Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, March 8, 2013

ពលរដ្ឋ​បាត់ដំបង​ប្រតិកម្ម​ចំពោះ​ការ​រៃអង្គាស​លុយ​ធ្វើ​ម្ហូប​ឲ្យ​និស្សិត​វាស់​ដី

http://www.youtube.com/watch?v=B9khC0h0Rn4&feature=youtu.be
ក្រុម​អ្នក​ភូមិ​មាន​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​តម្រូវ​ ឲ្យ​ប្រជាពលរដ្ឋ​រៃអង្គាស​លុយ​គ្នា​យក​ទៅ​ធ្វើ​ម្ហូប​អាហារ ផ្គត់ផ្គង់​ដល់​ក្រុម​និស្សិត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដែល​ចុះ​ទៅ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​តាសាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។
 
ដោយ សួន សុផលមុនី្ន 2013-03-08 RFA
 
ពួក​គាត់ អះអាង​ថា ការ​រៃអង្គាស​លុយ​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ក្រីក្រ​ជួប​ការ​លំបាក ហើយ​អ្នក​ខ្លះ​បាន​រត់​ទៅ​ខ្ចី​លុយ​គេ ដើម្បី​យក​ទៅ​ប្រគល់​ឲ្យ​មេ​ភូមិ។
អ្នក​ភូមិ​អូរស្ងួត ឃុំ​តាសាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង កំពុង​រអ៊ូរទាំ​ចំពោះ​ការ​កំណត់​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​តម្រូវ​ឲ្យ​ពួក​គាត់​រៃអង្គាស​លុយ​គ្នា ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​អាហារ​ជូន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែល​កំពុង​ចុះ​ទៅ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។
ប្រជាពលរដ្ឋ​ឈ្មោះ ហេង សុមាលី រស់នៅ​ភូមិ​អូរស្ងួត និយាយ​ថា អាជ្ញាធរ​ភូមិ​ឃុំ​បាន​យក​ថវិកា​ពី​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ១៥.០០០​រៀល ដោយ​ពួក​គាត់​ប្រាប់​ថា លុយ​នោះ​គឺ​យក​ទៅ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ជូន​យុវជន​ស្ម័គ្រចិត្ត​ចុះ​ វាស់វែង​ដីធ្លី។ បញ្ហា​នេះ ពួក​គាត់​យល់​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​នាយក​រដ្ឋមន្ត្រី៖ «ប៉ុន្តែ លោក ហ៊ុន សែន ហ្នឹង មិន​ដែល​ឲ្យ​យុវជន​របស់​គាត់​ហ្នឹង​ដាច់​ស្បៀង​អាហារ​ទេ គឺ​ឃើញ​អំណោយ​មក​ទាំង​ឡាន មិន​ឲ្យ​គាត់​ខ្វះ​ហូប​ចុក​ទេ។ អ្នក​ដើរ​យក​លុយ​ហ្នឹង គឺ​អាជ្ញាធរ​ភូមិ​ឃុំ​យក​គ្រប់​គ្រួសារ។ គាត់​និយាយ​ទៀត​ថា បើ​គ្រួសារ​ណា​មិន​ឲ្យ គឺ​អត់​វាស់​ដី​ឲ្យ​ទេ ហើយ​ឃើញ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​ស្ទើរ​តែ​គ្មាន​អង្ករ​ញ៉ាំ​ផង ហើយ​យក​អ៊ីចឹង​ទៅ គាត់​ទៅ​ខ្ចី​គេ​លិច ខ្ចី​គេ​កើត យក​ទៅ​ឲ្យ»

