Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, April 23, 2013

គម្លាត​ទ្រព្យ​ធន​នៃ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម

22.04.2013
VOA Khmer

ខេត្ត​ប៉ៃលិន៖ នៅពេល​ដែល​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន​ចុះ​ពី​លើ​រថយន្ត​ទំនើបៗ ​យួរ​ចានស្រាក់​ដែល​មាន​ចង្ហាន់​សម្រាប់​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​បុណ្យ​ ចូល​ឆ្នាំថ្មី ​ឆ្នាំម្សាញ់​នៅក្នុង​ក្រុងប៉ៃលិន ​លោក​មុំ មឿន ​ដែល​មាន​ឈ្មោះ​ហៅ​មួយទៀត​គឺ​ឯក វណ្ណា ​បាន​ធ្វើដំណើរ​ពី​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​ដើម្បី​មក​សុំទាន​នៅ​ទីនេះ។​

លោក​មុំ មឿន ​គឺ​ជា​អតីត​កម្មាភិបាល​នៃ​កងទ័ព​ខ្មែរក្រហម​ថ្នាក់ក្រោម​មួយរូប​។​

លោក​មាន​ពុកមាត់​និង​ពុកចង្កា​ដុះ​ផុត​សាច់​ជិត​មួយ​ថ្នាំង​ដៃ​ដែល​ក្លាយជា​ស្កូវ​ពណ៌​ស ​ស្ទើរ​អស់​ទៅ​ហើយ។​

អង្គុយ​លើ​ចិញ្ចើម​ផ្លូវ​ដើរ​ដែល​ធ្វើ​ពី​ស៊ីម៉ង់ត៍​នៅលើ​ភ្នំ​យ៉ា​តដែល​ជា​ ទី​វត្ត​ល្បីល្បាញ​និង​ប្រវិត្តសាស្ដ្រ​របស់​ក្រុង​ប៉ៃលិន​ស្ថិតក្នុង​ចំណោម ​អ្នកសុំទាន​មួយ​ដទៃទៀត ​លោក​មុំ មឿន ​ដាក់​ឈើច្រត់​ទាំង​គូ​នៅ​នឹង​ម្ខាង​ខ្លួន។ ឈើច្រត់​ដែល​គាត់​ប្រើ​ជា​ជំនួយ​ដល់​ជើង​ស្តាំ​របស់​គាត់​ដែល​បាន​ដាច់​ដោយ​ សារ​ជាន់​គ្រាប់មីន​ក្នុងពេល​ដែល​គាត់​បាន​ប្រឡូក​ក្នុង​ការតស៊ូ​ជាមួយ​ ខ្មែរក្រហម​។

លោក​បាន​ចូល​ព្រៃ​ម៉ាក​គី ​ជាមួយ​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៤ ​នៅពេល​ដែល​ទើប​នឹង​មាន​អាយុ​១៤​ឆ្នាំ។​

លោក​អះអាង​ថា​បាន​ចូល​ព្រៃ​តាម​ការអំពាវនាវ​របស់​សម្តេចឪ​នរោត្តម សីហនុ ​ក្រោយពី​ព្រះអង្គ​ត្រូវ​ទម្លាក់​ចេញពី​តំណែង​ដោយ​លោក​សេនាប្រមុខ​លន់ នល់។​

«ខ្ញុំ​ធ្វើ​ដើម្បី​ជាតិ​និង​ទឹកដី​តែ​ដល់​ពេល​នេះ​គ្មាន​បាន​អ្វី​បាន​មក​វិញ​ទេ​បានត្រឹមតែ​ជើង​ម្ខាង​និង​សំពាយ​មួយ​សម្រាប់​ដើរ​សុំទាន​អ្នកស្រុក​ហូប​តែប៉ុណ្ណោះ»។​


