Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, July 30, 2012

អ្នក​បឹងកក់​ឆ្លើយ​តប​ទៅ​នឹង​ការ​ថ្លែង​របស់​អភិបាល​រាជធានី

អ្នក​ភូមិ​បឹង​កក់ នៅ​ក្នុង​សន្និសីទ​កា​សែត ឆ្លើយ​តប​ទៅ​នឹង​​លោក​កែប ជុតិមា កាល​ពី​ម្សិល​មិញ​។ រូបថត ចរិយ៉ា

Monday, 30 July 2012
ឃុត​ សុ​ភ​ច​រិ​យា
The Phnom Penh Post

ភ្នំពេញៈ ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ប្រមាណ ៥០​ នាក់ កាល​ពី​ម្សិលមិញ បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​តប​ទៅ​នឹង​លោក កែប ជុតិមា អភិបាល​រាជធានី ដែល​ថា​ ពលរដ្ឋ​ដែល​អាជ្ញាធរ​មិន​ផ្តល់​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​ឲ្យ​ គឺជា​អ្នក​រស់​នៅ​លើ​ទឹក​ដែល​ជា​ដី​របស់​រដ្ឋ ហើយ​គ្មាន​ឯក​សារ​គ្រប់គ្រាន់​។

ការ​បញ្ចេញ​ប្រតិកម្ម​តប​របស់​ប្រជា​សហគមន៍​នេះ បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ បន្ទាប់​ពីលោក​ កែប ជុតិមា បាន​ថ្លែង​តាម​បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ សប្តាហ៍​មុន​ថា មក​ទល់​ពេល​នេះ ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​ជាង​៨០០​ គ្រួសារ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ហើយ រីឯ​៦៤ គ្រួសារ​ទៀត ជា​អ្នក​រស់​នៅ​លើ​ទឹក ដែល​ជាដី​របស់​រដ្ឋ​ហើយ​អ្នក​ទាំង​នោះ​ គ្មាន​ឯក​សារ​គ្រប់គ្រាន់ និង​បាន​ចោទ​ប្រកាន់​ពួក​គាត់​ថា «យក​រឿង​បឹង​កក់​ជា​រឿង​នយោបាយ ចង​ជើង​គាត់ ​[កែប ជុតិមា]»

លោក​ចាន់ ពុទ្ធិស័ក្តិ ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​មក​ពី​ភូមិ​មួយ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន កាល​ពី​ម្សិលមិញ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ ដោយ​ច្រាន​ចោល​ចំពោះ​ការ​អះអាង​របស់​លោក​កែប ជុតិមា​។


លោក​បាន​ថ្លែង​ថា​៖​«ខ្ញុំ​យល់​ថា​ ការ​ចោទ​ប្រកាន់​របស់​គាត់​[កែប ជុតិមា]​មក​លើ​យើង​ខ្ញុំ​បែប​នេះ គឺជា​លេស​ដោះ​សា ​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ជា​ការ​ព្យាយាម​បិទ​បាំង​នូវ​អំពើ​អាក្រក់​របស់​មន្ត្រី​ក្រោម​ឱវាទ​ របស់​គាត់​មួយ​ចំនួន ដែល​បាន​ប៉ុន​ប៉ង​កេង​ប្រវ័ញ្ច​យក​ចំណែក​ដី ពីដី​ទំហំ ១២,៤៤ ហិកតា ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​»។

លោក​បាន​បន្ត​ថា​ មក​ទល់​ពេល​នេះ​ ប្រជា​ពលរដ្ឋ ដែល​នៅ​សេស​សល់​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី មាន​ចំនួន​ ៥៨​គ្រួសារ ដែល​ចំនួន​នេះ ​រាប់​បញ្ចូល​ទាំង​ប្រជា​ពលរដ្ឋ ក្នុង​ភូមិ​ ១ ចំនួន​ ១៨ ​គ្រួសារ ​ដែល​ផ្ទះ​របស់​ពួក​គេ ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន រួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី បូម​ខ្សាច់​កប់​ពន្លិច និង​វាយ​បំផ្លាញ​ដោយ​ខុស​ច្បាប់ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ ពី​ចំណែក​ដី​១២,៤៤ ហិកតា។

ខណៈ​នោះ​ដែរ​ ក្រុម​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ បាន​និយាយ​ថា នេះ ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ហើយ​ក៏​មិន​មែន​ចំពោះ​តែ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ដែរ​ ដែល​រង​នូវការ​ចោទ​ប្រកាន់​ និង​ការ​លាប​ពណ៌​ឲ្យ​ជាប់​ជំពាក់​ជ្រៅ​ទៅ​ក្នុង​រឿង​នយោបាយ​បែប​នេះ​ ពី​លោក​ កែប​ ជុតិមាកន្លង ​មក​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ ​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន ដូច​ជា​ ប្រជា​ពលរដ្ឋ នៅ​ សហ​គមន៍​ដី​ក្រហម សម្បុក​ចាប​ក្រុម ៧៨ សហគមន៍​រីករាយ បុរីកី​ឡា និង​សហគមន៍​មួយ​ចំនួន​ទៀត សុទ្ធ​តែរង​នូវ​ការ​ចោទ​ប្រកាន់​ថា ជា​សកម្មជន​គណបក្ស​ប្រឆាំង បម្រើ​មាគ៌ា​នយោបាយ​របស់បក្ស​ប្រឆាំង ដើម្បី​ «បំផ្លិច​បំផ្លាញ​មុខ​មាត់​រដ្ឋាភិបាល​ឬ​គណបក្ស​កាន់​អំណាច​»។

អ្នក​ស្រី​ហេង មុំ តំណាង​ពលរដ្ឋ ភូមិ ២២ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​សម្គាល់​អចលនវត្ថុ ពី​សាលា​រាជធានី​ភ្នំពេញ ដែរ​នោះ​បាន​និយាយ​ថា ពួក​គាត់​មាន​ឯក​សារ​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ថា ពួក​គាត់​មិន​មែន​រស់​នៅ​លើ​ទឹក​ទេ ហើយ​ឯក​សារ​ទាំង​នោះ មាន​ការ​ចុះ​ហត្ថ​លេខា និង​បោះ​ត្រា​ទទួល​ស្គាល់ ពី​អាជ្ញាធរ ភូមិ ឃុំ ខណ្ឌ និង​សាលា​រាជ​ធានី​ថែម​ទៀត។

អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង ​នឹង​នាំ​យក​ឯក​សារ​ទាំង​នេះ ទៅ​បង្ហាញ​និង​ដាក់​ជូន​គាត់ ដើម្បី​ឲ្យ​គាត់​ពិនិត្យ​សាជាថ្មី ហើយ​យើង​នឹង​ទទូច​សុំ​ឲ្យ​គាត់​ចាត់​ក្រុម​ការ​ងារ ​មក​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​១២,៤៤ ហិកតា​ឲ្យ​ពួក​យើង​ខ្ញុំ ព្រោះ​វា​ជា​មូលដ្ឋាន ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដ៏​រ៉ាំ​រ៉ៃ រវាង​អាជ្ញាធរ និង​ប្រជា​សហគមន៍​យើង​ខ្ញុំ»

លោក​អំ សំអាត ទីប្រឹក្សា​បច្ចេកទេស ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកា​ដូ បាន​ថ្លែងថា ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ គួរ​តែ​ពន្លឿន​ការ​ងារ​បោះ​​បង្គោល​កំណត់​ព្រំប្រទល់​ដី ១២,៤៤​ហិកតា ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​កាត់​ចែក​ជូន​ប្រជា​ពលរដ្ឋ​ទើប​ជា​ការ​ប្រសើរ ។ ការ​លាបពណ៌​ប្រជាពលរដ្ឋ​ឲ្យ​ជាប់​ពាក់​ព័ន្ធជ្រៅ​ទៅ​ក្នុង​រឿង​នយោបាយ​ នោះ​ វាគ្រាន់​តែ​ជា​លេស​មួយ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ គ្មាន​ការ​​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា​៖​ « ​ខ្ញុំ​បារម្ភ​ថា បញ្ហា​ដី​ធ្លី​ វា​អាច​នឹង​ផ្ទុះ​កក្រើក​សាជាថ្មី ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល មិន​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ពី​ឥឡូវ​នេះ​ទេ​»

លោក អភិបាល​រាជធានី​កែប ជុតិមា មិន​បាន​ផ្ដល់​ការ​ពន្យល់​ ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​បឹង​កក់ ដែល​មាន​ប្រតិកម្ម​ប្រឆាំង​តប ​ទៅ​នឹង​រូប​លោក​នោះ​ទេ នៅ​ពេល​ដែល​ភ្នំ​ពេញ​ ប៉ុស្តិ៍​ទាក់ទង​បាន​កាល​ពី​ម្សិល​មិញ​។

លោក​ កែប ជុ​តិមា ​បាន​ចុច​ទទួល​ទូរស័ព្ទ​ និង​មាន​ប្រសាសន៍​ថា «អាឡូ ជម្រាប​សួរ» ប៉ុន្តែ​លោក មិន​បាន​មាន​ប្រសាសន៍​អ្វី​ឡើយ ​នៅ​ពេល​ដែល​ប្រាប់​ថា ទូរស័ព្ទ​ពី​កាសែត​ភ្នំពេញ ប៉ុស្តិ៍។ នៅ​ពេល​ទូរស័ព្ទ​ទៅ​ម្តង​ទៀត​លោក​ក៏​បាន​ចុច​ទទួល​​ម្តង​ទៀត​ដែរ​ ក៏​ប៉ុន្តែ​លោក នៅ​តែ​មិន​បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​ឡើយ​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan