ខណៈ​ដែល​ស្ថានភាព​រវាង​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក កំពុង​ស្ថិត​ក្នុង​មាត់​ជ្រោះ​នៃ​សង្គ្រាម ចិន​ឯណោះ​វិញ ក៏​មាន​ចលនា​កម្រើក​ទ័ព និង​សព្វាវុធ​ចម្បាំង​មិន​ចាញ់​អាមេរិក​ជួយ​កូរ៉េខាងត្បូង​ប៉ុន្មាន​ដែរ។
នៅ ​សប្ដាហ៍​នេះ ចិន​នៅ​តែ​បន្ត​បញ្ជូន​រថក្រោះ រថពាសដែក និង​យន្តហោះ​ចម្បាំង​ទៅ​តំបន់​ភាគ​ឦសាន​ប្រទេស​ក្បែរ​ព្រំដែន​កូរ៉េខាងជើង ដែល​មន្ត្រី​ទទួល​ខុសត្រូវ​អាមេរិក​និយាយ​ថា ចលនា​ទ័ព​នេះ​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ។
ចលនាទ័ពចិនទៅកាន់ព្រំដែន
យោង ​តាម​មន្ត្រី​អាមេរិក​ដែល​ទទួល​បាន​របាយការណ៍​ចារកម្ម​ថា ចិន​​បាន​ចល័ត​យោធា​នៅ​តំបន់​ព្រំដែន​រួម​ចិន-កូរ៉េខាងជើង ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា​មក​ម៉្លេះ។ ប៉ុន្តែ ចិន​បាន​ដាក់​យោធា​ខ្លួន​ឲ្យ​ប្រុង​ជើង​ការ​កម្រិត​ខ្ពស់​បំផុតភ្លាមៗ​ បន្ទាប់​ពី​កូរ៉េខាងជើង​ប្រកាស​សង្គ្រាម​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ​មក​លើ​ កូរ៉េខាងត្បូង និង​អាមេរិក កាល​ពី​ថ្ងៃ​ទី៣០ ខែ​មីនា កន្លង​មក។

ចលនា​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) និង​កង​រថក្រោះ ​បាន​ចល័ត​នៅ​តំបន់ Daqing ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស និង​ទីក្រុង​ព្រំដែន Shenyang ខេត្ត Liaoning ជាប់​ព្រំដែន​កូរ៉េខាងជើង។ កង​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ ត្រូវ​គេ​រាយការណ៍​ថា​ មាន​នៅ​ខេត្ត Hebei, Liaoning និង Jilin។
ចលនា​ទ័ព​ចិន​នេះ ត្រូវ​ក្រុម​មន្ត្រី​អាមេរិក​ និយាយ​ថា អាច​មាន​គោលបំណង​ពីរ​យ៉ាង។ ទី​១ បង្កើន​សន្តិសុខ​ព្រំដែន ក្នុង​ករណី​មាន​ផ្ទុះ​សង្គ្រាម​ដែល​បណ្ដាល​​ឲ្យ​មាន​ជន​ភៀស​ខ្លួន​ដ៏​ច្រើន​ មក​កាន់​​ប្រទេសចិន។ ទី​២ វា​ជា​សញ្ញា​មួយ​ដល់​ទីក្រុង​ព្យុងយ៉ាង​ដែល​ថា ចិន​នឹង​គោរព​តាម​ការ​សន្យា​ការពារ​កូរ៉េខាងជើង ក្នុង​ករណី​មាន​ជម្លោះ​ថ្មី។
​សូម​បញ្ចាក់​ថា​ ចិន​នៅ​​តែ​បន្ត​រក្សា​សន្ធិសញ្ញា​ការពារ​ជាតិ​ទ្វេភាគី​ជា​មួយ​ កូរ៉េខាងជើង។ ពេល​ចុង​ក្រោយ​បង្អស់​ដែល​កងទ័ព​ចិន​ជួយ​កូរ៉េខាងជើង គឺ​ក្នុង​អំឡុង​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ​១៩៥០ ដល់​ ១៩៥៣។
ចលនាទ័ពចិនទៅកាន់ព្រំដែន
ទោះ ​បី​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំពាក្យ​យោធា និង​ស៊ីវិល​នៅ​ក្រុង​ប៉េកាំង មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ពី​ការ​បង្កើន​ទ័ព​នៅ​ព្រំដែន​នោះ​ទេ ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ Yang Yujun និយាយ​ថា ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េខាងជើង​ពិត​ជា​ពិបាក និង​រសើប​បំផុត។
ចិន ​គឺ​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​កូរ៉េខាងជើង និង​តែងតែ​ការពារ​កូរ៉េខាងជើង​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ របស់​អង្គការ​សហប្រជាជាតិ ដោយ​អំពាវនាវ​ឲ្យ​មក​រក​តុ​ចរចា ជាជាង​ប្រើប្រាស់​យោធា។ ប៉ុន្តែ ចិន​ហាក់​ដូច​សម្ដែង​កាយវិការ​លំទោន​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​តែងតែ​ដាក់ ​សម្ពាធ​លើ​ចិន​ឲ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​កូរ៉េខាងជើង។
ចិន​ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​កូរ៉េខាងជើង បន្ទាប់​ពី​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ បាន​សាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ​​បាន​ប្រកាស​សង្គ្រាម​ជាមួយ​កូរ៉េខាងត្បូង និង​អាមេរិក​កាល​ពី​ថ្ងៃ​ទី៣០ មីនា និង​​បាន​ប្រកាស​ដំណើរការ​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ឡើង​វិញ ដើម្បី​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។ រ៉េអាក់ទ័រ​នេះ ត្រូវ​ការ​ពេល ៣ ទៅ ៤ ឆ្នាំ ដើម្បី​ចម្រាញ់​យក​សារធាតុ​ភ្លុយតូនីញ៉ូម (plutonium) ១២ គីឡូក្រាម សម្រាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ២ គ្រាប់។
រថក្រោះ​ចិនដឹកទៅព្រំដែន
យោង ​តាម​អ្នក​ជំនាញ​នុយក្លេអ៊ែរ Hecker ដែល​​អង្គការ​សហប្រជាជាតិ​​ធ្លាប់​​បញ្ជូន​ទៅ​កាន់​កូរ៉េខាងជើង​កាល​ពី​ ឆ្នាំ​២០១០ ថា កូរ៉េខាងជើង​មាន​ឃ្លាំង​ស្ដុក​សារធាតុ​ភ្លុយតូនីញ៉ូម​ពី ២៤-៤៨ គីឡូក្រាម ដែល​អាច​បង្កើត​គ្រាប់បែក​នុយក្លេអ៊ែរ​ពី ៤-៨ គ្រាប់៕
ប្រែ​សម្រួល៖ សុផាត
ប្រភព៖ The Washington Free Beacon, WashingtonTimes