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ប៉ាក ខូយ អាយុ ៣៩​ឆ្នាំ បន្ថែម​ថា អាជ្ញាធរ​ភូមិ​បាន​ចុះ​ទៅ​រៃអង្គាស​លុយ​ពី​គ្រួសារ​គាត់ ដោយ​ពួក​គេ​ទារ​លុយ​ចំនួន ២​ម៉ឺន​រៀល ប៉ុន្តែ​ដោយសារ​គ្រួសារ​គាត់​អត់​លុយ បាន​ប្រគល់​ឲ្យ​តែ ១ម៉ឺន ៥​ពាន់​រៀល។ លុយ​នោះ គេ​យក​ទៅ​ទិញ​ម្ហូប​ឲ្យ​ក្រុម​អ្នក​ចុះ​ទៅ​វាស់វែង​ដី៖ «ខ្ញុំ​ឆ្ងល់​ថា គ្រួសារ​គេ​ផ្សេង​ជួន​កាល ៥.០០០​រៀល​អ៊ីចឹង​ទៅ គេ​មុនៗ​យក ៥.០០០​រៀល ដល់​សារ​ក្រោយ​យក ២​ម៉ឺន ១៥.០០០​រៀល ហើយ​ខ្ញុំ​សួរ​បញ្ជាក់​ទៅ គេ​ថា​មក​ពី​យើង​ដី​ច្រើន ខ្ញុំ​ថា​ដី​ច្រើន​ដី​តិច​អី ខ្ញុំ​ធ្វើ​តែ​ពីរ​ប្លង់ ចែក​កូន​មួយ​ប្លង់​ទៅ ខ្ញុំ​ទុក​ខ្លួន​ឯង​មួយ​ប្លង់។ អ៊ីចឹង ខ្ញុំ​ឆ្ងល់​សួរ​ទៅ​គេ គេ​ថា​ធ្វើ​ពីរ​ប្លង់​វា​អស់​ពីរ​ម៉ឺន​រៀល​អ៊ីចឹង​ហើយ ខ្លះ​គេ​ធ្វើ​បី​ទៅ​បួន​ប្រាំ​ប្លង់ គេ​អស់ ៥.០០០​រៀល»
ក្រុម​អ្នក​ភូមិ អះអាង​ថា និស្សិត​ដែល​គាត់​ចុះ​ទៅ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្គត់ផ្គង់​ស្បៀង​អាហារ​គ្រប់គ្រាន់​ទាំងអស់ មិន​ឲ្យ​ក្រុម​និស្សិត​ខ្វះខាត​នោះ​ទេ។ ម្យ៉ាង​វិញ ហាម​មិន​ឲ្យ​ទៅ​រៃអង្គាស​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​ដែរ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ណែនាំ៖ «តាំង ​ពី​ដូន​សេះ តាសាញ បែរ​ជា​រៃអង្គាស​លុយ​អ៊ីចឹង​ទៅ​វិញ ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ណាស់។ អ៊ីចឹង​បាន​ថា សុំ​ឲ្យ​អាស៊ីសេរី ហ្នឹង ផ្សព្វផ្សាយ​បន្តិច ដើម្បី​ឲ្យ​ដល់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង​ដោះស្រាយ​កន្លែង​ហ្នឹង​ឲ្យ​បាន។ តាម​គោលការណ៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី គាត់​ថា​ធ្វើ​មិន​ឲ្យ​ពុក​រលួយ តែ​បែរ​ជា​នៅ​តែ​អ៊ីចឹង​ដដែល​នេះ»
មេ​ឃុំ​តាសាញ លោក ជន ផេង បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​រៃអង្គាស​លុយ​នោះ​មាន​ពិត​ប្រាកដ​មែន។ លោក​ថា នេះ​គោលការណ៍​របស់​អាជ្ញាធរ​ដែល​ចង់​ឲ្យ​អ្នក​ភូមិ​មាន​ភាព​ជិតស្និទ្ធ​ ជាមួយ​ក្រុម​និស្សិត។ អាជ្ញាធរ​មូលដ្ឋាន​សុំ​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ទាំង​ថវិកា និង​ការ​ធ្វើ​ម្ហូប​អាហារ​ផ្ដល់​ឲ្យ​និស្សិត រួម​ទាំង​ក្រុម​ការងារ​ចម្រុះ​មាន​គ្នា​ជាង ៣០​នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​សាលា​ឃុំ​តាសាញ។ លោក​បន្ត​ថា ក្រុម​និស្សិត​ចុះ​ទៅ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នោះ គឺ​ពួក​គាត់​ពុំ​បាន​សំណូមពរ​ទេ ហើយ​ការ​ធ្វើ​ដូច្នេះ​ក៏​ពុំ​មែន​ជា​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ នោះ​ទេ ប៉ុន្តែ​ករណី​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រជុំ​ឯកភាព​គ្នា។
លោក ជន ផេង៖ «ខ្ញុំ​គិត​ថា មក​ដល់​មូលដ្ឋាន​ហើយ ខ្ញុំ​ក៏​ប្រជុំ​មេ​ឃុំ​ពិគ្រោះ​គ្នា ហើយ​ប្រជុំ​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ទាំងអស់ យើង​ទៅ​វាស់​ដល់​ក្រុម​ណា គឺ​ក្រុម​ហ្នឹង​ទទួល​បន្ទុក​ធ្វើ​បាយ​ទទួល​គាត់ អត់​មាន​ត្រឡប់​មក​កន្លែង​ទេ អ៊ីចឹង​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ស្គាល់​ថា ការ​ចង់​បាន​របស់​យើង ឲ្យ​ចេះ​រាក់ទាក់​សាមគ្គី​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ជា​ទិសដៅ​គឺ​ខ្ញុំ​មិន​បដិសេធ​ទេ នេះ​ជា​គម្រោង​ការ​របស់​ភូមិ ហើយ​និង​ឃុំ បាន​ពិគ្រោះ​គ្នា មិន​មែន​ជា​រឿង​និស្សិត​ដែល​គាត់​មាន​គម្រោង​ទេ ជា​រឿង​របស់​មូលដ្ឋាន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា»
លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុម​និស្សិត​បាន​វាស់វែង​ដី​ចប់​សព្វ​គ្រប់​បាន​ ចំនួន​បី​ភូមិ នៅ​សល់​បួន​ភូមិ​ទៀត ក្នុង​ឃុំ​តាសាញ នៅ​ពុំ​ទាន់​បាន​ចុះ​វាស់វែង​ហើយ។
ទាក់ទង​ការ​រៃអង្គាស​លុយ​ពី​អ្នក​ភូមិ​នេះ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក ហេង សាយហុង យល់​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​អនុវត្ត​ប្រាស​ចាក​ពី​គោល​នយោបាយ​ចាស់​សកម្មភាព​ ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ចាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់​លុយ ហើយ​អ្នក​មិន​បង់​លុយ គេ​មិន​វាស់​ដី​ឲ្យ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «ក្នុង​នាម​ជា​ អាជ្ញាធរ​មូលដ្ឋាន មិន​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ទេ សុទ្ធ​តែ​ជា​មនុស្ស​ដុត​ឲ្យ​ខ្លោច​រូត​ឲ្យ​ឆៅ ព្រោះ​ថា បើ​យើង​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យក​ជើង​រា​ទឹក ពី​ព្រោះ​សកម្មភាព​របស់​សម្ដេច​មាន​ការ​ល្បី​ខ្ទរខ្ទារ​សម្បើម​ណាស់​គ្រប់​ កន្លែង ផ្ដល់​ជូន​ឲ្យ​ក្រុម​និស្សិត​ចុះ​វាស់វែង​ផ្ដល់​កម្មសិទ្ធិ​ឲ្យ​ ប្រជារាស្ត្រ​ទូទាំង​ប្រទេស ហើយ​អត់​មាន​កម្មវិធី​អី​ឲ្យ​ទៅ​រៃអង្គាស​ពី​ប្រជាពលរដ្ឋ ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដើម្បី​យក​លុយ​កាក់​ហ្នឹង​ដាំ​បាយ​ធ្វើ​ ម្ហូប​ឲ្យ​និស្សិត​ទេ»
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា ករណី​រៃអង្គាស​លុយ​ពី​អ្នក​ភូមិ​ដើម្បី​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​ ការងារ​ចុះ​វាស់វែង​ដីធ្លី ជា​ពិសេស​សម្រាប់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ដែល​រៀបចំ​ឡើង​ដោយ​លោក ហ៊ុន សែន នេះ បាន​កើត​មាន​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ភូមិ ឃុំ ស្រុក ក្នុង​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។
អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ផ្ដួចផ្ដើម​គំនិត ហើយ​តម្រូវ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​ការ​ទទួល​បាន​ដី​សម្បទាន​សង្គម ​កិច្ច​នោះ រៃអង្គាស​លុយ​គ្នា​ជា​ហូរហែ។ បញ្ហា​នេះ ពួក​គេ​ចាត់​ទុក​ថា​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្ដី​ណែនាំ​របស់​លោក ហ៊ុន សែន ហើយ​បាន​បង្ក​ការ​លំបាក​ដល់​អ្នក​ភូមិ​ក្រីក្រ​ថែម​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan