លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីមួយនាពេលកន្លងមក។ រូបថត ផា លីណា |
Thursday, 06 December 2012
ជូ លាងហាក់
The Phnom Penh Post
លោកការីនិពន្ធ ជាទីរាប់អាន!
ម៉ែ គាត់ស្រែកប្រាប់ថា អាវ៉ាអ្ហើយ អ្ហែងកុំខឹងពួកម៉ាករៀនថ្នាក់ជាមួយគ្នា កាលណាគេប្រាប់ថា អ្ហែងខុសនេះ អ្ហែងខុសនោះ។ ហ្នុង គឺគេកំពុងជួយអ្ហែងហើយ។ កែទៅ...កន្លែងណាគេចង្អុលប្រាប់ថាខុស។ អារឿងអ្ហែងធ្វើល្អធ្វើត្រូវនោះគេមិនអួតពីអ្ហែងទេ ។ ប៉ុន្តែដល់អ្ហែងអត់ធ្មត់ហើយកែកុនតាមគេទៅអារឿងខុសនោះ ក៏ចេះតែរលុបបន្តិចម្តងៗ ហើយពួកម៉ាកអ្ហែងហ្នុង គេញញឹមញញែម សរសើរអ្ហែង ថាអ្ហែងឆ្លាតហើយមានចិត្តជាចាស់ទុំ ហើយអ្ហែងក៏បានភ្លឺមុខសើចញញឹមនឹងគេដែរតើ! ពួកម៉ាកអ្ហែងទាំង ហ្នុង ក៏កាន់តែជិតស្និទ្ធនឹងអ្ហែងខ្លាំងឡើង ដោយស្វ័យប្រវត្តិ ជាមិត្តដ៏ល្អរបស់អ្ហែង ប្រុងប្រៀបជួយអ្ហែងគ្រប់គ្រា ដោយសារគេបានដឹងជាប្រាកដថា អ្ហែងជាមនុស្សត្រចៀកល្អ មានប្រាជ្ញាវាងវៃ មិនងាយខឹងរឹងរូស បែបមនុស្សភ្លើអាក្រក់គម្រក់ តែជាមនុស្សល្អ គួរឲ្យសរសើរ។ អ្ហែងបានធ្វើខ្លួនឲ្យខ្ពស់ ហើយបានចំណេញច្រើនអន្លើ។ មើលហ្ន៎... អ្ហែងមានសុទ្ធតែពួកម៉ាក ឆ្លាតៗ ជាភ្នែកជាច្រមុះអ្ហែង។ ហ្នឹងហើយជាលទ្ធផលនៃការដែលអ្ហែង ចូលចិត្តកែកន្លែងណាគេប្រាប់ថាមិនល្អ។ ខំទៅកូនអឺយចំណេញគឺបានមកអ្ហែងទាំងអស់បូកទាំងការចូលចិត្តពី មិត្តភក្តិផងទាំងពួង។ មើលហ្ន៎... អាប្រុក វាធំតែខ្លួនដូចឃ្លោក តែក្បាលរឹង គ្មានអ្នកណាចង់ទៅជិតវា និងជួយវាទេ។ គេបញ្ជោរ ហើយបោកវាឲ្យឡើងដើមដូងបេះផ្លែឲ្យគេ... គេទះអង្អែលស្មាវា វាសប្បាយចិត្តណាស់...ព្រោះវាល្ងង់។ វាមិនសូវមានគេចូលចិត្តច្រើនទេ។ ម៉ែអាណិតវាដែរហ្នឹង...តែធ្វើម៉េច... បើវារឹងទទឹងអ៊ីចឹង។
ម៉ែ ខ្ញុំ គាត់ចូលចិត្តនិយាយ«អ្ហែងៗ» តែអ៊ីចឹង! តែគាត់ស្រឡាញ់កូនណាស់... គាត់យំពេលកូនមានជំងឺ ឈឺថ្កាត់... គាត់ទ្រាំអត់ងងុយអង្គុយមើលថែកូន។ កូនអឺយ... ថែម្តាយ... កុំធ្វើឲ្យម្តាយឈឺចាប់ក្នុងចិត្ត... វាបាប..ឯក្រុមហ៊ុនផលិតរថយន្ត គេចូលចិត្តធ្វើការកែប្រែគ្រប់បែបយ៉ាង តាមការរិះគន់របស់អ្នកដែលទិញរថយន្តយកទៅប្រើ។ គេចង់ដឹងពីគ្រប់បញ្ហា ដែលអ្នកទិញប្រឈមដូច្នោះដែលគេទទួលបានចំណេះចេះដឹងច្រើន តាមរយៈមនុស្សម្នា ដែលផ្តល់នូវការរិះគន់ គ្រប់បែបយ៉ាង ពីគុណភាពរថយន្តរបស់គេ។ គេបានទទួលការចេះដឹងជាបន្ថែមដោយ គ្មានចាំបាច់ចំណាយប្រាក់មួយសេនសោះឡើយ។ គេចូលចិត្តស្តាប់ការរិះគន់ ហើយគេធ្វើការកែប្រែតាមការរិះគន់។ បន្តិចក្រោយមក គេមានឈ្មោះល្បីល្បាញថា យានយន្តរបស់គេ គឺប្រកបដោយគុណភាព គួរឲ្យពេញចិត្តចំពោះអ្នកទិញ។ នេះហើយជាលទ្ធផលនៃការផ្ចង់ស្មារតីស្តាប់អស់ទាំងការរិះគន់ហើយ គេកែប្រែតាមការរិះគន់គ្រប់អន្លើ។ ចំណេញអ្នកណា? មិនមែនចំណេញ អ្នករិះគន់ណាមួយសោះឡើយ។ គឺចំណេញកេរ្តិ៍ឈ្មោះ អ្នកដែលខំកែកុននោះឯងតែម្ដង។
រឿងខ្មែរ បើសម្តេច ហ៊ុន សែន បន្ទន់ឥរិយាបថ ប្រើប្រាជ្ញាវាងវៃ រាក់ទាក់នឹងអ្នករិះគន់ គឺគេនឹងគោរពសរសើរលោក ទៅវិញទេ។ ការដែលលោកស្អប់ការរិះគន់ ព្រមទាំងនិយាយប្រឆាំង ប្រមាថចំពោះមនុស្សដែលគេខំចង្អុលប្រាប់ពីភាពខុសឆ្គងខ្វះចន្លោះ ក្នុងសង្គមខ្មែរ ហើយមិនព្រមធ្វើការកែប្រែអ្វីដែលជាកំហុសនោះ គឺសម្តេចកំពុងតែគុណកំហុសទាំងនោះ មួយជាពីរជាបី ដែលធ្វើឲ្យស្ថានការណ៍ក្នុងសង្គមខ្មែរកាន់តែដុនដាបយ៉ាប់យ៉ឺនទៅ វិញ ហើយការដែលសម្តេចមិនព្រមកែគឺវាប្រហែលជាជាប់ទាក់ទងដល់ ខ្សែនយោបាយ និងដល់ការដែលលោកចង់ឃើញការងាយស្រួលក្នុងការបន្តកាន់ក្តោប អំណាចជាយូរឆ្នាំតទៅទៀត។
លទ្ធផលនៃមហិច្ឆតាមិនប្រកបដោយធម៌របស់ លោក គឺខ្មែរត្រូវជាប់ក្នុងភាពទន់ខ្សោយគ្មានប្រាជ្ញានិងប្រឈមតទល់ជា មួយពិភពលោកដែលកាន់តែរត់លឿនទៅៗហើយក៏កាន់តែចង្អៀតចង្អល់ ដែលមនុស្សរាល់គ្នា មានការលំបាកក្នុងការរស់នៅ ប្រកបដោយសន្តិសុខ។ ទោះយ៉ាងណា លទ្ធផលនៃការផ្លាស់ប្តូរនយោបាយក្នុងប្រទេសខ្មែរ គឺពិតជាមាន។ ប៉ុន្តែសួរថា តើវាអាចនឹងកើតមានក្រោយពេលការខាតបង់ ប្រយោជន៍នានាគ្រប់បែបយ៉ាង សម្រាប់កសាងសង្គមខ្មែរ ឬយ៉ាងណានោះ គឺទាយមិនត្រូវ។ តើសម្តេច ហ៊ុន សែន នឹងចាស់ជរា ហើយស្លាប់ទៅប្រកបដោយកិត្តិយស ឬការប្រមាថស្អប់ខ្ពើមយ៉ាងណាក៏ទាយមិនត្រូវ។ ប៉ុន្តែកិត្តិយសសម្តេច ក្នុងឋានៈជាមេដឹកនាំមួយរូបគឺខូចខាតអស់ច្រើនណាស់ទៅហើយ។ គឺ លោក បំផ្លាញកិត្តិយសរបស់លោកដោយផ្ទាល់ដៃ។ លោកចូលចិត្តនិយាយ កោកកាកច្រើនតែលោកខ្លបខ្លាច ហើយមិនដែលហ៊ានបើកឱកាសឲ្យរាស្ត្រ សួរដេញដោលអំពីរឿងអ្វីមួយដែលទាក់ទងដល់វាសនាឬកិត្តិយស ជាតិសាសន៍ខ្មែរ និងបញ្ហាដទៃទៀតសោះឡើយ។ លោកជានាយក រដ្ឋមន្ត្រីខ្មែរ ដែលចូលចិត្តតែការសរសើរបញ្ចើចបញ្ចើ ហើយស្អប់ខ្ពើមការដែលមនុស្សដទៃ ចូលចិត្តរិះគន់ ក្នុងន័យជួយដុសខាត់សង្គមខ្មែរឲ្យបានភ្លឺថ្លាល្អ។ នេះជាកំហុសដែលបណ្តាលឲ្យមានការខាតបង់ប្រយោជន៍ដល់ប្រទេសជាតិហើយ ក៏ បណ្តាលឲ្យអាប់ឱនកិត្តិយសជាតិសាសន៍ខ្មែរផងដែរ។ ព្រោះលោកជានិមិត្តរូបកំពូលនៃជាតិសាសន៍ខ្មែរ។
អនុសាសន៍ របស់សម្តេច ព្រះបាទ នរោត្តម សីហនុ គឺប្រហែលជា លោកមានព្រះរាជបន្ទូលថា សម្តេចតេជោ គួរលោកមានចិត្តក្លាហានជាកូនប្រុសដើមទ្រូងប្រាំហត្ថ ហើយហ៊ានសារភាពអស់ទាំងកំហុសដែលនៅកប់ក្នុងវិចារណញ្ញាណរបស់លោកជា យូរមកហើយ ដែលគ្មាននរណាម្នាក់បានដឹង ព្រមទាំងកំហុសដទៃទាំងឡាយដែលជនបរទេស កំពុងជួយជ្រោមជ្រែងរិះគន់ ដើម្បីឲ្យលោកបានយល់ ហើយធ្វើការកែលម្អដើម្បីជាតម្លៃដល់សង្គមដ៏ខ្សត់ខ្សោយរបស់ ខ្មែរ និងដើម្បីជាកិត្តិយសលោកផ្ទាល់ ដល់គោរមងាររបស់លោក ក្នុងឋានៈជាឥស្សរជនខ្មែរ ខ្មែរមិនត្រូវការឥស្សរជនណាមួយ ក្នុងជួរអ្នកដឹកនាំជាតិ ដែលគេអាចប្រមាថ មើលងាយ ហើយគេស្អប់ខ្ពើមនោះទេ។ ខ្មែរត្រូវការរស់ក្នុងកិត្តិយស ច្រើនជាងលើគំនរទ្រព្យសម្បត្តិដែលគគ្រិច កខ្វក់ ហើយគ្មានតម្លៃ។ មនុស្សល្អ មិនដែលរអៀសខ្លួនចំពោះការរិះគន់ណាមួយសោះឡើយ។ តែជានិច្ចកាល គឺគេតែងតែស្វាគមន៍ ចំពោះការរិះគន់ជាទូទៅ ជាមួយនឹងការ និយាយពន្យល់ដោះស្រាយប្រកបដោយមេត្រីភាព ចំពោះការរិះគន់ណាមួយ។ នោះហើយជាលក្ខណៈ នៃមេដឹកនាំជាតិ... គេមានបញ្ញាខ្ពស់ គ្មានមនុស្សដើរកន្លងបាន។ ចូរចងចាំពាក្យម៉ែ ដែលគាត់ថា «ខំទៅកូនអឺយ... ចំណេញគឺបានមកអ្ហែងទាំងអស់ បូកទាំងការចូលចិត្តពីមិត្តភក្តិផងទាំងពួង។ ការរិះគន់របស់គេ ចំពោះអ្ហែង គឺគេខ្វល់នឹងអ្ហែង។ អ៊ីចឹង...អ្ហែងឆ្លៀតឱកាសអរគុណគេទៅ ដែលគេរេភ្នែក ជួយមើលការខ្វះចន្លោះទាំងនោះ។ កិត្តិយសគឺនឹងបានមកខ្លួនអ្ហែង ហើយពណ្ណរាយនៃកិត្តិយសនោះ នឹងចែងចាំងលើប្រទេសរបស់ផង់អ្ហែងដែរ»៕
ពីខ្ញុំ ជូ លាងហាក់ រស់នៅរដ្ឋអ៊ីលីណយនៃសហរដ្ឋអាមេរិក...អ៊ីមែល hakchou@hotmail.com
0 comments:
Post a Comment