ឆ្នាំ​នេះ​មាន​អាយុ​៥៥​ឆ្នាំ​លោក​មុំ មឿន ​អះអាង​ថា​លោក​បាន​ក្លាយជា​កម្មាភិបាល​កងទ័ព​ខ្មែរក្រហម​ថ្នាក់​ក្រោម​មួយ​ រូប​ដែល​គ្រប់គ្រង​លើ​យោធា​ចំនួន​៣០​នាក់។​

ប៉ុន្តែ​លោក​បាន​រងគ្រោះ​ដោយ​ជាន់មីន​កាលពី​ឆ្នាំ​១៩៨៤​ក្នុងពេល​ដែល​លោក​ចូល​ស៊ើបការណ៍​ក្នុង​ខេត្ត​កោះកុង។

ពិការ​ជើង​ម្ចាង​លែង​ស្ថិតក្នុង​ភាព​ជា​ទាហាន​ដែល​ពេញ​សមត្ថភាព​ទៀតហើយ​ ដូច្នេះ​មួយ​ឆ្នាំ​ក្រោយ​លោក​មុំ មឿន ​បាន​ចាកចេញ​ពី​ជួរ​កងទ័ព​ខ្មែរក្រហម​។ លោក​រៀបរាប់​ពី​ការចាប់ផ្តើម​ចូល​តស៊ូ​ដំបូង​ជាមួយ​ខ្មែរក្រហម។​

«​តា​ម៉ុន​យក​ខ្ញុំ​ពី​ផ្ទះ​ចេញមក​។ ដល់​នៅ​ក្នុង​ព្រៃ​នៅ​កងពល​ទី​៥។ តា​រ៉ែ​ន​ជា​មេ​កងពល។ បន្ទាប់​មក​គាត់​ក្បត់​គ្នាឯង។ តែ​ដល់​ពេល​ខ្ញុំ​ដាច់​ជើង ខ្ញុំ​ពិបាក​ពេក​ខ្ញុំ​ក៏​លាឈប់​ទៅ»។​

ថ្វី​បើ​ធ្វើ​ជា​អ្នកសុំទាន ​លោក​មុំ មឿន ​មាន​សម្លៀក​បំពាក់​ស្អាតបាត​និង​មាន​របៀប។ គាត់​ស្ពាយ​ស្បោង​មួយ​ជាប់​នឹង​ខ្លួន​ដែល​មាន​ទំហំ​និង​រាងរៅ​ដូចគ្នា​ទៅ​ នឹង​ថង់យាម​របស់​ព្រះសង្ឃ។ ហើយ​ស្បោង​នេះ​ធ្វើ​អំពី​វត្ថុ​ធាតុ​ម្យ៉ាង​ដូចជា​បាវ​បា្ល​ស្ទិក​ដែល​មាន​ ក្រឡា​ល្អិត​ត្បាញ​បញ្ជូល​ចូល​គ្នា​និង​មាន​ពណ៌​ស ​និង​លាយ​ជាមួយ​ខ្មៅ។​

ជនពិការ​រូបនេះ​មាន​ដើមកំណើត​នៅ​ភូមិ​ត្រពាំង​គរ ​ឃុំ​ជ្រៃ​បាក់ ​ស្រុករ​លា​ផ្អៀ​ ខេត្ត​កំពង់ឆ្នាំង។​

​សាក្សី​ជាច្រើន​នៅក្នុង​សវនាការ​ក្នុង​សំណុំរឿង​០០២​ដែល​មាន​ជនជាប់ចោទ​ជា​ អតីត​មេដឹកនាំ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម​បាន​និយាយ​ថា​ក្រុម ​មេដឹកនាំ​ខ្មែរក្រហម​បានជ្រើសរើស​កុមារ​ឲ្យចូល​បម្រើ​ក្នុង​ចលនា​តស៊ូ​ ក្នុងព្រៃ ​ហើយ​ពួកគេ​ត្រូវ​ប្រើ​ជា​កងសន្តិសុខ ​និង​ជា​អ្នក​នាំសារ។​

លោក មុំ មឿន ​ក៏​បញ្ជាក់​ដូចគ្នា​នេះ​ដែរ។​

« (ការចូល​នេះ) គ្មាន​មូលហេតុ​ទេ​ព្រោះ​ប៉ុល ពត ​កាន់​អំណាច​។ ក្មេង​ចាប់​ពី​អាយុ​១៤​ឆ្នាំ​គាត់​រៀប​ជា​អង្គភាព​ហើយ​ស្រេច​។ គ្មាន​អ្នកណា​គេច​បានទេ»។​

បច្ចុប្បន្ន​អតីត​កងទ័ព​ខ្មែរក្រហម​រូបនេះ​រស់នៅ​ភូមិ​កំរៀង ឃុំ​កំរៀង ​ស្រុក​កំរៀង​នៃ​ខេត្ត​បាត់ដំបង​ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ ក្រុងប៉ៃលិន​។ គាត់​ប្រកប​មុខរបរ​សុំទាន​នៅ​ផ្សារ​ឡែម។​

«ខ្ញុំ​ទៅ​សុំ​នៅ​ផ្សារ​ឡែម។ ខ្ញុំ​សុំ​គេ​ហូប​ប្រចាំថ្ងៃ​ហើយ​ខ្ញុំ​មក​ទី​នេះ​តែ​ពេល​បុណ្យទាន​ធំៗ​ដូចជា​ពេល​ភ្ជុំ ពេល​ចូលឆ្នាំ​ចិន​ ចូលឆ្នាំ​ខ្មែរ​ពីព្រោះ​នៅ​ទីនេះ​មនុស្ស​ជុំ»។​

លោក​មុំ មឿន ​មាន​សំបុរ​ស្រអែម​ដែល​រោលរាល​ទៅដោយ​កំដៅ​ថ្ងៃ។ លោក​ផ្លាស់​ទី​ដោយ​ឈើច្រត់​នៅជាប់​នឹង​ដៃ​ទាំងសងខាង។​

លោក​កំពុង​រួមរស់​ជាមួយ​ស្ត្រី​ម្នាក់​ជា​ប្តី​ប្រពន្ធ​នៅ​ក្នុង​ទីលំនៅ​ បច្ចុប្បន្ន​របស់​លោក។ ប្រពន្ធ​របស់​លោក ​មាន​វ័យ​ចំណាស់​ច្រើនជាង​លោក​ចំនួន​បួន​ឆ្នាំ ​និង​មាន​កូន​ដើម​ចំនួន​ប្រាំមួយ​នាក់។​

និយាយ​បណ្តើរ​ហាក់បី​ដូចជា​នឹក​គិត​បណ្តើរ​លោក​រៀបរាប់​ថា ​លោក​គឺជា​ប្រភព​រក​ចំណូល​សម្រាប់​ចិញ្ចឹម​ប្រពន្ធ​របស់​លោក។​

«បើ​ថ្ងៃ​បុណ្យ​ធំ​ដូច្នេះ​បើ​កុំ​មាន​ភ្លៀង (​រក​)​បាន​បួនដប់​ម៉ឺន​ដែរ។ ​តែបើ​មាន​ភ្លៀង​មិន​ហួស​ពី​ប្រាំ​ទៅ​ប្រាំមួយ​ម៉ឺន​ទេ។​បើ​សុំ​នៅ​ទីផ្សារ ​មាន​ថ្ងៃ​ខ្លះ​បាន​និង​ថ្ងៃ​ខ្លះ​មិន​បាន។ ហើយ​ជា​មធ្យម​បាន​ពីរម៉ឺន​រៀល​សម្រាប់​ទិញ​អង្ករ ​ប៊ីចេង​ ស្ករ​ ខ្ទឹម»។​

ការចាប់យក​អាជីព​ជា​អ្នកសុំទាន​ហាក់ដូចជា​ការសម្រេចចិត្ត​ច្បាស់លាស់។ ការពិត​លោក​មុំ មឿន ចេះ​ក្បួន​ហោរា​ចាំ​រត់មាត់​ដែល​អាច​ឲ្យ​គាត់ទ​ស្ស​ទាយ​បាន​ដោយ​មិនបាច់​បើក ​ក្បួន​ភ្លាមៗ។​ផ្ទុយទៅវិញ​គាត់​មិន​ជ្រើសរើស​យក​ហោរា​ទស្ស​ទាយ​ធ្វើ​ជា​ អាជីព​នោះទេ​។ គាត់​បាន​សាកល្បង​ទាយ​ឲ្យ​អ្នកដំណើរ​ម្នាក់​នៅ​ក្បែរ​ខ្លួន​របស់​គាត់។​

«មនុស្ស​ឆ្នាំកុរ​អ​ភ័ព្វ​ស្នេហ៍​។ គេ​ស្រឡាញ់​ច្រើន​តែ​គេ​បំភ្លេច​ក៏​ច្រើន​ដែរ​។​រឿង​រកស៊ី​ពឹងពាក់​គេ​ឆាប់​ បាន ​និយាយ​ទៅ​គេ​ចូលចិត្ត​។ រក​កើត​តែ​ចិត្ត​ទន់​ ចូលចិត្ត​ជួយ ​ឆាប់​អាណិត ​ឆាប់​មេត្តា»​។​

កងទ័ព​ព្រៃ​ខ្មែរ​ក្រហម​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​ សេនាប្រមុខ​លន់ នល់​នៅ​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥​ហើយ​ក្រោយមក​ការដឹកនាំ​របស់​ពួកគេ​បាន ​នាំឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច ១,៧ ​លាន​នាក់​បាន​ស្លាប់ ​និង​ត្រូវបាន​សម្លាប់​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ។​

ពួក​ខ្មែរក្រហម​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៩៨ ​ក្រោយពី​ពួកគេ​ចេញ​ទៅ​តស៊ូ​ក្នុងព្រៃ​ម្តងទៀត​ដោយសារ​កងទ័ព​វៀតណាម​វាយ​ ផ្តួលរំលំ​អំណាច​របស់​ពួកគេ​។​

កងទ័ព​ខ្មែរក្រហម​ភាគច្រើន​ស្ថិតក្នុង​ជួរ​ក្របខណ្ឌ​ជា​កងទ័ព​និង​ ត្រូវបញ្ចូ​ល​ក្នុង​ដំបូល​របស់​រដ្ឋាភិបាល។ រីឯ​មួយចំនួន​ទៀត​បាន​ចេញ​ទៅ​ប្រកប​របរ​ផ្សេងៗ។​

លោក​មុំ មឿន មិន​អាច​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​កងទ័ពឬ​ជា​ក្របខណ្ឌ​យុទ្ធជន​ពិការ​បាន​ទេ​ ដោយសារ​គាត់​បាន​លាចាក​ពី​កងទ័ព​ខ្មែរក្រហម​មុន​ការចុះ​ចូល​រដ្ឋាភិបាល។​

លោក​បាន​ស្វែងរក​ជំនួយ​ផ្សេងៗ​ពី​អាជ្ញាធរ​ប៉ុន្តែ​មិន​បាន​សម្រេច​ហើយ​ ទីបំផុត​មានតែ​មុខរបរ​សុំទាន​ទេ​ដែល​សក្តិ​សម​នឹង​ភាព​ពិការ​របស់​គាត់។​

មន្ទីរ​ សង្គមកិច្ច​ខេត្ត​បាត់ដំបង​មិនអាច​ស្វែងរក​ទំនាក់ទំនង​បានទេ​។ រីឯ​លោក ប្រាជ្ញ ច័ន្ទ ​អភិបាល​ខេត្ត​បាត់ដំបង​មិន​អាច​ស្វែងរក​សេចក្តី​អត្ថាធិប្បាយ​ជុំវិញ​ ស្ថានភាព​អតីត​កងទ័ព​ខ្មែរក្រហម​បាន​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោករោ​ទិ៍​ដោយ ​គ្មាន​អ្នកទទួល៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan