លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើសន្និសីទកាសែត ថ្ងៃទី១៣កក្កដា ២០១២ (rfi-ដឺលុច) |
ថ្ងៃ សុក្រ 13 កក្កដា 2012
ដោយ លាង ដឺលុច
Radio France Internationale
បាវបំរើដ៏ល្អម្នាក់ មិនអាចផ្គាប់ចិត្តចៅហ្វាយពីរក្នុងពេល តែមួយបានទេ បើគេស្មោះមួយ គេត្រូវ តែហ៊ាន ក្បត់ មួយ ទៀតកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍ រួមឡើយ។ ហើយថា នេះគឺជាលើកដំបូងហើយក្នុងប្រវត្តិនៃកិច្ចប្រជុំអាស៊ាន៤៥ឆ្នាំ ដែលគ្មានសេចក្តីថ្លែងការណ៍រួមត្រូវផ្សព្វផ្សាយក្រោយកិច្ចប្រជុំ នោះ។ ជម្លោះក្នុងសមុទ្រចិនខាងត្បូងរវាងហ្វីលីពីន វៀតណាម និងចិន គឺជាដើមហេតុដែលមិនអាចអោយរដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍បាន។
A slave cannot serve two masters at once, when he serves one of them, he has to betray the other.
ទីបំផុតទៅ រដ្ឋមន្ត្រីការបរទេសអាស៊ានមិនអាចរកបានកុងសង់ស៊ុសដើម្បីចេញសេចក្តី ថ្លែងការណ៍រួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំតាំងពីថ្ងៃចន្ទដើមសប្តាហ៍មកនោះទេ។
បញ្ហាជម្លោះក្នុងដែនសមុទ្រចិនខាងត្បូងតែមួយចំណុច ដែលរដ្ឋមន្ត្រីការបរទេសអាស៊ានរកមិនបានការព្រមព្រៀងគ្នាថា ត្រូវដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួម ឬមិនដាក់បញ្ចូលនោះ វាបានធ្វើអោយ ចំណុចព្រមព្រៀងគ្នាជាង១៣០ចំនុចផ្សេងទៀតត្រូវស្ទះមិនអាចចេញផ្សាយ បានដែរ នេះបើគេស្តាប់ការពន្យល់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងសន្និសីទកាសែតនៅថ្ងៃសុក្រនេះ។
បើតាមប្រភពព័ត៌មាននានានៅក្នុងសម័យប្រជុំក្នុងរយៈប៉ុន្មានថ្ងៃ កន្លងមកនេះ ហ្វីលីពីនទំនងជាបានទទូចអោយអាស៊ានសរសេរចូលក្នុងសេចក្តីថ្លែងការណ៍ រួម អំពីជម្លោះដែនកោះស្កាបូរ៉ាហ្វ រវាងហ្វីលីពីន និងចិនដែលបានឡើងកម្តៅខ្លាំងតាំងពីខែមេសាកន្លងមក។ រីឯវៀតណាមក៏ចង់បានដូចគ្នាដែរ។
ភាគីទាំងពីរនឹងយល់ព្រម លើការចេញផ្សាយសេចក្តីថ្លែងការណ៍រួម ប្រសិនបើក្នុងសេចក្តីថ្លែងការណ៍នោះមាននិយាយអំពីជម្លោះរបស់ពួកគេ។
នៅក្នុងសន្និសីទកាសែត ប្រមុខការទូតកម្ពុជាបានបង្ហាញទឹកមុខមិនសប្បាយចិត្ត និងប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗផង ទៅលើប្រទេសសមាជិកអាស៊ានខ្លះ ដែលលោកមិនបញ្ចេញឈ្មោះ ហើយដែលកំពុងមានជម្លោះជាមួយចិននោះ។
លោក ហោ ណាំហុង និយាយថា លោកសោកស្តាយ ការដែលអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ហើយដែលប្រទេសខ្លះរបស់អាស៊ាននោះ បានសម្រេចចិត្តយកអាស៊ានធ្វើជាចំណាប់ខ្មាំងនៃជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលលោក ហោ ណាំហុង វាយតម្លៃថា គឺជាជម្លោះទ្វេភាគីសុទ្ធសាធ។ ជាជម្លោះដែលមិនពាក់ព័ន្ធនឹងកម្ពុជា ហើយដែលគេមិនត្រូវយកអាស៊ានធ្វើជាតុលាការកាត់ក្តីថា ដែនដីនេះ ឬដែនដីនោះ ជារបស់អ្នកណានោះឡើយ។
សម្រាប់លោក ហោ ណាំហុង ប្រសិនបើភាគីជម្លោះចង់ដោះស្រាយដោយសន្តិវិធីមែននោះ សេចក្តីប្រកាសនៃភាគីក្នុងសមុទ្រចិនខាងត្បូង DOC នោះក៏ជាយន្តការនៃការដោះស្រាយដែរ។ DOCនោះមានចែងទាំងក្នុងទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ សម្រាប់លោក ហោ ណាំហុង ការមិនបានចេញសេចក្តីថ្លែងការណ៍រួមពេលនេះ វាមិនមែនជាបរាជ័យរបស់អាស៊ាន តែផ្ទុយទៅវិញ អាស៊ាននឹងបន្តសម្របសម្រួលបញ្ហាជម្លោះនេះបន្តទៀត៕
0 comments:
Post a Comment