2012-07-14
Source: http://www.rfa.org/khmer/indepth/cambodia_should_strengthen_rule_law_rights_politics_human_resources-07142012005806.html
ក្រុម អ្នកវិភាគ និងមេដឹកនាំសហជីពមួយចំនួនបានវាយតម្លៃថា មុននឹងឲ្យក្រុមអ្នកវិនិយោគទុនអាមេរិកទៅបណ្ដាក់ទុនរបស់គេនៅ កម្ពុជាបាន លុះត្រាតែកម្ពុជាខិតខំធ្វើឲ្យប្រសើរនូវប្រព័ន្ធតុលាការ ស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងបង្កើនធនធានមនុស្ស។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា កម្ពុជាមានប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវ និងមានបរិយាកាសនយោបាយល្អប្រសើរជាងប្រទេសដទៃ។
បើ ទោះបីកម្ពុជានៅមានភាពក្មេងខ្ចីក្នុងការធ្វើពាណិជ្ជកម្ម ប្រកួតប្រជែងទីផ្សារជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោកក្តី ប៉ុន្តែកត្តាសំខាន់បំផុត គឺទំនុកចិត្តនៃការធ្វើជំនួញពីក្រុមអ្នកវិនិយោគទុនធំៗដែលមកពី ប្រទេសលោកសេរី។
អ្នកវិភាគឯករាជ្យ និងជាសាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ទំនុកចិត្តនៃការបណ្ដាក់ទុនរបស់ក្រុមអ្នកវិនិយោគពីបណ្ដាប្រទេស លោកសេរីនោះ គឺការគោរពច្បាប់ និងគោរពសិទ្ធិមនុស្ស ហើយជាពិសេស គឺបំបាត់អំពើពុករលួយជាអាទិភាព។
លោក បន្តថា កម្ពុជាត្រូវបង្កើតតុលាការពាណិជ្ជកម្មមួយ ដើម្បីដោះស្រាយជាចម្បងលើវិវាទជំនួញ ហើយត្រូវបំប៉នបន្ថែមនូវការបណ្ដុះធនធានមនុស្ស រួមនឹងការរក្សាស្ថិរភាពនយោបាយឲ្យបាននឹងនរ។
ការ វិភាគរបស់លោកបណ្ឌិត សុខ ទូច ធ្វើឡើងស្របពេលអ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រុមអ្នកវិនិយោគធំៗរបស់អាមេរិក កំពុងមានវត្តមាននៅកម្ពុជា និងកំពុងសម្លឹងមើលអំពីលទ្ធភាពនៃការបោះលុយបណ្ដាក់ទុនទ្រង់ទ្រាយ ធំចូលក្នុងប្រទេសដែលមានប្រព័ន្ធយុត្តិធម៌នៅទន់ខ្សោយ និងមានអំពើពុករលួយមួយនេះ។
ទោះ បីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាមានច្បាប់ល្អប្រសើរជាងបណ្ដាប្រទេសជុំវិញរបស់ខ្លួន ក្នុងការបើកចំហផ្នែកពាណិជ្ជកម្មសេរី ប្រកបដោយស្ថិរភាពនយោបាយដ៏គួរឲ្យទុកចិត្តក្នុងបរិបទនៃការគោរព សិទ្ធិមនុស្ស។ ហើយលោកសង្ឃឹមថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន ប្រាកដជាមានគំនិតវិជ្ជមានអំពីបញ្ហានេះ។
វិទ្យាស្ថាន ឃ្លាំមើលអំពីភាពរីកចម្រើនក្នុងពិភពលោកឈ្មោះ Legatum ដែលមានមូលដ្ឋានក្នុងទីក្រុងឡុង (London) ប្រទេសអង់គ្លេស (England) បានចេញផ្សាយសន្ទស្សន៍អំពីភាពចម្រើនរុងរឿងនៃបណ្ដាប្រទេសជុំវិញ ពិភពលោក កាលពីឆ្នាំ២០១១ បានវាយតម្លៃថា កម្ពុជាជាប្រទេសជាប់លំដាប់ថ្នាក់លេខ៩៤ ក្នុងចំណោមប្រទេសចំនួន១០៧ នៅលើពិភពលោក ដែលអន់ជាងប្រទេសនេប៉ាល់ (Nepal) ស្រីលង្កា (Sri Lanka) និងអ៊ូបេគីស្ថាន (Uzbekistan) ទៅទៀត។ ប៉ុន្តែចំណាត់ថ្នាក់របស់កម្ពុជា បានល្អជាងប្រទេសបង់ក្លាដេស (Bangladesh) ឬប្រទេសប៉ាគីស្ថាន (Pakistan)។
វិទ្យាស្ថាន Legatum ក៏បានបង្ហាញថា កត្តាដែលនាំឲ្យកម្ពុជាមានភាពអន់ថយនេះ គឺដោយសារកត្តាមនុស្សគ្មានការងារធ្វើភាគច្រើន ឱកាសខាងការផលិតមានកម្រិតទាប ហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ច វិស័យអប់រំ និងធនធានមនុស្សមានភាពទន់ខ្សោយ ហើយអំពើពុករលួយមានកម្រិតខ្ពស់ និងខ្វះប្រព័ន្ធតុលាការឯករាជ្យ។
ទន្ទឹម នឹងការវាយតម្លៃរបស់វិទ្យាស្ថាននេះដែរ កាលពីថ្ងៃទី១១ ខែកក្កដា លោកស្រី ហ៊ីលឡារី គ្លិនតុន បានថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការ បរទេសអាស៊ាន (ASEAN) ក្នុងទីក្រុងភ្នំពេញថា លោកស្រីចង់ឲ្យកម្ពុជាមានវឌ្ឍនភាពខាងផ្នែកពាណិជ្ជកម្មយូរអង្វែង ជាមួយសហរដ្ឋអាមេរិក។
លោកស្រី ហ៊ីលឡារី គ្លិនតុន៖ «ចំពោះ ផ្នែកសេដ្ឋកិច្ច គឺនៅមានចន្លោះច្រើនណាស់ សម្រាប់យើងដែលត្រូវបំពេញរួមគ្នា ក្នុងការធ្វើអោយរីកចម្រើនទៅមុខ។ ដូច្នេះ យើងត្រូវតែជំរុញសកម្មភាពសេដ្ឋកិច្ចថែមទៀត អោយមានភាពលេចធ្លោឡើង។ ក្នុងសប្ដាហ៍នេះ ខ្ញុំបានរៀបចំ និងដឹកនាំគណៈប្រតិភូនៃថ្នាក់ដឹកនាំពាណិជ្ជករអាមេរិកាំង មួយក្រុមធំ ដែលមិនធ្លាប់មាន មកកម្ពុជា។ ហើយគណៈប្រតិភូរបស់យើងនឹងចូលរួមក្នុងវេទិកាស្តីពីពាណិជ្ជកម្ម អាមេរិក-អាស៊ាន ជាលើកដំបូង នៅខេត្តសៀមរាប នាថ្ងៃសុក្រ នេះ ដើម្បីដាក់បង្ហាញនូវមូលដ្ឋាននៃការផ្សារភ្ជាប់សេដ្ឋកិច្ចរវាងគ្នា ជាមួយនឹងភាពរុងរឿងយូរអង្វែងពីគ្នាទៅវិញទៅមក។ ចំពោះជំនួយផ្នែកអភិវឌ្ឍវិញ និយាយដោយត្រង់ទៅ អ្នករស់នៅក្នុងតំបន់បានស្នើអោយយើងទម្លាក់លុយរបស់យើងចំកន្លែង ដែលយើងរកស៊ី។ ដូច្នេះ យើងក៏បានផ្ដួចផ្ដើមកែទម្រង់កម្មវិធីជំនួយរបស់យើង សម្រាប់ផ្តល់ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានយ៉ាងយកចិត្តទុកដាក់។ ជំនួយនេះមានឈ្មោះថា កិច្ចផ្ដួចផ្ដើមសម្រាប់យុទ្ធសាស្ត្រចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ដែលជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក (Asia Pacific Strategic Engagement Initiative)»។
ជុំវិញការគ្រោង បណ្ដាក់ទុនរបស់ក្រុមអ្នកវិនិយោគអាមេរិកនេះដែរ លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស បានសាទរចំពោះបំណងដ៏សុទ្ធិនិយមរបស់រដ្ឋាភិបាលអាមេរិកក្នុងការ ផ្តល់លទ្ធភាពដើម្បីបណ្ដាក់ទុននៅកម្ពុជា។
លោក បន្តថា ក្រុមអ្នកវិនិយោគទាំងនេះនឹងអាចផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសអាចនាំឲ្យប្រទេសមួយនេះអាចមានកំណែទម្រង់ប្រព័ន្ធ គ្រប់គ្រងរបស់ខ្លួន ឲ្យបានល្អប្រកបដោយស្តង់ដារខ្ពស់ ដើម្បីតម្រូវចិត្តដល់ក្រុមអ្នកវិនិយោគទាំងនោះ។
ក្រុម អ្នកជំនាញខាងផ្នែកពាណិជ្ជកម្មនៅតាមបណ្ដាប្រទេសលោកសេរី ភាគច្រើន និយាយថា ប្រព័ន្ធតុលាការទន់ខ្សោយអាចនាំឲ្យអំពើពុករលួយញាំញីស៊ីជម្រៅ ខ្លាំងដល់ប្រព័ន្ធគ្រប់គ្រងរដ្ឋ ពីថ្នាក់កំពូលរបស់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ ហើយបញ្ហាទាំងនេះ ជាឧបសគ្គដ៏ធំ និងជាការបន្លាចដល់សេចក្តីទុកចិត្តរបស់ក្រុមអ្នកវិនិយោគទុនបរទេស ពីបណ្ដាប្រទេសលោកសេរីទាំងនោះ។
ជាមួយ គ្នានេះដែរ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី ថ្លែងថា វត្តមានរបស់ក្រុមវិនិយោគទុនសហរដ្ឋអាមេរិក មកទស្សនកិច្ចនៅកម្ពុជា គឺជាឱកាសរបស់កម្ពុជាខ្លួនឯង ដើម្បីប្រឹងប្រែងថែមទៀតក្នុងការស្ការមុខមាត់នៃប្រទេសរបស់ខ្លួន ឡើងវិញ តាមរយៈការបំបាត់អំពើពុករលួយ វប្បធម៌និទ្ទណ្ឌភាព និងការគោរពសិទ្ធិកម្មករ។
ក្រុម អ្នកឃ្លាំមើលនិយាយថា បញ្ហាដែលកម្ពុជាកំពុងជួបប្រទះ គឺការខ្វះក្រុមអ្នកវិនិយោគដែលគោរពច្បាប់ជាធំ និងក្រុមអ្នកវិនិយោគដែលមានភាពយូរអង្វែង។ ហេតុដូច្នេះហើយ បានជាធ្វើឲ្យអត្រានៃអ្នកគ្មានការងារធ្វើកើនឡើង ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចុះ ហើយជីវភាពរបស់ពលរដ្ឋកាន់តែក្រទៅៗ។
វិទ្យាស្ថាន ស្ទង់មតិរបស់អាមេរិកាំងមួយឈ្មោះ Gallup Poll ដែលមានមូលដ្ឋានក្នុងនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក (U.S.A) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១១ របស់ខ្លួនថា ក្នុងចំណោមប្រទេសចំនួន១៤៦ ក្នុងពិភពលោក បានរកឃើញថា ពលរដ្ឋខ្មែរដែលគេចាត់ទុកថា មានភាពចម្រើនរុងរឿងសម្រេចគោលដៅរីករាយពេញចិត្តនឹងជីវិតរបស់ខ្លួន ជានិច្ច មាន២% អ្នកប្រឹងតស៊ូទ្រាំរស់ មាន៧២% រីឯអ្នករស់នៅក្នុងភាពទុរគត ខ្លោចផ្សា មាន២៦% ហើយអ្នកដែលខ្វះខាតស្បៀងអាហារមាន៥៦%៕
0 comments:
Post a Comment