អាមេរិក​បាន​ដាក់​ពង្រាយ​ខែលការពារ​មីស៊ីល ​នៅ​តំបន់​ឈរ​ជើង​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង ​វាយ​ប្រហារ​​នុយក្លេអ៊ែរ​​ណា​មួយ​​នា​ពេល​ថ្មីៗ​ពី​​កូរ៉េ​ខាង​ជើង។ ក្រៅ​ពី​អាមេរិក សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន ក៏​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​ដែរ។
តើ​ខែល​ការពារ​មីស៊ីល​​​​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​មាន​អ្វី​ខ្លះ? និង​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ប៉ុណ្ណា​ដែរ?
ខែល​ការពារ​មីស៊ីល​ប្រភេទ Aegis
ខែល Aegis ផ្ដល់​សមត្ថភាព​ដល់​នាវា​ចម្បាំង​បាញ់​ទម្លាក់​មីស៊ីល​ឆ្លង​ទ្វីប​របស់​ សត្រូវ​នៅ​ក្នុង​លំហ​អាកាស​តែ​ម្ដង ដោយ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​​ខូចខាត​នោះ​ទេ។
កងនាវាចរណ៍​អាមេរិក កូរ៉េខាងត្បូង និង​កង​ម៉ារីន​ការពារ​ជាតិ​ជប៉ុន មាន​នាវា​ចម្បាំង​ដែល​មាន​សមត្ថភាព​​បំពាក់​ខែល​ការពារ​មីស៊ីល Aegis​​។
ខែល​ការពារ​មីស៊ីល Terminal High Altitude Area Defense System (Thaad)
Thaad មាន​សមត្ថភាព​បាញ់​ស្ទាក់​មីស៊ីល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ខ្លី និង​មធ្យម ដែល​កំពុង​ហោះហើរ​បាន​ពាក់​កណ្ដាល​ផ្លូវ ឬ​ជិត​ដល់។ ខែល​នេះ កំពុង​ត្រូវ​អាមេរិក​ដាក់​ពង្រាយ​នៅ​តំបន់​ប៉ាស៊ីហ្វិក កោះ Guam និង​អាច​កម្ទេច​មីស៊ីល​សត្រូវ​ក្នុង​រយៈ​ចម្ងាយ ២០០ គីឡូម៉ែត្រ និង​រយៈ​កម្ពស់ ១៥០ គីឡូម៉ែត្រ។
ការ​បង្កើត​ខែល Thaad ត្រូវ​អាមេរិក​ពន្យារ​ពេល​ជា​ច្រើន​ដង ហើយ​ការ​ដាក់​ពង្រាយ​ខែល​នេះ​នៅ​កោះ Guam ​​ដើម្បី​ទប់​ទល់​នឹង​កូរ៉េខាងជើង គឺ​ជា​បេសកកម្ម​ទី១ របស់​វា។
ដំណើរការ​របស់ Thaad

១. សត្រូវ​បាញ់​មីស៊ីល
២. ប្រព័ន្ធ​រ៉ាដា Thaad ចាប់​បាន​ការ​បាញ់ ​ហើយ​បញ្ជូន​បន្ត​ទៅ​ប្រព័ន្ធ​បញ្ជា និង​គ្រប់គ្រង
៣. ប្រព័ន្ធ​បញ្ជា និង​គ្រប់គ្រង​របស់ Thaad បញ្ជា​​មីស៊ីល​ទៅ​ស្ទាក់​បាញ់​កម្ទេច​
៤. មីស៊ីល​បាញ់​ស្ទាក់ ទៅ​កម្ទេច​មីស៊ីល​សត្រូវ
៥. មីស៊ីល​សត្រូវ​ ត្រូវ​កម្ទេច​ក្នុង​អាកាស​។ រថយន្ត​ដាក់​ជើង​ទម្រ​ខែល​នេះ អាច​ផ្ទុក​មីស៊ីល​បាញ់​ស្ទាក់​រហូត​ដល់​ទៅ ៨ ដើម​ឯណោះ។
ខែល​មីស៊ីល​ការពារ​អាកាស Patriot
Patriot ជា​ខែល​ការពារ​មីស៊ីល​ដ៏​ទំនើប​ដែល​អាច​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង មីស៊ីល​ស្វ័យ​នាំ​ផ្លូវ និង​មីស៊ីល​ឆ្លង​ទ្វីប។ ខែល​នេះ ត្រូវ​គេ​ប្រើប្រាស់​ជា​ខែល​ស្រទាប់ ឬ​ដំណាក់​កាល​ទី៣ ដើម្បី​កម្ទេច​សត្រូវ​ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត។
រថយន្ត​ជើង​ទម្រ​ ខែល​នេះ អាច​ផ្ទុក​មីស៊ីល ៤ ដើម ឬ ១៦ ដើម​នៅ​ខែល​កំណែប្រែ​ចុង​ក្រោយ Pac-3។ កូរ៉េខាងត្បូង និង​ជប៉ុន មាន​ខែល​ការពារ​មីស៊ីល Patriot។
ការ​គំរាម​ កំហែង​របស់​កូរ៉េខាងជើង ធ្វើ​​ឲ្យ​បណ្ដា​ប្រទេស​ដូចជា​កូរ៉េខាងត្បូង និង​ជប៉ុន​ចាប់​អារម្មណ៍ និង​ស្ទុះស្ទា​ទិញ​ខែល​ការពារ​ទាំង​នេះ​ពី​អាមេរិក ស្រប​ពេល​ដែល​អាមេរិក​ដាក់​ពង្រាយ​ខែល​មីស៊ីល​នៅ​តំបន់​ប៉ាស៊ីហ្វិក​​។
ចំណុច ​នេះ បណ្ដា​អ្នក​វិភាគ​និយាយ​ថា ការ​បង្កើត​ខែល​មីស៊ីល​របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​តំបន់​នេះ អាច​ធ្វើ​ឲ្យ​ចិន​ញញើត​បន្តិច និង​ដាក់​សម្ពាធ​ឲ្យ​ចិន​ដោះស្រាយ​ជា​មួយ​កូរ៉េខាងជើង។ ទោះ​បី​ខែល​មីស៊ីល​ មិន​តម្រង់​ដាក់​ចិន​ក៏​ដោយ ក៏​ការ​ដាក់ពង្រាយ​នេះ បង្ហាញ​ពី​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី និង​ប៉ះពាល់​ដល់​ឥទ្ធិពល​ចិនដែរ៕
ប្រែ​សម្រួល៖ សុផាត
ប្រភព៖ BBC