ដោយ ហង្ស សាវយុត
2012-07-01
សហគមន៍ចំនួន២ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល កាលពីអំឡុងឆ្នាំ២០០៩ ដើម្បី ការពារព្រៃឈើជិត ៨០០០ ហិកតារ នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កំពុងទាមទារ ឱ្យមន្ត្រីរដ្ឋាភិបាលជួយរកដីកន្លែងផ្សេងឱ្យបានឆាប់រហ័ស សម្រាប់ប្ដូរទៅឱ្យកងទ័ពបោះបន្ទាយ ដោយបញ្ចៀសចេញពីតំបន់ព្រៃការពាររបស់សហគមន៍។
ការទាមទារនេះ បានធ្វើឡើងបន្ទាប់ពីគេដឹងថា មានកងទ័ពមួយចំនួន មានគម្រោងយកផ្នែកខ្លះនៃតំបន់ព្រៃសហគមន៍ ធ្វើជាមូលដ្ឋាននៅជិតព្រំដែនកម្ពុជា-ថៃ។
សហគមន៍ការពារព្រៃឈើ ដុងបេង នៅក្នុងភូមិពោធិ៍ចាស់ និងសហគមន៍អណ្ដូងបរ នៅក្នុងភូមិកន្ទុយជូន នៃទឹកដីឃុំបេង ស្រុកបន្ទាយអំពិល បានឱ្យដឹងថា គេកំពុងមានការព្រួយបារម្ភ ចំពោះការបាត់បង់ព្រៃឈើមួយចំនួន ដោយសារតែមានកងទាហានខ្លះ បានព្យាយាមយកដីមួយផ្នែករបស់ព្រៃសហគមន៍ ដើម្បីធ្វើមូលដ្ឋានយោធា។
លោក ផោន សុភ័ណ ជាប្រធានសហគមន៍ ការពារព្រៃឈើដុងបេង។ លោកមានប្រសាសន៍ នៅរសៀលថ្ងៃអាទិត្យទី១ ខែកក្កដាថា លោកកំពុងភ័យខ្លាចបាត់ព្រៃឈើខ្លះ នៅក្នុងសហគមន៍ ដោយសារតែការពារមិនបាន នៅពេលដែលទាហានបានចូលកាន់កាប់តំបន់ខ្លះៗ នោះ។
លោក ផោន សុភ័ណ៖ «បញ្ហាប្រឈម គឺកងទ័ពចេះតែដឹកកម្លាំងដាក់រហូត។ ដូចជាកន្លែងអាគារអី ពីមុនមិញ គេថា គេលើកតែឯកន្លែងព្រំប្រទល់ដីរបស់ក្រុមហ៊ុន។ ប៉ុន្តែ ចុងខែឧសភាហើយ និងដើមខែមិថុនា គឺគាត់បានលើកទីតាំងកងទ័ពហ្នឹង ដាក់បង្ខិតមករកពាក់កណ្ដាលសហគមន៍។ គាត់បានបញ្ចុះបឋមសិលានៅក្នុងសហគមន៍ទៀត។ គ្រប់គ្រងមិនបានទេ អារឿងចូលបានហើយ។ ប៉ុន្តែ មានទាហាននៅទីនោះផង អ្នកស្រុកចេះតែចូលដៃចូលជើងកាប់ឈើកាប់អីហើយ។ ខ្ញុំខ្លាចគ្រប់គ្រងវាមិនបាន ព្រោះទាហាននៅនឹងនោះឯង។ តែទាហានដាក់ទ័ពហើយ គាត់ធ្វើមែនទែន។ ធ្វើម៉េចចូលបាន គាត់ថា កន្លែងលេណដ្ឋានកងទ័ពធ្វើម៉េចចូលបាន អាកន្លែងសម្ងាត់កងទ័ព គាត់ថា អ៊ីចឹង»។
ក្រុមសហគមន៍ការពារព្រៃឈើ បានឱ្យដឹងថា៖ពួកគេ បានព្យាយាមតវ៉ាចំពោះរឿងនោះ ដើម្បីឱ្យមន្ត្រីរដ្ឋបាលព្រៃឈើនិងអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយដោះស្រាយ ដោយរកដីកន្លែងផ្សេងសម្រាប់ឱ្យកងទ័ព ធ្វើមូលដ្ឋាន នៅក្រៅតំបន់សហគមន៍ ការពារព្រៃឈើ។
លោក ទួក វឿម ជាគណៈកម្មការសហគមន៍ព្រៃឈើ មានប្រសាសន៍ថា កងទ័ពមួយចំនួន បានបញ្ជូនទៅកាន់ទីនោះ រយៈពេល៦ខែ ហើយ ដោយទាហានមានគម្រោង យកដីព្រៃរបស់សហគមន៍ ដុងបេងចំនួន ៣៦០ ហិកតារ និងដីព្រៃសហគមន៍អណ្ដូងបរ ប្រមាណ ២០០០ ហិកតារ សម្រាប់ជាមូលដ្ឋានយោធា។
លោក ទួក វឿម បានមានប្រសាសន៍ថា សហគមន៍ការពារព្រៃឈើ កំពុងមានការព្រួយបារម្ភខ្លាចបាត់បង់ព្រៃឈើ ហើយបានធ្វើរបាយការណ៍ជម្រាបជូនទៅមន្ត្រីរដ្ឋាភិបាល។ គេដឹងថា កន្លងទៅគឺមន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខេត្តឧត្តរមានជ័យ ធ្លាប់បានជួបប្រជុំពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះចំនួន ២ លើកមកហើយ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន គេមិនទាន់មានឃើញលេចចេញជាដំណោះស្រាយយ៉ាងណានៅឡើយ។
លោក ឃុន សុភា ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា បញ្ហានេះ ខាងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ធ្លាប់បានចុះពិនិត្យមើលរួចហើយ ព្រមទាំងបានជួបប្រជុំជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ ដើម្បីរិះរកការដោះស្រាយទៀតផង ក៏ប៉ុន្តែចំណាត់ការណាមួយនោះ គឺមិនទាន់បានដឹងនៅឡើយ ដោយសារតែអាជ្ញាធរ ខេត្តកំពុងជាប់រវល់លើការងារចុះវាស់វែង ដីធ្លី ឱ្យប្រជាពលរដ្ឋទៅតាមគោលការណ៍របស់រដ្ឋាភិបាលមួយរយៈសិន។
លោក ឃុន សុភា៖ «ត្រួតពិនិត្យមើលផលប៉ះពាល់ វាដល់កម្រិតណាហើយ និងរកទីតាំងណា ដែលសមស្របអាចបញ្ចៀសក្រៅពីសហគមន៍ហ្នឹង។ កន្លែងខ្លះៗ ណាដែលវាមានដីព្រៃរបស់រដ្ឋនៅច្រើនដែរអ៊ីចឹង។ អាជ្ញាធរខេត្ត និងរដ្ឋបាលព្រៃឈើ បានព្រមព្រៀងគ្នាបង្កើតគណៈកម្មការដោះស្រាយរឿងនោះ។ ក៏ប៉ុន្តែ មិនទាន់បានបង្កើតព្រោះជាប់រវល់»។
កាលពីអំឡុងខែឧសភា ឆ្នាំ ២០០៩ សហគមន៍ដុងបេង និងអណ្ដូងបរ បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដោយទទួលយកព្រៃឈើ ២ កន្លែង ទំហំជាង ៧.៩៥០ ហិកតារ ដើម្បីឱ្យប្រជាសហគមន៍ទីនោះ បានទទួលប្រយោជន៍ពីអនុផលព្រៃឈើ និងរួមគ្នាថែរក្សាព្រៃឈើទីនោះ ឱ្យមាននិរន្តរភាពផង៕
0 comments:
Post a Comment