Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, April 24, 2013

តំណាង គ​.​ជ​.​ប​. ទទួល​ញត្តិ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ










ថ្ងៃទី 24 មេសា 2013
ដោយ: មុនីរាជ
Cambodia Express News
ភ្នំពេញ: បន្ទាប់ ​ពី​ជួបជុំ​ថ្លែងការណ៍ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺនៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៣ ​តំណាង គ​.​ជ​.​ប​. មក​ទទួលយក​ញត្តិ​របស់​គណបក្ស​ប្រឆាំង​នេះនៅ​កន្លែង​ធ្វើបាតុកម្ម​តែម្តង​។ គណបក្សប្រឆាំងក៏​បាន​រំសាយ ដោយ​មិន​ដើរ​ហែ​ក្បួន​បាតុកម្ម ដូច​ការប្រកាស​ឡើយ​។​
ក្នុង​ញត្តិ ២​ទំព័រ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ទៅ​កាន់ គ​.​ជ​.​ប​. មាន ៤ ចំណុច ដើម្បីទាមទារ​ឲ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះទទួលយក​អនុសាសន៍​នានា​របស់​តំណាង​អង្គការសហប្រជាជាតិ និង​អនុសាសន៍​ពី​អង្គការ​សង្គម​ស៊ីវិល ជុំវិញ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជាតិនៅ​ខែ​កក្កដា​ខាងមុខ​។ គណបក្សប្រឆាំង ក៏​បាន​ទាមទារ​ឲ្យ​គ​.​ជ​.​ប​. អនុវត្ត​ន៍ច្បាប់ដោយ​ឯករាជ្យ ដើម្បី​ធានា​ដល់​ការបោះឆ្នោត​ខាង​មុខប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួលយកបាន​។​ល​។ និង​។​ល​។​

ញត្តិទាំង ៤​ចំណុច​ របស់គណបក្សសង្គ្រោះជាតិ ដាក់ទៅកាន់ គ.ជ.ប. រួមមាន៖
​ទី​១- គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​អនុសាសន៍​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១២ ជុំវិញ​ការ​បោះឆ្នោត​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។​


​ទី​២- ទាមទារ​ឲ្យ​សើរើ ធ្វើ​ឡើង​វិញ​នូវ​បញ្ជី​ឈ្មោះ អ្នកបោះឆ្នោត​ដែល គ​.​ជ​.​ប​. បានធ្វើ​។ ខាង​អង្គការ NDI និង​អង្គកា​រខម​ហ្វ្រេល រក​ឃើញ​កំហុស​យ៉ាងធ្ងន់ធ្ងរ ដូច​ជា​ការ​បំប៉ោង ការបំបាត់​ឈ្មោះ អ្នកបោះឆ្នោត​នីតិកាល​ទី​៥​នេះ​។ បើ​ក្នុង​ករណី គ​.​ជ​.​ប​. ឆ្លើយថា ធ្វើ​មិន​ទាន់ គួរតែ​ពន្យា​ពេល​បោះឆ្នោត​មួយរយៈ​ខ្លី ត្រឹម​មួយ​ខែ​ឬ ពីរ​ខែ ឬក៏​អាច​ធ្វើ​បញ្ជី​ឈ្មោះ ជា​ថ្មី​ឡើងវិញ​។​
​ទី​៣- អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជា​ពិសេស​បណ្តា​ប្រទេស ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង ​ប៉ារីស សូមឲ្យ​ធ្វើ​ការគាបសង្កត់​ទៅលើ រាជ​រដ្ឋា​បាល ឲ្យបាន​ច្បាស់លាស់ ចំពោះ​ការរៀបចំ ការបោះឆ្នោត ឆ្នាំ​២០១៣​នេះ ឲ្យមាន​លក្ខណៈ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួលយកបាន​។​
​ទី​៤- ត្រូវតែ​អនុញ្ញាតិ​ដោយ​គ្មាន​លក្ខ័ណ នូវ​ការ​វិញ​ត្រឡប់​ដោយ​សុវត្ថិភាព ព្រមទាំង​ការចូលរួម​ដោយ​សេរី និង​យុត្ត​ធម៌ របស់​មេដឹកនាំ គណបក្ស​ប្រឆាំង​នៅ​ពេល​បោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣​
ជាមួយ​នឹង​សំណើ​ខាងលើ គណបក្សប្រឆាំង ក៏បាន​ប្រកាស​ព្រមាន​ថា ក្នុងករណី គ​.​ជ​.​ប​. និង​រាជរដ្ឋាភិបាល មិន​ទទួលយក​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ជាតិ​អន្តរជាតិ ព្រម​ទាំង​គណបក្ស​នយោបាយ ដើម្បី​រៀបចំ​ការបោះឆ្នោត ឲ្យបាន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ
នោះ​គណបក្ស​ប្រឆាំង ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ មិន​ត្រូវ​ទទួលស្គាល់​ការបោះឆ្នោតដែល​គណបក្ស​សង្គ្រោះ​ជាតិ ហៅថា មិន​ស្របច្បាប់ ដែល​បាន​ដកហូត​នូវ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ មិន​ត្រូវ​ទទួលស្គាល់​រាជរដ្ឋាភិបាល ដែល​កើតចេញ​ពី​ការបោះឆ្នោត ដែល​មិន​ស្របច្បាប់​នោះ​។​

​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​អំពាវនាវ​ដល់ គ​.​ជ​.​ប​. និង​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យទទួល​យក​ការទាមទា​រ​របស់​ខ្លួន ដើម្បីឲ្យ​ការបោះឆ្នោត​នីតិកាល​ទី ​៥ មាន​លក្ខណៈ​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​សារសំខាន់ ចាំបាច់​សម្រាប់​ស្ថិរភាព និង​សន្តិភាព​របស់​ប្រជាជាតិ​យើង​។​
​មិនទាន់​មាន​អត្ថាធិប្បាយ​បែបណាពី​គ​.​ជ​.​ប​. និង​រាជរដ្ឋាភិបាល ជុំវិញ​ញត្តិ និង​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្សប្រឆាំង នៅ​ព្រឹក​ថ្ងៃទី​២៤​មេសា នៅឡើយ​ទេ​។​
​ជា​ការកត់សម្គាល់ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤​មេសា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​រួបរួម​រវាង ​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ប្រមាណ ២០០ ទៅ ៣០០ នាក់ បាន​ជួបជុំ​ធ្វើបាតុកម្ម ដោយ​លើក​បដា និង​ថ្លែងការណ៍​តាម​មេក្រូ​យ៉ាង​កងរំពង ដើម្បី​ទាមទារ​ឲ្យមាន​ការកែទម្រង់ គ​.​ជ​.​ប​. សម្រាប់​រៀបចំ​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ​។​
ចំនួន​អ្នក​ធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ចំនួន​តិច​ជាង​ការគ្រោងទុក​ពី​ដំបូង​ថា មាន​ដល់​ទៅ ៤០០០ នាក់ ត្រូវបាន​គណបក្ស​ប្រឆាំង​អះអាងថា មក​ពី​សកម្មជន​របស់ខ្លួនត្រូវបាន​អាជ្ញាធរ​ឃាត់តាម​ផ្លូវ​សំខាន់ៗ ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ​។​
​សូម​រម្លឹកថា បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​នេះ មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស ​សង្គ្រោះ​ជាតិ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​រួមមាន​៖ លោក កឹម​សុខា លោក ប៉ែន សុវណ្ណ លោក គង់ គាំ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ជាច្រើនរូប​ផ្សេងទៀត​។​
​ រីឯ​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ចូលរួម​បាតុកម្ម ក្រៅ​ពី​លើក​បដា ក៏​មាន​ចង​ក្បាល​នឹង​ក្រណាត់ស សរសេរ​អក្សរ ដែល​មាន​ការទាមទារ​កែទម្រង់ គ​.​ជ​.​ប​. ជាដើម​។​
​បន្ទាប់​ពី​ឡើង​ថ្លែងការណ៍​ម្នាក់​ម្តងៗ របស់​មេដឹកនាំ​គណបក្សប្រឆាំង គឺ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំងនៅ​បន្ត​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិន​មាន​ការដើ​រហែ​ក្បួន​តាម​ដងផ្លូវទៅកាន់ គ​.​ជ​.​ប​. ដូច​សេចក្តីប្រកាស​ពី​មុន​ឡើយ​។
​កាលពី​ថ្ងៃ​ទី​២៣​មេសា​ម្សិលមិញ ក្រសួងមហាផ្ទៃ បានសម្រេច​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្មដើរ​ហែ​ក្បួនតាមផ្លូវនៅ​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤​មេសា​នេះ​ឡើយ​។ តែ​ក្រសួង​មហាផ្ទៃ ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ​ដែរ បានអនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំងជួបជុំធ្វើបាតុកម្មនៅ​ទីលាន​ប្រជាធិបតេយ្យនៅ​ជិត​វត្តភ្នំ​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​លើក​ហេតុផល​ថា ដោយសារ​តែ​បញ្ហា​កកស្ទះ​ចរាច​រណ៍ ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម ទើប​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិធ្វើបាតុកម្មដើរ​ហែ​ក្បួន​អ្វី​ឡើយ នៅ​ថ្ងៃ​ទី​២៤​មេសា​នេះ​។ ​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​របស់​លោក នៅតែ​បន្ត​ធ្វើ​បាតុកម្មដូច​ការគ្រោងទុក ដោយ​ការដើ​រហែ​ក្បួន បន្ទាប់​ពី​ជួបជុំ​ថ្លែងការណ៍នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ​យ៉ាងណាក៏ដោយ កាលពី​រសៀល​ថ្ងៃ​ទី​២៣​មេសា​ម្សិលមិញ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ជិត​ផុត​អាណត្តិ បាន​ផ្ញើ​លិខិត​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ក្រើនរម្លឹក​ដល់​គណបក្ស​ប្រឆាំង​នេះឲ្យ​គោរព​តាម​សេចក្តីសម្រេច​នៃ​កិច្ចប្រជុំ​ពិភាក្សា​ពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​គណបក្ស ​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២២​មេសា​។ ជា​សេចក្តីសម្រេច ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​សម្រេច​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្មនៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរ ហែ​ក្បួន ដូច​ការទាមទារ​ឡើយ​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan