រយោគនីមួយៗខ្លី ប៉ុន្តែហេតុអ្វីដូចជាមានបង្កប់នូវភាពឈឺឆ្អាលយកចិត្តទុកដាក់ ម្ល៉េះ?។
0 comments:
Post a Comment