Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, April 26, 2013

រក​ឃើញ​ឈើ​ជាង​១ម៉ឺន​៦ពាន់​ដើម​ត្រូវ​គេ​កាប់​ដឹក​ចូល​ក្រុមហ៊ុន​វៀតណាម-ចិន


មន្ត្រី​អង្គការ​អាដ​ហុក​ឈរ​ផ្អែក​ឈើ​​ ដែល​ត្រូវ​គេ​កាប់​ផ្តួល​ថ្មីៗ​។ រូបថត អង្គ​ការ​អាដ​ហុក​

Thursday, 25 April 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

រតនគិរីៈ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ ព្រម​ទាំង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​កាល​ពី​ម្សិលមិញ ហើយ​បាន​ប្រទះ​ឃើញ​ឈើ​ជាង ១ ម៉ឺន ៦ ពាន់​ដើម​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ក្នុង​ស្រុក​កូន​មុំ​ដែល​ឈើ​ទាំង​នេះ ត្រូវ​គេ​ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច វៀតណាម និង​ចិន។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​សិទិ្ធ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា៖
«ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ដើរ​ដង​ជ័រ​ទឹក​តាម​ដើម​ឈើ​ក្នុង​តំបន់​នោះ​បាន​រក​ឃើញ​ថា​ដើម​ឈើ​ប្រមាណ​ជាង១​ម៉ឺន ៦ ពាន់​ដើម​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​១៥​គីឡូម៉ែត្រ​ការ៉េ»
លោក ឆាយ ធី បាន​បន្ត​ថា​ប្រភេទ​ដើម​ឈើ​ទាំង​នោះ មាន​ដូច​ជា គគីរ ឈើ​ទាល ត្រាច ផ្តៀក និង​សុក្រំ​ជា​ដើម ដែល​មាន​មុខ​កាត់​ចាប់​ពី​កន្លះ​ម៉ែត្រ​ឡើង​ទៅ ហើយ​ចំនួន​ប៉ាន់​ប្រមាណ​លើ​ការ​កាប់​នេះ មិន​ទាន់​គិត​លើ​ផ្ទៃ​ដី​សរុប​ដែល​ក្រុមហ៊ុន​វៀតណាម និង​ចិន​បាន​កាប់​នោះនៅឡើយ​ទេ។
លោក ឆាយ ធី​បាន​បន្ថែម​ថា​៖«ពួក​ឈ្មួញ​ពីរ​បី​ក្រុម​បាន​ដណ្តើម​គ្នា​កាប់ និង​ដឹក​តាម​ឡាន​ពី​២០ ទៅ ៣០ គ្រឿង​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​មួយ​ថ្ងៃៗ​។ តែ​គេ​បាន​ផ្អាក​សកម្មភាព​ហើយ​នៅ​ពេល​រឿង​នេះ​បែក​ធ្លាយ​កាល​ពី ២ អាទិត្យ​មុន​» លោក​បន្ត​ថា​ជាក់​ស្តែង​គ្រាន់​តែ​មួយ​កន្លែង​អ្នក​ចុះ​ពិនិត្យ​ទាំង​អស់​បាន​ឃើញ​ដើម​ឈើ​ជាង​៣​ពាន់​ដើម ត្រូវ​បាន​គេ​កាប់​ផ្តួល ហើយ​ដឹក​ចេញ​មិន​ទាន់​។ នៅ​សល់​បី​កន្លែង​ផ្សេង​ទៀត​ដែល​ពួក​លោក​ពិបាក​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់។
ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​ជួយ​ជូន​ក្រុម​អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ បាន​ឲ្យ​ដឹង​ថា​ដើម​ឈើ​ច្បោះ​ជ័រ ចំនួន ៤០០ ដើម ដែល​គ្រួសារ​របស់​លោក ធ្លាប់​ចោះ​យក​ជ័រ​ត្រូវ​បាន​គេ​កាប់​ផ្តួល​ទាំង​អស់​។ បុរស​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ បាន​បញ្ជាក់​ថា​៖​ឈ្មួញ​អ្នក​កាប់​និង​ទិញ​ម្នាក់​ឈ្មោះ ថា បាន​កាប់​ដើម​ច្បោះ​ជ័រ​របស់​ខ្ញុំ​អស់​។​គេ​ថា​ឲ្យ​កាប់​ក៏​កាប់ មិន​ឲ្យ​កាប់​ក៏​កាប់​ដែរ​។ ពេល​នេះ អ្នក​ភូមិ​យើង​អស់​មុខ​របរ​អី​រក​ហើយ​។ ពលរដ្ឋ​យើង​អស់​ជម្រើស​ហើយ​ទើប​ហ៊ាន​និយាយ​នេះ​»
កាល​ពី​ថ្ងៃ​អាទិត្យ ទី២១​ខែ​មេសា​អាជ្ញាធរ​មូលដ្ឋាន និង​មន្រ្តី​ក្រសួង​កសិកម្ម​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ស្រុក​កូន​មុំ​នេះ​ដែរ បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នោះ។ លោក​ឈឹម សុឃឹម មេ​ឃុំ​ស្រែ​អង្គ្រង បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ជូន​មន្រ្តី​ពី​ក្រសួង​កសិកម្ម​ទៅ​ត្រួត​ពិនិត្យ ហើយ​បាន​ឃើញ​ថា​ពិត​ជា​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នោះ​មែន។
លោក​ឈឹម សុឃឹម​បាន​បញ្ជាក់​ថា​«យើង​ឃើញ​ជន​ជាតិ​វៀតណាម​បួន​នាក់ កំពុង​ដឹក​ឈើ​ចូល​ទៅ​ក្នុង​ដី​ក្រុមហ៊ុន ​ហុង​អាញ​អណ្តូង​មាស។ ពួក​គេ​និយាយ​ភាសា​វៀតណាម។ យើង​មិន​ចេះ​ស្តាប់​ទេ ទើប​មិន​ដឹង​សួរ​នាំ​យ៉ាង​ម៉េច តែ​ខ្ញុំ​គិត​ថា​ពួក​គេ​ជា​បុគ្គលិក​របស់​ក្រុម​នេះ​ហើយ» ទោះ​យ៉ាង​ណា​លោក​ស៊ឹម រឹទ្ធិ មន្ត្រី​ក្រសួង​កសិកម្ម​ដែល​បាន​ចុះ​ទៅ​ជាមួយ​លោក​មេ​ឃុំ​រូប​នេះ បាន​អះ​អាង​ផ្ទុយ​គ្នា​ទៅ​វិញ​។ លោក​ស៊ឹម រឹទ្ធិ​បាន​ថ្លែង​ដូច្នេះ​ថា​៖​«យើង​ឃើញ​ពលរដ្ឋ​ខ្មែរ​យើង​កាប់​ឈើ​នៅ​ទី​នោះ​យក​ទៅ​ធ្វើ​ផ្ទះ​។ មាន​កាប់​តិច​តួច​ប៉ុណ្ណោះ​។ យើង​បាន​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​កាប់​បន្ត​ទៀត​»
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ហុង​អាញ​អណ្តូង​មាស​បាន​ទេ​។ អនុក្រឹត​របស់​រដ្ឋាភិបាល​ដែល​ចុះ​ហត្ថលេខា ដោយ​លោក​នាយ​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន នេះ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៩៧៨៥ ហិកតា​កាល​ពី​ឆ្នាំ ២០១១។
លោក យី សុខសាន្ត មន្ត្រី​ស៊ើប​អង្កេត​ដី​ធ្លី​និង​ធន​ធាន​ធម្មជាតិ នៃ​សមាគម​អាដហុក​នៅ​ការិយាល័យ​ភ្នំពេញ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ធ្វើ​របាយ​ការណ៍​ពី​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ចំណាត់​ការ​បន្ទាន់​ទប់​ស្កាត់​និង​ចាប់​ជន​ល្មើស​បញ្ជូន​ទៅ​តុលាការ​។
លោក​ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទិ្ធ​មនុស្ស​អាដហុក​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​ស្ទើរ​តែ​បរាជ័យ​ទាំង​ស្រុង​នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។ លោក​ចាន់ សុវ៉េត បាន​ថ្លែង​ដូច្នេះ​ថា​៖ «បើ​រដ្ឋាភិបាល​គ្រាន់​តែ​ចេញ​បទ​បញ្ជា​ដោយ​គ្មាន​ការ​អនុវត្ត​ជាក់​ស្តែង ប្រកប​ដោយ​ប្រសិទ្ធភាព​បែប​នេះ នោះ​ព្រៃ​ឈើ​ស្រុក​ខ្មែរ​នឹង​ត្រូវ​វិនាស​អស់​គ្មាន​សល់ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​»
ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ដែល​មាន​ទំហំ​ប្រមាណ​ជា ២៥០០ គីឡូម៉ែត្រ​ការ៉េ។
លោក​ប៉ាវ ហមផាន អភិបាល​ខេត្ត​រតនគិរី បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​អំពី​ការ​កាប់​ឈើ​នេះ​ឡើយ ហើយ​នៅ​ពេល​ដែល​លោក​ទទួល​បាន​ព័ត៌មាន​នេះ ពី​អាជ្ញាធរ​មូលដ្ឋាន​លោក​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan