(Photo: The Phnom Penh Post) |
ថ្ងៃទី 27 កក្កដា 2012 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានកោះហៅ លោកមេធាវី ជូង ជូងី ចូលឆ្លើយបំភ្លឺ និងដាក់ឯកសារសម្អាងជូនតុលាការ ទាក់ទងនឹងការដាក់ពាក្យបណ្តឹងប្តឹងលោកចៅក្រម លឹម សុគន្ថា ចៅក្រមសាលាដំបូងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២។
លោកមេធាវី ជូង ជូងី បានបញ្ជាក់ថា លោកចូលបំភ្លឺជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបំភ្លឺ និងដាក់ឯកសារសម្អាង នៃការដាក់ពាក្យបណ្តឹងប្តឹងលោកចៅក្រម លឹម សុគន្ថា ពីបទក្លែងលិខិតសាធារណៈ យោងទៅតាមក្រមព្រហ្មទណ្ឌ ដែលកន្លងមកលោកចៅក្រមបានធ្វើលិខិតក្លែងចំនួនពីរ គឺដីការសម្រេចឃុំខ្លួន (មាស ប៉េង) និងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន។
លោក ជូង ជូងី បានឲ្យដឹងបន្តថា នៅក្នុងការចូលឆ្លើយបំភ្លឺចំពោះតំណាងអយ្យការ នៃតុលាការខេត្តកណ្តាលនោះ លោកបានដាក់ជូនដីកាក្លែងចំនួនពីរច្បាប់ គឺដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នមួយ និងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នមួយ។ លោកថា បន្ទាប់ពីដាក់ឯកសារសម្អាងរួចហើយ តំណាងអយ្យការបានសន្យាថា លោកនឹងបង្គាប់ឲ្យលោកចៅក្រម លឹម សុគន្ថា ធ្វើការឆ្លើយបំភ្លឺមកលោកតំណាងអយ្យការវិញ ហើយលោកតំណាងអយ្យការនឹងកោះហៅលោកមេធាវី (ជូង ជូងី) ចូលបំភ្លឺម្តងទៀតនៅពេលក្រោយ។
នៅក្នុងពាក្យបណ្ដឹង លោក ជូង ជូងី បានជម្រាបជូនលោកព្រះរាជអាជ្ញាថា “កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ កូនក្ដីខ្ញុំឈ្មោះ មាស ប៉េង ត្រូវបានលោក លឹម សុគន្ថា ចៅក្រមស៊ើបសួរ បង្គាប់ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ នៅសាលាដំបូងខេត្តកណ្ដាល។ ក្រោយពីបានសួរយកចម្លើយចប់ ម៉ោងជិត ១២ ថ្ងៃត្រង់ ឈ្មោះ មាស ប៉េង ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកណ្ដាល។ ពេលនោះ ខ្ញុំបាទជាមេធាវីការពារសិទ្ធិឲ្យលោក មាស ប៉េង បានទាររកដីកាសម្រេចឃុំខ្លួនឈ្មោះ មាស ប៉េង ប៉ុន្តែលោកចៅក្រម លឹម សុគន្ថា មិនមានដីកាសម្រេចឃុំខ្លួនបង្ហាញខ្ញុំទេ។
ខ្ញុំបានទាមទាររកដីកាសម្រេចឃុំខ្លួនលោក មាស ប៉េង ជាច្រើនលើក លោកចៅក្រម លឹម សុគន្ថា ក៏នៅតែមិនមានដីកាសម្រេចឃុំខ្លួន មាស ប៉េង បង្ហាញខ្ញុំដែរ”។
ពាក្យបណ្ដឹងដដែលបានបន្តថា “ក្រោយពីហេតុការណ៍បានកើតឡើងរួច ទើបលោក លឹម សុគន្ថា បានរៀបចំដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន និងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបិទបាំងអំពើទុច្ចរិតរបស់ខ្លួន បំភាន់ បំភ្លៃការពិត មួលបង្កាច់ ទម្លាក់កំហុសដោយទុច្ចរិតថា មេធាវីដណ្ដើមដីកាឲ្យរហែកមួយសន្លឹក”។
ពាក្យបណ្ដឹងរបស់លោក ជូង ជូងី បានបន្ថែមថា “លោក លឹម សុគន្ថា មិនមានវត្តមាននៅពន្ធនាគារទាល់តែសោះ បែរជាហ៊ានប្រឌិតរឿងមួលបង្កាច់ ទម្លាក់កំហុសដោយទុច្ចរិតបែបនេះ”។
សូមបញ្ជាក់ថា លោកមេធាវី ជូង ជូងី បានដាក់ពាក្យបណ្តឹងប្តឹងលោកចៅក្រម លឹម សុគន្ធា ចូលទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២។
លោកចៅក្រម លឹម សុគន្ថា មិនអាចទាក់ទងសុំការបំភ្លឺបានទេ លើករណីដែលត្រូវលោកមេធាវី ជូង ជូងី ដាក់ពាក្យប្តឹង ពីបទក្លែងលិខិតសាធារណៈនោះ៕
0 comments:
Post a Comment