Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Saturday, June 16, 2012

ប្រវត្តិ​សង្ខេប​របស់​តំណាង​អ្នក​បឹង​កក់ លោកស្រី ទេព វន្នី


ដោយ ទីន ហ្សាការីយ៉ា 2012-06-16
អ្នក ​បឹង​កក់​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ អ្នក​ចេញ​មុខ​តវ៉ា​សុទ្ធ​តែ​ជា​ស្ត្រី ដែល​ពួក​គេ​មិន​រារែក​នៅ​ក្នុង​ការ​តវ៉ា​នោះ​ឡើយ ទោះ​បី​ជា​មាន​កង​កម្លាំង​រដ្ឋាភិបាល បាន​ចេញ​មក​បង្ក្រាប​ពួក​គេ​ក្ដី។ តំណាង​ពលរដ្ឋ​បឹង​កក់​ អ្នកស្រី ទេព វន្នី ថ្លែង​ក្នុង​សន្និសីទ​កាសែត​របស់​អង្គការ Amnesty International នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១១។ នៅ​ក្នុង​ចំណោម​ស្ត្រី​អ្នក​តវ៉ា​ទាំង​នោះ គេ​សង្កេត​ឃើញ​មាន​ស្ត្រី​ឈ្មោះ ទេព វន្នី ដែល​អ្នក​បឹង​កក់​បាន​ចាត់​ឲ្យ​ធ្វើ​ជា​តំណាង​របស់​ពួកគេ ពីព្រោះ​ថា អ្នក​ភូមិ​យល់​ឃើញ​ថា លោកស្រី​ជា​មនុស្ស​ស្មោះត្រង់ និង​មាន​សេចក្ដី​ក្លាហាន មិន​រុញរា​ក្នុង​ការ​ដឹកនាំ​ប្រជាពលរដ្ឋ​តវ៉ា​រហូត​ដល់​ថ្ងៃ​ជាប់​គុក។ ទេព វន្នី ត្រូវ​បាន​អ្នក​បឹង​កក់​ចាត់​ទុក​ថា ជា​ស្ត្រី​ឆ្នើម​ក្លាហាន និង​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​គាត់​បាន​ធ្វើ​សកម្មភាព​ខ្លាំងក្លា​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ក្នុង​ការ​ដឹកនាំ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ ស្រប​ច្បាប់ នៅ​តំបន់​បឹង​កក់ ទៅ​តាម​ការ​សន្យា​របស់​រដ្ឋាភិបាល។ ថ្វី​ត្បិត​តែ​ពេល​នេះ ទេព វន្នី និង​អ្នក​ភូមិ​ដទៃ​ទៀត ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចាប់​ដាក់​គុក​ក្ដី ប៉ុន្តែ​សេចក្ដី​ក្លាហាន និង​ការ​ជឿជាក់​របស់​នាង​ក្នុង​ការ​ទាមទារ​ដីធ្លី មិន​បាត់​បង់ ឬ​បាក់​ស្បាត​នោះ​ឡើយ។ ទេព វន្នី នៅ​តែ​ជំរុញ​ឲ្យ​អ្នក​បឹង​កក់​ខំ​តស៊ូ អត់ធ្មត់ នៅ​ពេល​ដែល​អ្នក​ភូមិ​បាន​ទៅ​សួរ​សុខ​ទុក្ខ​នាង​នៅ​ពន្ធនាគារ​ព្រៃ​ស ពីព្រោះ​នាង​សង្ឃឹម​ថា យុត្តិធម៌​នឹង​មាន​វិញ​សម្រាប់​អ្នក​បឹង​កក់​នៅ​ពេល​ខាង​មុខ ទោះ​បី​ជា​ពេល​នេះ​រូប​នាង​បែរ​ជា​រង​គ្រោះ ដោយសារ​តែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹង​កក ​ស៊ូកាគួ (Shukaku) ក្ដី។ ស្ត្រី​ឈ្មោះ បូ ឆវី ជា​អ្នក​ជិត​ខាង ទេព វន្នី និង​ជា​អ្នក​រង​គ្រោះ​នៅ​តំបន់​បឹង​កក់​នោះ បាន​រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា លោកស្រី​បាន​ទៅ​សួរ​សុខទុក្ខ វន្នី កាល​ពី​ថ្ងៃ​ទី​១១ មិថុនា។ លោកស្រី​បញ្ជាក់​ថា ទោះ​បី​ជា វន្នី ជាប់​នៅ​ក្នុង​គុក ស្លៀកពាក់​ឯកសណ្ឋាន​ពន្ធនាគារ​ដូច​អ្នក​ទោស​ដទៃ​ទៀត​ក្ដី ប៉ុន្តែ​ស្មារតី​របស់ វន្នី មិន​រាថយ​នោះ​ឡើយ។ លោកស្រី​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ វន្នី ខ្លោច​ចិត្ត និង​ពិបាក​ចិត្ត​ខ្លាំង​ជាង​គេ​នៅ​ពេល​នេះ គឺ​នាង​អាណិត​កូនៗ​របស់​នាង​ចំនួន​ពីរ​នាក់​ដែល​នៅ​វ័យ​កុមារភាព​នៅ​ឡើយ។ ទេព វន្នី បាន​ចេញ​មុខ​ដឹកនាំ​ប្រជាពលរដ្ឋ​បឹង​កក់​ខ្លាំងក្លា​នៅ​រយៈពេល​បី​ឆ្នាំ​ចុង ​ក្រោយ​នេះ ខ​ណៈ​ក្រុមហ៊ុន ស៊ូកាគួ បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ប្រជាពល​រដ្ឋ និង​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ។ នៅ​ពេល​តវ៉ា​ម្ដងៗ គេ​សង្កេត​ឃើញ​នាង​តែង​តែ​ចេញ​មុខ​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ អំពី​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​តំបន់​បឹង​ កក់ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក និង​គ្មាន​សំណង​សមរម្យ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​កាត់​ដី​ជាង ១២​ហិកតារ​ឲ្យ​អ្នក​បឹង​កក់​ក្ដី ប៉ុន្តែ​ទីតាំង​ពិត​ប្រាកដ​នោះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ទទួល​បាន​ដី​នោះ​ទេ។ ទេព វន្នី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​យក​ទៅ​ឃុំ​ខ្លួន​ចំនួន ៤​លើក​ហើយ គិត​ទាំង​ការ​ចាប់​ខ្លួន​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ ដែល​តុលាការ​បាន​កាត់​ទោស​នាង និង​អ្នក​ភូមិ​ផ្សេង​ទៀត ឲ្យ​ជាប់​គុក​ក្នុង​ម្នាក់ៗ​ជាង ២​ឆ្នាំ​នោះ។ វន្នី ធ្លាប់​បាន​រៀបរាប់​នៅ​មុន​ពេល​តុលាការ​បាន​ផ្ដន្ទាទោស​នាង​ថា នាង​នឹង​អ្នក​ភូមិ​ដទៃ​ទៀត​ខំ​តស៊ូ ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ស៊ូកាគួ ដល់​ទី​បញ្ចប់ ទោះ​បី​ជា​នាង​ត្រូវ​គេ​ចាប់​ខ្លួន​ដាក់​គុក​ក៏ដោយ។ ការ​លើក​ឡើង​ដូច្នេះ វន្នី ហាក់​បី​ដូច​ជា​នាង​ដឹង​ខ្លួន​គ្រប់​ពេល​ថា នាង​ដឹកនាំ​អ្នក​បឹង​កក់​តវ៉ា​នោះ នាង​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​គ្រប់​ពេល។ លើស​ពី​នេះ​ទៀត ទេព វន្នី ក៏​ជា​ស្ត្រី​ដែល​សមត្ថកិច្ច​ក្រុង​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ក្នុង​ពេល​តវ៉ា ដើម្បី​បង្ក្រាប និង​ចាប់​បោះ​ដាក់​លើ​ឡាន​ក្នុង​ចំណោម​ស្ត្រី​ដទៃ​ទៀត​ដែរ។ វន្នី បាន​រៀបរាប់​នៅ​មុន​ពេល​តុលាការ​កាត់​ទោស​នាង​ថា រាល់​ទង្វើ​របស់​សមត្ថកិច្ច​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ និង​ចាប់​ខ្លួន ប្រជាពលរដ្ឋ​នោះ ជា​រឿង​ខុស​ច្បាប់។ ទេព វន្នី មាន​អាយុ​ប្រមាណ ៣២​ឆ្នាំ នាង​ជា​កូន​ស្រី​ទី​៦ នៅ​ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ខែត្រ​កំពត។ វន្នី បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០៣ ជាមួយ​អ្នក​ក្រុង​ភ្នំពេញ។ ក្រោយ​ពី​រៀបការ​ម្ដាយ​ក្មេក​របស់​នាង​បាន​ឲ្យ​ផ្ទះ​ថ្ម​មួយ​ល្វែង​នៅ​តំបន់ ​បឹង​កក់ រស់​នៅ​ជាមួយ​ស្វាមី រហូត​ដល់​បច្ចុប្បន្ន​មាន​កូន​ពីរ​នាក់ (ស្រី​មួយ​ប្រុស​មួយ)។ កូន​ស្រី​ច្បង​របស់ វន្នី មាន​អាយុ ៩​ឆ្នាំ និង​កូន​ប្រុស​ពៅ​មាន​អាយុ ៧​ឆ្នាំ។ ស្វាមី​របស់​លោកស្រី វន្នី ជា​នាយ​ទាហាន​នៅ​ក្រសួង​ការពារ​ជាតិ។ ទាក់ទង​ទៅ​នឹង​បញ្ហា វន្នី ជាប់​ពន្ធនាគារ​នេះ ស្វាមី​របស់​នាង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ ដោយ​លោក​គ្រាន់​តែ​សម្ដែង​ពី​ក្ដី​កង្វល់ និង​ទុក្ខ​ព្រួយ​អាណិត​ភរិយា​របស់​ខ្លួន ដែល​គ្មាន​កំហុស ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក រី​ឯ​គាត់​ជា​មន្ត្រី​រាជការ​បែរ​ជា​មិន​អាច​ជួយ​ភរិយា​របស់​ខ្លួន​បាន​ទៅ​ វិញ។ ដោយ​ឡែក ចំពោះ​កូន​ស្រី​ច្បង​របស់ វន្នី វិញ ដែល​ទើប​តែ​មាន​អាយុ ៩​ឆ្នាំ រស់​នៅ​ជាមួយ​ជី​ដូន​នោះ កុមារី​រួប​នេះ​មិន​ចេះ​និយាយ​អ្វី​ច្រើន​ទេ។ កុមារី​រូប​នេះ​ចេះ​តែ​ពោល​ពាក្យ​ថា នឹក​ម្ដាយ និង​ចង់​ជួប​ម្ដាយ​ដូច​ពី​ពេល​មុន​វិញ។ ស្ត្រី​មេម៉ាយ​វ័យ​ជាង ៦០​ឆ្នាំ ឈ្មោះ ស៊ី ហៀប ជា​ម្ដាយ​បង្កើត​របស់ ទេព វន្នី ក្នុង​ទឹក​មុខ​ស្រងូតស្រងាត់​នៅ​លើ​គ្រែ​មុខ​ផ្ទះ ទេព វន្នី នៅ​បឹង​កក់ បាន​រៀបរាប់​ទាំង​ស្រក់​ទឹក​ភ្នែក​បណ្ដើរ​ថា វន្នី តាំង​ពី​ក្មេង​មក​មិន​មែន​ជា​មនុស្ស​ក្លាហាន​ប៉ុន្មាន​ទេ ហើយ​ការ​និយាយ​ស្ដី​ក៏​មិន​មាន​វោហារ​អ្វី​ដែរ។ ប៉ុន្តែ​លោកស្រី​កត់​សម្គាល់​ឃើញ វន្នី មាន​សេចក្ដី​ក្លាហាន និង​ចេះ​និយាយ​ស្ដី​ច្រើន​តាំង​ពី​មាន​រឿង​ជម្លោះ​រវាង​អ្នក​បឹង​កក់ និង​ក្រុមហ៊ុន​ស៊ូកាគួ​នេះ។ លោកស្រី​បញ្ជាក់​ថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ វន្នី មាន​សេចក្ដី​ក្លាហាន និង​មិន​ខ្លាច​ស្លាប់​នោះ ដោយសារ​តែ វន្នី ជួប​នឹង​បញ្ហា​ឈឺ​ចាប់​អំពី​រឿង​ផ្ទះ​សម្បែង​នៅ​បឹង​កក់ ដែល​ប្រឈម​នឹង​ការ​រឹប​អូស​ពី​ក្រុមហ៊ុន​ស៊ូកាគួ​នោះ។ ដោយ​ឡែក​នៅ​ក្នុង​ផ្ទះ​របស់ វន្នី វិញ នៅ​លើ​ជញ្ជាំង​មាន​តាំង​រូបថត​ជា​ច្រើន​អំពី​សកម្មភាព​ដែល​នាង​បាន​ដឹកនាំ​ អ្នក​បឹង​កក់​តវ៉ា និង​រូបភាព​អំពី​សកម្មភាព​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​វាយ​ប្រជាពលរដ្ឋ ដើម្បី​បំបែក​ហ្វូង​កូដកម្ម​នា​ពេល​កន្លង​មក និង​រូប​ថត​ដែល​នាង​បាន​ធ្វើ​សុន្ទរកថា​អំពី​បញ្ហា​ដីធ្លី​បឹង​កក់ នៅ​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​អង្គការ​ផ្សេងៗ។ លើស​ពី​នេះ​ទៀត អ្នកស្រី បូ ឆវី បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ជា​ក្ដី​កង្វល់​នោះ អ្នកស្រី​ព្រួយ​បារម្ភ​ខ្លាច វន្នី អាច​គិត​ផ្ដេសផ្ដាស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​នាង។ អ្នកស្រី​បញ្ជាក់​ថា វន្នី និង​អ្នក​ភូមិ​ដទៃ​ទៀត​ធ្វើ​ការ​ទាមទារ​ក្នុង​ពន្ធនាគារ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ពួក​គេ​វិញ ដោយ​បាន​អត់​អាហារ​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ ហើយ វន្នី បាន​ផ្ដែផ្ដាំ​ឲ្យ​អ្នកស្រី​មើល​ថែ​រក្សា​កូនៗ​នាង និង​ឲ្យ​អ្នក​បឹង​កក់​ត្រូវ​តែ​តស៊ូ​បន្ត​ទៀត ដើម្បី​លំនៅឋាន​របស់​ខ្លួន ដែល​បាន​រស់​នៅ​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan