ទីកន្លែងប្រជុំជំនួបអាស៊ាននៅភ្នំពេញ - ASEAN meeting venue (RFI/Siv Channa) |
សៅរ៍ 07 កក្កដា 2012
ដោយ ប៉ែន បូណា
Radio France Internationale
មោទនភាពនេះគ្រាន់តែជា គ្រឿងកំដរចិត្តមួយប៉ុណ្ណោះ ប្រសិនបើគេក្រឡេកមើលទៅមុខពីព្រោះ កម្ពុជាពេលនេះ កំពុងស្ថិតនៅដាច់ឆ្ងាយពីគេយ៉ាងខ្លាំងចាប់ពី ចុងសប្តាហ៍នេះរហូតដល់ថ្ងៃទី១៣កក្កដា រាជធានីភ្នំពេញកំពុងរៀបចំទទួលកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន វេទិកាអាស៊ីបូព៌ា និងកិច្ចប្រជុំផ្សេងៗមួយចំនួនទៀត។ ពីទីក្រុងខ្មោចស្ងាត់ជ្រងំ មកជាទីណាត់ជួបរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីបណ្តាប្រទេសជិតខាង និងក្នុងពិភពលោក គឺជារបត់នយោបាយដ៏សំខាន់ដែលគួរជាទីមោទនភាព។ ប៉ុន្តែ នៅលើទិដ្ឋភាពមួយជ្រុងទៀត កម្ពុជាជាប្រទេសក្រីក្រជាងគេយ៉ាងខ្លាំងនៅឡើយ។ តើមានកិច្ចការចំពោះមុខអ្វីខ្លះដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាត្រូវបំពេញដើម្បីតាមឲ្យទាន់គេឯងក្នុងតំបន់?
ចាប់តាំងពីថ្ងៃម្សិលមិញមក យន្តហោះដែលដឹកថ្នាក់ដឹកនាំសំខាន់ៗក្នុងបណ្តាប្រទេសអាស៊ាន និងពីបណ្តាប្រទេសធំៗផ្សេងទៀតរាប់ទាំងមហាអំណាចអាមេរិកាំងផងបានបើក តម្រង់មកចុះចតនៅទីក្រុងភ្នំពេញសាជាថ្មីម្តងទៀត។ ឥស្សរជនទាំងនោះបានមកជួបជុំគ្នាក្នុងរាជធានីរបស់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ នោះគឺកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥,វេទិកា តំបន់អាស៊ាន កិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងកិច្ចប្រជុំមួយចំនួនទៀត។
នៅខែវិច្ឆិកាខាងមុខ ព្រឹត្តិការណ៍ដ៏សំខាន់ជាងនេះក៏នឹងកើតឡើងនៅទីក្រុងភ្នំពេញដែរ នោះគឺប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ រួមទាំងប្រមុខដឹកនាំកំពូលនៃប្រទេសមហាអំណាចជាច្រើននឹងមកជួបជុំគ្នា ម្តងទៀតក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ាន។ ព្រឹត្តិការណ៍ទាំងនេះបានធ្វើឲ្យភ្នំពេញពោរពេញដោយសកម្មភាពរស់រវើក និងកំពុងបណ្តែតខ្លួននៅលើឆាកអន្តរជាតិ។ បើគេក្រឡេកថយក្រោយទៅមើលអតីតកាលកាលពីជាង៣០ឆ្នាំមុន គេស្ទើរតែមិនជឿថាភ្នំពេញអាចមានថ្ងៃនេះឡើយ។ នេះគឺជាចំណុចមោទនភាពដែលមិនអាចប្រកែកបាន។
ប៉ុន្តែ មោទនភាព នេះគ្រាន់តែជាគ្រឿងកំដរចិត្តមួយប៉ុណ្ណោះ ប្រសិនបើគេក្រឡេកមើលទៅមុខពីព្រោះ កម្ពុជាពេលនេះ កំពុងស្ថិតនៅដាច់ឆ្ងាយពីគេយ៉ាងខ្លាំង។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខអាស៊ាននឹងប្រែក្លាយជាទៅជាសហគមន៍មួយ វាសនាតែមួយ និងសេដ្ឋកិច្ចតែមួយ។ ប៉ុន្តែ តើ កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយឬនៅ ក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀត ដើម្បីទាញយកផលចំណេញពីនយោបាយបើកចំហរបស់អង្គការតំបន់ និងពិភពលោក? សំណួរនេះច្បាស់ជានឹងធ្វើឲ្យអ្នកឆ្លើយល្វីងមុខជាក់ជាមិនខាន។ ល្វីងមុខ ដ្បិតកម្ពុជាហាក់នៅមិនទាន់មានចំណុចខ្លាំងក្នុងការទាញផលប្រយោជន៍ពីសមាគមអាស៊ានបានសមស្របនៅឡើយ។
ធនធានមនុស្ស មិនសូវមានគុណភាពប្រព័ន្ធច្បាប់ និងយុត្តិធម៌ទន់ខ្សោយ ពលរដ្ឋជាច្រើនស្ថិតក្នុងស្ថានភាពក្រីក្រ រីឯប្រព័ន្ធសេដ្ឋកិច្ចជាតិ និងសង្គមក៏នៅមិនទាន់មានលំនឹងពិតប្រាកដដែរ។ ក្នុងស្ថានភាពដែលប្រទេសមានគម្លាតយ៉ាងឆ្ងាយពីគេបែបនេះ តើកម្ពុជាមានលទ្ធភាពអ្វីទៅប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់? ដូច្នេះ នៅមានចំណុចប្រឈមចំពោះមុខច្រើនណាស់ដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរខ្លួនឯងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរត់ឲ្យទាន់គេឯងនៅក្នុងតំបន់ និងក្នុងពិភពលោក។ ការកែតម្រូវស្ថានការណ៍មួយចំនួន គឺជារឿងចាំបាច់ ប៉ុន្តែ វាក៏មិនមែនជារឿងដែលអាចធ្វើបានដោយស្រួល និងក្នុងរយៈពេលខ្លីនោះដែរ។
ជាក់ស្តែង ការពង្រឹងធនធានមនុស្សឲ្យមានគុណភាពអាចប្រកួតប្រជែងជាមួយប្រទេសជិត ខាងដែលជាកត្តាដ៏ចាំបាច់បំផុតនោះ មិនអាចនឹងធ្វើបានក្នុងរយៈពេលតែមួយឆ្នាំ ឬពីរឆ្នាំបានឡើយ។ ទោះជាយ៉ាងណា មានកិច្ចការខ្លះអាចកែតម្រូវបានភ្លាមៗ និងជាបណ្តើរៗបានប្រសិនបើគ្រប់គ្នាដឹងខ្លួន និងខិតខំរត់ឲ្យបានស្រុះគ្នានោះ។ រដ្ឋាភិបាលជាអ្នកដឹងច្បាស់ជាងគេថាគួរធ្វើអ្វីខ្លះនៅក្នុង ដំណាក់កាលត្រៀមខ្លួននេះ។ ជាការពិត ការសម្លឹងថយក្រោយអាចឲ្យយើងមានមោទនភាពដែលអាចដើរមកដល់ចំណុចនេះ ប៉ុន្តែ បើសម្លឹងទៅមុខវិញ វានឹងធ្វើឲ្យយើងត្រូវខិតខំថែមទៀត ពីព្រោះតែយើងនៅដាច់ឆ្ងាយពីគេនៅឡើយ។ សរុបមក ពេលនេះប្រហែលមិនមែនជាពេលវេលាដែលត្រូវឈ្លោះគ្នាដណ្តើមគុណសម្បត្តិ ទេ តែជាពេលវេលាដែលត្រូវរត់ទៅមុខ ដើម្បីឲ្យទាន់គេឯងសិន។ បើមិនដូច្នោះទេ មោទនភាពរបស់យើងនឹងមានតែសម្បកក្រៅតែប៉ុណ្ណោះ៕
0 comments:
Post a Comment